Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Monday, September 9, 2013

របប​នយោ​បាយ​នៃ​ប្រទេស​ ម៉ាឡេស៊ី​

0 Comments

សន្ទុះ​ផុស​ផុល​នៃ​គណបក្ស​ប្រឆាំង​ម៉ាឡេស៊ី​ ក្រោម​ការ​ដឹកនាំ​របស់​អន់​វ៉ារ​ អ៊ី​ប្រា​ហ៊ីម​(Anwar Ibrahim) នា​ពេល​បោះ​ឆ្នោត​ខែ​ឧសភា​ឆ្នាំ​២០១៣​
សន្ទុះ ​ផុស​ផុល​នៃ​គណបក្ស​ប្រឆាំង​ម៉ាឡេស៊ី​ ក្រោម​ការ​ដឹកនាំ​របស់​អន់​វ៉ារ​ អ៊ី​ប្រា​ហ៊ីម​(Anwar Ibrahim) នា​ពេល​បោះ​ឆ្នោត​ខែ​ឧសភា​ឆ្នាំ​២០១៣​

ថ្ងៃ​នេះ​ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​ចាប់​អារម្មណ៍​ទៅ​លើ​ភូមិ​សាស្ត្រនយោបាយ​នៃ​ភូមិភាគ​អាស៊ី​ អាគ្នេយ៍​ត​ទៅ​ទៀត​ ដោយ​សូម​លើក​ឡើង​អំពី​របប​នយោបាយ​នៃ​ប្រទេស​ ម៉ាឡេស៊ី​។ តាំង​ពី​ឆ្នាំ​១៩៥៧​មក​ ​ម៉ាឡេស៊ី​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ផ្តាច់​មុខ​របស់​គណបក្ស​តែ​មួយ​ដែល​ ឈ្នះ​ឆ្នោត​រហូត​ នោះគឺ​គណបក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ​។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បន្តបន្ទាប់​គ្នារេ​ម្តង​បន្តិចៗទៅ​រក​ អំណាច​ផ្តាច់ការ​។ ក៏​ប៉ុន្តែ​ តាំង​ពី​ឆ្នាំ​២០០៨​មក​ អប្រជាប្រិយភាព​ជាលំដាប់នៃ​គណបក្ស​កាន់​អំណាច​ និង​ឥទ្ធិពល​ខ្លាំង​ឡើង​បន្តិចម្តងៗ​នៃ​បក្ស​ប្រឆាំង​កំពុង​ធ្វើ​ឲ្យ​ឆាក​ នយោបាយ​នៃ​ប្រទេសអាស៊ីអាគ្នេយ៍មួយ នេះ​ប្រែប្រួល​មិន​តិច​ទេ​។
តាំង​ពី​បាន​ទទួល​ឯករាជ្យពីអង់គ្លេសនៅ​ឆ្នាំ​១៩៥៧​មក​ ម៉ាឡេស៊ី​បាន​បង្កើត​​ប្រព័ន្ធ នយោបាយ​មួយ​ដែល​ថ្នាក់​ដឹក​នាំជា​បន្តបន្ទាប់​នៃ​ប្រទេស​អះអាងថា មាន​មូលដ្ឋាន​នៅ​លើ​Consensus។ មាន​ន័យ​ថា មហិច្ឆតារបស់រដ្ឋអំណាច គឺ​បង្រួបបង្រួមបណ្តា​សហគមន៍និងជាតិសាសន៍ផ្សេងៗនៅក្នុងប្រទេស ដាក់​ក្រោម​ដំបូល​នៃ​ចលនា​នយោបាយ​ចម្រុះ​តែ​មួយគត់ នោះគឺBarisan Nationalប្រែថា រណសិរ្សជាតិ។ រណសិរ្សជាតិចង់ទាក់ទាញជា​ពិសេស​សហគមន៍សំខាន់ៗ​ទាំង​បី​នៃ​ប្រទេស​ ពោល​គឺ​សហគមន៍​ម៉ាឡេ៦០%​នៃ​ចំនួន​ប្រជាជន​ទាំងស្រុង​ សហគមន៍​ចិន​២៥%​ និង​សហគមន៍​ឥណ្ឌា​៨%។
នៅ​ក្នុង​ចលនា​នយោបាយ​ចម្រុះ​Barisan Nasionalឬរណសិរ្សជាតិនេះ គណបក្ស ​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ​(UMNO)មាន​ឥទ្ធិពល​ខ្លាំង​ជាង​គេ ពីព្រោះ​គណបក្ស​នេះត្រូវបានគាំទ្រ​ដោយ​សហគមន៍​ម៉ាឡេ​អ្នក​កាន់​សាសនា​ អ៊ីស្លាម​ដែល​មាន​ចំនួន​ច្រើន​លើស​លុប​នៅ​ក្នុង ប្រទេស។ ម្ល៉ោះ​ហើយ គេ​អាច​និយាយ​ថា តាំង​ពី​ឆ្នាំ​១៩៥៧​មក ប្រទេស​ម៉ាឡេស៊ី​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ផ្តាច់​មុខ​របស់​គណ​បក្ស​ អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ​UMNO​នេះ​តែ​ម្តង។

