អាមេរិកគាំទ្រកូរ៉េខាងត្បូងប្រសិនបើមានការឈ្លានពានពីកូរ៉េខាងជើង
កាតិកាសញ្ញាយោធាថ្មី អនុញ្ញាតអោយក្រុងសេអ៊ូលទាមទារកងទ័ពអាមេរិកបានបន្ថែមទៀត ក្នុងករណីចាំបាច់។
Reuters / Cherie Cullen
កាតិកាសញ្ញាយោធាថ្មីដែលកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានចុះហត្ថលេខា កាលពីថ្ងៃសុក្រកន្លងទៅ អនុញ្ញាតអោយក្រុងសេអ៊ូលអាចទាមទារកងទ័ពអាមេរិកបានបន្ថែម ទៀត ប្រសិនបើមានករណីចាំបាច់។ គួររំលឹកថា អាមេរិកបានដាក់កងទ័ពរបស់ខ្លួនប្រហែលជាបីម៉ឺននាក់ នៅភាគខាងត្បូងទ្វីបកូរ៉េ។ ក្រៅពីនេះ អាមេរិកក៏មានមូលដ្ឋានទ័ពខ្លួននៅប្រទេសជប៉ុនក្បែរនោះផងដែរ សំរាប់ជាជំនួយដល់ក្រុងសេអ៊ូល។
កាតិកាសញ្ញាថ្មីបានក៏បានចែងដែរថា អាមេរិកនឹងជួយកូរ៉េខាងត្បូងប្រសិនបើមានការវាយលុកពី នាវានានាមកពីកូរ៉េខាងជើង នៅប៉ែកម្ខាងទៀតនៃព្រំដែនទឹករវាងកូរ៉េទាំងពីរ រឺក៏មានការទំលាក់គ្រាប់បែកមកលើកោះនានារបស់កូរ៉េខាងត្បូង ដែលស្ថិតនៅក្បែរព្រំដែន រឺក៏ក្នុងករណីដែលមានការចូលលុកលុយតាមផ្លូវអាកាសពីសំណាក់ ក្រុងព្យុងយ៉ាង។
នៅថ្ងៃចន្ទនេះ ក្រសួងការពារជាតិកូរ៉ខាងត្បូង បានបង្ហាញការរីករាយសារជាថ្មីម្តងទៀត ចំពោះការជួយគាំទ្រដ៏ធំធេងរបស់សហរដ្ឋអាមេរិកមកដល់ប្រទេសខ្លួន តាមរយៈកាតិកាសញ្ញាយោធាថ្មីនេះ។ សំរាប់ក្រុងសេអ៊ូល កាតិសញ្ញានេះនឹងហាមឃាត់ក្រុងព្យុងយ៉ាងមិនអោយហ៊ានបន្តការផ្គើន រឺក៏ការវាយលុកណាមួយមកលើកូរ៉េខាងត្បូងបានតទៅទៀត។
កាតិកាសញ្ញាយោធាថ្មីនេះ បានសំរេចឡើងនៅពេលដែលការប្រឈមមុខគ្នារវាងប្រទេស កូរ៉េទាំងពីរ កាន់តែមានស្ថានភាពតឹងតែងកាន់តែខ្លាំងឡើង។ ស្ថានភាពតឹងតែងនេះ ចាប់មានតាំងពីឆ្នាំ២០១០ មកម្ល៉េះ គឺតាំងតែពីកូរ៉េខាងជើងបានទំលាក់គ្រាប់បែកលើកោះមួយនៅ កូរ៉េខាងត្បូង ដែលបានបង្កអោយមានមនុស្សស្លាប់បួននាក់។
កន្លងមក ក្រុងព្យុងយ៉ាងបានផ្គើនសហគមន៍អន្តរជាតិ ជាញឹកញយ គួរអោយកត់សំគាល់ជាងគេគឺការបង្ហោះផ្កាយរណបកាលពីដើមខែធ្នូ កន្លងទៅ ដែលអាមេរិកនិងកូរ៉េខាងត្បូងយល់ថា សកម្មភាពនេះជាការបន្លំបាញ់បង្ហោះមីស៊ីលទៅវិញទេ។
អង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មលើការសាកល្បងនុយក្លេអ៊ែរជាលើក ទីបី របស់ក្រុងព្យុងយ៉ាង ដែលបានធ្វើឡើងកាលពីខែកុម្ភៈកន្លងមក ធ្វើអោយក្រុងព្យុងយ៉ាងក្តៅក្រហាយនិងបន្តគំរាមសងសឹក តបទៅវិញ៕(rfi)
0 Comments:
Post a Comment