១- សេចក្តីផ្តើម
ថ្វីត្បិតតែជនជាតិខ្មែរកាន់លទ្ធិព្រះពុទ្ធសាសនា តែជំនឿអរូបីយ ផ្លូវងងឹតមួយចំនួនត្រូវបានរក្សាទុក។ ជនជាតិខ្មែរតែងមានជំនឿលើខ្មោចបិសាច ដូចគ្នានឹងជនជាតិដទៃដែរ ព្រោះនេះជាជំនឿមានលក្ខណៈសាកល។ នៅក្នុងសង្គមខ្មែរ ខ្មោចបិសាចមានច្រើនប្រភេទណាស់ បើតាមជំនឿប្រជាប្រិយនៅតំបន់នីមួយៗ ដូចជា ខ្មោចក្រឡាភ្លើង អាប កូនក្រក ជំនៀងផ្ទះ ប្រេត៘
ពាក្យខ្មោច ជាពាក្យខ្មែដែលកើតចេញពីពាក្យខូច មានន័យថា បាត់បង់ ហិនហោច សាបសូន្យ ឬស្លាប់ ខុសពីពាក្យបិសាច។ ពាក្យបិសាចជាពាក្យបាលីសំស្ក្រឹតដែលមានអត្ថន័យដូចគ្នា។ តាមពិតពាក្យខ្មោចនេះជាបញ្ញត្តិដែលឆ្លុះបញ្ចាំងឲ្យយើងឃើញនូវ តក្កវិជ្ជា ឬទស្សនវិទ្យាស្តីអំពីលោក។ តាមលក្ខណៈសំគាល់ជាទូទៅខ្មោចមានរូបរាង មើលឃើញជាមនុស្ស ប៉ុន្តែពុំមែនជាមនុស្សពិតទេ ព្រោះបានបាត់បង់ជីវិតទៅហើយ។ ដូចនេះលក្ខណៈចម្បងរបស់ខ្មោច គឺស្ថិតក្នុងភាពមនុស្សដែលខ្មែរមានជំនឿថា ជាខ្មោចលងមនុស្សក្នុងសង្គម។

តាមការវិភាគខាងជាតិពន្ធុវិទ្យាបានឲ្យដឹងថា ខ្មោច បិសាច មានច្រើនប្រភេទណាស់នៅក្នុងសង្គមខ្មែរ។ ក្នុងនោះមានខ្មោចតៃហោង ខ្មោចលង់ទឹក និងខ្មោចចងក អារក្សអ្នកតា ដែលអាចបង្ហាញខ្លួនតាមរយៈបញ្ចូលរូប អាប ជំនាងផ្ទះនឹងពួកម្រេញគង្វាលជាដើម។
តាមជំនឿប្រជាប្រិយ មនុស្សខ្មែរ បានចែកខ្មោចបិសាចជាពីរប្រភេទគឺល្អ និងអាក្រក់។ ដោយហេតុថាខ្មោចមួយជំពូកធ្វើឲ្យមនុស្សរុងរឿង សុខសប្បាយ។ ឯខ្មោចបិសាចមួយចំនួនដទៃទៀតបៀតបៀន ធ្វើទុកបុកម្នេញមនុស្សក្នុងសង្គម។
ភាពខុសគ្នារវាងខ្មោច និងបិសាច និងប្រេត តាមគម្ពីរត្រៃភូមិបានបញ្ជាក់ថា បិសាច ឬប្រេតជាប្រភេទអច្ឆរិយៈបុគ្គល ដែលបានរស់នៅក្នុងឋាននរក។ យើងអាចដឹងថាលក្ខណៈបដិសំយោគនៃជំនឿលើខ្មោចបិសាច និងឥទ្ធិពលទស្សនវិទ្យាដែលជាមូលហេតុនៃការបែងចែកលោកយើងជាពីរឋាន ផ្ទុយពីគ្នា។
បដិសំយោគខាងលើនេះ សំដៅលើមនុស្សនិងអមនុស្ស ស្លាប់ រស់ ល្អ អាក្រក់ ស្រុក និងព្រៃ ដែលនេះជាចលនាបដិបក្ខក្នុងប្រព័ន្ធគំនិត ប៉ុន្តែវាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា។ ទាំងអស់ខាងលើនេះ ជាពុទ្ធិមួយយ៉ាងសំខាន់ ដែលគេអាចទាញយកផលផ្លែផ្កាពីជំនឿខ្មោច បិសាចក្នុងសង្គមខ្មែឬ ដែលអ្វីៗទាំងអស់សុទ្ធតែមានមូលហេតុរបស់វា។
