Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Wednesday, August 21, 2013

បទ​វិភាគ៖ ភាព​វឹកវរ​អាច​កើត​មាន​តែ​មិន​អាច​មាន​សង្គ្រាម​ស៊ីវិល​ទេ

0 Comments


បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ថា​ខ្លួន​ឈ្នះ​ឆ្នោត និង​បន្ទាប់​ពី​គណបក្ស​ប្រឆាំង​បាន​ប្រកាស​ឆ្លើយ​តប​វិញ​ភ្លាម​ថា ពួក​គេ​មិន​អាច​ទទួល​យក​លទ្ធផល​បោះ​ឆ្នោត​បាន​ទេ។ ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​ព្រួយ​បារម្ភ​ថា នឹង​អាច​មាន​ភាព​វឹកវរ​កើត​ឡើង​ក្នុង​សង្គម​កម្ពុជា នៅ​ពេល​ខាង​មុខ។ ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ខ្លាច​បក្ស​ប្រឆាំង​ដឹក​នាំ​ពលរដ្ឋ​ចុះ​ថ្នល់​ធ្វើ​ បាតុកម្ម​ទាមទារ​អោយ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ ឬ​អោយ​មាន​ការ​ពិនិត្យ​មើល​ភាព​មិន​ប្រក្រតី​ដែល​កើត​ឡើង​ក្នុង​ពេល​បោះ​ ឆ្នោត​ជាដើម។
http://www.rfa.org/khmer/indepth/duch-trial-drawn-thousands-of-citizens-07232009062904.html/krt/image
តើ​អាច​មាន​មហា​បាតុកម្ម​ប្រឆាំង​គណបក្ស​កាន់​អំណាច​ដែរ​ឬ​ទេ? ហើយ​បើ​មាន​មែន តើ​បាតុកម្ម​នេះ​អាច​ក្លាយ​ទៅ​ជា​ហិង្សា ឬ​អាច​ឈាន​ដល់​ការ​ផ្ទុះ​ជា​សង្គ្រាម​ស៊ីវិល​ដែរ​ឬ​ទេ?
នៅ​មុន​ពេល​បោះ​ឆ្នោត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​បាន​ប្រកាស​ជា​សាធារណៈ​ថា ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​ចាញ់​ឆ្នោត​នោះ ប្រទេស​កម្ពុជា នឹង​មាន​សង្គ្រាម​កើត​ឡើង។ ការ​គំរាម​របស់ លោក ហ៊ុន សែន ពិត​ជា​បាន​ធ្វើ​អោយ​ពលរដ្ឋ​ភ័យ​ខ្លាច​មិន​តិច​ទេ។ ជាក់ស្តែង ការ​សម្រុក​ទៅ​ចាក់​សាំង​របស់​ពលរដ្ឋ​នៅ​ភ្នំពេញ ការ​ចូល​ទិញ​ទំនិញ​សម្រាប់​រក្សា​ទុក ការ​សម្រុក​ទៅ​ដក​លុយ​ពី​ម៉ាស៊ីន អេធីអឹម (ATM) និង​ការ​បិទ​ទ្វារ​ចាក់​សោ​នៅ​ក្នុង​ផ្ទះ​របស់​ពលរដ្ឋ តាំង​ពី​ក្បាល​ព្រលប់​នៅ​ថ្ងៃ​ទី២៨ កក្កដា ឆ្នាំ​២០១៣ សុទ្ធសឹងតែ​ជា​ឧទាហរណ៍​ជាក់ស្តែង​ដែល​បង្ហាញ​ពី​ការ​ភ័យ​ខ្លាច​របស់​ពលរដ្ឋ ចំពោះ​ពាក្យ​គំរាម​របស់ លោក ហ៊ុន សែន។
