យោងតាមរបកគំហើញបុរាណវិទ្យា ការប្រើប្រាស់លោហធាតុ គឺជាប្រពៃណីដែលមានមកតាំងពីសម័យមុនក្លិង្គចូលស្រុកម្ល៉េះ ហើយមានទំនាក់ទំនងជាមួយប្រទេសចិន។ តាមប្រភពឯកសារ យើងបានដឹងថា នាដើមស.វទី១ នៃគ.ស មានការពិពណ៌នាអំពីការនិយមស្ពាន់ និងសំណ ដោយអ្នកស្រុកហ្វូ-ណន នគរភ្នំ ដេលជាបុព្វបុរសរបស់ខ្មែរ។ តើការផលិត និងប្រើប្រាស់លោហធាតុរួមមាន ស្ពាន់ សំណ សំរិទ្ធិ មានប្រភពចេញពីណាមក។
សូមបញ្ជាក់ថា សំណដែលដូនតាខ្មែរប្រើក្នុងតំបន់នានា ក្នុងឧបទ្វីបឥណ្ឌូ-ចិន នាសម័យបុរេប្រវត្តិសាស្ត្រ ដែលក្រោយមកក៏ក្លាយទៅជាដីហ្វូ-ណន ដោយហេតុថា នាសម័យនោះ ពុំទាន់មានររដ្ឋ ឬនគរ ដែលស្ថិតក្នុងគោលសីមាផ្សេងៗទៀតនៅឡើយ ហើយម្យ៉ាងវិញទៀត ពីតំបន់មួយទៅតំបន់មួយទៀត សុទ្ធតែមានទំនាក់ទំនងវប្បធម៌ផងដែរ។ បញ្ហាព្រំប្រទល់ដែនជាបញ្ហាមួយថ្មីថ្មោងក្នុងប្រវត្តិសាស្ត្រ អាស៊ីអាគ្នេយ៍។

នាដើមសម័យប្រវត្តិសាស្ត្រនៅក្នុងទឹកដីកម្ពុជាក្រោម ពិសេសនៅម្តុំអូរកែវ និងកោះត្រល់ដែលសព្វថ្ងៃបានក្លាយទៅជាកម្មសិទ្ធិរបស់វៀតណាមខាងត្បូង គេឃើញមានអណ្តូងរ៉ែស្ពាន់ជាច្រើន។ ឯនៅប្រទេសលាវវិញ គេក៏បានជួបលោហធាតុនេះនៅក្នុងភូមិភាគខាងត្បូងនៃប្រទេស ដូចជានៅ បាកសេ និងសារ៉ាវ៉ាន់។ សព្វថ្ងៃនេះ ចំពោះការជីកយករ៉ែស្ពាន់វិញ គេឃើញមានជនជាតិភាគតិចមន-ខ្មែរ មួយចំនួន ដូចជា ព្នង, រដែ, សឺដាំង និងជ្រាយជាដើម នៅឯកម្ពុជាក្រោម បច្ចុប្បន្នវៀតណាមកណ្តាល។
នៅស្ថានីយបុរេប្រវត្តិមួយចំនួន គេបានឃើញនូវឧបករណ៍ប្រើប្រាស់អំពីស្ពាន់ សំរិទ្ធិ ដែលមានអាយុប្រមាណជា ១៥០០ឆ្នាំ ទៅ ២០០០ឆ្នាំ មុនគ្រិស្តសករាជ ហើយការប្រើប្រាស់លោហធាតុនេះ ដោយសហគមន៍មនុស្សបុរាណ បានត្រូវបន្តពីឆ្នាំ ៥០០ មុនគ.ស រហូតដល់សម័យប្រវត្តិសាស្ត្រ ដោយមិនដាច់។ គួរឲ្យកត់សម្គាល់ថា រ៉ែសំណវិញ ដែលគេបាននិយមច្រើនជាងងគេបំផុតនាសម័យដើមប្រវត្តិសាស្ត្រខ្មែរ ហើយដែលយើងអាចចាត់ទុកថាជា "វប្បធម៌សំណ សម័យនគរភ្នំ”។

តាមការស្រាវជ្រាវរបស់លោកណូអ៊ីម៉ាល័រ៉េ នៅក្នុងដែនដីសណ្តកម្ពុជាក្រោម បានឲ្យដឹងថា អណ្តូងរ៉ែជាច្រើន ត្រូវបានគេរកឃើញនៅភូមិភាគកណ្តាលនៃប្រទេសលាវសព្វថ្ងៃ។ ជាទូទៅអណ្តូងរ៉ែសំណ ស្ថិតនៅផ្នែកខាងជើងថាខែក នៃប្រទេសលាវ និងនៅតុងកឹង ស្រុកយួនសព្វថ្ងៃ។
សព្វថ្ងៃនេះ ជនជាតិមន-ខ្មែរ ដូចជាពួកបាណាជាដើម នៅកុងទុំ វៀតណាមខាងត្បូង បានប្រើធាតុរ៉ែសំណនេះសម្រាប់ផលិតគ្រឿងអលង្កាប្រុសស្រី ដើម្បីតុបតែងខ្លួន។ កុំភ្លេចថា ភាគច្រើនអណ្តូងរ៉ែ និងស្ពាន់ស្ថិតនៅតំបន់ជ្រលងភ្នំ និងខ្ពង់រាប ដូចជាខ្ពង់រាបនគររាជជាឧទាហរណ៍ស្រាប់។ ម្យ៉ាងវិញទៀត នៅជ្រោយម៉ាឡាកា គេក៏ជួបនូវអណ្តូងរ៉ែជាច្រើនដែរ។ វត្តមានរបស់អណ្តូងរ៉ែស្ពាន់ សំណ ព្រមទាំងគ្រឿងអលង្ការជាច្រើន ដូចជាចិញ្ចៀន បន្តោង ក បដិមាតំណាងទេវតា ឬក៏កាក់ដែលគេប្រើនៅអូរកែវ អង្គរបុរី និងអ៊ូថង (អូរទង) អាចបញ្ជាក់ថា ធាតុរ៉ែខាងលើនេះពុំបានទីញ ឬដឹកចូលពីប្រទេសក្រៅទេ លើកលែងតែករណីបច្ចេកវិធីស្លមាស និងប្រាក់ ដែលមានប្រភពពីចិន។
យ៉ាងណាមិញ ការនិយមប្រើស្ពាន់ និងសំណ នៅតែត្រូវគេបន្តប្រើរហូតដល់សព្វថ្ងៃ ពិសេសក្នុងការសូនបដិមាពុម្ព និងព្រះពុទ្ធបដិមា និងទេវរូបបែបព្រាហ្មណ៍និយម ដែលមានទំហំធំ ហើយមានតម្លៃថោក៕ ប្រភពពី CEN (ម.ត្រាណេ)
0 Comments:
Post a Comment