សហគ្រិន ​ជា​ប្រភេទ​មនុស្ស​ដែល​ហ៊ាន​​ប្រថុយ​នឹង​គ្រោះថ្នាក់​ ដើម្បី​ជោគជ័យ​ទៅ​លើ​កិច្ចការ​ដែល​ពួកគេ​ធ្វើ។ ​ប៉ុន្តែ​មិន​មែន​មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​មាន​គំនិតជា​ សហគ្រិន ហ៊ាន ​​ជម្នះ​ភាព​ភ័យ​ខ្លាច​របស់​ខ្លួន​​បាន​ទាំង​អស់​គ្នា​ទេ។ ​សូម្បី​តែ​ថ្នាក់​ដឹកនាំ​ល្បីៗ​នៅ​ពេល​ខ្លះ​ក៏​រួញរា​ ស្ទាក់​ស្ទើរ​នឹង​ធ្វើការ​សម្រេច​ចិត្ត​លើ​ការងារ​មួយ​ចំនួន​ដែរ។ ​​ប៉ុន្តែ​អ្វី​ដែល​ល្អ​គឺ​ថា ​អ្នក​អាច​បង្វឹក​ខ្លួន​ឯង​ឲ្យ​ជម្នះ​ភាព​ភ័យខ្លាច​បាន។ ​​បើ​បាន​ តើ​តាម​វិធី​ណា?​ ​ខាង​ក្រោម​ ​ជា​​គន្លឹះ​បី​យ៉ាង​​ដែល​អាច​ជួយ​អ្នក​បាន៖
១. ​កុំ​ផ្ដោត​ទៅ​លើ​គុណសម្បត្តិ​ និង​គុណវិបត្តិ​ពេក
នៅ ​ពេល​ដែល​អ្នក​​ប្រថុយ​ធ្វើ​អ្វី​មួយ​ ​ចំណុច​ដែល​ត្រូវ​គឺ​​ការ​ស្រាវជ្រាវ​បន្តិច​ និង​​ប្រតិកម្ម​ដ៏​អង់អាច​របស់​អ្នក​ក្នុង​ការ​សម្រេច​ចិត្ត។ ​​ការ​ផ្ដោត​ខ្លាំង​ទៅ​លើ​គុណសម្បត្តិ​ និង​គុណវិបត្តិ​ច្រើន​ពេក​នឹង​ធ្វើ​ឲ្យ​អ្នក​រារែក​ ភ័យខ្លាច​បរាជ័យ ​​និង​បាត់បង់​ជំនឿ​ចិត្ត។ ​​នេះ​គឺ​ជា​សម្ដី​របស់​ Monica Mehta ​អ្នក​និពន្ធ​សៀវភៅ​​​​”សភាវគតិ​សហគ្រិន” ឬ the Entrepreneurial Instinct។​ ប្រសិន​បើ​​ខ្លួន​អ្នក​ប្រាប់​ថា ​អាច​ធ្វើ​បាន ​​ចូរ​ចាប់​ផ្ដើម​ធ្វើ​វា​ភ្លាម ​រួច​សឹម​សម្របសម្រួល​តាម​កាលៈទេសៈ។ ​​នេះ​មិន​មែន​មាន​ន័យ​ថា ​អ្នក​មិន​ប្រុងប្រយ័ត្ន​នោះ​ទេ ​ប៉ុន្តែ​​​ការ​ចាប់​ផ្ដើម​កាន់​តែ​ឆាប់ ​​អ្នក​អាច​កាត់​បន្ថយ​ភាព​ភ័យ​ខ្លាច​កាន់​តែ​ច្រើន។
២. ​​​​​កំណត់​គោលដៅ​តូចៗ​ឲ្យ​បាន​ច្រើន
