Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Monday, June 24, 2013

អត្ថបទ​កាសែត​នៅ​តែ​ពេញ​និយម​ខណៈ​គេហទំព័រ​ព័ត៌មាន​រីក​ដូច​ផ្សិត

0 Comments


130619_06
ខណៈ​ពេល​ដែល​ការ​វិវឌ្ឍ​ឥត​ឈប់​ឈរ​នៃ​បច្ចេកវិទ្យា ការ​ចែកចាយ​ព័ត៌មាន​តាម​រយៈ​កាសែត​ត្រូវ​បាន​បន្ថែម​ពី​លើ​ដោយ​ការ​ប្រើ​ ប្រាស់​គេហទំព័រ​ព័ត៌មាន​នានា​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​កើត​ឡើង​ព្រោង​ ព្រាត​ដូច​ផ្សិត​នា​ពេល​បច្ចុប្បន្ន​នេះ។
កាសែត ជា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​មាន​ប្រវត្ដិ​រាប់​រយ​ឆ្នាំ​មក​ហើយ​នៅ​តែ​ដើរ ​តួនាទី​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស។
តើ​កាសែត មាន​គុណ​សម្បត្តិ​អ្វី​ខ្លះ​ដែល​ជួយ​ឲ្យ​សារ​ព័ត៌មាន​ក្រដាស​មួយ​នេះ​ត្រូវ​ បាន​ផ្តល់​តម្លៃ​ពី​សង្គម​ក្នុង​សម័យកាល​ទំនើប​យ៉ាង​ដូច្នេះ?
ក្នុង​នាម​ជា​អ្នក​និយម​អាន​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​លើ​អនឡាញ​ប្រចាំ​ ថ្ងៃ យុវជន ទេព សូនី ដែល​ជា​និស្សិត​ផ្នែក​អក្សរសាស្រ្ត​មួយ​រូប​បាន​ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ​ចាប់​ផ្តើម​អាន​កាសែត​យូរ​ហើយ​។ ខ្ញុំ​ចូល​ចិត្ត​អាន​ព័ត៌មាន​លើ​កាសែត​ដោយ​សារ​តែ​រាល់​អត្ថបទ​របស់​កាសែត​ ត្រូវ​បាន​សរសេរ​ច្បាស់​លាស់​ជាង​ព័ត៌មាន​តាម​អនឡាញ។
ឧទាហរណ៍​រឿង​បាតុកម្ម​របស់ លោក ជុំ ម៉ី កាសែត​សរសេរ​មក​ច្បាស់​លាស់ ប៉ុន្តែ​គេហទំព័រ​វិញ​សរសេរ​បាន​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ​»។
យុវជន​រូប​នេះ​បាន​បញ្ជាក់​ថា ថ្វី​ដ្បិត​តែ​អនឡាញ​អាច​ផ្សព្វ​ផ្សាយ​ព័ត៌មាន​បាន​រហ័ស​យ៉ាង​ណា​ក៏​ដោយ លោក​នៅ​តែ​រង់ចាំ​អាន​អត្ថបទ​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​តាម​កាសែត​ដើម្បី ទទួល​បាន​ព័ត៌មាន​លម្អិត និង​កាន់​តែ​ច្បាស់​ដែរ។
ចំណែក​ឯ​លោក ស៊ុន សារឿន អាយុ​៤២​ឆ្នាំ ជា​អ្នក​រត់​រ៉ឺម៉ក​កង់​បី​ដែល​មិន​ធ្លាប់​បាន​ប្រើ​អ៊ីនធឺណិត បាន​ប្រាប់​ថា​៖ «​ខ្ញុំ​ចូល​ចិត្ដ​អាន​កាសែត​នៅ​ពេល​ទំនេរ​ហើយ​ប្រសិន​បើ​មាន​រឿង​អ្វី​ ប្លែក​ទាក់​ទង​នឹង​ព័ត៌មាន​កីឡា ខ្ញុំ​តែង​តែ​តាម​ដាន​វា​ជានិច្ច»។
