ថ្នាំ​ពេទ្យ​គឺ​ជា​អាវុធ​មុខ​ពីរ​ ដូច្នេះ​ការ​ប្រើ​ប្រាស់​វា​ទាម​ទារ​ការ​ប្រុងប្រយ័ត្ន​ និង​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ ។ដោយ​ឡែក​យើង​សង្កេត​ឃើញ​ថា​ មនុស្ស​មួយ​ចំនួន​ពេល​ឈឺ​ម្ដងៗទៅ​​ទិញ​ថ្នាំ​ពេទ្យ​មក​ប្រើ​​គ្មាន​ វេជ្ជបញ្ជាទេ​។ តើ​ទង្វើ​បែប​នេះ​ត្រឹម​ត្រូវ​ដែល​ឬ​ទេ?
និស្សិត​ ប្រុស​ សមិទ្ធិ​ ណារិនផូ​ សិក្សា​នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្ត​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ពេល​ឈឺ​ល្មម​ៗ​ដូច​ជា​ ឈឺក្បាល​ ផ្តា សាយ ក្អក​ ​តែង​តែ​ទៅ​រក​ទិញ​ថ្នាំ​មក​លេប​ដោយ​ខ្លួន​ឯង​។ ណារិនផូ​ បន្ត​ទៀត​ថា​អ្នក​លក់​យល់​ដឹង​ថ្នាំ​ និង​ជំងឺ​ច្រើន​ ដូច​នេះ​គ្រាន់​តែ​ទៅ​ដល់​ប្រាប់​អាការៈ​ជំងឺ​ នោះ​អ្នក​លក់​អាច​ផ្សំ​ថ្នាំ​ឲ្យ​ហើយ​។ ចំណែក​ឯ​ការ​ប្រើ​ប្រាស់​វិញ​ក៏​មាន​ប្រសិទ្ធ​ភាព​ដែរ។

