Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Wednesday, August 21, 2013

បទ​វិភាគ៖ តើ​មូលហេតុ​អ្វី​បាន​ជា​ធ្វើ​ឲ្យ​បក្ស​ប្រជាជន​ធ្លាក់​សំឡេង​ឆ្នោត?

0 Comments


គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​គណបក្ស​គ្រប់គ្រង​ប្រទេស​អស់​រយៈពេល​យូរ​ឆ្នាំ។ គណបក្ស​នេះ​ធ្លាប់​បាន​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​ស្ទើរ​តែ​គ្រប់​ អាណត្តិ​ទាំងអស់។ ប្រជាពលរដ្ឋ​ភាគ​ច្រើន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​នេះ​កាល​ពី​មុន អាច​គិត​ថា មេ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​រំដោះ​ប្រជាពលរដ្ឋ​ចេញ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ។

យុវជន​​ឃោសនា​បោះឆ្នោត ៦១០
ក្រុម​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ថ្ងៃ​ឃោសនា​បោះឆ្នោត​ដំបូង នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២៧ មិថុនា ឆ្នាំ​២០១៣។
ក៏ប៉ុន្តែ មក​ដល់​នីតិកាល​ទី៥ នេះ នៅ​សម័យ​បច្ចេកវិទ្យា​កាន់​តែ​ទំនើប ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​កាន់​តែ​ច្រើន ពិសេស​ក្រុម​យុវជន ពួក​គាត់​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​មេ​ដឹក​នាំ​ប្រទេស និង​ចង់​ឲ្យ​ប្រទេស​កម្ពុជា មាន​សេដ្ឋកិច្ច​រីក​ចម្រើន និង​ចង់​បញ្ឈប់​នូវ​ការ​រំលោភ​សិទ្ធិ​មនុស្ស។
ថ្វី​ត្បិត​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​មិន​ទាន់​បាន​ ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ ជា​ផ្លូវ​ការ​នៅ​ឡើយ​ក្ដី ក៏ប៉ុន្តែ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ថា គណបក្ស​ប្រជាជន ទទួល​បាន ៦៨​អាសនៈ និង​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៥៥​អាសនៈ។
ដោយ​ឡែក គណបក្ស​សង្គ្រោះ​ជាតិ វិញ អះអាង​ថា គណបក្ស​ខ្លួន​ទទួល​បាន ៦៣​អាសនៈ គណបក្ស​ប្រជាជន​កម្ពុជា បាន ៦០​អាសនៈ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ការ​បោះ​ឆ្នោត​លើក​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​បាត់​បង់​អ្នក​គាំទ្រ​ជាង ២០​អាសនៈ។
មាន​ទឡ្ហីករណ៍​ជាច្រើន​ដែល​ធ្វើ​ឲ្យ​សន្ទុះ​អ្នក​គាំទ្រ​ងាក​ទៅ​គាំទ្រ​ គណបក្ស​ប្រឆាំង ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​បាត់​បង់​អ្នក​គាំទ្រ។ បញ្ហា​ទាំង​នេះ​រួម​មាន គោលការណ៍​ទាំង ១១​ចំណុច​របស់​គណបក្ស​នេះ​ហាក់​ដូច​ជា​មិន​មាន​អ្វី​ថ្មី​ខុស​ប្លែក​ពី​ អាណត្តិ​មុន​នោះ​ឡើយ បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស បញ្ហា​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន និង​ការ​រំលោភ​ដីធ្លី​មាន​ច្រើន​ករណី​បាន​កើត​មាន ប្រព័ន្ធ​យុត្តិធម៌​មិន​ឯករាជ្យ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អត់​ទ្រាំ​នឹង​រឿង​អយុត្តិធម៌​សង្គម​ទាំង​នេះ​បាន។
