Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Monday, August 26, 2013

រុស្ស៊ី និង​អ៊ីរ៉ង់មាន​ភស្តុតាង​ដែល​បញ្ជាក់ថា ក្រុមប្រឆាំង​ស៊ីរី​ជាអ្នកប្រើប្រាស់​អាវុធ​គីមី

0 Comments

 
រថយន្ត​របស់​ក្រុមស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​បើក​ចេញ​ពី​ទីក្រុង​ដាម៉ាស​សំដៅ​ទៅ​តំបន់​ដែល​រងការបាញ់ប្រហារ​ដោយអាវុធ​គីមី កាលពី​ថ្ងៃ​ពុធ​ទី ២១ សីហា ២ឥ១៣
រថយន្ត ​របស់​ក្រុមស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​បើក​ចេញ​ពី​ទីក្រុង​ដាម៉ាស ​សំដៅ​ទៅ​តំបន់​ដែល​រងការបាញ់ប្រហារ​ដោយអាវុធ​គីមី កាលពី​ថ្ងៃ​ពុធ​ទី ២១ សីហា ២ឥ១៣
 
នៅថ្ងៃ​ចន្ទទី ២៦ សីហា ក្រុមស៊ើបអង្កេត​របស់​​អង្គការ​សហប្រជាជាតិ​នឹង​ចូល​ទៅ​ត្រួតពិនិត្យ ស៊ើបអង្កេត​នៅក្នុង​តំបន់​ដែល​ទទួល​រង​ការវាយប្រហារ​ដោយ​អាវុធគីមី កាលពី​ថ្ងៃ​ពុធ​កន្លងទៅ បន្ទាប់ពី​រដ្ឋាភិបាល​ស៊ីរី​បានយល់ព្រមបើក​ភ្លើង​ខៀវ កាលពី​ថ្ងៃ​អាទិត្យ​ទី ២៥ សីហា។ ប្រទេស​រុស្ស៊ី​ដែល​ជាសម្ព័ន្ធមិត្ត​របស់​ស៊ីរី​បាន​ស្វាគម​ជំហរ​របស់​ រដ្ឋាភិបាល​ស៊ីរី ប៉ុន្តែ ប្រទេស​លោក​ខាង​លិច នាំមុខ​ដោយ​អាមេរិក​ បាន​វាយតម្លៃ ការបើកភ្លើងខៀវ​របស់​រដ្ឋាភិបាលលោក​បាស្ហា អាល់​អាសាដ​ ថា ជារឿង​ដែល​ហួសពេល។
កន្លងមក បើទោះបី​ជា​ខ្លួន​បាន​បដិសេធ​ដោយ​ស្វ័យប្រវត្តិ​ចំពោះ​ការចោទប្រកាន់​ថា បាន​ប្រើ​អាវុធ​គីមី សម្លាប់ មនុស្ស​ដល់​ទៅ​ជាង​៣០០​នាក់ កាលពីថ្ងៃ​ពុធ រដ្ឋាភិបាល​ស៊ីរី នៅ​រឹងទទឹង​មិនចង់​ឲ្យ​មន្រ្តី របស់​អង្គការ​សហប្រជាជាតិ​ចូល​ទៅ​ស៊ើប​អង្កេត។ លើកនេះ ការដែល​រដ្ឋាភិបាល​ក្រុងដាម៉ាស​យល់ព្រម ឲ្យគេ​ចូល​ទៅ​ស៊ើបអង្កេត​នៅ​តំបន់​រង​អាវុធ​គីមី គឺ​ដោយសារ​​​តែ​មាន​ការដាក់​​សម្ពាធ​ខ្លាំងពេក ពី​សហគមន៍​អន្តរជាតិ ជាពិសេស ការគំរាម​របស់​អាមេរិក​ដែល​ថា នឹង​អាច​ធ្វើ​អន្តរាគម​យោធា ទៅលើ​ស៊ីរី ប្រសិន​បើ​គេ​រកឃើញ​ថា រដ្ឋាភិបាល​ស៊ីរី​ពិតជា​បាន​ប្រើ​អាវុធ​គីមី សម្លាប់​មនុស្ស កាលពី​ថ្ងៃ​ពុធ មែន។