តាមប្រភពបុរាណវិទ្យាបានឲ្យដឹងថា គំនូរពណ៌ក្រហមបែបជីវចលនិយម លើភាជន៍នាចុងសម័យលោហធាតុ នៅភូមិបានឈៀង ដែលបានគូររូបបុព្វការីពីលើគឺជាការតំណាងរូបដូនតា ឬព្រលឹងដូនតា។ រូបភាពខាងរេខាគណិតវិទ្យាទាំងនោះពិតជាពាក់ព័ន្ធដល់ជំនឿលើខ្មោច បិសាច ដែលជាប្រពៃណីខ្មែរក្នុងជីវិតប្រចាំថ្ងៃគ្រប់យុគសម័យ។ ពីព្រោះគំនូរទាំងនោះ មិនអាចមិនស្ថិតក្នុងលក្ខខណ្ឌមួយដែលកំណត់ដោយជំនឿសាសនា បែបជីវចលនិយមហើយបានចារឹកទុកក្នុងទំនៀមទម្លាប់រហូតដល់សម័យ វប្បធម៌នគរភ្នំ។
២. ជំនឿអរូបិយ : ករណីវិញ្ញាណខ្មោច បិសាច
ដូចពោលខាងលើ ស្ថិតក្រោមឥទ្ធិពលនៃវប្បធម៌ឥណ្ឌា ព្រះរាជាណាចក្រកម្ពុជាបានប្រសូតឡើងនាដើមស.វទី១នៃគ.ស ហើយធ្លាប់ជាប្រទេសប្រកបដោយភាពរុងរឿង ថ្កើងថ្កានអស្ចារ្យ ដោយមានព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាជាគ្រឹះដ៏រឹងមាំ។ តែប្រការដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ទន្ទឹមនិងការប្រារព្ធពិធីសាសនាធំៗទាំងពីរនេះ ជាពិសេស ព្រះពុទ្ធសាសនាក្រោយពីស.វទី ១៤មក គេឃើញជំនឿប្រជាប្រិយបែបជីវចលនិយមមួយចំនួនគួរត្រូវបានរក្សាទុក ហើយត្រូវបានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន។
ជំនឿអរូបិយទាំងនោះ មានដូចជាជំនឿលើព្រាយខ្មោចបិសាច ព្រលឹងដូនតា ដែលបានចាកលោកទៅហើយ និងអារក្សអ្នកតាជាដើម ឆ្លុះបញ្ចាំងនូវវ័យដ៏ចំណាស់របស់ទស្សនវិទ្យាខ្មែរតាំងពីខ្មែរ មិនទាន់កកើតជារដ្ឋ នៅជាកុលសម្ព័ន្ធនៅឡើយ មុនឥណ្ឌូរូបនិយកម្មយ៉ាងប្រាកដ។
ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ គឺក្នុងវិស័យជំនឿសាសនា ជនជាតិខ្មែរមិនបានធ្វើការបែងចែកឲ្យដាច់ពីគ្នារវាងជំនឿបែបជីវចល និងពុទ្ធនិយមឡើយ ព្រោះតាំងតែយូរលង់រហូតដល់បច្ចុប្បន្ន ប្រព័ន្ធសាសនាទាំងពីរនេះបានរួមរស់ក្រោមដំបូលតែមួយដោយសុខសាន្ត។ ម្យ៉ាងវិញទៀតការសិក្សាវិភាគបានឲ្យដឹងថា ក្នុងសង្គមខ្មែរ មានការបែងចែកប្រភេទខ្មោចជាពីរក្រុមផ្សេងៗពីគ្នាក្នុងនោះមានខ្មោច ស្រុក និងខ្មោចព្រៃ។ ប្រភេទខ្មោចស្រុកគឺច្រើនតែជាប្រភេទខ្មោចជួរសម្បួរ ជាព្រលឹងដូនតា ដែលតែងតែជួយថែរក្សាមនុស្សជានិច្ចកាល ដោយមនុស្សគ្រាន់តែត្រូវធ្វើនូវអ្វីដែលជាអំពើល្អចំពោះពួកគេ ចំណែកខ្មោចព្រៃដែលប្រកបដោយភាពកាចសាហាវរមែងតែព្យាយាមលង ហើយផ្តល់តែទុក្ខទោសដល់មនុស្ស ព្រោះពួកគេជាខ្មោចតៃហោង ស្លាប់ដោយធ្វើអត្តឃាត ឬគ្រោះថ្នាក់ផ្សេង។
ចំពោះប្រភពខ្មោចព្រៃ ឬតៃហោងនេះ ពួកគេមិនអាចចាប់ជាតិឡើងវិញ ឬកើតជាទេវតាបានទេ តែក្លាយទៅជាបិសាច អាបធ្មប់ជាដើម តាមអំពើដែលពួកខ្លួនបានសាងពីជាតិមុនមក។
និយមន័យមួយដែលយើងបានដឹងឮគ្រប់គ្នាកាលនៅរស់គេហៅមនុស្ស លុះស្លាប់ទៅគេហៅថាខ្មោច ដូច្នេះពាក្យខ្មោចកើតចេញពីអក្សរខូច ដែលមានន័យថាស្លាប់។ ម្យ៉ាងវិញទៀតក្នុងប្រព័ន្ធគំនិតខ្មែរ រូបបុគ្គលដែលស្លាប់នោះ គេហៅថាខ្មោច ឬសាកសព គឺជាមនុស្សដែរ តែបាត់បង់ជីវិត ហើយវិញ្ញាណរបស់គេនោះមិនស្លាប់ឡើយ។
នៅក្នុងទ្រឹស្តីព្រះពុទ្ធសាសនាខ្មែរ មានការបកស្រាយអំពីសេចក្តីស្លាប់ថា ជាការចាកចេញអស់ធាតុទាំងបួន នោះហើយដែលធ្វើឲ្យមនុស្សស្លាប់។
៣. អំពីជំនឿលើភពងងឹត (ខ្មោចបិសាច)
ក. ខ្មោចស្រុក
តាមប្រពៃណី ខ្មែរជឿថា ព្រលឹងវិញ្ញាណរបស់មនុស្សទាំងឡាយ ដែលបានស្លាប់ទៅហើយ គឺបានទៅកាន់សុញ្ញប្រទេសថ្មីមួយទៀត។ ព្រលឹងវិញ្ញាណនោះមានជីវភាពថ្មី តាមបែបវប្បធម៌សុញ្ញប្រទេស ប៉ុន្តែច្បាប់ទម្លាប់និងមេដឹកនាំគ្រប់គ្រងដូចសង្គមមនុស្សដែរ។ ព្រលឹងវិញ្ញាណទាំងនោះមានល្អ មានអាក្រក់ដូចមនុស្សដែរ។ ពពួកខ្មោចអាក្រក់រស់នៅក្រៅច្បាប់ តែងតែដើរធ្វើបាបខ្មោចដទៃដូចមនុស្សខ្លះដែរ ពពួកខ្មោចប្រភេទនេះជួនកាលជ្រៀតចូលមកក្នុងសង្គមមនុស្ស និងបានសម្តែងនូវមហិទ្ធិរិទ្ធរបស់ខ្លួន តែបែរជាធ្វើឲ្យមនុស្សខ្លាចទៅវិញ ពីព្រោះតែជារូបភាពថ្មីប្លែកៗកម្រមាននៅក្នុងសង្គមមនុស្ស ពួកគេមិនខុសពីមនុស្សដែលចេះមន្តអាគមខ្លះបានរៀបចំពិធី ហើយចូលក្នុងសង្គមខ្មោចដែរនោះទេ គឺមានទៅមក។
+ ខ្មោចជួរចម្បូរខាងឪពុក និងម្តាយ
