Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Thursday, March 28, 2013

ចាប់​បាន​ឈើ​គ្រញូង​ឆ្លង​ដែន​ជាង​៧ម៉ែត្រ​គុប

0 Comments
បន្ទាយមានជ័យៈ ឈើ​គ្រញូង​ឆ្លង​ដែន​ពី​ប្រទេស​ថៃ ប្រមាណ ៧ ម៉ែត្រ​គុប ដែល​ស្មើ​នឹង​១០៩ ដុំ មាន​តម្លៃ​រាប់​សែន​ដុល្លារ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ ចុះ​បង្ក្រាប​បាន នៅ​ខណៈ​ដែល​ឈ្មួញ​ កំពុង​លើក​ដាក់​រថយន្ត​នៅ​ត្រង់​ចំណុច​ច្រក​របៀង​ព្រំដែន​បន្ទាយ​ដើម​ អម្ពិល​ ស្ថិត​ក្នុង​​ភូមិ​ភ្នំ​រូង ឃុំ​បឹង​វែង ស្រុក​ម៉ាឡៃ កាល​ពី​វេលា​រំលង​អធ្រាត្រ​យប់​ម្សិលមិញ។
លោក សៅ ប៊ុន អធិការ​ស្រុក​ម៉ាឡៃ បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ចម្រុះ បាន​បើក​យុទ្ធនាការ​ ចុះ​បង្រ្កាប​ការ​ដឹក​ឈើ​នៅម៉ោង ​៩​យប់ រហូត​ឈាន​ដល់​ម៉ោង​១​រំលង​អធ្រាត្រ​ថ្ងៃ​ពុធ​ម្សិលមិញ​ទើប​រឹប​អូស​ ឈើ​គ្រញូង​បាន​ប្រមាណ​ជា​ ៧ ម៉ែត្រ គុប។
130328_03b
សមត្ថ​កិច្ច​ទម្លាក់​ឈើ​គ្រញូង​ចេញ​ពី​ឡាន​​ពីម្សិលមិញ​

