Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Tuesday, July 16, 2013

យល់​ដឹង​អំពី​ជំងឺ​ឬសដូង​បាត

0 Comments

ឬសដូង​បាត​ក្នុង​និង​ក្រៅ
                                            ឬសដូង​បាត​ក្នុង​និង​ក្រៅ

លោក​អ្នក​មាន​​ការ​ឈឺ​ចុក​ចាប់ពេល​អង្គុយ ? ពេល​ទៅ​បង្គន់បត់​ជើង​ធំ​ អ្នក​មាន​អារម្មណ៍​ ឈឺចុក​ចាប់បន្តិច​ ក្រហាយបន្តិច រមាស់បន្តិច ... អាការៈ​បែប​នេះ សូម​គិត​ដល់​ជំងឺ​ឬសដូង​បាត។ ឬសដូង​បាត ជំងឺ​​ ដែល​ពិបាកនឹង​លើក​​មក​​និយាយ​ជា​សាធារណៈ ឬ​ជាមួយ​គ្រូពេទ្យ ប៉ុន្តែ​សូម​កុំ​ខ្មាសអៀន​អី តាមការពិត​ទៅ​នោះ មនុស្ស​ពេញ​វ័យ​អាយុ​ពី​៣០​ទៅ​៥០ ក្នុង​ចំណោម​បី​នាក់ មាន​ម្នាក់​ហើយ​កើត​ជំងឺ​ឬសដូងបាត​នេះ។
ការឈឺចុកចាប់ មាន​អារម្មណ៍​រលាក​រលាត់​ និង​មាន​ការ​ហូរ ឬ​ចេញ​ឈាម​តាម​ទ្វារ​ធំ​ ទាំង​នេះ​គឺ​ជា​អាការៈ​ខ្លះ​នៃ​អ្នក​មាន​ជំងឺ​ឬសដូង​បាត​។ ឬស​ដូង​បាត​ជា​អ្វី ?! ជន​រូប​ណា​ក៏​មាន​ឬសដូង​បាតដែរ ប៉ុន្តែ​មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​កើត​ជំងឺ​ឬសដូង​បាត​ឡើយ។ ដ្បិត​អី​នៅ​ក្នុង​សភាព​ធម្មតា​ វា​ជា​សរសៃ​ឈាម​ដែល​នៅ​ជុំ​វិញ បាត​ក្រោម ទ្វារ​ធំ​ នៅ​ក្រសាល់​គូថ ឬ​នៅ​ចុង​ពោះវៀន​ធំ។ នៅ​ពេល​ដែល​សរសៃ​នេះ​រីកធំ ហួស​ធម្មតា ជួន​លៀន​ចេញ​មក​ក្រៅ​ ជួន​លាក់​កប់​ហើម​នៅ​ខាង​ក្នុង​ ដោយ​មូលហេតុ​ផ្សេងៗ​ គឺ​នៅ​ពេល​នោះ​ហើយ​ទើប​គេ​ហៅ​ថា​ជំងឺ​ឬសដូង​បាត។

ឬសដូងបាត ៖ ជាបណ្ដាញ​សរសៃឈាម​តូចៗ ជាអាកទែរ និង​វ៉ែនដែល​ប្រទាក់​ក្រឡាគ្នា ដែល​បង្កើត​ជាបណ្ដាញ​សរសៃ នៅក្នុង​បាត(ទ្វារលាមក) វាជារឿង​ធម្មតា​ដែលមនុស្ស​គ្រប់គ្នា​តែងតែមាន។  នៅ​ពេល​ បណ្ដាញ​សរសៃឈាម នៅ​បាត​ (ក្រសាល់គូថ) រីកធំ​ ​មានរោគសញ្ញា​ធ្លាក់ ឈាម និង​ការស្រុតចុះ​នៃសាច់​សរសៃឈាម​ ពេល​ខ្លះ​អាចលៀន​ចេញ​មក​ក្រៅ​ផង ពោល​​គឺ​នៅ​ពេល​ក្រសាល់​នេះ​ចាប់ផ្តើម​ឈឺ​ ទើប​​​ហៅ​ថា​​​ ជំងឺ​ឬសដូង​បាត។

