Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Monday, April 1, 2013

សោកនាដកម្ម​ព្រៃ​ឈើ​មើល​ពី​ប្រព័ន្ធ​ផ្កាយ​រណប

0 Comments

សោកនាដកម្ម​ព្រៃ​ឈើ​មើល​ពី​ប្រព័ន្ធ​ផ្កាយ​រណប


130401_03
ដើម​ឈើ​នៅ​តំបន់​ដី​សម្ប​ទានក្រុម​ហ៊ុន​ Tay Nam K company ស្ថិត​ក្នុង​តំបន់​សត្វ​ព្រៃ​ស្រុក​ស្នួល​។ រូបថត ជីវ័ន


ភ្នំពេញៈ សំឡេង​មនុស្ស​ម្នាក់​និយាយ​ខ្លាំងៗ​ថា៖ «​អាណា​ថា​ចុះ​កំពង់​ផែ​កំពង់​សោម​មិន​កើត ​អា​ឆ្កែ​ឆ្កួត​ណា អាពួក​ឆ្កួត​ណា ថា​គេ​ធ្វើ​មិន​កើត​​»។ ​អ្នក​និយាយ​ដែល​ថត​បាន​ក្នុង​វិដេអូ​ដែល​ភ្នំពេញ​ ប៉ុស្តិ៍ ទទួល​បាន គឺជា​សមាជិក​ក្រុម​រក​ស៊ី​ឈើ​ខុស​ច្បាប់។
គាត់​គឺជា​បុរស ដែល​ថា«អាច្រមុះ​ស្រួច​» ​ពាក្យ​ខ្មែរ​ថា ពួក​បរទេស ​នៅ​ជុំវិញ​កន្លែង​ដាក់​ឈើ​មាន​កុងតឺន័រ​ជាច្រើន​ដែល​ផ្ទុក ឈើ​ប្រណីត។ ឈរ​នៅ​មុខ​កុងតឺន័រ​បើក​ចំហ​ ដែល​ក្នុង​កុងតឺន័រ​មាន​ឈើ​ធ្នង់ បុរស​ម្នាក់​ដែល​គេ​ថា​ ជា​ម្ចាស់ មាន​ទឹក​មុខ​រីករាយ​និង​សើច​សប្បាយ​យ៉ាង​ខ្លាំង​។
បុរស​ម្នាក់​និយាយ​ថា៖ «សំខាន់​ឲ្យ​តែ​ត្រូវ​ពី​នោះ​មក ដាក់​មក​ដល់ ទីនេះ ដឹង​តែ​គេ​យក​អស់​ហើយ​»។ មាន​កុង​តឺន័រ​យ៉ាង​តិច​ចំនួន ៣៧ ផ្ទុក​ឈើ​ប្រណីត ដែល​មាន​តម្លៃ​ប្រហែល​រាប់​លាន​ដុល្លារ។ គេ​ពុំ​ស្គាល់​អត្តសញ្ញាណ​របស់​មនុស្ស​និយាយ​សម្តី​នោះ​ទេ​ហើយ​គាត់​ អាច​មក​ពី​កន្លែង​ណា​មួយ​ក្នុង​ប្រទេស​កម្ពុជា។ តាម​ពិត ការ​កាប់​ឈើ​ប្រភេទ​នេះ កំពុង​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
ប៉ុន្តែ​កន្លែង​ផ្សេង​ទៀត ​មិន​ត្រូវ​បាន​គេ​ឃើញ​ច្បាស់ ដូច​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​ឡើយ ដែល​សង​ខាង​ផ្លូវ​ នៅ​តំបន់​ឦសាន​ ខេត្ត​ក្រចេះ មណ្ឌល​គិរី និង​រតនគិរី​ពោរ​ពេញ​ទៅ​ដោយ​ចម្ការ​កៅស៊ូ។
បើ​មើល​ពី​លើ​អាកាស​វិញ គេ​ឃើញ​ច្បាស់​ថា ​ពាណិជ្ជកម្ម​ឈើ​ប្រណីត មាន​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​នេះ​ បាន​បំផ្លាញ​ទី​ជម្រក​សត្វ​ព្រៃ​ស្នួល​ទំហំ ៧៥.០៨៩ ហិកតា​រួច​ទៅ​ហើយ។