ពាក់​ព័ន្ធ​នឹង​ការ​តាម​ដាន​ព័ត៌មាន​របស់​ប្រជា​ពរដ្ឋ​នេះ លោក មឿន ឈានណារិទ្ធ ដែល​ជា​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារ​ព័ត៌មាន​បាន ​លើក​ឡើង​ថា​៖ «ពេល​ខ្លះ អត្ថបទ​តាម​អនឡាញ​ដែល​ផ្សាយ​លឿន​ពេក អាច​មាន​កំហុស​លើ​ព័ត៌មាន ពី​ព្រោះ​វា​មិន​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​នៅ​ឡើយ។ ប៉ុន្ដែ​ព័ត៌មាន​កាសែត​ភាគ​ច្រើន​តែង​តែ​បាន​ផ្ទៀង​ផ្ទាត់​ហ្មត់​ចត់ ពី​ព្រោះ​វា​បាន​ចំណាយ​ពេល​យូរ​មុន​នឹង​ចូល​រោង​ពុម្ភ​»។
ជាមួយ​គ្នា​នេះ​ដែរ លោក​បាន​បញ្ចេញ​គំនិត​ទាក់​ទង​ទៅ​នឹង​សារ​ព័ត៌មាន​កាសែត​និង​អនឡាញ​ថា សម្រាប់​ព័ត៌មាន​តាម​អនឡាញ​នៅ​ពេល​នេះ វា​មាន​សារៈ​សំខាន់​ណាស់​។ ថ្វី​ដ្បិត​តែ​ការ​ចែក​ព័ត៌មាន​លឿន​ជ្រុល​ពេក​ដែល​ងាយ​បង្កើត​កំហុស​ក៏​ដោយ ប៉ុន្តែ​វា​អាច​ប្រកួត​ប្រជែង​ជាមួយ​នឹង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដទៃ​ទៀត ដូចជា​វិទ្យុ​និង​ទូរទស្សន៍។
ចំពោះ​ការ​ប្រកួត​ប្រជែង​ផ្នែក​សារ​ព័ត៌មាន លោក ឆាយ សុផល ជា​និពន្ធ​នាយក​នៃ​គេហទំព័រ​ព័ត៌មាន Cambodia News បាន​និយាយ​ថា​៖ «​ជា​ការ​ពិត ព័ត៌មាន​នៅ​លើ​អនឡាញ​អាច​ប្រកួត​ប្រជែង​នៅ​លើ​ល្បឿន ប៉ុន្តែ​ដោយ​សារ​យើង​នៅ​តែ​គិត​អំពី​ផ្នែក​វិជ្ជាជីវៈ មាន​ពេល​ខ្លះ​ព័ត៌មាន​ទាន់​ហេតុការណ៍​របស់​យើង​រាង​យឺត​បន្តិច ប៉ុន្តែ​ព័ត៌មាន​យើង​ច្បាស់»។
លោក​បន្ដ​ថា សម្រាប់​អ្នក​អាន​ព័ត៌មាន​នៅ​លើ​អនឡាញ​ពួក​គាត់​គួរ​តែ​គិត​មើល​ថា​តើ គេហទំព័រ​មួយ​ណា​ដែល​អាច​ទុក​ចិត្ត​បាន ហើយ​បើ​គាត់​ជា​អ្នក​ចូល​ចិត្ត​អាន​ព័ត៌មាន គាត់​ប្រាកដ​ជា​ដឹង​ច្បាស់។
ការ​ពិត ថ្វី​ដ្បិត​តែ​ព័ត៌មាន​នៅ​លើ​អនឡាញ ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ច្រើន​លើស​លប់ នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ប៉ុន្តែ​ក្នុង​ករណី​មួយ​ចំនួន​តូច វា​ក៏​មាន​កំហុស​ខុស​ឆ្គង​នូវ​ទិន្នន័យ​ដែរ ដោយ​សារ​តែ​គេហទំព័រ​ព័ត៌មាន​នោះ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​លឿន​ពេក។
ជាក់​ស្តែង ករណី​គ្រោះថ្នាក់​ចរាចរណ៍​របស់​លោក ខេមរៈ សេរីមន្ត ដែល​មាន​ការ​ផ្សព្វ​ផ្សាយ​ខុស​ពី​អត្ត​សញ្ញាណ​អ្នក​ស្លាប់។ ក្រៅ​ពី​នេះ ក៏​មាន​ករណី​បាក់​ពិតាន​អគារ​រោងចក្រ​មួយ​នៅ​ខេត្ត​កំពង់ស្ពឺ ដែល​បាន​បង្ហាញ​ពី​ទិន្នន័យ​ខុស​នៃ​ការ​ស្លាប់​កម្មករ​រោងចក្រ។
ពាក់ព័ន្ធ​នឹង​ចម្ងល់​ថា តើ​ហេតុ​អ្វី​បាន​កាសែត​នៅ​តែ​ពេញ​និយម​លោក ងួន សេរ័ត្ន ជា​ការី​និពន្ធ​ផ្នែក​នយោបាយ​នៃ​កាសែត​រស្មី​កម្ពុជា បាន​បង្ហាញ​ពី​ទស្សនៈ​របស់​ខ្លួន​ថា​៖ «​ដើម្បី​ឈរ​ជើង​នឹង​នៅ​ក្នុង​ទីផ្សារ យើង​ត្រូវ​ផ្តល់​ព័ត៌មាន ឬ​ដំណឹង​ដែល​បម្រើ​សេចក្តី​ត្រូវ​ការ​ដល់​មហាជន​ភាគ​ច្រើន ប្រកប​ដោយ​លក្ខណៈ​សម្បូរ​បែប ទាក់​ទាញ និង​ស៊ី​ជម្រៅ​ជាង​អនឡាញ។ ប៉ុន្ដែ​មក​ដល់​ពេល​នេះ ពុំ​ទាន់​មាន​ការ​គំរាម​គំហែង​ជាក់ស្តែង​មក​លើ​សារ​ព័ត៌មាន​បោះពុម្ព​នៅ​ឡើយ ​ទេ»។