ជាក់ស្តែង ក្រសួងការពារ​ជាតិ​អាមេរិក​ទើប​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អាទិត្យ​ថា នាវាពិឃាត​ទីបួន របស់​អាមេរិក កំពុង​ធ្វើដំណើរ​ចេញនៅ​សមុទ្រ​មេឌីទែរ៉ាណេ ដែល​នៅទីនោះ អាមេរិក​បាន​ប្រចាំការ​នាវា​ពិឃាត​បី​រួចហើយ សម្រាប់​ធ្វើ​អន្តរាគមន៍ យោធា នៅ​ស៊ីរី​ នៅពេល​មាន​បញ្ជា​ពីលោក​អូបាម៉ា។

មួយវិញទៀត រដ្ឋាភិបាល​ស៊ីរី​ទើប​យល់ព្រម​ឲ្យ​មន្ត្រី​អង្គការ​សហប្រជាជាតិ​ចូល​ទៅ​ ស៊ើបអង្កេត នៅកន្លែង​កើតហេតុ នៅពេលនេះ គឺ​វា​ហួសពេលទៅហើយ។ តាម អាមេរិក និងអង់គ្លេស វាយឺតពេល​ដើម្បី គេ​អាច​ប្រមូល​ភស្តុតាង នៅក្រោយ​ព្រឹត្តិការណ៍​ដែល​កើតមាន កាលពី​៥ថ្ងៃមុន។ ក្នុង​អំឡុង​ពេល​៥ថ្ងៃ​កន្លងទៅ គឺ​បន្ទាប់ពី​ការវាយប្រហារ​អាវុធ​គីមី ទាហាន​រដ្ឋាភិបាល​ស៊ីរី បានប្រើ​យន្តហោះ ទម្លាក់គ្រាប់ និង​បាញ់ផ្លោង ជារៀងរាល់ថ្ងៃ ទៅលើ​តំបន់​ដែល​គេសង្ស័យថា មាន​ប្រើ​អាវុធ​គីមី។ បើតាម រដ្ឋមន្រ្តី​ការពារ​ជាតិ​អង់គ្លេស ​ ភស្តុតាង បញ្ជាក់​ពី​ការប្រើ​អាវុធ​គីមី បា្រកដ​ជា​ត្រូវ​បំផ្លាញ ឬ​ខូចខាត បាត់បង់​សភាព​ដើមដែរ ដោយសារ​បាញ់ផ្លោង ជញ្ជ្រុំ ​របស់​ទ័ព​របស់​រដ្ឋាភិបាល​ស៊ីរី។

មន្រ្តី​អង្គការ​សហប្រជាជាតិ ​ត្រូវ​ទៅមើល​ដោយ​ផ្ទាល់​ភ្នែក​ថា តើ​ពិត​ជា​មាន​ការវាយប្រហារ​ដោយ​អាវុធ​គីមី មែន តាម​ការអះអាង​របស់​ក្រុមប្រឆាំង​ស៊ីរីដែរឬទេ។ បើសិន​ជា​ក្រុម​ស៊ើប​អង្កេត​របស់​អង្គការ​សហប្រជាជាតិ អះអាង​ថា ពិតជា​មានមែន នោះគឺ​​ជា​លើកទីមួយ ដែល​មាន​ការបញ្ជាក់​ពី​ក្រុមឯករាជ្យ ព្រោះថា កន្លងមក ព័ត៌មានថា មាន​ប្រើអាវុធ ត្រូវ​បាន​ផ្តល់​តែពី​ភាគី​ម្ខាង គឺ​ខាង​ក្រុមប្រឆាំង ឬ​ភ្នាក់ងារ​ស៊ើបការសម្ងាត់​របស់​ប្រទេស​លោកខាងលិច ដែល​កាន់ជើង​ក្រុមប្រឆាំង​ស៊ីរី និង​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី​ស៊ីរី​ចុះចេញពី​អំណាច ប៉ុន្តែ មិន​មែនក្រុមឯករាជ្យ​នោះទេ។ នៅថ្ងៃចន្ទនេះ ក្រុមឧទ្ទាមស៊ីរី និង​រដ្ឋាភិបាល​បាន​យល់ព្រម​ធ្វើ​បទឈប់បាញ់​មួយ នៅ​តំបន់ ជាយក្រុង​ដាម៉ាស ជាទី​ដែល​ក្រុមអ្នកសង្កេត​ត្រូវ​ចុះ​ទៅ​ស្រាវជ្រាវ​ប្រមូលភស្តុតាង។