រូបថត​ពី​ផ្កាយ​រណប Landsat ​ពីរ​របស់ NASA ​ដែល​ភ្នំពេញ ប៉ុស្តិ៍ ប្រមូល​ពី​រូប​ថត​រវាង​ឆ្នាំ ២០០៩ និង​ឆ្នាំ ២០១៣ បាន​ឲ្យ​ដឹង​ថា ព្រៃ​បៃតង​ក្នុង​ទីជម្រក​ទាំង​មូល​ប្រហែល ៦០ ភាគ​រយ ត្រូវ​បាន​កាប់​អស់​ហើយ។ មួយ​ផ្នែក​តូច​នៃ​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ ៥៥.១៣៥​ហិកតា​ប៉ុណ្ណោះ នៅ​មាន​ពណ៌​បៃតង ហើយ​មាន​មូល​ហេតុ​តិច​តួច​បំផុត​ដែល​ធ្វើ​ឲ្យ​គម្រប​ព្រៃ​នេះ​ នឹង​បន្ត​មាន​ពណ៌​បៃតង​រយៈ​ពេល​យូរ​ទៀត​។ ​ជា​សញ្ញា​អាក្រក់​មួយ គឺ​ជុំវិញ​ប៉ុស្តិ៍​មេ​ព្រៃ​មួយ​ក្នុង​ទីជម្រក​សត្វ​ព្រៃ​ស្នួល​ជា​ដី​ព្រៃ​ ដែល​បាន​កាប់​បំផ្លាញ​អស់​ជាច្រើន​ហិកតា​ ហើយ​កន្លែង​ខ្លះ​នៅ​មាន​ផ្សែង​ដុត​ព្រៃ​នៅ​ឡើយ​។ ​ដី​នៅ​សល់​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​បាន​ផ្តល់​ទៅ​ឲ្យ​ក្រុម​ហ៊ុន ​វៀតណាម Tay Nam K ត្រូវ​បាន​ប្រែ​ក្លាយ​ជា​ចម្ការ​កៅស៊ូ​ហើយ។
ប៉ុន្តែ​នៅ​ច្រក​ទ្វារ​ដី​សម្បទាន​របស់​ក្រុម​ហ៊ុន Binh Phuoc Kratie Rubber 2 ​ក្បែរ​នោះ នៅ​ជាប់​នឹង​តំបន់​អភិរក្ស​ជីវចម្រុះ​សីមា​ទំហំ ៣០៥.៦៤៧ ហិកតា ​ការ​ចេញ​ចូល​ទៅ​ក្នុង​ដី​សម្បទាន​នេះ​ ត្រូវ​បាន​បិទ។ តំបន់​អភិរក្ស​ ដែល​ត្រូវ​បាន​រក្សា​អភិរក្ស​យ៉ាង​ល្អ នឹង​ក្លាយ​ជា​តំបន់​បន្ទាប់​ដែល​ទទួល​រង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ។
ក្រុមហ៊ុន Binh Phuoc Kratie Rubber 2 ក៏​ប្រើ​ប្រាស់​ស្លាក​សញ្ញា​ចំអក​ផង​ដែរ។ ក្រោម​ប័ណ្ណ​ប្រកាស​មួយ ​របស់​ក្រុម​ហ៊ុន​កៅស៊ូ​មួយ​នេះ គេ​សរសេរ​ថា៖ «​អ្នក​វិនិយោគ៖ Tien Dat Furniture Corporation Binh Dinh»។
