Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Friday, August 23, 2013

បក្ស​សង្គ្រោះ​ជាតិ​ស្វាគមន៍​ចំពោះ​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ

0 Comments


គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ស្វាគមន៍ និង​សាទរ​ចំពោះ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​អោយ​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បើក​កញ្ចប់​រក្សា​ឯកសារ​ដើម​សម្រាប់​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត ឬ​ហៅ​ថា​កញ្ចប់​សុវត្ថិភាព "ក" មួយ​ចំនួន។ ស្រប​គ្នា​នេះ ក្នុង​នាម​ដើម​បណ្ដឹង​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត គណបក្ស​នេះ​ទាមទារ​អោយ​មាន​លក្ខខណ្ឌ​ចាំ​បាច់ ដែល​ធានា​តម្លាភាព​ក្នុង​ការ​បើក​កញ្ចប់។
ផ្ទៀងផ្ទាត់​សន្លឹក​ឆ្នោត ៦១០
សកម្មភាព​ផ្ទៀងផ្ទាត់​សន្លឹក​ឆ្នោត​ឡើង​វិញ នា​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី៣ ខែ​សីហា ឆ្នាំ​២០១៣។
គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ចាត់​វិធាន​ការ និង​នីតិវិធី​ក្នុង​ការ​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​ដោយ​តម្លាភាព និង​អាច​ជឿ​ទុក​ចិត្ត​បាន​ពី​មតិ​សាធារណៈ ជាតិ អន្តរជាតិ តាម​រយៈ​ការ​អនុញ្ញាត​អោយ​មាន​ការ​ចូល​រួម​ពី​ភាគី​ដើម​បណ្ដឹង អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ។
សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា បាន​ហៅ​ការ​សម្រេច​អោយ​មាន​ការ​បើក​កញ្ចប់​សុវត្ថិភាព​មួយ​ចំនួន ដើម្បី​ផ្ទៀងផ្ទាត់ និង​ដោះស្រាយ​នូវ​ភាព​មិន​ប្រក្រតី​តាម​គណបក្ស​នយោបាយ ជា​ការ​បង្ហាញ​ពី​តម្លាភាព ការ​ទទួល​ខុស​ត្រូវ ហើយ​ក៏​នឹង​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​មាន​ការ​ជឿ​ជាក់ ធ្វើ​អោយ​អ្នក​ឈ្នះ​មាន​កិត្តិយស ចំណែក​អ្នក​ចាញ់​ក៏​បាន​អស់​ចិត្ត។
អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​បន្ថែម​ថា ការ​ផ្ទៀង​ផ្ទាត់​លទ្ធផល​ឆ្នោត​តាម​កញ្ចប់​សុវត្ថិភាព គឺ​ជា​ចំណែក​មួយ​ក្នុង​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពុំ​ទទួល​យក​លទ្ធផល​ឆ្នោត៖ «អោយ​ប្រជាពលរដ្ឋ​ជឿ​ជាក់​បន្ថែម​ទៀត អោយ​វា​មាន​ភាព​ច្បាស់​លាស់​លើ​ចំណុច​មួយ​ត្រង់ គឺ​ទៅ​លើ​លទ្ធផល​ឆ្នោត គឺ​ត្រូវ​តែ​មាន​ការ​បើក​កញ្ចប់ "ក" នេះ​ហើយ។ នេះ​គ្រាន់​តែ​ជា​ចំណុច​មួយ​ទេ ប៉ុន្តែ​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​ទាំង​មូល មាន​ភាព​មិន​ប្រក្រតី​ច្រើន​ណាស់ ជា​រឿង​មួយ​ដែល​រួម​ចំណែក​ធ្វើ​អោយ​ការ​បោះ​ឆ្នោត​មិន​មាន​សេរី និង​យុត្តិធម៌»
គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​បន្ទាប់​មក ទៅ​កាន់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដោយ​ទាមទារ​ផ្ទៀង​ផ្ទាត់​លទ្ធផល​ឆ្នោត​នៅ​តាម​ការិយាល័យ​មួយ​ចំនួន​នៅ​ក្នុង ​មណ្ឌល​មួយ​ចំនួន ដែល​គណបក្ស​នេះ​រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី ដូច​ជា​ការ​កោស​លុប​លើ​ឯកសារ​ចម្លង​លទ្ធផល​ឆ្នោត​ជាដើម។
កញ្ចប់​សុវត្ថិភាព "ក" ជា​កញ្ចប់​ដែល​ដាក់​ឯកសារ​ដើម​ជា​ច្រើន​មក​ពី​ការិយាល័យ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត រួម​មាន​ទម្រង់​បែបបទ​លេខ ១១០១ ១១០២ និង ១១០៨ បញ្ជី​បោះ​ឆ្នោត​ដែល​ត្រូវ​បាន​ប្រើ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត ត្រា​សម្ងាត់ សន្លឹក​ឆ្នោត​ខូច សន្លឹក​ឆ្នោត​មិន​បាន​ប្រើ និង​គល់​បញ្ជី​សន្លឹក​ឆ្នោត​ដែល​បាន​ប្រើ សន្លឹក​ឆ្នោត​បាន​ការ សន្លឹក​ឆ្នោត​មិន​បាន​ការ និង​ផ្ទាំង​ក្រដាស​ធំ​សម្រាប់​កត់ត្រា​សំឡេង​ឆ្នោត​ជាដើម។
វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ចំពោះ​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ បាន​នៅ​ឡើយ​ទេ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​សីហា។
ចំពោះ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា មាន​ប្រសាសន៍​ថា ជា​ទូទៅ តាម​នីតិវិធី​របស់ គ.ជ.ប គឺ​តែង​អោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​គ្រប់​ភាគី​ពាក់ព័ន្ធ៖ «ការ​បើក​ កញ្ចប់ ឬ​ការ​ផ្ទៀង​ផ្ទាត់​របស់ គ.ជ.ប តែង​អញ្ជើញ​តំណាង​គណបក្ស​នយោបាយ ជា​ពិសេស​ភាគី​ដើម​បណ្ដឹង និង​គណបក្ស​ដែល​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត អ្នក​សង្កេតការណ៍ និង​អ្នក​សារព័ត៌មាន​ចូល​រួម​ដែរ»
សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ចេញ​ថ្ងៃ​ទី​២៣ ខែ​សីហា បាន​កំណត់​អោយ គ.ជ.ប បើក​កញ្ចប់​សុវត្ថិភាព "ក" ដើម្បី​ផ្ទៀង​ផ្ទាត់​លទ្ធផល​នៅ​ក្នុង​ការិយាល័យ​ចំនួន​១៣ ក្នុង​ឃុំ​ស្វាយជ្រះ នៅ​ក្នុង​មណ្ឌល​ក្រចេះ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​សីហា។
នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា ឬ និកហ្វិច (Nicfec) លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ជា​ការ​ល្អ​ដែល​បើក​អោយ​មាន​ការ​ផ្ទៀង​ផ្ទាត់​លទ្ធផល​បោះ​ឆ្នោត ប៉ុន្តែ​គួរ​តែ​អនុញ្ញាត​នៅ​គ្រប់​ការិយាល័យ​ដែល​គណបក្ស​នយោបាយ​បាន​ទាមទារ ដោយ​មាន​ភស្តុតាង​ជាក់​លាក់​ពី​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​ឆ្នោត៖ «មាន​ ករណី​គួរ​អោយ​សង្ស័យ គួរ​តែ​បើក​អោយ​អស់​ទៅ បើ​សិន​ជា​បើក​ដូច​ក្នុង​ករណី​នៅ​ខេត្ត​ក្រចេះ ឬ​តែ​ខេត្ត​ណា​មួយ ខ្ញុំ​យល់​ថា អត់​គ្រប់គ្រាន់​ទេ គឺ​គួរ​តែ​បើក​ទាំងអស់​តាម​សំណើ​របស់​គណបក្ស​ប្រឆាំង»
ឯកសារ​ដើម​សម្រាប់​ផ្ទៀង​ផ្ទាត់​លទ្ធផល​ឆ្នោត ឬ​កញ្ចប់​សុវត្ថិភាព "ក" ត្រូវ​ចាត់​ទុក​ថា ប្រៀប​បាន​នឹង​ប្រអប់​ខ្មៅ​នៃ​យន្តហោះ ដែល​អាច​រក្សា​បាន​នូវ​ភាព​ត្រឹម​ត្រូវ​ក្នុង​កម្រិត​ខ្ពស់​បំផុត និង​មាន​ការ​ទទួល​ស្គាល់​ពី​តំណាង​មក​ពី​គ្រប់​គណបក្ស​នយោបាយ។ យ៉ាង​ណា ក៏​មាន​ការ​បារម្ភ​ដែរ​ថា ការ​អូស​បន្លាយ​ពេល​វេលា​យូរ​ពេក​នៅ​ក្រោយ​ការ​បោះ​ឆ្នោត ក៏​អាច​នាំ​អោយ​មាន​ការ​សង្ស័យ​ថា គេ​អាច​បន្លំ​លទ្ធផល​បាន​ដែរ៕