ខ្មោចប្រភេទនេះ គឺជាព្រលឹងវិញ្ញាណខន្ធរបស់ដូនតាបុព្វការីជន ឬញាតិសណ្តានទាំងឡាយក្នុងគ្រួសារនីមួយ។ ព្រលឹងវិញ្ញាណខ្មោចរបស់ពួកខ្មោចទាំងនេះ តែងតែមកជួយថែរក្សាដល់សាច់ញាតិទាំងឡាយដែលនៅរស់ និងជួយឈឺឆ្អាលដល់សាច់ញាតិដែលនៅរស់ ។ ក្នុងករណីពុំចេះសាមគ្គីគ្នា ឈ្លោះទាស់ទែងគ្នាជាដើម ខ្មោចជួរសម្បួរ នឹងរករឿងបណ្តាលឲ្យមនុស្សណាមួយឈឺរហូតដល់ស្លាប់ក៏មាន បើគ្រួសារនោះពុំព្រមជានានិងគ្នាវិញ ជម្ងឺប្រភេទនេះគេហៅថា ជម្ងឺទាស់ចាស់ទុំ គឺសម្តៅលើខ្មោចដូនតា។
នៅក្នុងសង្គមគ្រួសារ ខ្មែរ ស្ទើរគ្រប់គ្រួសារទាំងអស់តែងមានខ្មោចប្រចាំគ្រួសារប្រចាំក្នុងវង្ស ត្រកូលគ្រួសារដែលជាសាច់ឈាមពីរាប់ពាន់ឆ្នាំតរៀងមក ថែមទាំងមានឈ្មោះទើតផង។ ឈ្មោះខ្មោចក្នុងគ្រួសារ គឺជាមេខ្មោចក្នុងគ្រួសារ ទើបនៅរក្សាឈ្មោះបាន ពីព្រោះខ្មោចនោះ ប្រាកដជាមានអំណាចខ្លាំងជាងខ្មោចនានាក្នុងគ្រួសារ ។ ហូបចំណីចំណុកភ្លេចគិតដល់គេក៏គេរករឿងដែរ ហេតុដូចនេះហើយ ទើបមនុស្សខ្លះខ្លាចខ្មោចជាប់ជារហូត។
+ ឈ្មោះខ្មោចគ្រួសារ ស៊ីង យឿន
គ្រួសារមួយក្នុងភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង មានឈ្មោះខ្មោចដល់ទៅពីរ ប៉ុន្តែខ្មោចទាំងពីរនេះមើលថែរក្សាចំពោះតែកូនក្មេងប៉ុណ្ណោះ។
- ខ្មោចឈ្មោះ ’តូចច្រលឹង” ក្នុងករណីក្មេងយំយប់ ឬក្តៅខ្លួន គ្រុនល្មម យប់ព្រលប់រកពេទ្យពុំទាន់ គឺគ្រួសារនេះ តែងតែរកចេក១ផ្លែ និងស្រាស១ដបធំប៉ុនកជើងមកសែន និងសង្រែកដែលមានព្យួរស្រាប់ក្នុងផ្ទះ បើរកសំណែនពុំទាន់ក្នុងវេលានេះចាស់ទុំ ម្តាយឪពុកគ្រាន់តែបន់ស្រន់សុំឲ្យជាសិន នឹងរកសែនក្នុងវេលាក្រោយ។ លុះស្អែកឡើងអាណាព្យាបាលរកថ្នាំផងរកសំណែនផង ដើម្បីកូនចៅបានជាសះស្បើយទៅហោង។
- ខ្មោចឈ្មោះ ’កន្ទក់អង្កន់” ខ្មោចជំពូកនេះ គឺជាខ្មោចស្រេកឃ្លាន ប្រកាន់ សូម្បីតែកូនក្មេងដែលឆីនំនែកតិចតួចពុំបានបេះដាក់សែនឲ្យ ក៏បណ្តាលឲ្យក្មេងនោះយំគ្មានមូលហេតុ ឬក្តៅខ្លួនទាន់ហន់ភ្លាម។
ដូចនេះមុននឹងក្មេងនោះឆីចំណីនានា ត្រូវបេះបន្តិចបន្តួចដាក់លើសង្រែកនោះជាការស្រេច ខ្មោចជំពូកនេះ គឺអត់ឃ្លានមែន ពេលខ្លះគឺដណ្តើមពីមាត់ក្មេងធ្លាក់ពីដៃ ពីមាត់ ជ្រុះទៅឯដី ចាស់ហៅថាខ្មោចដណ្តើម ហើយកុំយកមកស៊ីទៀត ពីព្រោះវាប្រឡាក់ដីដោយក្មេងនោះកាន់មិនប្រយ័ត្ន។