ក្នុង​ខែ​មិថុនា​ ឆ្នាំ​មុន លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រុម​ហ៊ុន​កៅស៊ូ​បី ក្នុង​នោះ​មាន​ក្រុមហ៊ុន Binh Phuoc ដែល​កាន់​កាប់​ដី​សម្បទាន​ទំហំ ១០០០០ ហិកតា​ក្បែរ​នោះ ក្នុង​តំបន់​អភិរក្សជីវ​ចម្រុះ​សីមា ឲ្យ​បញ្ឈប់​ការ​កាប់​ឈើ​​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ពួក​គេ​ទំហំ​ ប្រហែល ៨៥ ភាគ​រយ ដែល​នៅ​ជា​ព្រៃ​បៃតង ឬ​បៃ​តង​ពាក់​កណ្តាល។ ​រូប​ភាព​ពី​ផ្កាយ​រណប Landsat ​បង្ហាញ​ថា ក្រុមហ៊ុន Binh Phuoc Kratie Rubber 1 ក្រុម​ហ៊ុន Binh Phuoc Kratie Rubber 2 និង​ក្រុម​ហ៊ុន​ Eastern Rubber (Cambodia) បាន​បន្ត​បង្កើន​ការ​កាប់​ឈើ​កាន់​តែ​ខ្លាំង​ក្លា​ឡើង។ វា​ពិបាក​កំណត់​ភាគ​រយ​ពិត​ប្រាកដ​នៃ​ការ​កាប់​ព្រៃ​ឈើ​ តាម​រយៈ​រូបភាព​ពី​ផ្កាយ​រណប ប៉ុន្តែ​វា​ងាយ​នឹង​មើល​ឃើញ​ថា ​ទំហំ​ដី​ព្រៃ​ដ៏​ធំ​បាន​បាត់ ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុម​ហ៊ុន​ទាំង​បី ចាប់​តាំង​ពី​លោក ហ៊ុន សែន បាន​ធ្វើ​ការ​ណែ​នាំ។
កិច្ច​អន្តរាគមន៍ របស់​លោក​នាយក​រដ្ឋ​មន្រ្តី ដើម្បី​សង្គ្រោះ​ទី​ជម្រក​សត្វ​កុំ​ឲ្យ​ជួប​ជោគ​វាសនា​ដូច​តំបន់​ខាង ត្បូង ហាក់​បី​ដូច​ជា​បាន​កែ​ប្រែ​បញ្ច្រាស់​វិញ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​គាត់​បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា។
លោក មែន វណ្ណា អភិបាល​រង​ស្រុក​ស្នួល បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា បន្ទាប់​ពី​បទ​បញ្ជា​របស់​លោក​ហ៊ុន សែន ត្រូវ​បាន​ដាក់​ចេញ​ គណៈកម្មាធិការ​ស្រាវ​ជ្រាវ​ចម្រុះ​មួយ ​បាន​បង្កើត​ឡើង ដែល​ដឹក​នាំ​ដោយ​លោក យឹម ឆៃលី ឧបនាយក​រដ្ឋ​មន្រ្តី។ លោក​បាន​បន្ត​ថា គណៈកម្មាធិការ​នេះ​កំណត់​ថា ដោយ​សារ​ក្រុមហ៊ុន Binh Phuoc Kratie Rubber 2 ពុំ​គំរាម​កំហែង​ដល់​ដី​ព្រៃ​ដែល​មាន​ស្រាប់ ​ក្រុមហ៊ុន​នឹង​ទទួល​បាន​មក​វិញ​នូវ​ដី​សម្បទាន​ទំហំ ៥០០០ ហិកតា ឬ​ពាក់​កណ្តាល​នៃ​ទំហំ​ដី​សម្បទាន​សរុប។ ​លោក វណ្ណា បាន​ថ្លែង​ថា៖ «​ព្រៃ​ ដែល​បាន​ឈូស​ឆាយ​ដោយ​ក្រុមហ៊ុន គឺ​ជា​ព្រៃ​រង​ការ​ខូច​ខាត​ វា​មិន​មែន​ជា​ព្រៃ​បៃតង​ទេ​» ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា សូម្បី​តែ​មន្រ្តី​របស់​លោក ក៏​ត្រូវ​ស្នើ​សុំ​ការ​អនុញ្ញាត​​ពី​ក្រុម​ហ៊ុន មុន​ពេល​ចូល​ទៅ​ក្នុង​តំបន់​នោះ​ផង​ដែរ​។