តាម​ការ​ពិត​និង​នៅ​លើ​សាច់ការណ៍​ជាក់​ស្តែង គ្មាន​ឡើយ​ការ​បង្រួបបង្រួម​គ្នា​រវាង​សហគមន៍​នានានៅក្នុងប្រទេសម៉ាឡេស៊ី មាន​តែ​ការ​ដើរ​ខ្សែ​លើ​ជា​ដរាបពី​សំណាក់​សហគមន៍​ម៉ាឡេ​ដែល​មាន​ចំនួន​ច្រើន ​លើស​លប់​ទៅ​លើ​បណ្តា​សហគមន៍​នានា​ដទៃ។ ការ​រើស​អើង​និង​នយោបាយ​លើក​ស្ទួយ​តែ​ជន​ជាតិ​ម៉ាឡេ​បែប​នេះ ថែម​ទាំង​បាន​បង្ក​ឲ្យ​មាន​ការ​ប្រយុទ្ធ​គ្នា​ជា​ច្រើន​លើក​ច្រើន​សា​ រវាង​សហគមន៍​ចិន​និង​សហគមន៍​ម៉ាឡេ​ និង​បាតុកម្ម​ពី​សំណាក់​ជនជាតិ​ចិន​ប្រឆាំង​នឹង​រដ្ឋាភិបាល នៅ​ដើម​ទសវត្សន៍​ទី​៧០​ទៀត​ផង។

ការ​មាន​ប្រៀប​ផ្តាច់​មុខ​តែឯក​ឯង ​អស់​រយៈ​ពេល​ជាង​កន្លះ​សតវត្សរ៍នៃ​គណបក្ស​អង្គការ​ឯកភាព​ជាតិ(UMNO)​នៅ​លើ​ ឆាក​នយោបាយ​ម៉ាឡេស៊ី​ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាលជា​បន្ត​បន្ទាប់​គ្នា​ រេ​ខ្លួន​បន្តិច​ម្តងៗទៅ​រក​អំណាច​ផ្តាច់ការ​។ ជាក់​ស្តែង​ជាង​គេ​ គឺ​រដ្ឋាភិបាល​របស់ម៉ាហាធីរ(​Mahathir)​ ដែល​បាន​គ្រប់គ្រង​ប្រទេស​ពី​ឆ្នាំ​១៩៨១​ដល់​ឆ្នាំ​២០០៣​។

នៅ​ក្នុង​ទសវត្សរ៍​ទី​៩០​ ម៉ាហាធីរបានទាំង​តាំង​ខ្លួន​ជា​អ្នក​ការពារ​គោលការណ៍​អាស៊ី ឬ​អ្វី​ដែល​គេ​ហៅ​ថា​អាស៊ីនិយម និយាយ​បែប​ផ្សេង​ម៉ាហាធីរ​បាន​ចេញ​មុខ​ការពារ​អំណាច​ផ្តាច់ការ​ភ្លឺស្វាង​ ដើម្បីប្រឆាំង​នឹង​លទ្ធិ​ប្រជាធិបតេយ្យ​បែប​បស្ចិម​លោក​។ នៅ​ក្នុង​ន័យ​នេះ​ ម៉ាហាធីរបាន​ប្រើ​ប្រាស់​កងទ័ព​និង​កង​នគរបាល​ ដើម្បី​ក្តាប់​និង​ត្រួតត្រា​ប្រជារាស្រ្ត​ ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន​ និង​ដើម្បី​វាយ​បង្ក្រាប​ពួក​ប្រឆាំង​។ ឧទាហរណ៍​ជាក់​ស្តែង​ គឺ​ការ​វាយ​បង្ក្រាប​ទៅ​លើ​បាតុកម្ម​នៅឆ្នាំ១៩៨៦របស់​ពួក​មេធាវី​ ដែល​បាន​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​។ ឧទាហរណ៍​ជាក់ស្តែង​មួយ​ទៀត គឺ​ការ​ចាប់​ខ្លួន​អន់វ៉ារ អ៊ីប្រាហ៊ីម(Anwar Ibrahim)​ដាក់​គុក​នៅ​ឆ្នាំ​១៩៩៨ អន់វ៉ារ អ៊ីប្រាហ៊ីមដែល​ជា​បុរស​ខ្លាំង​ទី​២​ ជា​ឧបនាយករដ្ឋមន្ត្រី​ និង​ដែល​តាមការគ្រោងទៅនឹង​ត្រូវ​ឡើង​ស្នង​តំណែង​នាយក​រដ្ឋមន្ត្រី​ពី​ ម៉ាហាធីរ​ទៀត​ផង។