រហូត​មក​ដល់​ពេល​នេះ ការ​ព្រួយ​បារម្ភ​ថា​មាន​សង្គ្រាម​បាន​ថយ​ចុះ​បន្តិច បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ថា​ខ្លួន​បាន​ឈ្នះ​ឆ្នោត។ តែ​នៅ​ពេល​នេះ អ្វី​ដែល​ពលរដ្ឋ​នៅ​មាន​ការ​ព្រួយ​បារម្ភ​នោះ គឺ​ភាព​វឹកវរ​នៅ​ក្នុង​ប្រទេស ដែល​អាច​កើត​ឡើង​ដោយសារ​តែ​ពលរដ្ឋ​គាំទ្រ​គណបក្ស​ប្រឆាំង​ដែល​ចាញ់​ឆ្នោត​ ដោយ​មិន​អស់​ចិត្ត​នោះ ចុះ​ថ្នល់​ធ្វើ​បាតុកម្ម​ទាមទារ​អោយ​មាន​ការ​បោះឆ្នោត​ឡើង​វិញ ឬ​ទាមទារ​អោយ​ធ្វើ​តាម​ការ​ស្នើសុំ​របស់​គណបក្ស​ប្រឆាំង​ដែល​បាន​ស្នើ​អោយ​ ពិនិត្យ​មើល​ឡើង​វិញ​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ថ្ងៃ​បោះឆ្នោត​ជាដើម។
ពេល​នេះ សង្គ្រាម​នៅ​កម្ពុជា មិន​អាច​កើត​ឡើង​ឡើយ ព្រោះ​គណបក្ស​ប្រឆាំង​គ្មាន​កម្លាំង​ទ័ព និង​គ្មាន​អាវុធ​នៅ​ក្នុង​ដៃ តែ​ផ្ទុយ​ទៅ​វិញ លទ្ធភាព​នៃ​ការ​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ គឺ​អាច​កើត​មាន​ឡើង។ បាតុកម្ម​អាច​កើត​មាន ឬ​មិន​អាច​កើត​មាន វា​អាស្រ័យ​សំខាន់​លើ​ឆន្ទៈ​របស់ លោក សម រង្ស៉ី និង លោក កឹម សុខា។
ផ្អែក​លើ​ទិដ្ឋភាព​ជាក់ស្តែង​កន្លង​មក ទាំង​ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត និង​ទាំង​លើ​លទ្ធផល​ដែល​បក្ស​ប្រឆាំង​ទទួល​បាន​ពី​កម្លាំង​គាំទ្រ​ក្នុង​ពេល ​បោះ​ឆ្នោត វា​មិន​មែន​ជា​ការ​ពិបាក​សម្រាប់ លោក សម រង្ស៉ី និង លោក កឹម សុខា អំពាវនាវ​អ្នក​គាំទ្រ​របស់​លោក​អោយ​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម​លក្ខណៈ​ ទ្រង់ទ្រាយ​ធំ​នោះ​ទេ។ ម្យ៉ាង​ទៀត ពលរដ្ឋ​គាំទ្រ​បក្ស​ប្រឆាំង​ដែល​នៅ​ខឹង​សម្បារ​មិន​ទាន់​បាត់ ដោយសារ​មិន​បាន​បោះ​ឆ្នោត​នោះ ក៏​នឹង​មិន​រារែក​ចូល​រួម​ធ្វើ​បាតុកម្ម​ដែរ ប្រសិន​បើ​មាន​ការ​អំពាវនាវ​របស់​មេ​បក្ស​ប្រឆាំង​ទាំង​ពីរ​ពិត​ប្រាកដ​មែន។ ការ​ផ្ទុះ​អំពើ​ហិង្សា​រវាង​ពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច​នៅ​ស្ទឹងមានជ័យ ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​បោះ​ឆ្នោត គឺ​ជា​ឧទាហរណ៍​បង្ហាញ​ស្រាប់។
ទោះ​យ៉ាង​ណា ការ​អំពាវនាវ​អោយ​ពលរដ្ឋ​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម​ប្រឆាំង​បក្ស​កាន់​អំណាច ត្រូវ​បាន លោក សម រង្ស៉ី និង លោក កឹម សុខា អះអាង​ថា មិន​មែន​ជា​ជម្រើស​ដំបូង​របស់​លោក​ទេ។ ជាក់ស្តែង មេ​បក្ស​ប្រឆាំង​ទាំង​ពីរ​បាន​អំពាវនាវ​នៅ​ថ្ងៃ​បោះ​ឆ្នោត អោយ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ទាំងអស់ រក្សា​ភាព​ស្ងប់ស្ងៀម ហើយ​ទុក​អោយ​លោក​ទាំង​ពីរ​ធ្វើ​ការ​ទាមទារ​ដោយ​សន្តិវិធី​វិញ។ តែ​ការ​អំពាវនាវ​របស់ លោក សម រង្ស៉ី នៅ​ថ្ងៃ​ទី២៩ កក្កដា អោយ​អ្នក​គាំទ្រ​របស់​លោក​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម អាច​ជា​យុទ្ធសាស្ត្រ​របស់ លោក សម រង្ស៉ី ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​អោយ​គិតគូរ​ពី​សំណើ​របស់​លោក​ដែល​ចង់​អោយ ​បង្កើត​ឡើង​ជា​គណៈកម្មការ​ចម្រុះ ពិនិត្យ​មើល​ឡើង​វិញ​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​ក្នុង​ពេល​បោះ​ឆ្នោត។
តែ​ទោះ​បី​ជា​យ៉ាង​ណា​ក្តី អ្វីៗ​ក៏​អាច​ប្រែ​ក្រឡាស់​នៅ​នាទី​ចុង​ក្រោយ​ដែរ។ ប្រសិន​បើ​បក្ស​ប្រឆាំង​មិន​ទទួល​បាន​ដំណោះស្រាយ​មួយ​សមរម្យ​ទេ ពេល​នោះ​មេ​បក្ស​ប្រឆាំង​ទាំង​ពីរ អាច​អំពាវនាវ​អោយ​អ្នក​គាំទ្រ​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម​ពិត​ប្រាកដ​មែន​ក៏​ ថា​បាន។ ជា​ការ​ពិត​ណាស់ លោក សម រង្ស៉ី ក៏​ធ្លាប់​បាន​ដឹក​នាំ​អ្នក​គាំទ្រ​គណបក្ស​របស់​លោក​ធ្វើ​បាតុកម្ម​ម្តង​រួច ​មក​ហើយ ក្រោយ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​១៩៩៨។
ប្រសិន​បើ​មាន​ការ​អំពាវនាវ​អោយ​ធ្វើ​បាតុកម្ម​មែន រដ្ឋាភិបាល​របស់ លោក ហ៊ុន សែន អាច​មាន​ជម្រើស​បី​ដើម្បី​ឆ្លើយ​តប។ ជម្រើស​ទី១ គឺ​ការ​អំពាវនាវ​អោយ​ពលរដ្ឋ​រក្សា​ភាព​ស្ងប់ស្ងៀម និង​បើក​ផ្លូវ​អោយ​បក្ស​ប្រឆាំង​ចូល​ចរចា​ស្វែង​រក​ដំណោះស្រាយ​ដោយ​ សន្តិវិធី។ ជម្រើស​ទី២ គឺ​ការ​ប្រើ​កម្លាំង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា អោយ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​វិញ ហើយ​ជម្រើស​ទី៣ គឺ​ការ​ប្រើ​កម្លាំង​សមត្ថកិច្ច​វាយ​បង្ក្រាប​តែ​ម្តង។ ប្រសិន​បើ លោក ហ៊ុន សែន ជ្រើស​យក​ជម្រើស​ទី២ និង​ទី៣ មែន​នោះ អំពើ​ហិង្សា​នឹង​មិន​អាច​ជៀស​ផុត​ឡើយ ហើយ​នរណា​ក៏​ដឹង​ដែរ​ថា លោក ហ៊ុន សែន ធ្លាប់​បាន​ជ្រើស​យក​ជម្រើស​ទី២ និង​ទី៣ ម្តង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​១៩៩៨។
ប្រសិន​បើ​មាន​បាតុកម្ម​ពិត​មែន អំពើ​ហិង្សា និង​ភាព​វឹកវរ​ក្នុង​សង្គម​អាច​កើត​មាន​ឡើង តែ​វា​មិន​អាច​រីក​រាល​ដាល​ទៅ​ជា​សង្គ្រាម​ស៊ីវិល​នោះ​ទេ ពីព្រោះ​ម្យ៉ាង គណបក្ស​ប្រឆាំង​គ្មាន​អាវុធ​ក្នុង​ដៃ និង​ពីព្រោះ​ម្យ៉ាង​ទៀត ប្រហែល​ជា​គ្មាន​បរទេស​ណា​ផ្តល់​អាវុធ​អោយ​បក្ស​ប្រឆាំង​ឡើយ​ក្នុង​ស្ថានភាព ​ដូច​កម្ពុជា បច្ចុប្បន្ន។
