កូរ៉េខាងជើង ប្រកាសរដ្ឋក្នុងស្ថានភាពសង្គ្រាម ជាមួយកូរ៉េខាងត្បូង អាមេរិកថាអត់ប្រយោជន៍
អាមេរិកបាននិយាយថា ខ្លួនយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់ចំពោះការប្រកាស នេះ ប៉ុន្តែបានកត់សម្គាល់ថា ខ្លួននឹងអនុវត្តទៅតាមគំរូដែលធ្លាប់ធ្វើ ខណៈកូរ៉េខាងត្បូងសេអ៊ូលភាគច្រើនបានបដិសេធថាវាគ្រាន់តែជាការ គំរាមចាស់ដែលបំពាក់ដោយសម្លៀកបំពាក់ថ្មីតែប៉ុណ្ណោះ។
វាគឺជាការគំរាមកំហែងថ្មីបំផុតមួយក្នុងចំណោមការប្រកាសក្នុង សំឡេងធ្ងន់ៗបន្ទាន់ពីទីក្រុងព្យុងយ៉ាង ដែលត្រូវគ្នានឹងការព្រមានខ្លាំងៗពីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនដោយបញ្ឆេះកង្វល់អន្តរជាតិថាស្ថានការណ៍ នេះអាចកើនឡើងហួសពីការគ្រប់គ្រង។
នៅក្នុងសេចក្តីថ្លែងការណ៍រដ្ឋាភិបាលមួយដែលផ្សាយដោយទីភ្នាក់ ងារសារព័ត៌មានមជ្ឈិមកូរ៉េ កូរ៉េខាងជើងបាននិយាយថា៖ «ចាប់ពីពេលនេះទៅ ទំនាក់ទំនងអន្តរកូរ៉េ បានចូលទៅក្នុងសភាពនៃសង្គ្រាមមួយ ហើយរាល់បញ្ហារវាងកូរ៉េទាំងពីរនឹងត្រូវដោះស្រាយស្របដោយអនុលោម ទៅតាមពិធីសារសង្គ្រាម»។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា៖ «ស្ថានការណ៍យូរអង្វែងនៅឧបទ្វីបកូរ៉េ ដែលមិនកំពុងទទួលបានសន្តិភាព ឬក៏ស្ថិតនៅក្នុងសង្គ្រាមដែរទីបំផុតចប់ហើយ»ដោយបន្ថែមថា ការបង្កហេតុណាមួយរបស់អាមេរិក ឬកូរ៉េខាងត្បូងនឹងបង្កទៅជា«សង្គ្រាមនុយក្លេអ៊ែរមួយ»។
តាមលក្ខណៈបច្ចេកទេស កូរ៉េទាំងពីរនៅតែធ្វើសង្គ្រាមនឹងគ្នាអស់រយៈពេល៦ទសវត្សរ៍ហើយ ពីព្រោះសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣ ត្រូវបានបញ្ចប់ដោយកិច្ចព្រមព្រៀងឈប់បាញ់ មិនមែនសន្ធិសញ្ញាសន្តិភាពទេ។
កូរ៉េខាងជើងបានប្រកាសកាលពីដើមខែនេះថា ខ្លួនបានហែកចោលកិច្ចព្រមព្រៀងឈប់បាញ់ និងកតិកាសញ្ញាសន្តិភាពជាច្រើនទៀតដែលបានចុះហត្ថលេខាជាមួយក្រុង សេអ៊ូលជាការតវ៉ាប្រឆាំងនឹងសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាង ត្បូង-អាមេរិក។
សេតវិមានបានចាត់ទុកសេចក្តីថ្លែងការណ៍ចុងក្រោយបំផុតពីទីក្រុង ព្យុងយ៉ាងថា «អត់ប្រយោជន៍» ហើយខណៈយកចិត្តទុកដាក់«យ៉ាងម៉ឺងម៉ាត់»បានព្យាយាមដាក់កម្រិត គំរាមភ្លាមៗនោះ ទៅក្នុងបរិបទ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោកស្រី ខេថ្លីន ហៃដេន បាននិយាយថា៖ «កូរ៉េខាងជើងមានប្រវត្តិសាស្ត្រវាយប្រហារ វោហារ និងគំរាមជាយូរមកហើយហើយការប្រកាសថ្ងៃនេះស្រដៀងធ្វើតាមគំរូដែល ធ្លាប់មាន»។
នៅក្រុងសេអ៊ូលក្រសួងបង្រួបបង្រួមបានទទូចថា ការគំរាមធ្វើសង្គ្រាមពិតជាមិនមែនជារឿងថ្មីទេ។ ក្រសួងការពារជាតិបានប្តេជ្ញា «ផ្ទាល់តបយ៉ាងម៉ឺងម៉ាត់»ចំពោះ ការបង្កហេតុណាមួយ ប៉ុន្តែបន្ថែមថា មិនមានចលនាកងទ័ពគួរឲ្យកត់សម្គាល់ត្រូវបានធ្វើឡើងនៅតាម ព្រំដែនទេ។