ពិត​មែន​តែ​ជា​អ្នក​កាន់​អំណាច​ផ្តាច់​ការ ​ម៉ាហាធីរ​បាន​កាត់​បន្ថយ​មិន​តិច​ទេ​ភាព​ក្រីក្រ បាន​លើក​កំពស់​ជីវភាព​របស់​ប្រជាជន​ដោយសារ​តែ​ការ​លក់​ទំនិញ​ចេញ​ទៅ​ក្រៅ​ ប្រទេស និង​ដោយសារ​តែ​​ឧស្សាហកម្ម​ខ្លាំង​ក្លា ដែល​បាន​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ម៉ាឡេស៊ី ឡើង​ទៅ​ដល់​៦%​ជា​មធ្យមភាគ​ តាំង​ពី​ទសវត្សរ៍​ទី​៨០ រហូត​ដល់​ឆ្នាំ​២០០៨។ ហើយ​នៅ​ឆ្នាំ​២០១២​កន្លង​ទៅ​នេះ កំណើន​សេដ្ឋកិច្ច​របស់​ម៉ាឡេស៊ី​បាន​កើន​ទៅ​ដល់​៥,៦% ទោះ​បី​ជា​ពិភពលោក​ត្រូវ​ប្រឈមមុខ​នឹង​វិបត្តិ​សកល​ក៏​ដោយ។

មុន​នឹង​ចាក​ចេញ​ពី​អំណាច​នៅ​ខែ​តុលា​ឆ្នាំ​២០០៣​ ម៉ាហាធីរ​បាន​ជម្រុញ​អាប់ឌូឡា អាម៉ាដ បាដាវី (Abdullah Ahmad Badawi) ឲ្យ​ក្លាយ​ជា​អ្នក​ដឹក​នាំ​នៃ​បក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេUNMO​ ដែល​ជា​ឈ្នាន់​ជាន់​ឡើង​ទៅ​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​។ មួយ​ឆ្នាំ​ក្រោយ​មក​ គឺ​នៅ​ថ្ងៃ​ទី​២១​មីនា​ឆ្នាំ​២០០៤​ ការ​បោះឆ្នោត​បាន​អនុញ្ញាត​ឲ្យបាដាវី​បន្ត​ជា​ផ្លូវ​ការ​ តំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី​។

*
ក៏​ប៉ុន្តែ​ តាំង​ពី​ឆ្នាំ​២០០៧​មក​ លក្ខណៈ​ផ្តាច់ការ​នៃ​របប​នយោបាយ​ម៉ាឡេ បាន​និង​កំពុង​បន្ត​ស្បើយ​ទៅ​វិញ​បន្តិច​ម្តងៗ​ គឺ​ហាក់​បី​ដូច​ជា​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ផ្តើម​ឈាន​ជើង​ចេញ​ពី​ ប្រព័ន្ធ​អំណាច​គណបក្ស​តែ​មួយ​ ទៅ​រក​ប្រព័ន្ធ​នយោបាយ​ពហុបក្ស។

