ក្រោយមកពួកកូឡានេះ បានមករស់នៅក្រុងភ្នំពេញខ្លះ ច្រើននៅម្តុំផ្សារចាស់ ផ្សារកណ្តាល ផ្សារធំថ្មី។ មុខរបរបស់គេភាគច្រើន ប្រកបរបរលក់ត្បូងនិងច្នៃត្បូង។ គេក៏សង្កេតឃើញពូកស្ត្រីប្រកបរបរលក់បង្អែមដែរ ដែលខ្មែរយើងនិយមហៅថាបង្អែមសៀម គឺមាន ចាហួយ បាយដំណើប គ្រាប់ខ្នុរ វល្លិមាស(វ៉យ) យិប …។ ម្យ៉ាងទៀតក្នុងចំណោមពួកកូឡាទាំងអស់នោះ មានគ្រួសារមួយបានរកស៊ី ធ្វើក្រមួន សំរាប់លាបក្នុងពេលឈឺក្បាល វិលមុខ ខ្យល់ចាប់ …។ ដែលផ្តើមលក់ក្នុងអំលុងចុងទស្សវត្យឆ្នាំ ១៩៤០(១៩៤៧ ឬ ៤៨?)។ ផ្លាកសញ្ញា គឺរូបថតមនុស្សត្រឹមដើមទ្រូង ថិតក្នុងរង្វង់រាងពងក្រពើ ដោយសរសេរថា "ប្រេងកូឡាម្រ័ក្ស" បិតលើដបរាងស៊ីឡាំង ធ្វើពី កែវពណ៎ស្លឹកចេកខ្ចី ដែលមានទំហំធុនធំ កណ្តាល និង តូច។ ធុនធំមានទំហំអង្កត់ផ្ចិតប្រហែល 3,50cm និង កំពស់រួមទាំសំបកផង ប្រហែល 5,50cm ។ ចំណែកធុនកណ្តាលមានទំហំតូចជាងពាក់កណ្តាលធុនធំ។ ចំណែកធុនតូចមានទំហំប្រហែលធំជាងមេដៃមនុស្ស ចាស់បន្តិច …? ។ ចំណែកឪសថដែលដាក់ក្នុងដបនោះមានភាពជាក្រមួន ពណ៎ស្លឹកចេកចាស់ ព្រោះប្រើសំបកក្រូចសើចច្រើនក្នុងការ ផលិត។ នេះជាសំដីរបស់អ្នកបំរើការក្នុងផ្ទះនោះបានផ្តល់ពត៎មាន។ តែគេមិនអាចបញ្ជាក់ថាមានប្រើរូបមន្តអ្វីផ្សេងទៀតដែរ។ ចំណេកអ្នកជិតខាងក៏បាននិយាយថា ផ្ទះនេះបានប្រមូលទិញផ្លែក្រូចសើចជាច្រើន ក្នុងការផលិតមួយលើកៗ។ ផ្ទះលក់ប្រេងកូឡាម្រ័ក្សូនេះ ថិតនៅខាងត្បូងផ្សារធំថ្មីឆៀងខាងកើត។ ចាប់ពីថ្ងៃនោះមក ប្រជារាស្ត្រនិយមហៅត្រឹមតែឈ្មោះថា "ប្រេងកូឡា" ប៉ុណ្ណោះរហូតដល់បច្ចុប្បន្ន ចំពោះឪសថណាដែលផលិតជាក្រមួនសំរាប់ប្រកបនិងជំងឺឈឺក្បាលវិលមុខ ខ្យល់ចាប់ …។ ប្រសិនបើចង់ថាម៉ាកណាមួយ គេត្រូវនិយាយថា "ប្រេងកូឡាម៉ាកខ្លា ឬ ស្វា …" តាមរូបសញ្ញាបិតនៅលើដបឬប្រអប់។ ចំណែកឪសថ សំរាប់ប្រើប្រកបនឹងជំងឺនេះដែរ តែផលិតជាវត្ថុរាវ ខ្មែរនិយមហៅថា "ប្រេងខ្យល់" ហើយបើចង់បញ្ជាក់ក៏ហៅតាមឈ្មោះឬរូបភាព ដែលមានបិទពីលើដែរ។
មុននឹងមានការប្រើប្រេងកូឡាម្រ័ក្សូនេះ
ប្រជារាស្ត្រខ្មែរភាគតិចបានប្រើប្រេងខ្យល់ដែលផលិតនៅប្រេទេសប៉ែកខាងអឺរ៉ុប
ពិសេសប្រទេសបារាំង ដែលមានដាក់លក់នៅឪសថស្ថាននានា។ ចំណែកប្រជារាស្ត្រផ្សេងទៀត
បានប្រើឪសថតាមបែបបូរាណខ្មែរ ឬ ប្រើប្រេងដែលគេចំរាញ់ពីមើមក្រវ៉ាញ គេហៅថា
"ប្រេងក្រវ៉ាញ" ។
ក្រោយដែលប្រេងម្រ័ក្សូនេះបានផ្សព្វផ្សាយល់ពេញទាំងផ្ទៃប្រទេស
ទើបមានក្រមួនប្រេងខ្យល់របស់ប្រទេសផ្សេងទៀតបាននាំចូលមកលក់ប្រហែលក្នុងអំឡុងឆ្នាំ
១៩៦០ គឺច្រើននាំចូលពីប្រទេសសៀម ឬ យួន។ ប៉ុន្តែគេនៅតែនិយមហៅថាប្រេងកូឡាដដែល
ចំពោះប្រេងខ្យល់មានភាពជាក្រមួន ដោយនិយាយបន្ថែមថា ប្រេងកូឡាសៀម
ប្រេងកូឡាយួន ឬ ហៅតាមរូបសញ្ញា ដូចជាហៅប្រេងកូឡារូបស្វា
ប្រេងកូឡារូបផ្លែដូងជាដើម។ បច្ចុប្បន្ននេះក៏មាននាំចូលពីប្រទេស ចិនដូចជា
មានឈ្មោះថាប្រេងកូឡាតាប៊ិ។
ដកស្រង់ចេញពីសៀវភៅ "ឧបនិស្ស័យខ្មែរ" របស់អ្នកស្រី កែវ ណារុំ
និពន្ធដោយ សំបូរ
ប្រភពពី evithy.com
0 Comments:
Post a Comment