អនុលោមតាមលទ្ធផលបឋមនៃការបោះឆ្នោតប្រកាសដោយ គ.ជ.ប បានបង្ហាញឱ្យឃើញថា នៅមណ្ឌលរាជធានីភ្នំពេញ គណបក្សសង្គ្រោះជាតិទទួលបានសំឡេងឆ្នោតគាំទ្រចំនួន៣៨១.៧៥៦សំឡេង និងគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រចំនួន២៥៤.២១០ សំឡេង, នៅមណ្ឌលខេត្ដកំពង់ចាម គណបក្សសង្គ្រោះជាតិទទួលបានសំឡេង ឆ្នោតគាំទ្រចំនួន៤៥៦.៣៩៥សំឡេង និងគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ៣៧៤.៥៥៩សំឡេង និងនៅមណ្ឌលខេត្ដកណ្ដាល គណបក្សសង្គ្រោះជាតិទទួលបានសំឡេងឆ្នោតគាំទ្រចំនួន៣៦៥.៤០១សំឡេង និងគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រចំនួន២៦១.៦២៤ សំឡេង ។
ដោយឡែក នៅក្នុងមណ្ឌលខេត្ដមួយចំនួនទៀតដូចជាមណ្ឌលខេត្ដព្រៃវែង គណបក្សសង្គ្រោះជាតិទទួលបានសំឡេងឆ្នោតគាំទ្រចំនួន២៨៧.៨៥៨សំឡេង និងគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រចំនួន២៥១.៩០២ សំឡេង និងមណ្ឌលខេត្ដកំពង់ស្ពឺ គណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងឆ្នោតគាំទ្រចំនួន១៨៦.៩៦៦សំឡេង និងគណបក្ស ប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រចំនួន១៨០.១០៣សំឡេង។ សម្រាប់គណបក្សប្រជាជនកម្ពុជានៅមណ្ឌលខេត្ដព្រៃវែង មានឯកឧត្ដម ប៊ិន ឈិន ជាបេក្ខជនតំណាងរាស្ដ្រពេញសិទ្ធិលេខរៀងទី១ និងនៅមណ្ឌលខេត្ដកំពង់ស្ពឺមានឯកឧត្ដម សាយ ឈុំ ជាបេក្ខជន តំណាងរាស្ដ្រពេញសិទ្ធិលំដាប់លេខរៀងទី១ ។
អ្នកតាមដានព្រឹត្ដិការណ៍នយោបាយនៅកម្ពុជាបានលើកឡើងថា គីឡូប្រកួតប្រជែងនៅលើសង្វៀននយោបាយកម្ពុជា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិមានភាពខុសគ្នាឆ្ងាយណាស់ ពីព្រោះគណបក្សប្រជាជនកម្ពុជាជាគណបក្សនយោបាយកាន់កាប់អំណាចដុះស្លែ មានទ្រព្យសម្បត្ដិមហាសាល មានរចនាសម្ព័ន្ធកម្លាំងបណ្ដាញពីលើរហូតដល់ថ្នាក់ក្រោម ភូមិ ក្រុម និងមាន គ.ជ.ប មិនឯករាជ្យសម្រាប់ជួយបំពេញការងារក្នុងកិច្ចការបោះឆ្នោតថែមទៀត… រីឯគណបក្សសង្គ្រោះជាតិ គឺជាគណបក្សនយោបាយប្រឆាំងដែលគ្មានអំណាច គ្មានកម្លាំងប្រដាប់អាវុធនៅក្នុងដៃដើម្បីគំរាមកំហែងអ្នកផ្សេង គ្មានលុយកាក់សម្រាប់ ទិញទឹកចិត្ដអ្នកបោះឆ្នោត និងគ្មានរចនាសម្ព័ន្ធអំណាចគ្រប់គ្រាន់ពីលើដល់ក្រោមដូចគណបក្សកាន់ អំណាចទេ ព្រមទាំងទទួលរងនូវការគាបសង្កត់ និងរើសអើងពីអាជ្ញាធរមូលដ្ឋានជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជា យ៉ាងខ្លាំងក្លា… ។ លើសពីនេះ ប្រធាន គណបក្សសង្គ្រោះជាតិដែលជាបេក្ខជននាយករដ្ឋមន្ដ្រី គឺឯកឧត្ដម សម រង្ស៊ី មានឱកាសតិចតួច និងមានរយៈពេលខ្លីបំផុតក្នុងការចុះឃោសនារកសំឡេងឆ្នោតគាំទ្រនៅ តាមបណ្ដាខេត្ដនានា ហើយត្រូវបានគេបំបិទសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតទៀតផង ។