កាលពីរាត្រីថ្ងៃសៅរ៍កូរ៉េខាងជើងបានបង្កើនការគំរាមរបស់ខ្លួន ដោយព្រមានថា ខ្លួនអាចនឹងបិទ តំបន់ឧស្សាហកម្ម កេសុង ដែលជាតំបន់វិនិយោគរួមគ្នារវាងកូរ៉េខាងត្បូងនិងកូរ៉េខាងជើង ដែលផ្តល់ឲ្យរបបនោះនូវរូបិយប័ណ្ណរឹង។
ស្ថាប័នរដ្ឋមួយបាននិយាយថា ៖«យើងព្រមានថា វិធានការតឹងរ៉ឹងនឹងត្រូវអនុវត្ត បើសិនជាកូរ៉េខាងត្បូងនៅតែបន្តនិយាយឥតពិចារណា ដើម្បីបង្ខូចសេចក្តីថ្លៃថ្នូររបស់យើង»ដោយបន្ថែមថា អនាគតតំបន់ឧស្សាហកម្មពឹងផ្អែកទាំងស្រុងលើឥរិយាបថរបស់ក្រុង សេអ៊ូល។
បង្កើតក្នុងឆ្នាំ២០០៤ ជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន តំបន់សេដ្ឋកិច្ចកេសុងនៅតែមានសកម្មភាពប្រតិបត្តិការទោះវិបត្តិនៃ ទំនាក់ទំនងអន្តរកូរ៉េកើតមានដដែលៗក៏ដោយ។
មន្ត្រីក្រុងសេអ៊ូល បាននិយាយ ថា តំបន់ឧស្សាហកម្មដែលនៅ ក្នុងទឹកដីកូរ៉េខាងជើងនោះ បាននិងកំពុងដំណើរការធម្មតា កាលពីថ្ងៃអាទិត្យ ថ្វីបើមានការគំរាមកំហែងបិទពីកូរ៉េខាងជើងក្តី។
ប៉ុន្តែមានកង្វល់ជាច្រើនដែលថា ប្រតិបត្តិការរបស់តំបន់នេះអាចរងការប៉ះពាល់ដោយសារវិធានការរបស់ ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃពុធដែលបានកាត់ផ្តាច់ប្រព័ន្ធទូរស័ព្ទ យោធាទាន់ហេតុការណ៍ដែលប្រើដើម្បីត្រួតពិនិត្យការធ្វើដំណើរចេញ និងចូលតំបន់នោះ។
ទោះជាយ៉ាងនេះក្តី ក្រុមអ្នកសង្កេតកាណ៍ភាគច្រើនបំផុតនៅតែជឿថា ទង្វើនេះនឹងនៅតែជារឿងពាក្យសម្ដីជាជាងការប្រយុទ្ធដោយកម្លាំង បាយ។
អ្នកជំនាញកូរ៉េ និងជានាយកប្រតិបត្តិនៃមូលនិធិ Mansfield នៅទីក្រុងវ៉ាស៊ីនតោន លោក Gordon Flake បាននិយាយថា ៖«ប៉ុន្មានសប្តាហ៍ថ្មីៗនេះកូរ៉េខាងជើងបានប្រែក្លាយវោហាសាស្ត្រ ទៅជាសិល្បៈសម្តែង»។
លោក Flake បាននិយាយថា ៖ «នៅពេលពួកគេបានប្រកាសចាត់ទុកបទឈប់បាញ់ជាមោឃៈ ខ្ញុំពុំគិតថាមានការប្រកាសសង្គ្រាមកើតមានជាថ្មីនោះទេ»។
ប៉ុន្តែលោកបន្ថែមថា ស្ថានការណ៍ពេលនេះបានក្លាយទៅជាផុយស្រួយខ្លាំងណាស់រហូតដល់ការ គិតអ្វីមួយខុសតែបន្តិចនឹងបង្កើនសក្តានុពលសម្រាប់ការកើនឡើងយ៉ាង ឆាប់រហ័ស។
ទាំងប្រទេសចិន និងរុស្ស៊ី បានអំពាវនាវឲ្យមានភាពស្ងៀមស្ងាត់ដោយអ្នកការទូតរុស្ស៊ីម្នាក់ សម្តែងកង្វល់ជាពិសេសពីថ្ងៃសៅរ៍។
ឯកអគ្គរដ្ឋទូតរុស្ស៊ី នៅកូរ៉េខាងជើង លោក Grigory Logvinov បានប្រាប់ទីភ្នាក់ងារ interfax ថា ៖«យើងរំពឹងថា គ្រប់ភាគីនឹងបង្ហាញការទទួលខុសត្រូវអតិបរមា និងអត់ធ្មត់»។
បារំាង បានជំរុញកូរ៉េខាងជើងកុំបង្កហេតុថ្មីណាមួយ និងវិលទៅកាន់ផ្លូវចរចាវិញ។ រីឯអង់គ្លេសបានថាការគំរាមកំហែងធ្វើឲ្យក្រុងព្យុងយ៉ាងឯកោ៕ CC
0 Comments:
Post a Comment