លោក សេរ័ត្ន បាន​បង្ហាញ​ពី​គំនិត​សុទិដ្ឋិនិយម​របស់​ខ្លួន​ថា ដោយ​សារ​តែ​មាន​ការ​ជឿ​ជាក់​ទៅ​លើ​គុណភាព​ព័ត៌មាន​ក្នុង​ផ្នែក​បោះពុម្ព ការ​ជឿ​ទុក​ចិត្ត​ទៅ​លើ​កាសែត​រស្មី​កម្ពុជា​ពី​សំណាក់​អតិថិជន​ពុំ​មាន​ការ ​រង្គោះ​រង្គើ តាម​រយៈ​ការ​លេច​ចេញ​នូវ​គេហទំព័រ​ព័ត៌មាន​នោះ​ឡើយ​។ ដូច្នេះ នៅ​ក្នុង​នាម​ជា​ស្ថាប័ន​ព័ត៌មាន​កាសែត​ដែល​មាន​បទពិសោធ​ជាង​២០​ឆ្នាំ កាសែត​រស្មី​កម្ពុជា​ក៏​នៅ​តែ​ឈរ​ជើង​យ៉ាង​រឹង​មាំ​នៅ​លើ​ទីផ្សារ។
ប្រាកដ​ណាស់​បរិបទ​នៃ​ការ​ចែកចាយ​ព័ត៌មាន​ក្នុង​សង្គម​ខ្មែរ​នា​ពេល​ បច្ចុប្បន្ន នៅ​តែ​មិន​អាច​បោះ​បង់​សារ​ព័ត៌មាន​ក្រដាស​ក្នុង​ចំណោម​មិត្ត​អ្នក​អាន បើ​ទោះ​បី​ជា​ពួកគេ​បាន​និង​កំពុង​តែ​ទទួល​យក​នូវ​បច្ចេកវិទ្យា​ថ្មី​ដែល​ជា ​សារ​ព័ត៌មាន​បែប​ទំនើប និង​រហ័ស​ក៏​ដោយ។
បន្ថែម​ពី​លើ​នេះ លោក​មឿន ឈានណារិទ្ធ បាន​ពន្យល់​ពី​មូលហេតុ​ដែល​កាសែត​នៅ​តែ​មាន​ប្រជាប្រិយ​ភាព​ដែរ​ថា​៖ «យើង​អាច​យក​កាសែត​តាម​ខ្លួន​នៅ​គ្រប់​ទី​កន្លែង​ទាំងអស់ ហើយ​បើ​យើង​និយាយ​អំពី​បញ្ហា​ជាក់ស្តែង​នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រព័ន្ធ​អ៊ីនធឺណិត​មិន​ទាន់​ទូលំ​ទូលាយ​ទេ​។ ដូច្នេះ​កាសែត​នៅ​តែ​មាន​សារៈ​សំខាន់​សម្រាប់​អ្នក​អាន​នៅ​កម្ពុជា​ជា​ពិសេស ​អ្នក​នៅ​តាម​ជនបទ​ត្រូវ​ការ​ខ្លាំង​ណាស់ ព្រោះ​បច្ចេកវិទ្យា​នៅ​មាន​គម្លាត​ធំ​នៅ​ឡើយ»។
ក្នុង​នាម​ជា​អ្នក​សិក្សា​លើ​ផ្នែក​សារ​ព័ត៌មាន​មួយ​រូប លោក ឈាន​ណារិទ្ធ មាន​មតិ​យោបល់​ជា​ចុង​ក្រោយ​ថា​៖ «​ម្ចាស់​កាសែត​ទាំងអស់ គួរ​តែ​បន្ត​ការ​បោះពុម្ព​ជា​ប្រពៃណី​របស់​ខ្លួន កុំ​ឲ្យ​ដូច​និន្នាការ​នៅ​លោក​ខាង​លិច ដែល​គេ​ហាក់​ដូច​ជា​ចង់​បោះ​បង់​ចោល​នូវ​ការ​បោះពុម្ភ​ជា​ក្រដាស​ទៅ​ហើយ។ ប៉ុន្តែ​សម្រាប់​បរិប័ទ្ម​ក្នុង​ប្រទេស​កម្ពុជា យើង​នៅ​តែ​ត្រូវ​ការ​ការ​បោះពុម្ភ​ជា​ក្រដាស​ខ្លាំង​មែន​ទែន​។ ហើយ​អត្ថបទ​អនឡាញ​គួរ​តែ​មាន​ការ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ឲ្យ​បាន​ល្អិតល្អន់​ មុន​នឹង​បង្ហោះ​លើ​គេហទំព័រ​របស់​ខ្លួន​ដើម្បី​កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ»៕
ស្រេង ភារុណ
ប្រភពពី ភ្នំពេញប៉ុស្តិ៍

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com