វា​គឺជា​លេស​ចាស់​គំរឹល​មួយ ដែល​ថា ​ក្រុម​ហ៊ុន​ ដែល​ទទួល​បាន​ដី​សម្បទាន​ ក្នុង​តំបន់​អភិរក្ស​គ្រាន់តែ​ឈូ​ស​ឆាយ​ព្រៃ​ដែល​ខូច​ខាត​​រួច​ហើយ ​ហើយ​ជា​លេស​មួយ​ ដែល​អាច​មើល​ឃើញ​ច្បាស់​ពី​ផ្កាយ​រណប។ រូបភាព​ផ្កាយ​រណប​ បាន​បង្ហាញ​ថា ការ​កាប់​ឈើ​នៅ​ទី​នេះ​ បាន​តម្រង់​រក​ព្រៃ​បៃ​តង​ជា​ពិសេស។ បើ​ទោះ​បី​ជា​រូបភាព​ផ្កាយ​រណប អាច​មាន​លក្ខណៈ​ស្រពេច​ស្រពិល ពេល​​វិភាគ​​អំពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ព្រោះ​ដើម​ឈើ​ជ្រុះ​ស្លឹក​ក្នុង​រដូវ​ប្រាំង ​ធ្វើ​ឲ្យ​ពិបាក​សម្គាល់​តំបន់​នោះក្តី ក៏ប៉ុន្តែ​លទ្ធផល​មាន​លក្ខណៈ​ច្បាស់​លាស់ ទាក់​ទង​ទៅ​​នឹង​ព្រៃ​បៃតង​។
ក្រុមហ៊ុន​ទាំង​បី​ ដែល​លោក​នាយក​រដ្ឋ​មន្រ្តី​បញ្ជា​ឲ្យ​ឈប់​កាប់​ព្រៃ​ឈើ ​ពុំ​បាន​​​បង្ហោះ​​ព័ត៌​មា​ន​ទាក់​ទង​​ទៅ​នឹង​ការ​កាប់​ឈើ​នៅ​លើ​អ៊ីនធឺណិត ​ទេ។ ពេល​ភ្នំពេញ ប៉ុស្តិ៍ ទំនាក់​ទំនង​ការិយាល័យ​នៅ​កម្ពុជា​របស់​ក្រុម​ហ៊ុន​កៅស៊ូ​របស់​រដ្ឋ​វៀតណាម​ ដ៏​ធំ​បំផុត គឺ​ក្រុមហ៊ុន Vietnam Rubber Group ​និយោជិត​ម្នាក់​បាន​ថ្លែង​ថា គេ​គ្មាន​សិទិ្ធ​អំណាច​និយាយ​អំពី​ក្រុម​ហ៊ុន​ទេ ហើយ​បាន​បដិសេធ​មិន​និយាយ​ថា តើ​ពួក​គេ​ពាក់​ព័ន្ធ​នឹង​ក្រុមហ៊ុន VRG ​ឬ​យ៉ាង​ណា​ឡើយ។ ​​គាត់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កុំ​ឲ្យ​ទូរស័ព្ទ​មក ហើយ​បាន​បង្វែរ​សំណួរ​ឲ្យ​ទៅ​សួរ​ការិយាល័យ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​វិញ​ ដែល​ពុំ​អាច​ទាក់​ទង​បាន​ឡើយ។
លោក​ឧប​នាយក​រដ្ឋ​មន្រ្តី យឹម​ ឆៃលី ពុំ​លើក​ទូរស័ព្ទ​ទេ។