ជំនឿទាំងឡាយបានកបជាមួយនិងវប្បធម៌ក្នុងជីវភាពប្រចាំថ្ងៃរបស់ ប្រជាពលរដ្ឋខ្មែរ ដែលយើងមើលទៅហាក់ដូចជារឿងធម្មតា ប៉ុន្តែតាមពិតមិនមែនជារឿងធម្មតានោះឡើយ រវាងមនុស្ស និងខ្មោច ត្រូវតែមានទំនាក់ទំនងគ្នា។ រឿងអ្វីដែលមនុស្សអាចបញ្ជូនកុសលតាមរយៈព្រះធម៌ និងព្រះសង្ឃ នោះកុសលទាំងឡាយពិតជាបានទៅដល់វិញ្ញាណខ្មោច ដែលគេឧទ្ទិស រឿងអីមនុស្សមិនអាចរងអំពើពីខ្មោចវិញបាននោះ ។
+អំពីខ្មោចជំបួរក្នុងគ្រួសារនីមួយៗក្នុងប្រទេសកម្ពុជា
ឈ្មោះខ្មោចនីមួយៗនៅក្នុងប្រទេសកម្ពុជាមានខ្លះដូចគ្នាតិចតួច និងខុសគ្នាច្រើន រីឯខ្លឹមសារក្នុងឈ្មោះនីមួយៗច្រើនបញ្ជាក់អំពីមហិទ្ធិរិទ្ធ ភាពអង់អាចក្លាហានក្នុងភាពជាមនុស្សក្នុងសណ្តានជាវីរៈបុរស ឬវីរៈនារី។ ឈ្មោះមួយចំនួនទៀត ច្រើនមានន័យជាទស្សនៈបញ្ចើចបញ្ចើរ និងច្រើនពាក្យពេជន៍ខ្មែរបុរាណ បើឈ្មោះមនុស្សខ្លះកំបុតត្រឹម ខ្លះន័យដូចជាស្រង៉េះស្រង៉ោច។
ខ្មោចក្នុងគ្រួសារខ្លះមានឈ្មោះ និងហាក់មានឋានានុក្រម និងគោរមងារទៀតផង។ ឈ្មោះទាំងនោះពុំងាយនឹងយើងបានស្គាល់ណាស់ លុះណាតែខ្មោចនោះចូលរួបនរណាម្នាក់ ហើយខ្មោចនោះប្រាប់គេឯង ឬតាមរយៈរូប។ តាមការស្រាវជ្រាវអំពីខ្មោចក្នុងគ្រួសារខ្មែរពិតជាមានការលំបាកណា ស់ ពីព្រោះខ្មែរនៅមានការលាក់លៀម និងការអៀនប្រៀនច្រើន គ្រួសារជាច្រើនគេមិនប្រាប់ឈ្មោះខ្មោចប្រចាំត្រកូលគេទេ ប្រការនេះបានធ្វើឲ្យទំនៀមទំលាប់ចំណាស់មួយនេះកប់បាត់នៅក្នុង សង្គមមនុស្សខ្មែរ។ ពួកគេតែងយល់ថា ការនៅជឿខ្មោចព្រាយបិសាចនានា គឺជាការមិនទាន់សម័យ។ គ្រាន់តែពួកគាត់ចង់ទាន់សម័យតែមួយមុខសោះ ធ្វើឲ្យបាត់បង់ទំនៀមទំលាប់ ដែលជាឫសគល់របស់ខ្មែរ។ ដូចដែលយើងបានរៀបរាប់មកហើយថា ខ្មោចក៏មានសង្គម មានជីវភាពព្រមទាំងរបៀបដឹកនាំតាមច្បាប់ទំលាប់របស់គេ។ ខ្មោចធំៗដែលអាចជ្រៀតចូលក្នុងសង្គមមនុស្ស គឺសុទ្ធតែប្រភេទខ្មោចមានមហិទ្ធិរិទ្ធខ្លាំងពូកែ ប៉ុន្តែពុំបានធ្វើបាបមនុស្សទេ លុះណាតែមនុស្សនោះប្រព្រឹត្តខុសនឹងច្បាប់គន្លងប្រពៃណីនានា ទើបខ្មោចនោះទ្រាំពុំបានចូលនិងអ្នកមួយនិយាយប្រាប់ពីបញ្ហាដែលគេ ចង់បានដូចជា អាហារឆ្ងាញ់ៗ ឬមានសិល្បៈកំដរទៀតផង។ តទៅនេះគឺជាឈ្មោះ ខ្មោច និងបទភ្លេង របស់គេ។