សម្រាប់​ កញ្ញា រស ចាន់​ធីតា និស្សិត​ស្រី​មក​ពី​ខេត្ត​កំពត បាន​និយាយ​ថា​ ៖  ” ទៅ​ជួប​ពេទ្យ​ដឹង​តែ​អស់​លុយ​យ៉ាង​ហោច​ណាស់​៥​ទៅ​១០ដុល្លារ  ចឹង​បាន​លុយ​ណា​ទិញ​ថ្នាំ។ឈឺ​បន្តិច​បន្តួច​ប្រាប់​អ្នក​លក់​ថ្នាំ​ទៅ​ គេ​មិន​ដែល​គិត​លុយ​ថែម​ផង ហើយ​គេ​លក់​ គេ​ដឹង​ហើយ​ថាំ្ន​ណា​ត្រូវ​ថ្នាំ​ណា​អត់​នោះ​។ ចឹង​អត់​សូវ​អស់​លុយ​ច្រើន ហើយ​ថ្នាំ​ប្រើ​ទៅ​មិន​ដែល​មាន​ប្រតិកម្ម​អី​ផង”។
និស្សិត​ទន្តពេទ្យ​នៅ​សាកល​វិទ្យាល័យ​វិជ្ជាសាស្ត្រ​សុខាភិបាល​ ស៊ន ធាងស៊ី បាន ​លើក​ឡើង​ថា​ ទោះ​បី​ជា​គេ​ទិញ​ថ្នាំ​មក​ប្រើ​ដោយ​ខ្លួន​ឯង​ក៏​ពិត​មែន​ ប៉ុន្តែ​ ធាង ស៊ី​ តែង​តែ​អាន​ការ​ណែនាំ​មុន​នឹង​ប្រើ​ជា​និច្ច​ដើម្បី​ជៀសវាង​ការ​ប្រើ​ប្រាស់ ​ខុស។
និស្សិត​ប្រុស​រូប​នេះ​ បាន​បន្ថែម​ទៀត​ថា៖ “​អ្នក​ណា​មិន​ដឹង​ថា​ឈឺ​ក្បាល​ ផ្ដាសាយ​នោះ​ តែ​ជំងឺ​ខ្លះ​ដែល​វា​ហួស​ពី​នេះ​ ច្បាស់​ជា​រត់​ទៅ​រក​គ្រូ​ពេទ្យ​ហើយ​ ព្រោះ​ជីវិត​មិន​អាច​លេង​សើច​បាន​ទេ។ មាន​តែ​ពេទ្យ​ទេ​ចេះ​វិភាគ​ដឹង​ច្បាស់ ចេញ​វេជ្ជ​បញ្ជា​ទិញ​ថ្នាំ​ត្រូវ​នឹង​រោគ​ជំងឺ​នោះ”។
ដោយ​ឡែក​លោក​ វេជ្ជ​បណ្ឌិត​ ទឹក​ ចាន់​ណារិទ្ធ​ ប្រចាំ​មណ្ឌល​ជាតិ​លើក​កម្ពស់​សុខភាព បាន​ពន្យល់​ពី​រឿង​នេះ​ថា​ ការ​ទិញ​ថ្នាំ​ពេទ្យ​ដោយ​គ្មាន​វេជ្ជ​បញ្ជា​ត្រឹម​ត្រូវ​គឺ​ជា​ខុស​ច្បាប់​។ គាត់​មិន​បាន​បញ្ជាក់​ពី​មាត្រា​​ណា​មួយ​ទេ​ គាត់​គ្រាន់​តែ​លើក​ឡើង​ថា ​ច្បាប់​បាន​កំណត់​មក​ថា​មាន​តែ​ពេទ្យ​ទេ ទើប​អាច​មាន​សិទ្ធ​ចេញ​ថ្នាំ​ពេទ្យ​ឲ្យ​អ្នក​ជំងឺ​ប្រើ​។
អ្នក​ជំនាញ​ រូប​នេះ​បាន​បន្ត​ទៀត​ថា ប្រជាជន​ទូទៅ​ច្រើន​ប្រើ​ថ្នាំ​តាម​ទម្លាប់​តៗគ្នា សួរ​គេ​សួរ​ឯង​ឬ​អ្នក​ដែល​ធ្លាប់​មាន​ជំងឺ​ពី​មុន។ នេះ​គឺ​ជា​ការ​ប្រថុយ​ប្រថាន​ណាស់​ព្រោះ​ពួក​គាត់​មិន​ស្គាល់​ពី​ប្រភេទ​ ជំងឺ​ច្បាស់​លាស់ វា​អាច​ប៉ះ​ពាល់​ដល់​សុខភាព​អ្នក​ប្រើ​កាន់​តែ​ធ្ងន់ធ្ងរ ឬ​បណ្ដាល​ឲ្យ​កើត​ជា​ជំងឺ​ផ្សេងៗ​ទៀត។
យ៉ាង​ណា​មិញ លោក​វេជ្ជ​បណ្ឌិត​រូប​នេះ បាន​សង្កាត់​ធ្ងន់​ថា ​ការ​ទិញ​ថ្នាំ​ដោយ​មិន​ប្រថុយ​ប្រថាន ​មាន​តែ​វិធី​មួយ​គត់​នោះ​គឺ ​ទៅ​ជួប​គ្រូ​ពេទ្យ​ជំនាញ ​  ដើម្បី​ពិគ្រោះ វិភាគ​ជំងឺ ហើយ​ទិញ​ថ្នាំ​តា​ម​វេជ្ជ​បញ្ជា​​ នៅ​ឱសថ​ស្ថាន​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ​ទទួល​ស្គាល់​ដោយ​ក្រសួង​ សុខាភិបាល និង​ប្រើ​ប្រាស់​តាម​វេជ្ជបញ្ជា​បាន​កំណត់​។ ករណី​ដែល​អ្នក​ជំងឺ​ប្រើ​ប្រាស់​តាម​វេជ្ជបញ្ជា​នោះ​​ ពេល​​មាន​បញ្ហា អ្នក​ជំងឺ​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូ​ពេទ្យ​នោះ​វិញ​ភ្លាម។

ចុះ​អ្នក​វិញ​ធ្លាប់​ទិញ​ថ្នាំ​គ្មាន​វេជ្ជបញ្ជាទេ?

អត្ថបទ៖ ផល្លា សុម៉ាលីណា

ប្រភពពី សប្បាយ