ប្រធានាធិបតី
អាមេរិកអូបាម៉ា ជាមួយប្រធានាធិបតីចិន ហ៊ូ
ចិនតាវក្នុងដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង នៅខែវិច្ឆិកា ឆ្នាំ ២០០៩
ហ្សង់-ហ្វ្រង់ស័រ
តាន់សូមបន្តនិយាយពីភូមិសាស្រ្តនយោបាយនៃប្រទេសចិនតទៅទៀត
ដោយសូមបន្តលើកឡើងអំពីទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក។ នយោបាយ
ការបរទេសរបស់សហរដ្ឋអាមេរិកក្រោមការគ្រប់គ្រងរបស់អូបាម៉ា
នៅចំពោះមុខប្រទេសចិនបានឆ្លងកាត់ពីរដំណាក់កាល
ពីឆ្នាំ២០០៩មកទល់សព្វថ្ងៃ។ រហូតដល់ដើមឆ្នាំ២០១០
សេតវិមានបានប្រកាសអួតអាងថា
ខ្លួនចាប់ផ្តើមទទួលបានជោគជ័យក្នុងការធ្វើឲ្យទំនាក់ទំនងជាមួយ
ប្រទេសចិនមានលក្ខណៈស្ថាបនា និងស្ងប់ល្អ។ ក៏ប៉ុន្តែ បន្តិចម្តងៗ
ទាំងសហរដ្ឋអាមេរិក ទាំងប្រទេសចិន
បាននិងកំពុងបន្តដំឡើងសំឡេងដាក់គ្នាពីព្រោះ ចង់ឬមិនចង់
មហាអំណាចទាំងពីរដែលមានប្រយោជន៍ខ្វែងគ្នា
ជាគូប្រជែងនៅលើឆាកអន្តរជាតិ។
រហូតដល់ដើមឆ្នាំ២០១០ រដ្ឋការអូបាម៉ាបានខ្នះខ្នែងយកចិត្តទីក្រុងប៉េកាំង ពីព្រោះខុសផ្ទុយពីលោក
ប៊ូស ដែលមានជំហរឯកតោភាគីនិយម លោកអូបាម៉ា យល់ឃើញថា
ពិភពលោកសព្វថ្ងៃ ជាពិភពលោកពហុប៉ូល ហើយចង់ឬមិនចង់
ចិនជាមហាអំណាចនៃប៉ូលមួយស្រេចបាត់ទៅហើយ។ នៅក្នុងបរិបទនេះ
អាមេរិកគ្មានជម្រើសអ្វីផ្សេងក្រៅតែពីទទួលស្គាល់តួនាទីដ៏សំខាន់
របស់ចិននៅលើឆាកអន្តរជាតិ ហើយគឺនៅក្នុងបរិបទនេះឯង
ដែលគេចាប់ផ្តើមឮល្ហិចល្ហៀងថា ទីក្រុងវ៉ាស៊ីនតោន
និងទីក្រុងប៉េកាំងអាចនឹងបង្កើតជំនួបកំពូលទ្វេភាគីG2
មួយឡើងទៀតផង។
ក៏ប៉ុន្តែ នៅក្នុងឆ្នាំ២០១០ដដែលនោះ បន្តិចម្តងៗ
ស្រាប់តែអាមេរិកប្តូរឥរិយាបថ។ ជាក់ស្តែង
លោកស្រីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកHillary Clinton
បានប្រកាសគាំទ្រក្រុមហ៊ុនGoogle
ដែលកាលណោះកំពុងមានទំនាស់ខ្លាំងជាមួយអាជ្ញាធរចិន។ ជាក់ស្តែងដែរ
អាមេរិកបានសម្រេចលក់អាវុធតម្លៃ ជាសរុបជាង៦ពាន់លានដុល្លារ
ទៅឲ្យកោះតៃវ៉ាន់
ហើយលោកអូបាម៉ាថែមទាំងទទួលជួបជាមួយសម្តេចសង្ឃDalaï Lama ទៀតផង។