ឥឡូវនេះ គណបក្សសង្គ្រោះជាតិទទួលបានសំឡេងឆ្នោតគាំទ្រច្រើនជាងគណបក្ស ប្រជាជនកម្ពុជា នៅមណ្ឌលភ្នំពេញ ដែលជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា ជាបេះដូងរបស់ប្រទេសកម្ពុជា មានសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា ជាបេក្ខជនតំណាងរាស្ដ្រពេញសិទ្ធិលេខរៀងទី១ នៅមណ្ឌលខេត្ដកំពង់ចាមមានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្ដិយសគណបក្សប្រជាជនកម្ពុជា ជាបេក្ខជនតំណាងរាស្ដ្រពេញសិទ្ធិលេខរៀងទី១ និងនៅមណ្ឌលខេត្ដកណ្ដាលមានសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជាជាបុរសខ្លាំងនៃកម្ពុជា ជាបេក្ខជនតំណាងរាស្ដ្រពេញសិទ្ធិលេខរៀងទី១ ។ មានន័យថា ប្រជាប្រិយភាពរបស់គណបក្សសង្គ្រោះជាតិដែលមានឯកឧត្ដម សម រង្ស៊ី ជាប្រធាន បានបំបាក់មុខ“សម្ដេចទាំងបី”ជាថ្នាក់ដឹកនាំ របស់គណបក្សកាន់អំណាចក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣នេះយ៉ាង ធ្ងន់ធ្ងរសឹងងើបមុខលែងរួច ទោះបីសំឡេងឆ្នោតគាំទ្រសរុបរបស់គណបក្សកាន់អំណាចនៅទូទាំង ប្រទេសមានចំនួនច្រើនជាងសំឡេងឆ្នោតគាំទ្ររបស់គណបក្សប្រឆាំងក៏ដោយ "គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតសរុបទូទាំងប្រទេសចំនួន ៣.២២៧.៦៩៣សំឡេង និងគណបក្សសង្គ្រោះជាតិទទួលបានសំឡេងឆ្នោតសរុបចំនួន ២.៩៤១.១៣៣សំឡេង" ។
មជ្ឈដ្ឋានអ្នករិះគន់មាត់ដាចមួយចំនួនបានសម្ដែងនូវការងឿងឆ្ងល់ថា ឧបមាថា ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនៅតាមបណ្ដាខេត្ដមួយចំនួនទៀតមាន ស្ថានភាពដូចនៅរាជធានីភ្នំពេញ ខេត្ដកំពង់ចាម ខេត្ដកណ្ដាល ខេត្ដព្រៃវែង និងខេត្ដកំពង់ស្ពឺនោះ តើសំឡេងឆ្នោតគាំទ្ររបស់គណបក្សប្រជាជនកម្ពុជានឹងទៅជាយ៉ាងណា ? ហើយ“សម្ដេចទាំងបី”ជាថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានឹង យកមុខទៅទុកនៅឯណា ?
ក្រុមអ្នកវិភាគនយោបាយនៅកម្ពុជាបានលើកឡើងថា លទ្ធផលឆ្នោតនៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣នេះ គឺជាសញ្ញាឬជាមេរៀនមួយធ្វើឱ្យថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេស “សម្ដេចទាំងបី”ព្រមទាំងមន្ដ្រីចូលចិត្ដហៃអើ វាយអែបស៊ីអបរបស់គណបក្សប្រជាជនកម្ពុជាទាំងឡាយបានភ្លឺភ្នែកទៅនឹង ការវិវឌ្ឍផ្នែកស្មារតី និងចិត្ដគំនិត ព្រម ទាំងឆន្ទៈរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតលែងចង់ត្រូវការរបៀបរបប ឬប្រព័ន្ធដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាជាបណ្ដើរៗតទៅទៀតហើយៗ ក៏មានន័យថា យុទ្ធសាស្ដ្រសាមកុករបស់“សម្ដេចតេជោសែន”សម្រាប់តែប្រើប្រាស់នៅ ស្រុកចិនពីសម័យអតីតកាលរាប់រយរាប់ពាន់ឆ្នាំមក00នោះទេ តែនៅស្រុកខ្មែរគ្មានប្រសិទ្ធភាពឡើយ ៕
ពី សារពត៏មាន ដើមត្នោត www.dtn7.com
0 Comments:
Post a Comment