ស្ថានភាព​នយោបាយ​របស់​កម្ពុជា នា​ពេល​បច្ចុប្បន្ន ខុស​ពី​កម្ពុជា នា​សម័យ​សង្គ្រាម​ត្រជាក់។ សង្គ្រាម​ត្រជាក់ គឺ​ជា​សង្គ្រាម​មនោគម​វិជ្ជា ដែល​ម្ខាង​ដឹក​នាំ​ដោយ​លោក​សេរី នាំ​មុខ​ដោយ​សហរដ្ឋ​អាមេរិក និង​ម្ខាង​ទៀត​ដឹក​នាំ​ដោយ​លោក​កុម្មុយនីស្ត នាំ​មុខ​ដោយ​សហភាព​សូវៀត។ ប្រសិន​បើ​កម្ពុជា សព្វថ្ងៃ​ស្ថិត​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​វិញ នោះ​ប្រហែល​ជា​មាន​មហា​អំណាច​ចូល​មក​លូក​ដៃ​ដើម្បី​ទាញ​យក​អ្នក​នយោបាយ ដែល​មាន​ទំនោរ​ទៅ​រក​មនោគម​វិជ្ជា​របស់​ពួក​គេ ដើម្បី​ទប់ទល់​នឹង​ភាគី​ម្ខាង​ទៀត​ដែល​មាន​មនោគម​វិជ្ជា​ផ្ទុយ។ ហើយ​មហា​អំណាច​ទាំង​នោះ​មិន​ខ្លាច​នឹង​បំពាក់​អាវុធ​អោយ​ទៅ​ភាគី​ដែល​គេ​ គាំទ្រ​ឡើយ។
នៅ​ក្នុង​ទសវត្សរ៍​ទី៦០ ពេល​ដែល សម្ដេច​ព្រះ​នរោត្តម សីហនុ គ្រប់គ្រង​ប្រទេស ពួក​ខ្មែរ​ក្រហម​ដែល​មាន​និន្នាការ​នយោបាយ​ទៅ​រក​លោក​កុម្មុយនីស្ត បាន​ព្យាយាម​សុំ​ជំនួយ​យោធា​ពី​ប្រទេស​ចិន និង​វៀតណាម ដើម្បី​ផ្ដួល​រំលំ​ព្រះអង្គ តែ​ពួក​ខ្មែរ​ក្រហម​មិន​សូវ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​អ្នក​ នយោបាយ​ចិន និង​វៀតណាម ដោយសារ​ពេល​នោះ​ចិន និង​វៀតណាម កំពុង​ជាប់​រវល់​ខ្លាំង​នឹង​សង្គ្រាម​រវាង​វៀតណាម និង​អាមេរិក។ ម្យ៉ាង​ទៀត ដោយសារ​ថ្នាក់​ដឹក​នាំ​ចិន និង​វៀតណាម ពេល​នោះ​យល់​ថា សម្ដេច​ព្រះ​នរោត្តម សីហនុ នៅ​មាន​ប្រយោជន៍​សម្រាប់​គេ​ក្នុង​ការ​ធ្វើ​សង្គ្រាម​នៅ​វៀតណាម ប្រឆាំង​នឹង​អាមេរិក។ ហើយ​នៅ​ទី​បំផុត មិន​មែន​ពួក​ខ្មែរ​ក្រហម​ទេ​ដែល​បាន​ផ្ដួល​រំលំ​សម្ដេច​ព្រះ​នរោត្តម សីហនុ តែ​គឺ​ក្រុម​របស់ លោក លន់ នល់ និង​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ដែល​ស្និទ្ធ​នឹង​សហរដ្ឋ​អាមេរិក ទៅ​វិញ​ទេ ដែល​ទម្លាក់​ព្រះអង្គ​ពី​អំណាច​ក្នុង​ឆ្នាំ​១៩៧០។
បន្ទាប់​ពី​សម្ដេច​ព្រះ​នរោត្តម សីហនុ ត្រូវ​បាន​ទម្លាក់​ដោយ​អ្នក​នយោបាយ​ខ្មែរ ដែល​មាន​ទំនោរ​ទៅ​រក​លោក​សេរី ចិន និង​វៀតណាម ចាប់​ផ្ដើម​ចែចូវ​ខ្មែរ​ក្រហម និង​សម្ដេច​ព្រះ​នរោត្តម សីហនុ អោយ​តស៊ូ​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​របប​ដឹក​នាំ​របស់ លោក លន់ នល់ ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក វិញ​ម្តង។ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​ចិន នៅ​ទី​បំផុត ខ្មែរ​ក្រហម​អាច​ផ្ដួល​រំលំ​របប លោក លន់ នល់ បាន​នៅ​ឆ្នាំ​១៩៧៥។
