តុលាការសាកសួរមេចលនាក្បាលខ្លាលើបទចោទថ្មី
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ បានសាកសួរទណ្ឌិត សោម ឯក ជនជាប់ទោសជាមេដឹកនាំក្រុមភេរវករ«ចលនាក្បាលខ្លា»និង «រណសិរ្សបង្រួមបង្រួមជាតិខ្មែរ» ទៅលើបទចោទមួយថ្មីទៀត គឺបទសមគំនិតសម្លាប់ពាណិជ្ជករចិនម្នាក់ដោយចេតនា នៅក្នុងរាជធានីភ្នំពេញ ពីឆ្នាំ២០០០។
មន្ត្រីក្រឡាបញ្ជីនៅ សាលាដំបូងរាជធានីភ្នំពេញដែលសុំមិនឲ្យបញ្ចេញឈ្មោះបានឲ្យដឹងថា លោក សោម ឯក ហៅ ជា គឹម ហឿន ឬ ហៅ ទី តូ អាយុ៥១ឆ្នាំ ជាមេក្រុមភេរវករហៅ «ចលនាក្បាលខ្លា» និង «រណសិរ្សបង្រួបបង្រួមជាតិខ្មែរ» ត្រូវបានសាកសួរដោយលោកស្រី ចាំង ស៊ីណាត ចៅក្រមស៊ើបសួរនៅសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃ ពុធទី២៧ ខែមីនា ឆ្នាំ២០១៣ លើបទចោទថ្មីមួយ។
មន្ត្រីក្រឡាបញ្ជីរូបនេះបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ពីថ្ងៃពុធថា៖ «គាត់ត្រូវតុលាការចោទប្រកាន់មួយករណីទៀតពីបទសមគំនិតសម្លាប់ ពាណិជ្ជករចិនដោយចេតនានៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០០០។ គាត់ត្រូវចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញសាកសួរពី ព្រឹកមិញ»។
មន្ត្រីក្រឡាបញ្ជីរូបនេះបន្ថែមថា៖ «បើសិនគាត់ត្រូវបានរកឃើញមានពិរុទ្ធមែនគាត់នឹងត្រូវប្រឈមនឹង ការផ្ដន្ទាទោសមួយទៀត ត្រូវជាប់ពន្ធនាគារយ៉ាងតិច៥ឆ្នាំ បន្ថែមពីលើទោសរបស់គាត់កាលពីមុន»។
មន្ត្រីដដែលនេះបានបញ្ជាក់ ដែរថា លោក សោម ឯក ត្រូវបានបុរសចិនម្នាក់ឈ្មោះ Fong Chi អាយុ៤៤ឆ្នាំ ចោទប្រកាន់ពាក់ព័ន្ធនឹងមានផែនការសម្លាប់គាត់ដោយចេតនា នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីឆ្នាំ២០០០។
ទោះយ៉ាងណា មន្ត្រីម្នាក់នេះមិនបានប្រាប់លម្អិតពីសកម្មភាពពាណិជ្ជកម្មរបស់លោក Fong Chi ទាក់ទិនករណីនេះទេ។
លោកស្រី ចាំង ស៊ីណាត ចៅក្រមស៊ើបសួរដែលកាន់សំណុំរឿងនេះ មិនអាចទាក់ទងសុំការអធិប្បាយបានទេពីម្សិលមិញ។
លោក សោម ឯក ដែលបានបង្ហាញខ្លួននៅឯសាលាដំបូងភ្នំពេញ កាលពីម្សិលមិញបានបដិសេធការចោទប្រកាន់លើរូបគាត់ ហើយនិយាយថា គាត់មិនដែលស្គាល់ឬក៏ពាក់ព័ន្ធនឹងអ្នកចោទប្រកាន់លោកទេ។ គាត់ជាជនរងគ្រោះក្នុងបទចោទប្រកាន់លើករណីនេះ។
លោក សោម ឯក និយាយប្រាប់ភ្នំពេញ ប៉ុស្តិ៍ពីថ្ងៃពុធថា៖«ខ្ញុំមិនដឹងពីករណីមនុស្សឃាតនេះទេ ហើយខ្ញុំក៏មិនបានពាក់ព័ន្ធ ឬក៏បានប្រព្រឹត្តដូចគេចោទប្រកាន់ដែរ។ ខ្ញុំគិតថា ករណីនេះជាការបំផ្លើសដែលមានការរៀបចំទុកជាមុនដោយមន្ត្រី រដ្ឋាភិបាលកម្ពុជា ក្នុងបំណងដាក់ទោសខ្ញុំនៅក្នុងពន្ធនាគារឲ្យបានកាន់តែយូរជាង នេះ»។
គាត់បានបន្ថែមថា ៖ «ខ្ញុំជាជនស្លូតត្រង់ នៅក្នុងបទចោទថ្មីនេះ ដូច្នេះ ខ្ញុំស្នើឲ្យតុលាការទម្លាក់ការចោទប្រកាន់លើរូបខ្ញុំ»។ គាត់ក៏បានអំពាវនាវឲ្យតុលាការរកការពិត និងយុត្តិធម៌ឲ្យរូបគាត់លើករណីនេះផងដែរ។
តាមឯកសារតុលាការ ដែលភ្នំពេញ ប៉ុស្តិ៍ទទួលបានពីថ្ងៃម្សិលមិញ លោក សោម ឯក ត្រូវបានចាប់ខ្លួនដោយកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីខែមករា ឆ្នាំ២០០៩ ពាក់ព័ន្ធនឹងការរៀបចំផែនការបំផ្ទុះគ្រាប់នៅក្រៅក្រសួងការពារ ជាតិ និងជិតស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ និងជាមេគំនិតនៅពីក្រោយផែនការដាក់គ្រាប់បែកនៅស្តូបមិត្តភាព កម្ពុជា-វៀតណាម ក្នុងរាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០០៧។
ចំពោះ ករណីដំបូងពាក់ព័ន្ធនឹងការរៀបចំផែនការបំផ្ទុះនៅក្រៅក្រសួង ការពារជាតិ និងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ លោក សោម ឯក ត្រូវតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២៨ឆ្នាំ ហើយករណីទីពីរទាក់ទងជាមេគំនិតនៅពីក្រោយផែនការដាក់គ្រាប់ បែកនៅស្តូបមិត្តភាព កម្ពុជា-វៀតណាមមុខវត្តបទុមវតី នោះគាត់ត្រូវតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១៨ ឆ្នាំ៕ PN
0 Comments:
Post a Comment