ជំងឺ​ឬសដូង​បាត ស្តែង​ឡើង​ដោយ​​សភាព​បី​យ៉ាង។ ទី​មួយ​ គឺ​មាន​ការ​ចេញ​ឈាម​ តាម​គូថ ទីពីរ គឺ​មាន​ដុំ​ឈាម​​កក​នៅ​ក្នុង​ក្រសាល់​គូថ ហើយ​ចុង​ក្រោយ​គេ​គឺ​ក្រសាល់​គូថ​នេះ​លៀន​ចេញ​មក​ក្រៅ។ ជាទូទៅ​ ក្នុង​ករណី​មាន​វិបត្តិ​ធ្ងន់ធ្ងរ ដែល​មាន​ការ​ឈឺចុក​ចាប់​ខ្លាំង អ្នក​ជំងឺ​ច្រើន​ជួប​ទាំង​បី​ក្នុង​ពេល​តែ​មួយ គឺ​ចេញ​ឈាម ហើម​ក្រសាល់​គូថ ព្រោះ​មាន​ដុះ​កំណក​ឈាម​កក​នី​ក្នុង​សរសែ​ឈាម​​វ៉ែន​ក្រសាល់​ រួច​ប៉ោង​លៀន​ចេញ​មក​ក្រៅ។ ការ​ចេញ​ឈាម គឺ​ជា​រោគ​សញ្ញា​ បញ្ជាក់​ថា​យើង​មាន​កើត​ជំងឺ​ឬសដូង​បាត​ហើយ​ដែល​ត្រូវ​ពិគ្រោះ​ព្យាបាល​ជំងឺ មិន​គួរ​រង់​ចាំ​រហូត​ដល់​ មាន​អាការៈ​ឈឺ​ចុកចាប់ ឬ​មុន​នឹងឈានដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​ឡើយ។

ជា​សំណាង​ល្អណាស់ ដែល​​ជំងឺ​ឬសដូង​បាត មិន​បង្ក​ឱ្យស្លាប់ ព្រោះ​​ជំងឺ​នេះ​មាន​កើត​ចំពោះ​មនុស្ស​ទូទៅ​ដល់​ទៅ​មួយ​ភាគ​បី ក្នុង​ចំណោម​វ័យ​ពី ៣០ ទៅ​៥០ឆ្នាំ។​ ស្ត្រី​វិញ ភាគ​ច្រើន​បាន​ដឹង​ និង​បា​ន​ស្គាល់​​ជំងឺ​ឬសដូង​បាត​នេះ​ នៅ​ពេល​​​ឆ្លង​ទន្លេ។ ជា​ឬសដូង​បាត​ ដែល​បង្ក​ឡើង​ដោយ​កំណកដុំ​ឈាម​នៅ​សរសែ​ក្រសាល់គូថ បង្ក​ជា​ការ​ឈឺចាប់ ក្នុងរយៈ​ពេល​យូរ ពី មួយ​ទៅ​ពីរ​សប្តាហ៍​យ៉ាង​តិច​ ប៉ុន្តែ​នឹង​ជាទូទៅ​ករណី​កើត​ឬសដូង​បាត​ នៅ​ពេល​ឆ្លង​ទន្លេ​ ច្រើន​តែ​បាត់​ទៅ​វិញ ក្រោយ​ការ​ប្រើប្រាស់​ថ្នាំ​លេប ឬ​ថ្នាំ​លាប។ យូរៗ​ម្តង​ ទើប​គេ​ឃើញ​មាន​ករណី​កើត​ឬសដូង​បាត​ធ្ងន់ធ្ងរ​ ដែល​ទាមទារ​ឱ្យ​មាន​ការ​ព្យាបាល​ ស៊ីជម្រៅខ្លាំង។

ឬសដូង​បាត​មិន​បណ្តាល​ឱ្យ​ស្លាប់​មែន ទោះ​បី​ពេល​ខ្លះមានហូរ​ឈាម​ខ្លាំង​យ៉ាង​ណាក៏ដោយ ! ប៉ុន្តែ​គ្រោះ​ថ្នាក់​ធំបំផុត​នោះ គឺ​ការ​ភ័ន្តច្រលំ​ និង​ការ​ទម្លាក់​កំហុស​ថា ជា​ជំងឺ​ឬសដូង​បាត។ និយាយ​ឱ្យ​ចំ បើ​ឃើញ​មាន​អាការៈ​ចេញ​ឈាម ហូរ​ឈាម​តាម​ផ្លូវ​ធំ​ហើយ សូម​កុំ​បណ្តែត​បណ្តោយ​ឱ្យ​សោះ​ ព្រោះ​សូម​ចង​ចាំ​ថា​ ការ​ហូរ​ឈាម​ក៏​អាច​បណ្តាល​មក​ពី​មាន​ជំងឺ​រលាក​ក្រពះ​ ពោះវៀន ឬ​និយាយ​ឱ្យ​ចំ ជំងឺ​មហារីក​ផង​ក៏​មាន​។ ដូច្នេះ​ បើមាន​ជួប​ករណី​ចេញ​​ឬ​ហូរ​ឈាម​ញឹកញាប់​ អ្នក​ជំងឺ​គួរ​តែ​រួសរាន់​ទៅ​ពិគ្រោះ​ជំងឺ​ជាមួយ​នឹង​គ្រូពេទ្យឯកទេស​​ក្រពះ ​ពោះវៀន​និង​ផ្លូវធំ​នេះ​ ដើម្បី​វែក​ញែក​រក​ហេតុផល​នៃ​ការ​ហូរ​ឈាម​នេះ ថា​ពិត​ជា​បណ្តាល​មក​ពី​ឬសដូង​បាត មិន​មែន​បណ្តាល​មក​ពី ជំងឺ​នៅ​ពោះវៀន​ឬ​ក្រពះ​ទេ។