ការ​ចុះ​បង្ក្រាប​នេះ​បន្ទាប់​ពី​មាន​ការ​សង្ស័យ​លើ​រថយន្ត​ដឹក​ចុង​ អង្ករ និង​អង្ករ​ដែល​ដឹក​មក​ពី​ប្រទេស​វៀតណាម ឆ្ពោះ​ទៅ​ប្រទេស​ថៃ ​តាម​ច្រក​របៀង​បន្ទាយ​ដើម​អម្ពិល។
លោក​ឲ្យ​ដឹង​ទៀត​ថា​៖ «​យើង​បាន​ធ្វើ​ការ​ឃាត់​ឡាន​ដឹក​ចុង​អង្ករ ក៏​បាន​ឃើញ​ឡាន​ដឹក​គ្រញូង​នៅ​ពី​ក្រោយ​ និង​មាន​ឈើ​គ្រញូង​ជា​ច្រើន​ទៀត ​នៅ​តាម​មាត់​អូរ​និង​ក្នុង​អូរ​។ ឈើ​នេះ​គេ​ដឹក​ពី​ប្រទេស​ថៃ​ យក​មក​ទម្លាក់​នៅ​មាត់​អូរ​ ដើម្បី​ឲ្យ​ឈ្មួញ​នៅ​ស្រុក​ខ្មែរ​ ដឹក​ចេញ​បន្ត​ទៅ​ប្រទេស​វៀតណាម​។ នៅ​ក្នុង​ស្រុក​ម៉ាឡៃ​នេះ គ្មាន​ឈើ​គ្រញូង​សម្រាប់​នាំ​ចេញ​ទៀត​ទេ​»។​ ឈើ​ទាំង​នោះ​ ត្រូវ​បាន​ដឹក​យក​ទៅ​រក្សា​ទុក នៅ​ស្នងការ​​នរគបាល​ខេត្ត​កាល​ពី​ម្សិលមិញ ដើម្បី​ធ្វើ​ការ​វាស់​វែង​។
លោក​អែម សុខាអភិបាល​ស្រុក​ម៉ាឡៃ បាន​ឲ្យ​ដឹង​ថា​ លោក​បាន​ចុះ​សហការ​ជាមួយ​ព្រះរាជអាជ្ញា​ខេត្ត​បន្ទាយ​មាន​ជ័យ​បន្ទាប់​ពី ទទួល​ព័ត៌មាន​ថា​ មាន​ឈើ​ជា​ច្រើន កំពុង​ត្រូវ​បាន​គេ​ជញ្ជូន​ចេញ​ពី​ក្នុង​អូរ ដាក់​លើ​រថយន្ត​ Hyundai កង់​ ៦ ស្ថិត​ក្នុង​ភូមិ​ភ្នំ​រូង ឃុំ​បឹង​វែង។
លោក​ឲ្យ​ដឹង​ទៀត​ថា​៖ ​«​យើង​មិន​ត្រឹម​តែ​រឹប​អូស​ឈើ​គ្រញូង​ពី​លើ​រថយន្ត​នោះ​ទេ​ យើង​ក៏​បាន​ចុះ​ស្រង់​ឈើ​នៅ​ក្នុង​អូរ​ជាច្រើន​ទៀត​។ នេះ​គឺជា​ការ​ចុះ​បង្ក្រាប​ទ្រង់​ទ្រាយ​ធំ​លើក​ទី១ ហើយ​នៅ​ក្នុង​ស្រុក​ម៉ាឡៃ​ បន្ទាប់​ពី​បទ​បញ្ជា​ ០២ របស់​សម្តេច​នាយក​រដ្ឋ​មន្ត្រី​»។
នៅ​ក្នុង​ការ​ចុះ​បង្ក្រាប​នោះ ​ពុំ​​មាន​ការ​ឃាត់​​ខ្លួន​មនុស្ស​ណា​ម្នាក់​នោះ​ទេ ហើយ​គេ​ក៏​មិន​ដឹង​ថា​ ឈើ​ទាំង​នោះ ជា​កម្មសិទិ្ធ​របស់​អ្នក​ណា​នោះ​ដែរ​ ដោយ​សារ​តែ​រថយន្ត​នោះ ​ពុំ​មាន​ស្លាក​លេខ​។ លោក​អែម សុខា បាន​ឲ្យ​ដឹង​ទៀត​ថា​៖ ​«​បន្ទាប់​ធ្វើ​ការ​រួច​រាល់​ហើយ​ យើង​នឹង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ»។
លោក​វរសេនីយ៍​ឯក​យិន ប្រសិទ្ធ ប្រធាន​ការិយាល័យ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​ថា៖ «ឈើ​ដែល​យើង​រឹប​អូស​បាន​ទាំង ១០៩ ដុំ​នោះ ​គឺជា​ប្រភេទ​ដែល​ល្អ​បំផុត ខ្ញុំ​មិន​ដែល​ឃើញ​ពី​មុន​មក​ទេ​។ យើង​អាច​សន្និដ្ឋាន​ថា​ ១​ ដុំ​ ប្រហែល​ជា​មាន​តម្លៃ​ពី ២ ​ពាន់​ ទៅ ៣ ពាន់​ដុល្លារ​»។​
