ពលរដ្ឋខេត្តពោធិ៍សាត់ត្អូញត្អែរចំពោះតម្លៃរថយន្តឈ្នួលឡើងថ្លៃ
ពលរដ្ឋនាំគ្នាជិះឡានឈ្នួលចាកចេញពីរាជធានីភ្នំពេញ
ត្រឡប់ទៅស្រុកកំណើតវិញ។RFA
ទោះបីជាមានការត្អូញត្អែរពីប្រជាពលរដ្ឋជាអ្នកដំណើរ និងមានសេចក្ដីជូនដំណឹងពីអាជ្ញាធរ មិនឲ្យដំឡើងថ្លៃក៏ដោយ ក៏ពុំអាចទប់ស្កាត់បញ្ហានេះបាន។
តាំងពីថ្ងៃទី៧ មេសា មកម្ល៉េះ តម្លៃរថយន្តក្រុងពីភ្នំពេញ មកកាន់ខេត្តពោធិ៍សាត់ ក៏ដូចជាពីពោធិ៍សាត់ ទៅភ្នំពេញ បានឡើងថ្លៃដល់ ៣ម៉ឺនរៀល ក្នុងមនុស្សម្នាក់ ដែលពេលធម្មតា តម្លៃតែ ១ម៉ឺន ៨ពាន់រៀល។ ប្រជាពលរដ្ឋជាច្រើន បានត្អូញត្អែរពីការដំឡើងថ្លៃនេះ។
និស្សិតឆ្នាំទី៣ នៃមហាវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច យុវជនឈ្មោះ បញ្ញា សិទ្ធិ ដែលទើបតែជិះរថយន្តមកដល់លំនៅឋានក្នុងទីរួមខេត្តពោធិ៍សាត់ បានត្អូញត្អែរថា ប្អូនត្រូវបន្ថែមប្រាក់ ១ម៉ឺន ២ពាន់រៀល លើសសព្វដង ដើម្បីធ្វើដំណើរមកជួបជុំគ្រួសារវិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។
និស្សិតរូបនេះបន្តថា ប្រាក់ ១ម៉ឺន ២ពាន់រៀល គឺច្រើនណាស់សម្រាប់ប្អូនដែលជានិស្សិតក្រីក្រមួយរូបនោះ។ ប្អូនចង់ឲ្យអាជ្ញាធរគ្រប់គ្រងតម្លៃដឹកជញ្ជូននេះឲ្យបានថេរ ដើម្បីកុំឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋក្រីក្រដែលវិលត្រឡប់មក ស្រុកកំណើតវិញពេលមានបុណ្យទានម្ដងៗ៖ «ខ្ញុំអត់ពេញចិត្តនឹងការ ឡើងថ្លៃនេះទេ។ ឲ្យតែពេលបុណ្យទានម្ដងៗ ដឹងថាមានការវិលត្រឡប់ទៅផ្ទះវិញច្រើន គឺគេដំឡើងថ្លៃស្រេចតែចិត្ត ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅខ្លាំងណាស់»។
ពន្យល់ចំពោះបញ្ហាការដំឡើងថ្លៃការដឹកជញ្ជូនអ្នកដំណើរនេះ តំណាងក្រុមហ៊ុនកាពីតូល គឺលោក កូ កុកវ៉ាន់ មានប្រសាសន៍ថា នេះជាទម្លាប់ដោយយោលលើភាពជាក់ស្ដែងនៃព្រឹត្តិការណ៍នៃទីផ្សារ សេរី៖ «វាមានកត្តាច្រើនដែលធ្វើឲ្យខាងខ្ញុំដំឡើងថ្លៃ។ កត្តាសំខាន់ គឺលំហូរភ្ញៀវពេលមុន និងក្រោយពេលបុណ្យ។ ខ្ញុំត្រូវបើកឡានទទេពីខេត្តមកភ្នំពេញ ព្រោះមានតែមនុស្សចេញពីភ្នំពេញ ទៅខេត្ត។ ដូច្នេះ ខ្ញុំត្រូវខាតថ្លៃប្រេង បើអ៊ីចឹង ខ្ញុំត្រូវដំឡើងថ្លៃ ដើម្បីទប់ការខាតនេះ។ បើមិនដូច្នោះទេ គឺប្រាកដជាធ្វើឲ្យកកស្ទះអ្នកដំណើរ»។
កាលពីថ្ងៃទី៤ ខែមេសា សាលាក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយសុំឲ្យម្ចាស់រថយន្តគ្រប់ប្រភេទ កុំឲ្យដំឡើងថ្លៃក្នុងការដឹកជញ្ជូនអ្នកដំណើរក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ។ ប៉ុន្តែ សេចក្ដីជូនដំណឹងនេះពុំមានឥទ្ធិពលចំពោះការដំឡើងថ្លៃរបស់ម្ចាស់ រថយន្តដឹកអ្នកដំណើរនោះទេ។ ការដំឡើងថ្លៃនៅតែកើតមានដដែល។
នាយកមជ្ឈមណ្ឌលសន្តិភាព និងអភិវឌ្ឍន៍ប្រជាពលរដ្ឋ លោក យ៉ង់ គឹមអេង មានប្រសាសន៍ថា រដ្ឋត្រូវមានកាតព្វកិច្ចក្នុងការធានារក្សានូវភាពប្រែប្រួលណាមួយ ក្នុងដំណើរវិវត្តន៍នៃសង្គម រក្សាលំនឹងតម្លៃទំនិញ ឬតម្លៃឈ្នួលក្នុងការដឹកជញ្ជូនជាដើម។ ការគ្រប់គ្រងមិនបាននូវការប្រែប្រួលនេះ បង្ហាញពីកង្វះសមត្ថភាពនៃអ្នកដឹកនាំគ្រប់គ្រងលើវិស័យនេះយ៉ាងពិត ប្រាកដ៖ «វិធានការរបស់រដ្ឋ គឺត្រូវរក្សាតម្លៃដែលរដ្ឋបានកំណត់ជាមួយឡានក្រុងរួចហើយនោះ។ រដ្ឋត្រូវគ្រប់គ្រងរឿងនេះឲ្យបាន ប្រសិនបើមិនបានទេនោះ គឺរដ្ឋត្រូវពិចារណាឡើងវិញអំពីសមត្ថភាពស្ថាប័នគ្រប់គ្រងលើផ្នែក នេះ។ ពាក្យថារដ្ឋនោះ គឺមានកាតព្វកិច្ចក្នុងការធានា ក្នុងការរក្សានូវភាពប្រែប្រួលណាមួយជាយថាហេតុក្នុងសង្គម»។
លោក យ៉ង់ គឹមអេង មានប្រសាសន៍ថា កន្លងទៅ រដ្ឋគ្រាន់តែជូនដំណឹង ឬគ្រាន់តែសំណូមពរ។ លោកថា រដ្ឋត្រូវធ្វើការគ្រប់គ្រងឲ្យតឹងតែងចំពោះម្ចាស់រថយន្តគ្រប់ ប្រភេទ ដោយមានវិធានការផាកពិន័យ ឬដាក់ពិន័យរដ្ឋបាលផង ទើបអាចទប់ស្កាត់ភាពអសកម្មនៃការដំឡើងថ្លៃដឹកជញ្ជូននេះបាន៕RFA
0 Comments:
Post a Comment