មន្ត្រី ​ជាន់ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ​អាមេរិក​មួយ​រូប​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ ម្សិល​មិញ​នេះ​ថា អាមេរិក​នឹង​ពន្យារពេល​បាញ់​សាកល្បង​មីស៊ីល ដើម្បី​កុំ​ឲ្យ​កូរ៉េខាងជើង​យល់​ច្រឡំ ចំពេល​​ស្ថានភាព​កំពុង​តានតឹង​រវាង​កូរ៉េខាងជើង កូរ៉េខាងត្បូង និង​អាមេរិក។

ការ​ពន្យារពេល​បាញ់​មីស៊ីល​អន្តរទ្វីប​ប្រភេទ Minuteman III ដែល​ដំបូង​គ្រោង​​បាញ់​នៅ​ថ្ងៃ​អង្គារ សប្ដាហ៍​ក្រោយ​នៅ​មូលដ្ឋាន​ទ័ព​អាកាស Vandenberg រដ្ឋ​កាលីហ្វ័រញ៉ា នេះ គឺ​ជា​ការ​សម្រេច​ចិត្ត​ដោយ​”ឈ្លាស​វៃ និង​ប្រុងប្រយ័ត្ន”។ នេះ​បើ​យោង​តាម​មន្ត្រី​ដដែល​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ។
មីស៊ីល​ស្វ័យនាំផ្លូវ​បាញ់​ចេញ​ពី​នាវាមុជទឹក ក្នុងពេល​សមយុទ្ធ​យោធា​រួម​កូរ៉េខាងត្បូង និង​អាមេរិក
ការ ​សាកល្បង​មីស៊ីល​ប្រភេទ​នេះ គ្មាន​អ្វី​ពាក់ព័ន្ធ​នឹង​កូរ៉េខាងជើង​ឡើយ ប៉ុន្តែ​អាមេរិក​សម្រេច​ចិត្ត​ពន្យារពេល ដោយ​សារ​ភាព​តានតឹង​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​នា​ពេល​ថ្មីៗ​នេះ។ ប៉ុន្តែ​អាមេរិក​នឹង​​បាញ់​សាកល្បង​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ និង​នៅ​តែ​ប្ដេជ្ញា​រក្សា​សមត្ថភាព​នុយក្លេអ៊ែរ​របស់​យើង​ដដែល​។
ការ​ប្រកាស​ពន្យារពេល​នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​កូរ៉េខាងជើង​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ​នេះ បាន​ចេញ​សេចក្ដី​ណែនាំ​ព្រមាន​ដល់ ​បណ្ដា​មន្ត្រី​ការទូត​នៅ​កូរ៉េខាងជើង​ទាំងអស់ ដោយ​និយាយ​ថា កូរ៉េខាងជើង​នឹង​មិន​ធានា​សុវត្ថិភាព​ដល់​ពួកគេ​ឡើយ ក្នុង​ករណី​មាន​ផ្ទុះ​សង្គ្រាម៕
មីស៊ីល​អន្តរទ្វីប​របស់​រុស្ស៊ី

ប្រភព៖ CNN