លើកនេះ បើ​ទោះជា ការងារ​របស់​ក្រុមស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ មិនមែន​សំដៅ​ដាក់​កំហុស​ទៅលើ​ភាគី​ណា ថា ជា​អ្នកប្រើ​អាវុធ​គីមី ប៉ុន្តែ ការស្រាវជ្រាវ ធ្វើ​កោសល្យវិច័យ លើ​គ្រាប់មីស៊ីល​ដែល​បាន​បាញ់​ចូល​ទៅ​លើ​តំបន់​ដែលរង​អាវុធ​គីមី នឹង​អាច​ធ្វើ​ឲ្យ​គេ​កំណត់​បាន​ថា តើ​ភាគី​ណា​ដែល​បាន​ប្រើ​អាវុធ​គីមី។

នៅក្នុង​សារព័ត៌មាន​រុស្ស៊ី ដែល​ស្និទ្ធ​នឹង​ទីក្រុង​ម៉ូស្គូ ចេញ​ផ្សាយ​នៅថ្ងៃ​ចន្ទ​នេះ លោក​ប្រធានាធិបតី​ស៊ីរី បាស្ហា អាល់​អាសាដ​បាន​បដិសេធ ថា រដ្ឋាភិបាល​របស់​លោក​​មិន​បាន​ប្រើប្រាស់​អាវុធ​គីមីទេ។ ជាមួយគ្នានោះ លោក​បាន​ព្រមានថា អាមេរិក នឹង​ជួប​បរាជ័យ ប្រសិន​បើ​ហ៊ាន​ធ្វើ​អន្តរាគមន៍​ទ័ព​នៅ​ស៊ីរី។ ការព្រមាន​របស់​ប្រធានាធិបតី​ស៊ីរី ធ្វើឡើង ​បន្ទាប់ពី​អាមេរិក​បាន​បញ្ជូន​នាវា​ចម្បាំង ជាបន្តបន្ទាប់​ទៅ​សមុទ្រ​មេឌីទែរ៉ាណេ ដើម្បី​ត្រៀម​ធ្វើ​អន្តរាគមន៍​យោធា​ណា​មួយ​ទៅលើ​ប្រទេស​ស៊ីរី។

លោក​បាស្ហា អាល់អាសាដ​ដែល​បាន​ទទួល​ការគំាទ្រ​យ៉ាងចេញមុខ ចេញមាត់​ពី​រុស្ស៊ី និង​អ៊ីរ៉ង់ បាន​ទម្លាក់កំហុស​ទៅលើ​ក្រុមប្រឆាំង​ស៊ីរី ថា ជាអ្នកប្រើប្រាស់​អាវុធ​គីមី។ លោក​ប្រធានាធិបតី​ស៊ីរី បាន​បញ្ជាក់​បន្ថែម ថា ក្រុមប្រឆាំង​ស៊ីរី​ពិតជា​បាន​ប្រើ​អាវុធ​គីមី ព្រោះថា ទាហាន​រដ្ឋាភិបាល​ជាង​៥០​នាក់​ដែល​ចូល​ទៅ​ឡោមព័ទ្ធ​តំបន់​គ្រប់គ្រង​ដោយ​ ក្រុមប្រឆាំង បាន​ទទួល​រងផ្សែងពុល និង​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ។