ក្រុមហ៊ុន​កៅស៊ូ លោក វណ្ណា បាន​ទម្លាក់​កំហុស​ភាគ​ច្រើន​ទៅ​លើ ការ​កាប់​ឈើ​ព្រៃ​អភិរក្ស ដោយ​អ្នក​តាំង​លំនៅ​ដែល​ហូរ​ចូល​ទីនោះ​ បន្ទាប់​ពី​ការ​ចាប់​ផ្តើម​គម្រោង​ផ្តល់​កម្មសិទិ្ធ​ដី​ធ្លី​របស់​លោក នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ​កាល​ពី​ខែ​កក្កដា។ ​លោក​បាន​បន្ត​ថា តាំង​ពី​ពេល​នោះ​មក​មាន ប្រជាជន ៤៩ ​គ្រួសារ​ ដែល​តវ៉ា​ដី​ទំហំ​៦០ ទៅ​ ១០០ ហិកតា ដែល​ក្រុម​ហ៊ុន​បាន​អះអាង​ថា ជា​របស់​ខ្លួន​នោះ​បាន​កើន​ឡើង​ដល់​៤០៥​គ្រួសារ។
លោក វណ្ណា បាន​បញ្ជាក់​ថា៖ «​ដី​ដែល​ពួក​គេ​កាន់​កាប់​គឺ​ដី​ព្រៃ វា​មិន​មែន​ជា​ដី ដែល​ពួក​គេ​បាន​ប្រើប្រាស់​ ដើម្បី​ដាំ​ដុះ​ពី​មុន​ទេ។ ពួក​គេ​ជា​អ្នក​ចំណូល​ថ្មី ហើយ​មូលហេតុ​ដែល​ពួក​គេ​កាន់​កាប់​ដី​ព្រៃ​ដែល​ជា​របស់​ក្រុម​ហ៊ុន គឺ​ដោយ​សារ​តែ​ពួកគេ​ សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​វាស់​វែង​ដី​ឲ្យ​ពួក​គេ»។
អ្នក ស្រី មុំ សាគីន អាយុ ៥៤ ឆ្នាំ បាន​ប្រយុទ្ធ​ដើម្បី​ការ​ពារ​តំបន់​អភិរក្ស​ជីវ​ចម្រុះ​សីមា​ តាំង​ពី​ឆ្នាំ ២០០០ មក​ តាម​រយៈ​កម្ម​វិធី​ព្រៃ​សហគមន៍ ហើយ​បាន​ដឹក​នាំ​កិច្ច​អន្តរាគមន៍​ផ្ទាល់​នា​សប្តាហ៍​នេះ ពេល​អ្នក​ភូមិ​រឹប​អូស​បាន​រណារ ​និង​គ្រឿង​ចក្រ​ឈូស​ឆាយ​ពី​ដី​សម្បទាន​របស់​ក្រុម​ហ៊ុន Binh Phuoc Kratie Rubber 2។
អ្នក​ស្រី​រកាំ​ចិត្ត ដោយ​សារ​អ្នក​ចំណាក​ស្រុក ដែល​បាន​ហូរ​ចូល​ក្នុង​តំបន់​នេះ ​​តាំង​ពី​ពេល​ចាប់​ផ្តើម​គម្រោង​ផ្តល់​ប័ណ្ណ​កម្មសិទិ្ធ​ដីធ្លី ​ប៉ុន្តែ​អ្នក​ស្រី​បារម្ភ​ខ្លាំង​ជាង​ទៅ​លើ​សកម្ម​ភាព​គ្មាន​គិត​របស់​ ក្រុម​ហ៊ុន​បរទេស ដែល​អ្នក​ស្រីថា កំពុង​តែ​បំផ្លាញ​ធនធាន​ធម្ម​ជាតិ​នៅ​នឹង​មុខ​​។ អ្នក​ស្រី​លើក​ឡើង​ថា៖ «​ពី​មុន យើង​រស់​នៅ​មាន​ព្រៃ​បៃតង​ស្រស់​ ប៉ុន្តែ​ឥឡូវ​នេះ​យើង​រស់​នៅ​គ្មាន​អ្វី​ទេ​។ យើង​ឃើញ​តែ​គល់​ឈើ​ដែល​ហុយ​ផ្សែង​ពេល​គេ​ដុត​»។
អ្នក​ស្រី សាគីន បាន​រៀប​រាប់​អំពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ ដោយ​អ្នក​ភូមិ​ចូល​កាប់​ឈើ​ឲ្យ​ក្រុម​ហ៊ុន ដែល​ទទួល​បាន​កិច្ច​ការពារ​ពី​កង​រាជ​អាវុធ​ហត្ថ​ និង​ទាហាន​ ដែល​ជា​អ្នក​ទារ​ប្រាក់​ពី​អ្នក​កាប់​ឈើ​ខុស​ច្បាប់ នៅ​ប៉ុស្តិ៍​ចំនួន ៦ ដែល​បង្កើត​ឡើង​ក្នុង​តំបន់​នេះ។ អ្នក​ស្រី​បាន​ចោទ​ថា ​ពួកគេ​យក​ប្រាក់​២,៥០ ដុល្លារ ក្នុង​មួយ​រទេះ​ពី​អ្នក​កាប់​ឈើ​៤៥ ដុល្លារ​ចំពោះ​រណារ​មួយ​និង ១២៥ ដុល្លារ​ចំពោះ​ឈើ​មួយ​ឡាន​។ អ្នក​ស្រី​បន្ត​ទៀត​ថា៖ «ក្រុមហ៊ុន​តែង​តែ​បាញ់​ទៅ​លើ​​ដើម្បី​គំរាម​ប្រជាជន​ដែល​មិន​ចង់​ ផ្លាស់​ទីពេល​ពួក​គេ​មក​ឈូស​ឆាយ​ដី»។

មន្រ្តី​ពី​រដ្ឋ​បាល​ព្រៃ​ឈើ ​ស្រុក​ស្នួល ​ដែល​ទទួល​ខុស​ត្រូវ​ការ​ពារ​​​តំបន់​អភិរក្ស​ជីវ​ចម្រុះ​សីមា ​និង​​កង​រាជ​អាវុធ​ហត្ថ​ស្រុក ពុំ​បាន​លើក​ទូរស័ព្ទ​របស់​ភ្នំពេញ ប៉ុស្តិ៍​ឡើយ ចំណែក​ឯ​លោក ខេង ទីតូ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ថ្លែង​ថា លោក​មិន​បាន​ដឹង​អំពី​បញ្ហា​នេះ​ទេ។ បុគ្គល​ម្នាក់​ដែល​ដឹង​អំពី​បញ្ហា​នេះ​បាន​ថ្លែង​ថា​ គឺ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដែល​ថ្លែង​កាល​ពី​ខែ​កុម្ភៈ​ថា គាត់​​កំពុង​ចូល​រួម​យុទ្ធនាការ​ការពារ​ឈើ​ប្រណីត និង​បង្ក្រាប​លើ​ការ​កាប់​ឈើ​ខុស​ច្បាប់។ ​សំណាង​មិន​ល្អ​ឈើ​ប្រណីត​ភាគ​ច្រើន​នៅ​កម្ពុជា​បាន​បាត់​បង់​​អស់​ហើយ តែ​មាន​ប្រភេទ​ឈើ​ជា​ច្រើន​ថែម​ទៀត ដែល​នៅ​សល់​សម្រាប់​ការ​ជួញ​ដូរ​ខុស​ច្បាប់។ ទន្ទឹម​នឹង​នេះ ចំពោះ​មេ​ខ្លោង​ប្រតិបតិ្តការ​កាប់​ឈើ​នេះ ការ​ជួញ​ដូរ​របស់​ពួក​គេ​កំពុង​តែ​បន្ត​ ដោយ​ពុំ​ភ័យ​ខ្លាច​ចំពោះ​ផល​វិបាក​អ្វី​ឡើយ។
សំឡេង​មួយ​ក្នុង​វីដេអូ បាន​និយាយ​ថា៖ «​ពួក​ម៉ាក ទៅ​ឈរ​កន្លែង​នោះ​ទៅ​ដើម្បី​ថត​រូប​ឲ្យ​គេ​ដឹង​ថា​ពួក​ម៉ាក​ឯង​ថៅ​កែ​ឈើ​»។ ខណៈ​ពេល​ម្ចាស់​កំពុង​ឈរ​មុខ​កាមេរ៉ា​សំឡេង នោះ​បន្ត​ថា៖ «​ឯង​[ខ្ញុំ]​ថត​វីដេអូ។ ទៅ​ដល់​ថត​ដាក់​ចូល​ memory​ហ្មង​។ នេះ​​ម្ចាស់​ឈើ​ប្រណីត។ បង​ឈរ​ គាត់​ជា​ថៅ​កែ​ឈើ​ ថៅ​កែ​គ្រញូង​ ស្គាល់​គាត់​ឲ្យ​ហើយ ត្រូវ​ការ​ទាក់​ទង​ទិ​ញ​​គ្រញូង​អី គឺគាត់ហ្នឹង​ហើយ»៕ភ្នំពេញប៉ុស្តិ៍ TK

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com