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ធ្លាប់​បាន​ចេញ​របាយការណ៍​ថា គិត​ដល់​ឆ្នាំ​២០១១ មាន​ការ​ប៉ាន់​ប្រមាណ​ថា ប្រជាពលរដ្ឋ​ចំនួន ១​សែន ៥​ពាន់​នាក់​នៅ​ទូទាំង​ប្រទេស បាន​រស់នៅ​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​នៅ​តាម​បណ្ដា​សហគមន៍​នានា​នៅ ​ទី​ជនបទ និង​ទីក្រុង។ ប្រជាពលរដ្ឋ​ខ្មែរ និង​ជនជាតិ​ដើម​ភាគ​តិច​កំពុង​តែ​ត្រូវ​បាន​គេ​បដិសេធ​សិទ្ធិ​ទទួល​បាន​ លំនៅឋាន សិទ្ធិ​កាន់​កាប់​ដីធ្លី និង​សិទ្ធិ​ប្រកប​មុខ​របរ។ ជាង​នេះ​ទៅ​ទៀត ជម្លោះ​ដីធ្លី​ជាច្រើន​កើត​ឡើង​នៅ​តាម​តំបន់​ដែល​មាន​ភាព​រីក​ចម្រើន​ផ្នែក​ សេដ្ឋកិច្ច​ខ្លាំង រួម​មាន នៅ​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ ព្រះសីហនុ និង​រាជធានី​ភ្នំពេញ នៅ​តំបន់​ទាំង​នេះ​ជម្លោះ​ដីធ្លី​កើត​ឡើង​ដោយ​ក្រុម​អ្នក​មាន​អំណាច។
សមាគម​សិទ្ធិ​មនុស្ស​អាដហុក (adhoc) វិញ ក៏​បាន​ចេញ​របាយការណ៍​សរសេរ​លម្អិត​ថា រាជ​រដ្ឋាភិបាល​បាន​ផ្តល់ ឬ​បម្រុង​ដី​យ៉ាង​តិច​ជាង ២​លាន ៦​សែន​ហិកតារ (២.៦៥៧.៤៧០​ហិកតារ) ឲ្យ​ក្រុមហ៊ុន​ឯកជន​ក្រោម​គម្រោង​សម្បទាន​ដី​សេដ្ឋកិច្ច។ ចំនួន​នេះ​កើន ១៦,៧% ច្រើន​ជាង​កាល​ពី​ឆ្នាំ​២០១១ ដែល​មាន​ជាង ២​លាន ២​សែន​ហិកតារ (២.២៧៦.៣៤៩​ហិកតារ)។ គិត​មក​ដល់​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ​២០១២ មាន​ពលរដ្ឋ​ចំនួន ៣៨​នាក់ កំពុង​ឃុំ​ក្នុង​ពន្ធនាគារ និង ៥០​នាក់​ផ្សេង​ទៀត​កំពុង​រត់​ភៀស​ខ្លួន​ដោយសារ​តែ​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​ តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច។
បញ្ហា​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​តំបន់​បឹងកក់ បុរីកីឡា ការ​ចាប់​ខ្លួន​សកម្មជន​ដីធ្លី​សកម្មជន​សិទ្ធិ​មនុស្ស​ដាក់​គុក រួម​មាន លោក ម៉ម សូណង់ដូ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត។ ការ​បាញ់ លោក ឈុត វុទ្ធី សកម្មជន​ការពារ​ព្រៃ​ឈើ ការ​បាញ់​កុមារី ហេង ចន្ថា នៅ​ខេត្ត​ក្រចេះ ស្លាប់​នៅ​លើ​ផ្ទះ​ក្នុង​យុទ្ធនាការ​បង្ក្រាប​តំបន់​អបគមន៍​ជាដើម។ ករណី​ទាំង​នេះ ទោះ​បី​ជា​ទូរទស្សន៍​ក្នុង​ស្រុក​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ផ្សាយ​ក្ដី ប៉ុន្តែ​នៅ​មាន​វីដេអូ​ដែល​ផ្សាយ​នៅ​តាម​ប្រព័ន្ធ យូធូប (Youtube) បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​វិទ្យុ​បរទេស​មួយ​ចំនួន​ទៀត​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​អំពី​ បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ទាំង​នេះ។
ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​បាន​ព្យាយាម​ធ្វើ​ការ​ជាមួយ​យុវជន​តាម​រយៈ​ការ​បង្កើត​ក្រុម​ និស្សិត​ស្ម័គ្រចិត្ត​ចុះ​វាស់​វែង​ដី​ជូន​ប្រជាពលរដ្ឋ ដើម្បី​ផ្សះផ្សា​ផ្លូវ​ចិត្ត​ប្រជាពលរដ្ឋ ប៉ុន្តែ​លទ្ធផល​ជាក់ស្ដែង រដ្ឋាភិបាល​មិន​អាច​រក្សា​ការ​គាំទ្រ​បាន​ទាំង​ស្រុង​នោះ​ឡើយ។