ដើម្បី ​ឲ្យ​សម​ទៅ​នឹង​ការ​​​ប្រឈម​ ​ជា​ដំបូង​ត្រូវ​ចាប់​ផ្ដើម​​បង្កើត​គោលដៅ​តូចៗ​ដែល​អ្នក​អាច​ទៅ​ដល់។ ​​គោលដៅ​តូចៗ​ទាំង​នោះ​អាច​មាន​លក្ខណៈ​ប្រថុយប្រថាន​​ផង​ដែរ។ ​​គោល​បំណង​នៃ​ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ឲ្យ​អ្នក​ទទួល​បទពិសោធន៍​ជោគជ័យ​ បន្តបន្ទាប់​គ្នា។ ​ជោគជ័យ​ជំហាន​ដំបូង​ទាំង​នោះ​នឹង​ជំរុញចិត្ត​អ្នក ​ឲ្យ​សាកល្បង​​រក​ការ​ប្រឈម​ធំ​ជាង​មុន។ “រៀងរាល់​ពេល​យើង​សម្រេច​ជោគជ័យ ​ខួរក្បាល​របស់​យើង​នឹង​បញ្ចេញ​ដូផាមីន​ ​ដែល​ជំរុញ​ចិត្ត​យើង​ឲ្យ​ត្រឡប់​ក្រោយ ​និង​​បន្ត​រក​ជោគជ័យ​ថ្មី​ទៀត។” ​​នេះ​ជា​ការ​លើក​ឡើង​របស់​ Mehta។ ​ដូច្នេះ​ប្រសិន​បើ​អ្នក​ជួប​នឹង​ការ​ប្រថុយប្រថាន​ធំ​ ​អ្នក​នឹង​ហ៊ាន​ធ្វើ​សកម្មភាព​គ្រប់​បែប​យ៉ាង​ដើម្បី​ជម្នះ​​ជា​ជាង​ ភ័យខ្លាច​បរាជ័យ។
៣. ​​ព្យាយាម​​ហ៊ុមព័ទ្ធ​ខ្លួន​អ្នក​នឹង​មនុស្ស​ដែល​ចូលចិត្ត​ប្រថុយប្រថាន
ផ្នែក ​ធំ​បំផុត​នៃ​​​ការ​សម្រប​ខ្លួន​ឲ្យ​សម​នឹង​ការ​​ប្រថុយប្រថាន​គឺ ​​ការ​ប្រឡូក​ផ្ទាល់។ ​​​ប្រសិន​បើ​មនុស្ស​ជុំវិញ​អ្នក​​​ជា​មនុស្ស​ដែល​ហ៊ាន​ប្រថុយ​នឹង​ គ្រោះថ្នាក់ ​​នោះ​អ្នក​​នឹង​​ចាប់​ផ្ដើម​ធ្វើ​ដូចគ្នា។ ​​អ្នក​ចូលចិត្ត​ប្រឈម​នឹង​គ្រោះថ្នាក់​​ទំនង​ជា​នឹង​​លើកទឹកចិត្ត​អ្នក​​ ឲ្យ​​អ្នក​សាកល្បង​ធ្វើ​វា​ដោយ​ខ្លួន​អ្នក។ ​​អ្នក​អាច​ក្រឡេក​មើល​​ប្រវត្តិ​របស់​ជន​ល្បី​ឈ្មោះ​​​បាន។ ​ភាគច្រើន​នៃ​ជោគជ័យ​អ្នក​​ទាំង​នោះ​កើត​ចេញ​ពី​ការ​​ហ៊ាន​ប្រឈម​នឹង​ គ្រោះថ្នាក់​​​​ និង​បរាជ័យ​​ច្រើន​លើ​ច្រើន​សារ។
សាកល្បង​ចំណុច​ទាំង​បី​ខាង​លើ​ដោយ​ខ្លួន​អ្នក ​​ហើយ​ចាំ​មើល​ថា ​តើ​អ្នក​​អាច​ជម្នះ​ភាព​ភ័យខ្លាច​របស់​អ្នក​បាន​កម្រិត​ណា?
ប្រែ​សម្រួល៖ Zac
ប្រភព៖ Entrepreneur​​ សប្បាយ