មាន​មូលហេតុ​ច្រើន​យ៉ាង​ ដែល​អាច​ពន្យល់​ការ​ផ្លាស់ប្តូរ​ស៊ី​ជម្រៅ​បែប​នេះ​។ ម្យ៉ាង​ គឺ​ការ​ដោះលែង​អន់វ៉ារ អ៊ីប្រាហ៊ីម ឲ្យ​ចេញ​ពីពន្ធធានាគារ​ នៅ​ខែ​កញ្ញា​ឆ្នាំ​២០០៤​ ការ​ដោះលែង​ដែល​បាន​បើក​លទ្ធភាព​ឲ្យ​អតីត​ឧបនាយករដ្ឋមន្ត្រី​រូប​នេះ​ ចាប់​ផ្តើម​ចេញ​មុខ​ធ្វើ​ជា​មេ​ដឹកនាំ​នៃ​គណបក្ស​ប្រឆាំង​។ ម្យ៉ាង​ទៀត​ គឺ​អសមត្ថភាព​របស់បាដាវី​ ក្នុង​ការ​ដឹកនាំ​គណ​បក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ​ និង​ក្នុង​ការ​ដឹក​នាំ​រដ្ឋាភិបាល​។ អ៊ីចឹង​ហើយ​ បាន​ជា​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០០៧​ បណ្តា​ជន​ជាង​៣០០០០០នាក់​បាន​ចុះ​ធ្វើ​បាតុកម្ម​ នៅ​តាម​ដង​ផ្លូវ​នៃ​ទី​ក្រុង​Kuala Lumpour​។ គឺ​ជា​ចលនា​បាតុកម្ម​ធំ​ជាង​គេ​មួយ​មិន​ដែល​មាន​ឡើយ​ នៅ​ប្រទេស​ម៉ាឡេស៊ី​ នា​រយៈ​ពេល​ជិត​២០​ឆ្នាំ​ចុង​ក្រោយ​នេះ​។ នៅ​ខែ​ឧសភា​ឆ្នាំ​២០០៨​ មាន​មហា​បាតុកម្ម​មួយ​ទៀត​កើត​ឡើង នៅ​ក្នុង​រដ្ឋធានី​។ បណ្តា​បាតុករ​ប្រឆាំង​នឹង​ប្រេងសាំង​ឡើង​ថ្លៃ​ ប្រឆាំង​នឹង​អសមត្ថភាព​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ប្រយុទ្ធ​ទប់ទល់​នឹង​អំពើ​ពុក​រលួយ ​និង​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​។ គឺ​នៅ​ក្នុង​បរិបទ​បែប​នេះ​ហើយ​ ដែល​បក្ស​ជំទាស់​បាន​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ ដើម្បី​តទល់​នឹង​គណបក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេUNMO នៅ​ពេល​បោះ​ឆ្នោត​ខែ​មីនា​ឆ្នាំ​២០០៨​ ការ​បោះឆ្នោត​ដែល​បាន​ធ្វើ​ឲ្យ​អាសនៈ ​នៅ​ក្នុង​រដ្ឋសភា​របស់​បក្ស​ប្រឆាំង​កើន​ចំនួន​ពី​១៨ ​ទៅ​៨២​។

ការ​បោះ​ឆ្នោត​ខែ​មីនា​ឆ្នាំ​២០០៨នៅ​ម៉ាឡេស៊ី​ គឺ​ជា​រលក​យក្ស​ស៊ូណាមី​នយោបាយ​មួយ ​សម្រាប់​គណបក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ​ ពីព្រោះ​ជា​លើក​ទី​មួយ​បង្អស់​គណបក្ស​មួយ​នេះ​ដែល​កាន់​អំណាច​ផ្តាច់មុខ​តែ​ ឯកឯងនៅ​ក្នុង​ប្រទេស​តាំង​ពី​ឆ្នាំ​១៩៥៧​មក​ ទទួល​មិន​បាន​អាសនៈចំនួន​២ភាគ៣នៅ​ក្នុង​រដ្ឋសភា​និង​អស់​មាន​អំណាច​កែប្រែ​ រដ្ឋធម្មនុញ្ញ​បាន ស្រេចតែ​អំពើ​ចិត្ត​ទៀត​ហើយ​។