ក្រៅ​ពី​នេះ​ទៀត រដ្ឋាភិបាល​ក៏​ចាប់​យក​យុវជន​នៅ​ពេល​ឃោសនា​បោះ​ឆ្នោត ដើម្បី​រៀប​ក្រុម​យុវជន​ឲ្យ​ធ្វើ​ការ​ឃោសនា។ លើស​ពី​នេះ​ទៀត គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​បេក្ខជន​តំណាង​រាស្ត្រ​នៅ​មណ្ឌល​មួយ​ចំនួន​ជា​យុវជន ដើម្បី​ឲ្យ​យុវជន​មាន​ឱកាស​បន្ត​វេន​ពី​មនុស្ស​ចាស់។ ក៏ប៉ុន្តែ យុទ្ធសាស្ត្រ​ទាំង​នេះ មិន​ធ្វើ​ឲ្យ​យុវជន​ភាគ​ច្រើន​ចាប់​អារម្មណ៍​នោះ​ទេ ពីព្រោះ​ថា យុវជន​ឈរ​ជា​បេក្ខជន​តំណាង​រាស្ត្រ​នោះ សុទ្ធ​តែ​ជា​កូន​របស់​មេ​ដឹក​នាំ​នៅ​ក្នុង​គណបក្ស​នេះ។
យុវជន​ទាំង​នោះ ដូចជា លោក ហ៊ុន ម៉ានី កូន​ប្រុស​បង្កើត​របស់ លោក ហ៊ុន សែន ឈរ​នៅ​មណ្ឌល​កំពង់ស្ពឺ។ នៅ​ខេត្ត​កំពង់ស្ពឺ គណបក្ស​ប្រជាជន​កម្ពុជា បាន​អាសនៈ ៣ និង​គណបក្ស​សង្គ្រោះ​ជាតិ ៣​អាសនៈ​ដែរ ពោល​គឺ លោក ហ៊ុន ម៉ានី មិន​បាន​ជាប់​ឆ្នោត​ទេ ព្រោះ​លោក​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី៤។ លោក ស សុខា កូន លោក ស ខេង ឈរ​នៅ​មណ្ឌល​ព្រៃវែង លោក ឌី វិជ្ជា ជា​កូន​ប្រុស​របស់ លោក ហុក ឡង់ឌី និង​ជា​កូន​ប្រសា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឈរ​នៅ​ខេត្ត​ស្វាយរៀង មណ្ឌល​ទាំង​នេះ គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​នាំ​មុខ​គណបក្ស​សង្គ្រោះ​ជាតិ ទេ។
និយាយ​ជា​រួម​ទៅ នៅ​តាម​មណ្ឌល​ធំៗ គណបក្ស​ប្រជាជន​កម្ពុជា មិន​ទទួល​បាន​អាសនៈ​គាំទ្រ​ច្រើន​លើសលប់​ដូច​កាល​ពី​នីតិកាល​ទី៤ នោះ​ទេ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​ជ័យ​ជម្នះ​ទាំងអស់ រួម​មាន​នៅ​រាជធានី​ភ្នំពេញ នៅ​ខេត្ត​កណ្ដាល កំពង់ចាម ព្រៃវែង និង​ខេត្ត​មួយ​ចំនួន​ទៀត។
ការ​ធ្លាក់​សំឡេង​គាំទ្រ​នេះ ក៏​អាច​មក​ពី​បក្ខពួក​និយម​នៅ​ជួរ​មន្ត្រី​ដឹក​នាំ​ធំៗ ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​មន្ត្រី​រាជការ​នៅ​តាម​ក្រសួង​ស្ថាប័ន​មួយ​ ចំនួន បាន​ងាក​មក​គាំទ្រ​គណបក្ស​ប្រឆាំង​វិញ​ក៏​មាន ដោយសារ​ពួក​គាត់​ឆ្អែត​នឹង​ការ​គ្រប់គ្រង​ប្រទេស​ដែល​បង្កើត​ឲ្យ​មាន​ បក្ខពួក​នោះ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គ្រប់គ្រង​រដ្ឋាភិបាល​អស់​រយៈពេល ២០​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​កម្ពុជា បាន​ធ្វើ​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​លើក​ដំបូង​ឆ្នាំ​១៩៩៣ មក។
ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​អាណត្តិ​ទី១ ដែល​រៀប​ចំ​ឡើង​ដោយ អ៊ុនតាក់ (UNTAC) ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បរាជ័យ ចាញ់​គណបក្ស​ហ៊្វុនស៊ិនប៉ិច នោះ លោក ហ៊ុន សែន ជា​អនុប្រធាន​គណបក្ស​បាន​រៀបចំ​យុទ្ធសាស្ត្រ​ឲ្យ​គណបក្ស​នេះ​ឈ្នះ​ឆ្នោត​ជា​ បន្តបន្ទាប់។
ក៏ប៉ុន្តែ ជ័យ​ជម្នះ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​ទទួល​បាន​នោះ នៅ​ក្នុង​អាណត្តិ​នេះ គណបក្ស​នេះ​មិន​អាច​រក្សា​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​បាន​ទៀត​នោះ​ឡើយ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ចង់​មាន​ការ​ផ្លាស់​ប្ដូរ​មេ​ដឹក​នាំ ពិសេស​ពាក្យ​ថា​ប្ដូរ។ ពាក្យ​ប្ដូរ​នេះ ឮ​កង​រំពង​នៅ​ពេល​ប្រជាពលរដ្ឋ​ចូល​រួម​ក្បួន​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ ជាតិ។