កាល​ពីថ្ងៃ​ទី​ ២២​ ខែ​កុម្ភៈ ឆ្នាំ ២០១៣ លោក​នាយក​រដ្ឋ​មន្ត្រី បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា ០២ បប ស្តី​ពី​វិធាន​ការ​បង្ការ​ ទប់ស្កាត់​ និង​បង្រ្កាប​ការ​កាប់​ ការ​ដឹក​ជញ្ជូន​ ការ​ប្រមូល ការ​ស្តុក​ទុក​ និង​ការ​នាំ​ឈើ​គ្រញូង​ចេញ​ ដោយ​ក្នុង​ចំនុច​ទី​ ១ នៃ​កថា​ខណ្ឌ​ទី២ បាន​លើក​ឡើង​ថា​ ករណី​មាន​ការ​ឆ្លង​ដែន​ខុស​ច្បាប់​ ក្នុង​ភូមិសាស្ត្រ​ឈរ​ជើង​របស់​អង្គភាព​ណា​មួយ​ មេបញ្ជា​ការ​អង្គភាព​នោះ​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ រាជរដ្ឋាភិបាល​។​ កាល​ពី​ខែ​មករា ឆ្នាំ​ ២០១០ លោក ហ៊ុន សែន​ បាន​ដាក់​បទ​បញ្ជា​ជា​លើក​ទី ១ និង​ព្រមាន​ខ្លាំងៗ ទៅ​លើ​មន្ត្រី​យោធា​ទាំង​អស់ ឲ្យ​បញ្ឈប់​សកម្មភាព​កាប់​ព្រៃឈើ និង​បញ្ឈប់​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី ឬគាំទ្រ​អ្នក​រក​ស៊ី​ឈើ​ខុស​ច្បាប់​។ ប៉ុន្មាន​ម៉ោង​ក្រោយ​បន្ទាប់​ពីបទ​បញ្ជា​នោះ​ អាជ្ញាធរ​ខេត្ត​សៀមរាប បាន​រក​ឃើញ​ឈើ​ប្រណីត​ខុស​ច្បាប់​ប្រមាណ ៤០០ ​ម៉ែត្រ​គុប ដែល​ជា​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា​សុខ គង់ ម្ចាស់​ក្រុមហ៊ុន​ប្រេង​សូគីម៉ិច និង​ទីតាំង​មួយ​ទៀត ជា​របស់​លោក​ឧកញ៉ា ឡៅ ម៉េងឃីន គឺជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា។
130328_03b
លោក ឈឹម​ សាវុទ្ធ​ មន្ត្រី​សម្រប​សម្រួល​គម្រោង​ របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ថ្លែង​ថា​ ចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរ​នោះ​ វា​ពុំ​មាន​អ្វី​ដែល​ប្លែក​នោះ​ទេ​ ហើយ​នឹង​ពុំ​មាន​ប្រ​សិទ្ធភាព​ក្នុង​ការ​ទប់​ស្កាត់​បទ​​ល្មើស​កាប់ និង​​ជួញ​ដូរ​ឈើ​គ្រញូង​នោះ​ឡើយ​។ លោក​​ថ្លែង​ថា​៖ «​បើ​ចង់​ទប់​ស្កាត់ ​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ គឺ​ត្រូវ​តែ​ចាប់​មេ​ក្លោង​រក​ស៊ី​ឈើ​គ្រញូង ឬ​​ក៏​ឈ្មួញ​ធំ​ៗ យក​មក​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់​ ពី​ព្រោះ​កន្លង​មក ​នៅ​ពេល​ដែល​ចាប់​បាន​ឈើ​​​គ្រញូង គឺ​ចាប់​បាន​តែ​អ្នក​បើក​រថយន្ត​ស៊ីឈ្នួល​គេ​ប៉ុណ្ណោះ​ ហើយ​ក៏​មិន​ដឹង​ថា ឈើ​គ្រញូង​ទាំង​នោះ​ ត្រូវ​បាន​គេ​យក​ទៅ​ណា​នោះ​ដែរ​»។​

លោក​ឈឹម សាវុទ្ធ ដែល​តែង​តែ​ចូល​រួម​យ៉ាង​សកម្ម ជា​មួយ​សហគមន៍ ដើម្បី​ការ​ពារ​ព្រៃ​ឈើ បាន​លើក​ឡើង​​ថា​ អ្នក​ដែល​រក​ស៊ី​​ឈើ​គ្រញូង​ភាគ​ច្រើន​ជា​មន្ត្រី​សមត្ថកិច្ច​ និង​អ្នក​មាន​អំណាច​ គ្មាន​ប្រជា​ពល​រដ្ឋ​តូច​តាច​ណា អាច​រក​ស៊ី​បាន​ទេ​៕



0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com