គិតត្រឹមឆ្នាំ២០១២ កម្ពុជាមានសាលារៀនប៉ុន្មាន?
ក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ កម្ពុជាមានថ្នាលបណ្ដុះចំណេះដឹងទូទៅចំនួន១១៣៧០សាលា នៅទូទាំងប្រទេស។ ក្នុងនោះ មានសាលាមត្តេយ្យសិក្សាចំនួន២៨១៣ សាលាបឋមសិក្សាចំនួន ៦ ៩១០ អនុវិទ្យាល័យចំនួន១ ២១៤ និងវិទ្យាល័យចំនួន ៤៣៣។ បើគិតជាអគារ គឺមានចំនួន ៣ ៥១៨ ខ្នង ស្មើនឹង១៨ ២៥៦ បន្ទប់។លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំយុវជន និងកីឡា ឆ្នាំសិក្សា២០១១-២០១២ និងលើកទិសដៅឆ្នាំសិក្សា២០១២-២០១៣ កាលពីសប្តាហ៍មុន នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាថា ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំកសាងអគារសិក្សាជាច្រើននៅគ្រប់ច្រកល្ហកនៅទូទាំងប្រទេស ពិសេសនៅតាមតំបន់ព្រំដែន និងតំបន់ជួបការលំបាក ក្នុងគោលដៅបង្ខិតសាលារៀនឱ្យទៅជិតលំនៅស្ថានរបស់ប្រជាជន។
លោក អ៊ឹម សិទ្ធី ក៏បានបន្ថែមថា ដោយឡែកបុគ្គលិកអប់រំនៅទូទាំងប្រទេសមាន១១១ ២៦១ នាក់ ស្រី ៤៥ ១៤៩ នាក់ ស្មើនឹង ៤១ ភាគរយ។ ជាមួយគ្នានេះ គ្រឹះស្ថានឧត្ដមសិក្សាមាន១០១ ក្នុងនោះគ្រឹះស្ថានឧត្ដមសិក្សារដ្ឋមាន៣៩ និងឯកជនមាន៦២ ដែលមានទីតាំងស្ថិតនៅតាមរាជធានីខេត្តទាំង១៩។ និស្សិតចាប់ពីថ្នាក់បរិញ្ញាបត្ររងដល់បណ្ឌិតមានចំនួន២៥៥ ៧៩១នាក់ ក្នុងនោះ នារីមានចំនួន ៣៨ ភាគរយ៕
http://news.sabay.com.kh
0 Comments:
Post a Comment