ទូរទស្សន៍​សាណា ដែល​ជា​ទូរទស្សន៍​រដ្ឋាភិបាល​​ស៊ីរី បាន​ចាក់បញ្ចាំង​រូបភាពដែល​បង្ហាញ​ពី​រូងក្រោមដី​ដែល​ក្រុមប្រឆាំង​បាន​ ប្រើប្រាស់​ដើម្បី​ផលិត​អាវុធ​គីមី។ តាម​ទូរទស្សន៍​រដ្ឋាភិបាល​ដដែល គេ​រកឃើញ ឧបករណ៍​ពាក់​បិទមុខ​ជាច្រើន​សម្រាប់ ដែល​ក្រុមប្រឆាំង អាច​ប្រើ​ដើម្បី​ជៀសផុត​ពី​ការស្រូប​ផ្សែង​ពុល​គីមី។

រុស្ស៊ី និង​អ៊ីរ៉ង់​ដែល​ជា​ប្រទេស​សម្ព័ន្ធមិត្ត របស់​ស៊ីរី បាន លើកឡើង​ពី​ភស្តុតាង​នានា ដែល​បញ្ជាក់ថា គឺ​ក្រុមប្រឆាំង​ស៊ីរី​ដែល​បាន​ប្រើ​អាវុធ​គីមី។ កាលពី​ថ្ងៃ​សៅរ៍ ទីក្រុង​ម៉ូស្គូ​បាន​បញ្ជូន​រូបថត​ផ្កាយរណប​របស់​រុស្ស៊ី ទៅក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ ដែល​បង្ហាញ​ថា មីស៊ីល​ពីរ​ដែល​មាន​អាវុធ​គីមី ត្រូវបាន​​បាញ់​ចេញ​ពី​តំបន់​ដែលគ្រប់គ្រង​ដោយ ក្រុមប្រឆាំង។

រហូត​មកដល់​ពេលនេះ គេ​នៅ​មិនទាន់​រកឃើញច្បាស់​ថា អ្នកណា​ជាទទួល​ខុសត្រូវ​លើ​ការប្រើអាវុធ​គីមី ដែល​បាន​សម្លាប់​មនុស្ស​ជាង ៣០០​នាក់ កាលពីថ្ងៃ​ពុធទេ។ ក្រុមប្រឆាំង​ស៊ីរី វិញ ដែល​ជា​បញ្ចេញ​រូបភាព និង​វីដេអូ មនុស្ស​ដែល​ស្លាប់​ដោយ​ផ្សែងពុល កាលពីថ្ងៃ​ពុធ បាន​ចោទប្រកាន់​ថា រដ្ឋាភិបាល​ជាអ្នក​ប្រើប្រាស់​អាវុធគីមី។ ភាគី​ទាំងពីរ​នៅ​បន្តទម្លាក់​កំហុស​ដាក់គ្នា។ បើតាម​ប្រភព​ពី​ក្រុមភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ប្រទេស​លោក​ខាងលិច គេ​មាន​ភស្តុតាង​ដែល​បញ្ជាក់​ថា រដ្ឋាភិបាល​ស៊ីរី​បាន​ប្រើប្រាស់​អាវុធ​គីមី ព្រោះ​ក្រុមប្រឆាំង​ស៊ីរី​មិន​ងាយ​នឹង​អាច​ទទួល​ប្រើប្រាស់​អាវុធ​គីមី​បាន​ ទេ។ វាផ្ទុយស្រឡះ​ពី​រដ្ឋាភិបាល​ស៊ីរី ដែល​ត្រូវ​បាន​ពិភពលោក​ចាត់ទុក​ថា ជា​ប្រទេស​ដែល​មាន​លាក់​អាវុធ​គីមី យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​ដែល​គេ​ប្រើ​សម្រាប់​បំផ្លាញ​កោសិការ​ខួរក្បាល​របស់​មនុស្សបាន។ ស៊ីរី​ស្ថិតនៅក្នុង​ចំណោម​ប្រទេស​៧ដែល​បដិសេធ​មិន​ចូលរួម នៅក្នុង​សន្ធិសញ្ញា ឆ្នាំ ១៩៩៧ ដែល​ហាមការប្រើប្រាស់​អាវុធ​គីមី៕
©REUTERS/Khaled al-Hariri
ដោយ ឈាង បុប្ផា
From ( RFI )

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com