គឺ​ការ​ផ្លាស់ប្តូរ​ស៊ី​ជម្រៅ​នៅ​លើ​ឆាក​នយោបាយ​ម៉ាឡេស៊ី​បែប​នេះ​ហើយ​ ដែល​បាន​ជម្រុញ​ឲ្យ​លោក​បាដាវី​លះបង់​ចោល​តំណែង​ប្រធាន​បក្ស​អង្គការ​ឯកភាព​ ជាតិ​ម៉ាឡេ​នៅ​ខែ​មីនា​ឆ្នាំ​២០០៨។ នៅ​ថ្ងៃ​ទី​២៦​មីនា​ឆ្នាំ​២០០៨ បណ្តា​ប្រតិភូ​ទាំង២ ៥០០​នាក់​របស់​បក្ស​ក៏​បាន​បោះ​ឆ្នោត​តែងតាំង​ណាហ្ស៊ីប ទុន រ៉ាហ្សាក(Najib Tun Razak)ជា​ប្រធាន​។ ហើយ​នៅ​ថ្ងៃ​ទី​៣​មេសា​ឆ្នាំ​២០០៨​ដដែល​នោះ ណាហ្ស៊ីប ទុន រ៉ាហ្សាក បាន​ក្លាយ​ជា​ស្វ័យប្រវត្តិ​ ទៅ​ជា​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី​។ តាំង​ពី​ពេល​នោះ​មក ណាហ្ស៊ីប ទុន រ៉ាហ្សាក ត្រូវ​ប្រឈម​មុខ​នឹង​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​អន់វ៉ារ អ៊ីប្រាហ៊ីម។

ការ​ប្រឈមមុខ​ដាក់​គ្នា​ខ្លាំង​រវាង​ណាហ្ស៊ីប ទុន រ៉ាហ្សាក​និង​អន់វ៉ារ អ៊ីប្រាហ៊ីម រវាង​គណ​បក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​បាន​ប្រព្រឹត្ត​ទៅ នា​ពេល​បោះ​ឆ្នោត​ខែ​ឧសភា​ឆ្នាំ​២០១៣។ ទោះ​បី​ជា​នៅ​ទី​បំផុត​ជ័យ​ជំនះ​បាន​ទៅ​បក្ស​កាន់​អំណាច​ដូច​ពេល​បោះ​ឆ្នោត​ មុនៗ​ក៏​ដោយ តែ​លទ្ធផល​នៃ​សម្លេង​ឆ្នោត​បាន​បង្ហាញ​នូវ​ការ​ប្រែប្រួល​ស៊ី​ជម្រៅ​នៃ​ ទិដ្ឋភាព​នយោបាយ​ម៉ាឡេស៊ី និង​ការ​ផ្លាស់ប្តូរ​ស៊ី​ជម្រៅ​នៃ​ចិត្ត​គំនិត​របស់​ប្រជាពលរដ្ឋ​ម៉ាឡេស៊ី។ ពី​អំណើះ​ត​ទៅ សង្គម​ម៉ាឡេស៊ី​ត្រូវ​បាន​ពុះ​ចែក​ជា​ពីរ​សឹង​ស្មើ​គ្នា៖ នៅ​ម្ខាង​អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង និង​នៅ​ម្ខាង​ទៀត​អ្នក​គាំ​ទ្រ​បក្ស​កាន់​អំណាច។ មិនមែន​មាន​នៅ​ម្ខាង​ជនជាតិ​ម៉ាឡេ និង​នៅ​ម្ខាង​ទៀត​អ្នក​មាន​ដើម​កំណើត​ជា​ជាតិ​សាសន៍​ចិន ឥណ្ឌា ឬ​ជា​ជាតិ​សាសន៍​ដទៃផ្សេង ដូច​ពេល​មុនៗ​ទៀត​ហើយ។ ពី​អំណើះ​ត​ទៅ​នៅ​ម៉ាឡេស៊ី អ្នក​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ប្រឆាំង​ជា​យុវជន ជា​អ្នក​រស់​នៅ​ទីក្រុង រី​ឯ​អ្នក​គាំ​ទ្រ​បក្ស​កាន់​អំណាច ជា​មនុស្ស​ចាស់ ជា​អ្នក​រស់​នៅ​ជនបទ។ ពួក​យុវជន​ទាំង​នេះ​ដែល​ក្នុង​ខណៈ​នេះ​តំណាង​១​ភាគ​៥​នៃ​អ្នក​មាន​សិទ្ធិ​ បោះ​ឆ្នោត និង​ដែល​ជា​អ្នក​និយម​លេង​Facebook អាច​នឹង​ធ្វើ​ឱ្យ​ក្រឡាប់​ចាក់​ឆាក​នយោបាយ​ម៉ាឡេស៊ី នា​ពេល​ឆាប់ៗ​ខាង​មុខ ដោយ​នឹង​អាច​បណ្តាល​ឱ្យ​គណបក្ស​កាន់​អំណាច​តាំង​ពី​ឆ្នាំ​១៩៥៧​មក​ម្ល៉េះ​ ចាញ់​ឆ្នោត៕
ដោយ ហ្សង់-ហ្វ្រង់ស្វ័រតាន់
ដោយ​ RFI

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com