តាមពិត ការដែលអាមេរិកចាប់ផ្តើមកាចដាក់ប្រទេសចិនវិញនេះ
មិនមែនជារឿងចៃដន្យទេ។
អ្នកដឹកនាំកំពូលៗរបស់សហរដ្ឋអាមេរិកចាប់ផ្តើមគុំទីក្រុងប៉េកាំង
និងចាប់ផ្តើមលែងទុកចិត្តទីក្រុងប៉េកាំង។ មូលហេតុមានច្រើនយ៉ាង។
ម្យ៉ាង គឺមកពីលោកអូបាម៉ាអន់ចិត្តខ្លាំង ដោយហេតុថា
កាលដែលលោកបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន
ក្នុងខែវិច្ឆិកាឆ្នាំ២០០៩
ថ្នាក់ដឹកនាំចិនរារាំងមិនឲ្យលោកធ្វើដំណើរទៅទីកន្លែងមួយចំនួន
ដែលសេតវិមានបានដាក់ពាក្យជាមុន
សុំឲ្យលោកប្រធានាធិបតីអាមេរិកាំងទៅបំពេញទស្សនកិច្ច។
មូលហេតុម្យ៉ាងទៀត ដែលធ្វើឲ្យលោកអូបាម៉ាមិនពេញចិត្ត
គឺឥរិយាបថរបស់ប្រទេសចិន នៅក្នុងជំនួបកំពូល
ស្តីពីការប្រែប្រួលអាកាសធាតុនៅទីក្រុងCopenhagueក្នុងឆ្នាំ២០០៩។
កាលនោះ លោកនាយករដ្ឋមន្ត្រីចិនវេន យ៉ាបៅ(Wen Jiabao)
មានវត្តមាននៅទីក្រុងCopenhagueមែនពិត
តែបានបញ្ជូនមន្ត្រីជាន់ខ្ពស់មួយរូបឲ្យមកចូលរួមជំនួសលោក
ក្នុងអង្គប្រជុំសំខាន់ៗដែលមានសុទ្ធតែប្រមុខរដ្ឋឬប្រមុខ
រដ្ឋាភិបាល។
រីឯមូលហេតុចុងក្រោយ
និងសំខាន់ជាងគេដែលធ្វើឲ្យលោកអូបាម៉ាមិនពេញចិត្ត
គឺចិនបន្តគាំទ្រប្រទេសអៀរ៉ង់ ក្នុងសំណុំរឿងនុយក្លេអ៊ែរ។
រហូតដល់ដើមឆ្នាំ២០១០ លោកប្រធានាធិបតីអាមេរិក បានពង្រឹង
និងពង្រីកសហប្រតិបត្តិការជាមួយទីក្រុងប៉េកាំង បានសុខចិត្តបិទភ្នែក
នៅចំពោះមុខការរំលោភសិទ្ធិមនុស្សនៅប្រទេសចិន
និងនៅចំពោះមុខនយោបាយវាយបង្ក្រាបទៅលើជនជាតិអ៊ុយហ្គូរ(Ouïgours)
ព្រមទាំងទៅលើជនជាតិទីបេ(Tibet)។ ដោយឡែក លោកអូបាម៉ា
ថែមទាំងបានយល់ព្រមផ្តើមកិច្ចសន្ទនាជាមួយភូមាដែលជាប្រទេសមិត្ត
របស់ចិនទៀតផង។ ជាថ្នូរវិញ លោកអូបាម៉ាចង់ឲ្យចិនជួយគាំទ្រ
ការបង្កើនទណ្ឌកម្មអន្តរជាតិទៅលើប្រទេសអៀរ៉ង់។ តែសម្រេចសម្រួចទៅ
ចិនធ្វើមិនដឹង មិនព្រមធ្វើសម្បទាន។
មែនទែនទៅ ទាំងអូបាម៉ា ទាំងថ្នាក់ដឹកនាំចិន
គ្មានជម្រើសអ្វីផ្សេងក្រៅពីពង្រឹងគោលជំហរ របស់ប្រទេសគេរៀងៗខ្លួន
ពីព្រោះមហាអំណាចទាំងពីរមានប្រយោជន៍ខ្វែងគ្នា ជាគូប្រជែងនឹងគ្នា
នៅលើឆាកអន្តរជាតិ។
នៅក្នុងន័យនេះ
