ដោយសារតែនៅប្រទេសកម្ពុជាពុំទាន់មានការស្រាវជ្រាវណាមួយអំពីសិល្បះ គុហារ ឬគំនូរលើជញ្ជាំងភ្នំនៅឡើយ ជាហេតុដែលនាំឲ្យគេយល់ច្រឡំថា បុព្វការីជនខ្មែរពុំធ្លាប់ស្គាល់សិល្បះខាងលើនេះឡើយ ។
ស្ថិតក្នុងស្ថានភាពអវិជ្ជមាន ដូច្នេះរាល់ការរកឃើញនូវស្លាកស្នាមវប្បធម៌បុរាណ សុទ្ធសឹងតែមានសារសំខាន់បំផុតសម្រាប់ការស្វែងយល់អំពីវប្បធម៌ខ្មែរ ដើម ។ ម្ល៉ោះហើយការរកឃើញនូវផ្ទាំងគំនូរនាសម័យបុរេប្រវត្តិសាស្ត្រនៅតាម បណ្តាខេត្តមួយចំនួននៅប្រទេសថៃបច្ចុប្បន្ន មានអត្ថប្រយោជន៍ក្រៃលែងសម្រាប់យើង ដើម្បីបំពេញនូវកង្វះខាតផ្នែកទិន្នន័យប្រវត្តិសាស្ត្រ ។
ជាការពិត របកគំហើញខាងបុរាណវិទ្យាបុរេប្រវត្តិសាស្ត្រខាងលើនេះ ចោទជាបញ្ហា ដែលគេត្រូវតែដោះស្រាយ ព្រោះស្ថិតក្នុងបង្គោលខ័ណ្ឌសីមានៃព្រះរាជាណាចក្រថៃបច្ចុប្បន្ន ។
ក៏ប៉ុន្តែបញ្ហានេះ អាចនឹងដោះស្រាយបានយ៉ាងងាយស្រួល ដោយកត្តាប្រវត្តិសាស្ត្រ ទោះបីជាសម្មិទ្ធិផលទាំងនោះមិនស្ថិតក្នុងប្រទេសកម្ពុជាក៏ដោយ ។
ផ្ទាំងគំនូរទាំងនោះ ដែលត្រូវបាទអនុវត្តឡើងរវាងស.វទី៥ និងទី១ មុនគ.ស ត្រូវគេទទួលស្គាល់ថា មិនមែនជាស្នាដៃនៃបុព្វការីជនសៀម ឬថៃដែលជាមនុស្សចំណូលថ្មីក្នុងតំបន់នេះទេ ក៏ប៉ុន្តែជារបស់ដូនតាខ្មែរ ដែលស្ថិតក្នុងអម្បូរមន-ខ្មែរដែលបានកាន់កាប់ទឹកដីនៃ ព្រះរាជាណាចក្រខ្មែរ រាប់ពាន់ម៉ឺនឆ្នាំមុនការបង្កើតរដ្ឋថៃ នៅចុងស.វ ទី១៣ នៃគ.ស នៅខេត្តសុខោទ័យ ។
បើនិយាយម្យ៉ាងទៀត ដូចសេចក្តីកត់សម្គាល់របស់លោក ហ្សកស៊ឺដេស ការដែលប្រទេសថៃបច្ចុប្បន្នធ្លាប់ជាភាគមួយនៃអតីតទឹកដីដើមកំណើត របស់ប្រជាជនខ្មែរ គឺចក្រភពកម្ពុជទេស គ្មានហេតុផលអ្វីដែលគេត្រូវមិនចាត់ទុកថា គំនូរគុហារទាំងនោះមិនមែនជារបស់ពូជសាសន៍ខ្មែរនោះទេ ។ ឬផ្ទុយទៅវិញ គឺរបស់ប្រជាជនថៃ ។
តទៅនេះ គឺជាសម្រង់រូបភាពមួយចំនួនរបស់លោក ហ្លឺលម័យ យើងមានកិត្តិយស និងបង្ហាញជូនជាព័ត៌មាន ។
ការសិក្សាវិភាគផ្ទាំងគំនូរទាំងនោះ បញ្ជាក់ឲ្យយើងឃើញនូវបំណងរបស់សហគមន៍នាជំនាន់បុរាណយ៉ាងប្រាកដ ហើយបំណងនេះដែលកើតចេញពីភាពជាក់ស្តែង គឺការចង់បាននូវសេចក្តីសុខសេចក្តីចំរើន ពោលគឺភាពផូរផង់នៃជីវិតប្រចាំថ្ងៃ ក្នុងសង្គមមួយដែលនៅមានលក្ខណៈជាកុលសម្ព័ន្ធនៅឡើយ ។ ហើយតាំងពីនោះរហូតដល់សព្វថ្ងៃ ស្ថានភាពនេះក៏មិនទាន់កែប្រែប៉ុន្មានដែរ សម្រាប់សហគមន៍មន-ខ្មែរ ក្នុងភូមិភាគឥសាននៃប្រទេសថៃ វៀតណាមខាងត្បូង ឬកណ្តាល និងកម្ពុជាផងដែរ ។
តាមរយៈស្នាដៃគំនូរគុហារ យើងឃើញសង្គមនាសម័យបុរេប្រវត្តិសាស្ត្រ វិស័យសង្គមសិល្បៈមានការរីកចំរើនរួចទៅហើយ ។ មនុស្សក្នុងសហគមន៍ចេះស្លៀកពាក់ (ប៉ឹង) ធ្វើការបរបាញ់ដោយប្រើធ្នូ ដោយមានសត្វឆ្កែចូលរួម ដែលគេបានផ្ស៊ាំង ព្រមទាំងចេះធ្វើពិធីបួងសួងតាមរយៈរបាំពិសិដ្ឋ ដើម្បីសុំសេចក្តីសុខចំរើនពីវត្ថុស័ក្តសិទ្ធិ បីបាច់ថែរក្សាលោក ។ ហើយទង្វើនេះ ក៏មិនជាការចម្លែកអ្វីឡើយ ជំនឿសាសនា ដែលសម្តែងតាមរយៈរបាំបួងសួងដូនតា ឬបុព្វការីជន ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពប្រចាំថ្ងៃ មុនសម័យប្រវត្តិសាស្ត្រ ។
សូមជម្រាបផងដែរថា ដូចបច្ចុប្បន្នភាព គ្រប់សកម្មភាពសង្គមសំខាន់ៗ នៅក្នុងសហគមន៍ បានបង្ហាញឲ្យឃើញយ៉ាងប្រ័ត្យក្សថាមេកន្ទ្រាយ មិនត្រឹមតែជាអ្នកចាត់ចែងប្រារព្ធផ្ទាល់នូវអធិកម្មសាសនាប៉ុណ្ណោះទេ តែថែមទាំងតំណាងនូវសេចក្តីសង្ឃឹមរបស់សមាជិកសហគមន៍គ្រប់រូបទៀតផង ៕ប្រភពពី CEN (ម.ត្រាណេ)






0 Comments:
Post a Comment