​បើ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​ គ្មាន​ភស្តុតាង និង​ការ​សិក្សា​ណា​បញ្ជាក់​អំពី​ទំនាក់ទំនង​នៃ​ការ​បរិភោគ​ ម្ទេស ឬ កាហ្វេ ជាមួយ​នឹង​ការ​កើត​ឬសដូង​បាត​ទេ។ អ្នក​ខ្លះ​ថែម​ទាំង​បានអះអាង​ថា បរិភោគ​ម្ទេស​ច្រើន​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​បង្ក​ឡើង​ដោយ​ជំងឺ​ ឬសដូង​បាត​ផង។ ដូច្នេះ​ជា​សរុបមក​រាល់​ជំនឿ​ទាំង​អំបាលមាន​នេះ គ្នា​ការ​សិក្សា​ជា​លក្ខណៈ​វេជ្ជសាស្ត្រ​បញ្ជាក់​ទេ។ ឯការ​អង្គុយ​យូរ ច្រើន​ម៉ោង​ជាប់ៗ​គ្នា​ ក៏​ពុំ​ទាន់​មាន​លទ្ធផលគ្រប់គ្រាន់​​​នៃ​ការ​សិក្សា​ណា​សម្រាប់​មកបញ្ជាក់​ ពី​ហេតុ​និង​ផល​វិបាក​នៃ​ការ​អង្គុយ​យូរ​ភ្ជាប់​ទៅ​ជាមួយ​នឹង​ជំងឺ​ឬសដូង​ បាត​ដែរ។ សម្រាប់​អ្នក​វិទ្យាសាស្ត្រ​គឺ​មិន​អាច​បញ្ជាក់​អ្វី​បាន​ទេក្នុង​ពេល​នេះ។ ចំពោះ​ទំនាក់ទំនង​រវាង​ជំងឺ​ឬសដូង​បាត​ជាមួយ​នឹង​ការ​ទល់​លាមក​វិញ ក៏​មិន​សូវច្បាស់​លាស់ដែរ។ ប៉ុន្តែ​អ្វី​ដែល​ប្រាកដ​ និង​ដែល​វេជ្ជសាស្ត្រ និង​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ នោះ​គឺ​ប្រសិន​បើ​អ្នក​មាន​របប​អាហារ​សម្បូរ​ទៅ​ដោយ​សារធាតុ​សរសៃ​បន្លៃ ផ្លែឈើ ​ច្រើនជា​ប្រចាំ​ នោះ​គ្រោះ​កើត​ជំងឺ​ឬសដូង​បាត​ក៏​រសាត់​ឆ្ងាយ​ពី​ខ្លួន​យើង​ដែរ។

ជំងឺ​ឬ​សដូង​បាត មិន​អាច​ព្យាបាល​ឱ្យ​ជា​សះស្បើយ ដាច់​បាន​ទេ គឺ​ដូច​ជា​ជំងឺ​ឡើង​សរសៃ​ជើង​ដូច្នោះ​។ ព្រោះ ឬ​សដូង​បាត​មាន​ជំងឺ​បណ្តាល​មក​ពី ការ​ខូច​ទ្រង់ទ្រាយ​នៃ​ជាលិកា​សរសៃ​ឈាម​ខ្មៅ ឬ​សរសៃ​ឈាម​វ៉ែន តែ​យើង​អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​បាន​ដោយ​ប្រើ​ក្រែម​ប៉ូមាត​លាប​ ដែល​មានជាតិ​ក័ទីកូអ៊ីត ឬ​​ទៅ​ជួប​វេជ្ជបណ្ឌិតឯកទេស​ក្រពះ​ពោះវៀន​ និង​​ផ្លូវធំ ដើម្បី​រារាំង​កុំ​ឱ្យ​ដុំ​ឬសដូង​លៀន​ចេញ​មក​ក្រៅ​ និង​ដើម្បី​បញ្ចៀស​ការ​ហូរឈាម ចំពោះ​ឬសដូង​ខាង​ក្នុង។ ដំណោះ​ស្រាយ​ចុង​ក្រោយ​មួយ​ទៀត គឺការ​វះកាត់។ វះកាត់​ ដោយ​គ្រាន់​តែ​ឆ្កឹះ​យក​ដុំ​ឈាម​កក​ចេញ​ និងម្យ៉ាង​ទៀត​គឺ​ការ​វះកាត់​ទាំង​ស្រុង ទៅ​ផ្តាច់​​ ឬសដូង​បាត​ ទាំង​នៅ​ខាង​ក្នុង​ ឬ​ឬសដូង​បាត​ខាងក្រៅ៕
ដោយ អៀង សុខម៉ិញ
ពីwww.khmer.rfi

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com