បាតុករលើកបដារូបថតទារុណកម្មនៅគុកទួលស្លែង
ក្រុមអង្គការសង្គមស៊ីវិលចំនួន១៦ បានរួមគ្នាស្នើទៅកាន់ព្រះមហាក្សត្រខ្មែរ ដោយសុំឲ្យទ្រង់ ប្រោសព្រះរាជទាននូវការបដិសេធក្នុងការឡាយព្រះហស្ថលេខាលើច្បាប់ ខាងលើនេះ។ យោងតាមសេចក្ដីថ្លែងការណ៍ ដែលចេញផ្សាយកាលពីម្សិលមិញបញ្ជាក់ថា អង្គការទាំង១៦សង្កេតឃើញថា ការអនុម័តច្បាប់ស្ដីពី ការប្រឆាំងមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យ មិនសមស្របនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ហើយថា ច្បាប់នេះជាច្បាប់មោឃៈនិងគ្មានន័យ។
ច្បាប់ស្ដីពីការប្រឆាំងមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃរបបខ្មែរក្រហម ត្រូវបានក្រុមអង្គការចំនួន១៦ ចាត់ទុកថា ជាច្បាប់មោឃៈ និងគ្មានន័យ។ ហើយប្រសិនបើគណបក្សកាន់អំណាច នៅតែបន្តធ្វើការប្រជុំសភាដោយអធម្មនុញ្ញបែបនេះ នោះគ្រប់ច្បាប់ទាំងអស់ដែលត្រូវបានសភាអនុម័ត នឹងត្រូវចាត់ទុកថាជាគ្មានន័យ និងមោឃៈ។
នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលនោះ ក្រុមអង្គការសង្គមស៊ីវិលទាំង១៦ បានសុំឲ្យព្រះមហាក្សត្រខ្មែរ បដិសេធក្នុងការឡាយព្រះហស្ថលេខាប្រកាសឲ្យប្រើច្បាប់ស្ដីពីការ ប្រឆាំង ការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃរបបខ្មែរក្រហម ជាបណ្ដោះអាសន្នសិន រហូតមានដំណើរការពិភាក្សាណាមួយដែលអាចសរបញ្ជាក់ថា ច្បាប់នេះមានខ្លឹមសារស្របទៅនឹងបញ្ញត្តិរបស់រដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលតម្រូវឲ្យព្រះមហាក្សត្រ ឡាយព្រះហស្ថលេខាលើព្រះរាជក្រម ប្រកាសឲ្យប្រើច្បាប់ដែលរដ្ឋសភាបានអនុម័តនិងព្រឹទ្ធសភាបាន ពិនិត្យចប់ តាមរយៈការស្នើសុំពីគណៈរដ្ឋមន្ដ្រី៕
ដោយ អ៊ឹម រចនា
ប្រភពពី http://www.khmer.rfi.fr





0 Comments:
Post a Comment