នៅ​ក្នុង​ទសវត្សរ៍​ទី៧០ ដដែល ភាព​ប្រេះឆា​បាន​កើត​មាន​ឡើង​រវាង​កុម្មុយនីស្ត​ចិន និង​កុម្មុយនីស្ត​សហភាព​សូវៀត ហើយ​មហា​យក្ស​កុម្មុយនីស្ត​ទាំង​ពីរ​នេះ សុទ្ធតែ​មាន​មហិច្ឆតា​ចង់​ធ្វើ​ជា​មេ​កន្ទ្រាញ​កុម្មុយនីស្ត​នៅ​អាស៊ី។ សហភាព​សូវៀត ក៏​បាន​ចាប់​យក​វៀតណាម រីឯ​ចិន វិញ បាន​ចាប់​យក​កម្ពុជា របស់​ខ្មែរ​ក្រហម។ នៅ​ទី​បំផុត វៀតណាម ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​សហភាព​សូវៀត បាន​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម​ដែល​គាំទ្រ​ដោយ​ចិន នៅ​ឆ្នាំ​១៩៧៩។ ដោយសារ​ហេតុ​ដូច្នេះ​ហើយ ទើប​ចិន ចេះ​តែ​បន្ត​គាំទ្រ​ពួក​ខ្មែរ​ក្រហម ដែល​ក្រោយ​មក​បាន​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​ក្រុម​សម្ដេច​ព្រះ​ នរោត្តម សីហនុ និង​ក្រុម​របស់ លោក​តា សឺន សាន នៅ​ជាយ​ដែន​កម្ពុជា-ថៃ ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​ខ្មែរ​នៅ​ភ្នំពេញ ដែល​មាន​វៀតណាម នៅ​ពី​ក្រោយ និង​ដោយ​មាន​ការ​គាំទ្រ​ពី​សហភាព​សូវៀត។ ចិន និង​អាមេរិក បន្ត​គាំទ្រ​រដ្ឋាភិបាល​ចម្រុះ​ខ្មែរ​នៅ​ជាយ​ដែន​កម្ពុជា-ថៃ រហូត​ដល់​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​មួយ​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩១ ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស។
សរុប​សេចក្តី​មក ប្រសិន​បើ​បក្ស​ប្រឆាំង​ដឹក​នាំ​ធ្វើ​បាតុកម្ម​មែន អំពើ​ហិង្សា និង​ភាព​វឹកវរ​អាច​កើត​មាន​ឡើង​ក្នុង​សង្គម តែ​វា​មិន​អាច​ក្លាយ​ទៅ​ជា​សង្គ្រាម​ស៊ីវិល​នោះ​ទេ ដោយសារ​ទី១ មេ​បក្ស​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​ពីរ​គ្មាន​ឆន្ទៈ​ស្វែង​រក​អំណាច​ដោយ​អាវុធ។ ទី២ បើ​ទោះ​ជា​មេ​បក្ស​ទាំង​ពីរ​ចង់​តស៊ូ​ប្រដាប់​អាវុធ​មែន ក៏​ពួក​គេ​មិន​អាច​ទៅ​រួច​ដែរ ព្រោះ​ពួក​គេ​គ្មាន​អាវុធ​ក្នុង​ដៃ និង​ទំនង​ជា​គ្មាន​ប្រទេស​ណា​ផ្តល់​អាវុធ​អោយ​ពួក​គេ​ឡើយ​ក្នុង​ស្ថានភាព​ ដូច​កម្ពុជា បច្ចុប្បន្ន និង​ទី៣ លក្ខណៈ​ពិសេស​នៃ​ភូមិសាស្ត្រ​នយោបាយ​របស់​កម្ពុជា ក្នុង​តំបន់​នា​ពេល​បច្ចុប្បន្ន ខុស​គ្នា​ពី​លក្ខណៈ​ភូមិសាស្ត្រ​នយោបាយ​ប្រទេស​កម្ពុជា ក្នុង​សម័យ​សង្គ្រាម​ត្រជាក់ ដែល​កាល​នោះ​ប្រទេស​មហា​អំណាច​ធ្លាប់​បាន​ប្រទាញប្រទង់​គ្នា​យក​កម្ពុជា ដើម្បី​រក្សា​ដែន​ឥទ្ធិពល​អំណាច និង​នយោបាយ​របស់​ពួក​គេ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍៕
ដោយ យាង សុជាមេត្តា
ពី ​វិទ្យុអាស៊ីសេរី  

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com