សំណុំរឿងប្រទេសចិនក្នុងនាមជាមហាអំណាចយោធាត្រូវបានគេលើកឡើង
ជាថ្មី នៅចុងឆ្នាំ២០០៩។ អ្នកដែលបាននិយាយពីបញ្ហានេះមុនគេ
គឺវិជ្ជាស្ថានសិក្សាយុទ្ធសាស្រ្តអន្តរជាតិ(IISS)
នៅទីក្រុងឡុងដ៏(Londres)ប្រទេសអង់គ្លេស
ដែលបានចេញផ្សាយរបាយការណ៍ឆ្នាំ២០០៩របស់ខ្លួន។ បន្ទាប់មក
នៅចុងឆ្នាំ២០០៩ដដែលនោះ ដល់វេនក្រសួងស៊ើបការសម្ងាត់អាមេរិកវិញម្តង
ដែលបានចេញផ្សាយរបាយការណ៍មួយ។ របាយការណ៍ដែលគូសបញ្ជាក់ថា
ចិនជាប្រទេសដែលអាចនឹងគំរាមផលប្រយោជន៍អាមេរិកខ្លាំងជាងគេ។
ពីរបីថ្ងៃក្រោយមក លោកRobert Gates
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកផ្ទាល់តែម្តង បានអះអាងថា
មិនយូរមិនឆាប់ កងទ័ពជើងទឹក និងជើងអាកាសរបស់អាមេរិក
នៅតំបន់ប៉ាស៊ីហ្វិក(Pacifique)
នឹងត្រូវប្រឈមមុខនឹងការគំរាមកំហែងពីសំណាក់ប្រទេសចិនជាមិនខានឡើយ។
រីឯចិនវិញ បញ្ចេញប្រតិកម្មឆ្លើយតបថា
អាមេរិកដែលនៅតែមានគំនិតចាស់គំរឹលបន្សល់មកពីសម័យសង្គ្រាម
ត្រជាក់ ចេះតែនិយាយបង្អើល និងបំផ្លើស ឲ្យពិភពលោកខ្លាចប្រទេសចិន។
តាមពិត ថវិកាយោធានៃប្រទេសចិនកើនឡើង ជាលំដាប់មែន
ពីមួយឆ្នាំទៅមួយឆ្នាំ។ ទីក្រុងប៉េកាំងមានគោលដៅសំខាន់ៗបី
តាមរយៈទំនើបកម្ម និងការអភិវឌ្ឍន៍វិស័យយោធារបស់ខ្លួន។ ទីមួយ
គឺបង្ការកុំអោយប្រទេសមហាអំណាច ដូចយ៉ាង សហរដ្ឋអាមេរិក រុស្ស៊ី ឬ
ក៏ឥណ្ឌា វាយប្រហារមកលើប្រទេសចិន។ ទីពីរ គឺការពារព្រំដែននៃប្រទេស។
ទីបី គឺ ទប់ទល់នឹងពួកផ្តាច់ទឹកដីនិយម នៅក្នុងប្រទេស ដូចជានៅទីបេ
និងស៊ីងជាំងជាដើម។
មានគោលដៅមួយទៀត ដែលរបបទីក្រុងប៉េកាំងខ្លួនឯងមិនដែលនិយាយ
និងមិនដែលទទួលស្គាល់ គឺចិនមានមហិច្ឆតា
ចង់ធ្វើអោយជញ្ជីងតុល្យភាពពិភពលោក ជាពិសេស
ជញ្ជីងតុល្យភាពនៃតំបន់អាស៊ីប៉ាស៊ីហ្វិក
ឈប់ផ្អៀងទៅខាងសហរដ្ឋអាមេរិកខ្លាំងពេក។
ទាល់តែមានកងទ័ពខ្លាំង បំពាក់ទៅដោយសព្វាវុធទំនើប
ជាពិសេសខាងជើងអាកាសនិងខាងជើងទឹក
ទើបប្រទេសចិនអាចដាក់គំនាបទៅលើអាមេរិកបាន ឧទាហរណ៍
នៅក្នុងដំណោះស្រាយនៃកោះតៃវ៉ាន់ជាដើម៕
ប្រភពពី ( rfi )





0 Comments:
Post a Comment