ការ​ចង់​ប្ដូរ​កង់​ប្រវត្តិសាស្ត្រ​នេះ អាច​មក​ពី​យន្តការ​ដឹក​នាំ​ប្រទេស​របស់ លោក ហ៊ុន សែន មិន​សូវ​មាន​ប្រសិទ្ធភាព ត្រូវ​បាន​ប្រជាពលរដ្ឋ​អស់​ជំនឿ​ក៏​ថា​បាន ដូច​ជា ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ ការពារ​ព្រៃ​ឈើ លោក​មិន​អាច​ការពារ​បាន ឬ​ក៏​លោក​ទុក​ចិត្ត​មន្ត្រី​ថ្នាក់​ក្រោម​ដែល​មិន​ស្មោះ​នឹង​លោក ដែល​បង្ក​ឲ្យ​មាន​បញ្ហា​ជាច្រើន​ជាមួយ​ប្រជាពលរដ្ឋ ដូច​ជា បញ្ហា​ជម្លោះ​ដីធ្លី និង​ការ​កាប់​ព្រៃ​ឈើ អំពើ​ពុក​រលួយ បញ្ហា​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ ដូច​ជា ការ​បាញ់​សម្លាប់​អតីត​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា វិជ្ជា ការ​សម្លាប់​អ្នក​កាសែត លោក ឃឹម សំបូរ និង​អ្នក​ផ្សេងៗ​ទៀត មក​ទល់​ពេល​នេះ​មិន​ទាន់​ចាប់​ឃាតក​បាន​នៅ​ឡើយ។
លើស​ពី​នេះ​ទៀត ករណី​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ដែល​បាញ់​រះ​ទៅ​លើ​ហ្វូង​កម្មករ មក​ទល់​ពេល​នេះ ទោះ​បី​ជា​តុលាការ​បាន​កាត់​ទោស​ឲ្យ​លោក​ជាប់​ទោស​ក្ដី ប៉ុន្តែ លោក ឈូក បណ្ឌិត នៅ​ក្រៅ​ឃុំ​នៅ​ឡើយ។ បញ្ហា​ដែល​កើត​មាន​ជាច្រើន​ករណី​នេះ​ហើយ ដែល​ជា​ដើម​ចម​មួយ​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា លំបាក​ក្នុង​ការ​រក្សា​អាសនៈ​នៅ​ក្នុង​សភា​ដែល​មាន ៩០​អាសនៈ កាល​ពី​នីតិកាល​ទី៤ ឆ្នាំ​២០០៨ នោះ។
ម្យ៉ាង​ទៀត ការ​ដឹក​នាំ​ប្រទេស​អស់​រយៈពេល​យូរ​របស់ លោក ហ៊ុន សែន ចង់​មិន​ចង់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​សាកមើល។ ដោយ​ហេតុ​ថា សន្ទុះ​គាំទ្រ​បក្ស​ប្រឆាំង​នៅ​ពេល​នេះ​ខុស​ប្លែក​ពី​លើក​ណាៗ​ទាំងអស់។ ប្រជាពលរដ្ឋ​នៅ​គ្រប់​ខេត្ត​ក្រុង​ហ៊ាន​ចេញ​មុខ និង​ប្រកាស​អំពី​ជំហរ​គាំទ្រ​គណបក្ស​ប្រឆាំង ដោយ​ពួក​គាត់​ឈប់​ភ័យ​ខ្លាច​ដូច​លើក​មុនៗ។ ជាក់ស្ដែង ដូច​ជា​នៅ​ពេល​ឃោសនា និង​នៅ​ថ្ងៃ​បោះ​ឆ្នោត ប្រជាពលរដ្ឋ​មួយ​ចំនួន​ហ៊ាន​នាំ​គ្នា​ឈរ​នៅ​ក្បែរ​ការិយាល័យ​បោះ​ឆ្នោត និង​ចាំ​ចាប់​ជនជាតិ​វៀតណាម មិន​ឲ្យ​ចូល​ទៅ​បោះ​ឆ្នោត។ល។
ហើយ​អ្វី​ដែល​ជា​ក្ដី​រំពឹង​របស់​ប្រជាពលរដ្ឋ​លើក​នេះ ពួក​គាត់​មួយ​ចំនួន​សង្ឃឹម​ថា នឹង​អាច​ប្ដូរ​កង់​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា នៅ​នីតិកាល​ទី៥ នេះ​បាន។ ក៏ប៉ុន្តែ លទ្ធផល​បោះ​ឆ្នោត​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ចម្រូងចម្រាស​នៅ​ឡើយ​រវាង​ គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ខាង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត មិន​ទាន់​ប្រកាស​លទ្ធផល​នៅ​ឡើយ៕
ដោយ ទីន ហ្សាការីយ៉ា
ពីវិទ្យុអាស៊ីសេរី 

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com