+ ខ្មោចជួរខាងម្តាយ
- តីសង្រេង (ស្រី) ជាខ្មោចជួរខាងម្តាយក្នុងគ្រួសារមួយ។
បទភ្លេង និងចម្រៀង : តីសង្រេង ធ្វើរូប ឱរឹងឲ្យមានដងខ្លួន មានទាំងប្រេងម្សៅ មានទាំងក្រមួនឲ្យមានដងខ្លួនល្អពីរថ្ងៃបីដង...។
- ក្រសាំងទៀប : ជាឈ្មោះខ្មោចជួរខាងម្តាយក្នុងគ្រួសារមួយ។
បទចម្រៀង : ក្រសាំងទៀបជាចង្កោម យកដៃទៅថ្នមក្រសោបសក់បាក់។ គន់ទៅសក់ជ្រងដូចទងរពាក់ ស្រឡាញ់សក់បាក់ ដូចសក់សារិកាកែវ...។
- ជំទាវច័ន្ទ (ស្តេចព្រាយ) នៅក្នុងជួរអម្បូរនេះខ្មោចជំទាវច័ន្ទជាខ្មោចធំជាងគេ គេអាចសន្មតថា ជាមេបញ្ជាការ ឬជាស្តេចក្នុងបណ្តាញខ្មោចនានា ដូចនេះហើយបានជាគេបន្ថែមនៅខាងចុងថាជំទាវច័ន្ទស្តេចព្រាយ ពេលចូលមកសណ្ឋិតម្តងៗ គឺចូលយូរជាងគេ។

បទចម្រៀងសំរាប់ជំទាវ ច័ន្ទ : ’ជំទាវច័ន្ទស្តេចព្រាយ ខ្មោចផងទាំងឡាយ ក្រាយថ្វាយបង្គំ តូចថ្វាយដោយតូច ធំថ្វាយដោយធំ ក្រាយថ្វាយបង្គំខ្លបខ្លាចជំទាវច័ន្ទ...។
បញ្ជាក់ : លុះកាលណាខ្មោចជំទាវច័ន្ទចេញ គេយកគ្រឿងរណ្តាប់សំណែនដង្វាយផ្សេងៗដូចជាពងមាន់ ឆ្កែ ពែ កញ្ជោង ស្រា១ដប សម្រាប់ខ្មោចនេះបញ្ចូលទៅដាក់ឯព្រៃក្បែរៗផ្ទះ។
- កែវ (ប្រុស) ចម្រៀងសម្រាប់ខ្មោចឈ្មោះកែវ គឺ ’ឱកែវ កែវអើយគ្រូមកពីជើង ជួតក្បាលទើងមើង កាន់ខ្សៀរជក់ថ្នាំ...។
- ដូនគង់ ឬជំទាវគង់ (ខ្មោចស្រី)
ចម្រៀងសម្រាប់ខ្មោចនេះគឺ ’ទេងៗគេងដូចគង់ ភ្នំខ្ពស់ដែលទ្រង់ បាំងបាត់គង់ឯង...។
- តាសោម (ប្រុស)
ខ្មោចឈ្មោះតាសោម គឺជាខ្មោចដែលត្រូវគេអញ្ជើញមកសណ្ឋិតក្រោយបង្អស់។ គាត់ជាខ្មោចចាស់ទុំ និងព្រឹទ្ធាចារ្យ ប្រចាំជួរចំបួរ គាត់មានចរិកស្លូតបូតប្រកបដោយគតិបណ្ឌិតខ្មោចផងទាំងពួងគោរពគាត់ ណាស់ ហើយចាត់ទុកគាត់ជាទីប្រឹក្សា ពីព្រោះយោបល់គាត់អាចកាត់សេចក្តីអន្តរាគមន៍។ចំពោះបទចម្រៀងសម្រាប់ ខ្មោចតាសោមគឺ ’តាសោមមិននៅអាយ នៅដល់កំចាយ ស្មើម៉ានយាងដល់ គន់ទៅងងឹត ចាក់ភ្នែកមិនយល់ ស្មើម៉ានយាងដល់ ស្មើម៉ានវិលវិញ...។
ឈ្មោះខ្មោចដែលបានបង្ហាញមកនេះ គឺសុទ្ធសឹងជាខ្មោចជួរខាងម្តាយ តទៅនេះយើងនឹងបន្តបកស្រាយអំពីខ្មោចខាងឪពុកវិញម្តង៕ប្រភពពី CEN F(មានត)
(ម.ត្រាណេ)
0 Comments:
Post a Comment