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កោះ​ហៅ​បេក្ខជន​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​តាកែវ

ដោយ អ៊ុក សាវបូរី
តំណាង​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​បេក្ខជន​តំណាង​រាស្ត្រ​មណ្ឌល​តាកែវ លោក អ៊ុក ស៊ុយ ថ្លែង​ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​កោះ​ហៅ​លោក​ដែល​ជា​ដើម​បណ្ដឹង​ទៅ​សាកសួរ​ពី​ ការ​ប្ដឹង​សុំ​សើរើ​លទ្ធផល​ឆ្នោត​នៅ​ខេត្ត​តាកែវ ប្រកាស​បណ្ដោះ​អាសន្ន​ដោយ គ.ជ.ប មិន​ត្រឹមត្រូវ។
លោក​បន្ត​ថា បាន​ជា​គណបក្ស​សង្គ្រោះ​ជាតិ ប្ដឹង​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សើរើ ផ្ទៀងផ្ទាត់​សន្លឹក​ឆ្នោត​នៅ​ខេត្ត​តាកែវ ក្នុង​ទម្រង់​១១០២ ១១០៤ និង ១១០៨ នោះ នៅ​ក្នុង​កញ្ចប់​សុវត្ថិភាព "ក" នោះ មក​ពី​នៅ​ថ្ងៃ​បោះ​ឆ្នោត​មាន​ភាព​មិន​ប្រក្រតី​បាន​កើត​ឡើង​ជាច្រើន៕
ដោយ សុ ជីវី
វិទ្យុអាស៊ីសេរី  RFA

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com