កម្ពុជា-ចិនបន្តសហប្រតិបត្តិការ ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

លោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន នាឱកាសត្រឡប់ពីប្រទេសចិន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ព្រមទាំងអ្នកជំនួញ ឧកញ៉ាធំៗ បានបញ្ចប់ដំណើរទស្សនៈកិច្ចផ្លូវការនៅប្រទេសចិន រយៈពេល ៥ ថ្ងៃ ហើយមកដល់ភ្នំពេញ កាលពីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣។
ក្នុងដំណើរទស្សនៈកិច្ចជាផ្លូវការរយៈពេល ៥ ថ្ងៃ នៅប្រទេសចិន ដែលបានបិទបញ្ចប់នៅថ្ងៃទី១០មេសានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្លាយជាមេដឹកនាំបរទេសដំបូងបង្អស់ ដែលប្រធានាធិបតីថ្មីរបស់ចិន លោក Xi Jinping និងលោកនាយករដ្ឋមន្ត្រីចិន Li Keqiang បានទទួលជួបពិភាក្សាការងារ នៅទីក្រុងប៉េកាំង។ ប្រមុខដឹកនាំកម្ពុជា និងចិន បានឯកភាព បន្តកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ លើគ្រប់វិស័យ ចាប់តាំងពីឆ្នាំ២០១០។ ចិនក៏បានផ្តល់ឲ្យកម្ពុជានូវជំនួយឥតសំណង ៤៨ លានដុល្លារ និងប្រាក់កម្ចីសម្បទាន ៥០០ លានដុល្លារ បន្ថែមលើការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់គ្នា លើគម្រោងវិនិយោគ និងការអភិវឌ្ឍន៍នៅកម្ពុជា ចំនួន ៨ គម្រោង ដែលសរុបជាទឹកប្រាក់ប្រមាណ ពីរពាន់លានដុល្លារ។
នៅប្រទេសចិន ក្រៅពីចូលរួមវេទិកាក្រុងប៊ូអាវ សម្រាប់ទ្វីបអាស៊ី គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីថ្មីរបស់ចិន លោក Xi Jinping និងជួបដាច់ដោយឡែកមួយទៀត ជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់ចិន លោក Li Keqiang។
ប្រមុខដឹកនាំកម្ពុជា និងចិន បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ចាប់តាំងពីមានការដំឡើងទំនាក់ទំនងកម្ពុជា និងចិន ដល់កម្រិតកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ នៅឆ្នាំ២០១០។ មួយវិញទៀត ប្រមុខដឹកនាំកម្ពុជា និងចិន ក៏បានឯកភាពគ្នា កំណត់យកឆ្នាំ២០១៣នេះ ជាខួបលើកទី៥៥ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា និងជាឆ្នាំមិត្តភាពចិន-កម្ពុជា។ កម្ពុជា ក៏បានប្រកាសបេ្តជ្ញាចិត្ត គាំទ្រនយោបាយចិនតែមួយ ហើយប្រឆាំងគ្រប់រូបភាពនៃឯករាជភាពរបស់កោះតៃវ៉ាន់។
ទំនាក់ទំនងល្អរវាងកម្ពុជា និងមហាមិត្តចិន ដែលបានបន្សល់ទុកតាំងពីជំនាន់សម្តេចព្រះ នរោត្តម សីហនុ នាំឲ្យប្រមុខដឹកនាំចិនជំនាន់ថ្មីនេះ បានបន្តសហប្រតិបត្តិការ ភាពជាដៃគូ គ្រប់ជ្រុងជ្រោយដល់កំរិតកំពូល ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះបើតាមការបញ្ជាក់របស់លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ក្នុងសន្និសីទកាសែត នៅពេលបញ្ចប់ដំណើរទស្សនកិច្ច នៅរសៀលថ្ងៃ១០មេសានេះ នៅព្រលានយន្តហោះភ្នំពេញ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ ក៏បានលើកឡើងថា ក្នុងដំណើរទស្សនៈកិច្ចលើកនេះ មេដឹកនាំថ្មីរបស់ចិន បានប្រកាសផ្តល់ជំនួយឥតសំណងដល់កម្ពុជា នូវទឹកប្រាក់ ៣០០ លានយ័ន ស្មើប្រមាណ ៤៨ លានដុល្លារអាមេរិក និងប្រាក់កម្ចីសម្បទាន ក្នុងកម្រិតការប្រាក់ទាប ចំនួន ៥០០ លានដុល្លារអាមេរិក។ ប្រាក់ជំនួយរបស់ចិននេះ នឹងត្រូវប្រើប្រាស់ សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ពិសេសប្រែក្លាយផ្លូវលំជនបទ ទៅជាផ្លូវចាក់កៅស៊ូ ប្រវែង ៤០០ គីឡូម៉ែត្រ ក្នុងមួយឆ្នាំ និងសម្រាប់សាងសង់ប្រព័ន្ធធារាសាស្ត្រ ប្រឡាយទឹក ជាដើម។ តាមលោក ចម ប្រសិទ្ធ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ចិនជាអ្នកផ្តល់ជំនួយធំជាងគេ សម្រាប់កសាងផ្លូវប្រវែងជាង ២០០០ គីឡូម៉ែត្រ និងស្ពានធំៗ ៧ កន្លែង នៅកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង ប្រមុខដឹកនាំថ្មីរបស់ចិន និងកម្ពុជា ក៏បានធ្វើជាសាក្សី ក្នុងពិធីចុះកិច្ចព្រមព្រៀងលើគម្រោងវិនិយោគនៅកម្ពុជា និងអនុស្សារណៈ សរុបចំនួន ៨ គម្រោង ដែលមានទឹកប្រាក់សរុបប្រមាណ ២ ពាន់លានដុល្លារ។ ក្នុងនោះ មានកិច្ចព្រមព្រៀងមួយ និយាយពីគម្រោងសាងសង់រោងចក្រចម្រាញ់ប្រេង រវាងធនាគារ និងក្រុមហ៊ុនចិន សហការជាមួយក្រុមហ៊ុនកម្ពុជា ដែលមានទឹកប្រាក់ ១.៦៧០ លានដុល្លារអាមេរិក។ រោងចក្រចំរាញ់ប្រេងកាតនោះ អាចនឹងត្រូវសាងសង់ នៅតាមផ្លូវជាតិលេខ៣ ចន្លោះពីខេត្តកំពត ទៅវាលរេញ ស្ថិតនៅជើងភ្នំបូកគោ ផ្នែកខាងសមុទ្រ ក្នុងទឹកដីខេត្តកំពត៕ប្រភពពី (RFI)
0 Comments:
Post a Comment