ការសែតបាងកកប៉ុស្តិ៍រាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថៃ និងអ្នកជំនាញផ្នែកច្បាប់ នឹងចេញទៅប្រទេសហូឡង់ នៅថ្ងៃសៅរ៍ ទី១៣ ខែមេសានេះ ។ មន្ត្រីទាំងនោះ រួមមាន រដ្ឋមន្ត្រីការបរទេសថៃ រដ្ឋមន្ត្រីការពារជាតិថៃ លេខារងអចិន្ត្រៃយ៍របស់ក្រសួងការពារជាតិ ប្រធាននាយកដ្ឋានកិច្ចការព្រំដែន និងរដ្ឋមន្ត្រីក្រសួងអប់រំ។
ការសែតបាងកកប៉ុស្តិ៍ បានដកស្រង់សម្តីមន្ត្រីថៃថា អគ្គមេបញ្ជាការថៃ លោក Gen Prayuth Chan-ocha នឹងទទួលខុសត្រូវការពារមិនឲ្យមានអ្នកតវ៉ា ចូលតំបន់៤.៦ គីឡូម៉ែត្រការ៉េ នៅពេលតុលាការ កំពុងដំណើរការសវនាការ។
កាលពីល្ងាច ថ្ងៃអង្គារ ទី៩ ខែមេសា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានដឹកនាំគណៈប្រតិភូអ្នកជំនាញច្បាប់ និងអ្នកជំនាញផែនទីកម្ពុជា ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។ លោក ហោ ណាំហុង ប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែត មុននឹងចាកចេញថា ភាគីកម្ពុជា នឹងទទួលបានជោគជ័យ កម្ពុជា មានឯកសារគ្រប់គ្រាន់ទទួលស្គាល់ជាអន្តរជាតិថា ប្រាសាទព្រះវិហារ និងដីទំហំ ៤,៦គីឡូម៉ែត្រក្រឡា នៅក្បែរប្រាសាទនោះ ជាកម្មសិទ្ធិរបស់ខ្មែរ។
ភាគីកម្ពុជា មានអ្នកជំនាញច្បាប់ និងអ្នកជំនាញផែនទីកម្ពុជា ទាំងបរទេស និងជាតិ សរុបចំនួន ១២នាក់។ តុលាការ ICJ នៅទីក្រុងឡាអេ នឹងបើកសវនាការលើសំណុំរឿងប្រាសាទព្រះវិហារ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣ ចំថ្ងៃចូលឆ្នាំរបស់កម្ពុជា និងថៃ។ ICJ គ្រោងនឹងប្រកាសសាលដីកានៅចុងឆ្នាំ២០១៣នេះ៕ប្រភពពី សំឡេងប្រជាធិបតេយ្យ VOD
0 Comments:
Post a Comment