ខ- ម្រេញគង្វាល
ម្រេញគង្វាលដែលជាប្រភេទខ្មោចដែលមានរូបរាងតូចដូចកូនក្មេង ចូលចិត្តស្លៀកពាក់ក្រហម ហើយរួមរស់ជាមួយមនុស្សនៅតាមផ្ទះ។ តួនាទីរក្សាម្ចាស់ផ្ទះកុំឲ្យចោរលួចប្លន់ ឬជនពាលមកបៀតបៀនធ្វើទុក្ខបុកម្នេញឡើយ។ វត្តមានរបស់ម្រេញគង្វាលអាចគូសបញ្ជាក់តាមរយៈរានមួយធ្វើអំពីឈើកូន ផ្ទះ ឬកញ្ជ្រែងមួយដែលមានព្យួរឯកសណ្ឋានមួយឈុតពណ៌ក្រហម។

ខ្មោចប្រភេទនេះចូលចិត្តស្ករគ្រាប់ណាស់ ដូច្នេះហើយបានជារៀងរាល់ថ្ងៃនៅពេលល្ងាចម្ចាស់ផ្ទះរមែងតែដាក់ស្ករ គ្រាប់នៅកញ្ជ្រែង ព្រមទាំងទឹកផឹកយ៉ាងទៀងទាត់នៅលើរានរបស់ពួកគេ ព្រោះកុំឲ្យឆាឆៅនៅពេលស្រេកឃ្លាន។ ម្យ៉ាងវិញទៀត អ្នកស្រុកជឿថា ពួកម្រេញគង្វាលរាល់យប់តែងតែចេញមកលេងងល្បែងខ្លាធ្លាក់អណ្តូង ហើយទន្ទឹមនឹនេះ រូបគេក៏ចូលចិត្តពង្វក់ក្មេងៗឲ្យលេងជាមួយវាដែរ។
ដោយសារបានទទួលចំណីអាហារទៀងទាត់ ពពួកខ្មោចខាងលើនោះ មានទឹកចិត្តស្រឡាញ់បីបាច់ថែរក្សាម្ចាស់ផ្ទះណាស់ ដោយភក្តីភាពជាទីបំផុត ជាហេតុនាំឲ្យម្ចាស់ផ្ទះរបស់ខ្លួនរកស៊ីមានបានដូចក្តីប្រាថ្នា។
គ- ជំនាងផ្ទះ ឬម្នាងផ្ទះ
ទំនៀមទំលាប់មួយជាប្រពៃណីខ្មែរតាំងពីដូនតា គឺជំនឿលើជំនាងផ្ទះ ដែលប្រហែលជាស្លាកស្នាមគ្រប់គ្រងតាមបែបមាតាធិបតេយ្យ។ ម្ល៉ោះហើយជនជាតិខ្មែរជឿថា ផ្ទះនីមួយសុទ្ធសឹងតែមានម្នាងផ្ទះនៅតាមថែរក្សាជានិច្ចកាល។
មនុស្សខ្មែរជឿថា ផ្ទះថ្មីដែលទើបនិងសាងសង់រួច គឺមានទេវតាផ្ទះមកតាមថែរក្សា។ ជំនាងផ្ទះជួយរក្សាមិនគ្រាន់តែកំណប់ទ្រព្យមាសប្រាក់មិនឲ្យបាត់បង់ ប៉ុណ្ណោះទេ ថែមទាំងទប់ទល់ការពារ និងខ្មោចបិសាចមិនឲ្យមកបៀតបៀនម្ចាស់ផ្ទះផង។ ព្រោះថា ជំនាងផ្ទះគឺជាប្រភពខ្មោច ឬជាវិញ្ញាណមានរិទ្ធានុភាពជាងខ្មោចបិសាចផ្សេងៗឯទៀត ហើយសាងតែអំពើល្អក្នុងជាតិមុន។
លក្ខណៈសំគាល់មួយទៀត គឺជំនាងផ្ទះស្លៀកពាក់ស្អាតបាតមានរូបរាងប្រៀបដូចទេវតាប្រកបដោយ សីលធម៌ខ្ពស់ផង។ ឧទាហរណ៍ជាក់ស្តែង ទោះបីម្ចាស់ផ្ទះណាមួយត្រូវបង្ខំចិត្តចាកចេញពីផ្ទះដោយប្រកាណាមួយ ក៏ដោយ តែម្នាងផ្ទះមិនបោះបង់ផ្ទះនេះជាដាច់ខាត ហើយរង់ចាំដោយបន្តថែរក្សារហូតដល់ពេលមានម្ចាស់ផ្ទះថ្មីមករួមរស់ ជាមួយមនុស្សតទៅទៀត។
ឃ- ព្រះភូមិ
យើងក៏សង្កេតឃើញវត្តមានក្រៅពីម្នាងផ្ទះ នៅគ្រប់ផ្ទះខ្មែរទាំងអស់មានព្រះភូមិមួយធ្វើអំពីឈើប្រក់ស្បូវ ឬគ្រឿងស្ថិតក្នុងបរិវេណទីធ្លាខាងមុខផ្ទះ ឬនៅក្បែរផ្ទះ។ នេះគឺជារានព្រះភូមិដែលជាវិញ្ញាណ ឬព្រលឹងដូនតាថែរក្សាទីតាំង ឬកន្លែងរស់នៅរបស់កូនចៅ។

តាមអ្នកស្រុកភូមិ ជួនកាលអ្នកស្រុកភូមិអាចធ្វើឲ្យគេដឹងថា និងអាចមានអ្វីកើតឡើងថែមទៀតផង។ ជានិច្ចកាល ព្រះភូមិដែលជាប្រភេទវិញ្ញាណដូនតានោះ មានឥទ្ធិពលខ្លាំងក្លាក្នុងសង្គមខ្មែរ ដោយផ្សាយនូវការគោរពកោតខ្លាច។ ដូច្នេះហើយបានភ្ញៀវដែលចូលផ្ទះនីមួយៗ ត្រូវដើរកាត់រានព្រះភូមិជាទូទៅដោយដៃបក់ ឬក៏អុជធូបទាន សូមសេចក្តីអនុញ្ញាតជាដើម ជាសញ្ញានៃភារកិច្ចដ៏ជ្រាលជ្រៅ។
ដូច្នេះជុំវិញករណីសារសំខាន់របស់ព្រះភូមិនេះ ទោះបីមានប្រភពខុសប្លែកគ្នាបន្តិចនិងម្នាងផ្ទះក៏ដោយ ក៏យើងអាចនិយាយបានថា ព្រះភូមិគឺជាព្រលឹងដូនតារក្សាភូមិស្រុកផ្ទះសម្បែងមិនឲ្យពួក ព្រាយបិសាច ឬចោរចូលឆាឆៅក្នុងផ្ទះសម្បែងរបស់ពួកគេដែលជាកូនចៅ។
ង- អ្នកតាម្ចាស់ស្រុក
ក្នុងប្រព័ន្ធគំនិតខ្មែរ អ្នកតាក៏ត្រូវបានចាត់ទុកថា ជាប្រភេទខ្មោចដែរ តំណាងវិញ្ញាណក្ខ័ន្តបុព្វការីជនដែលបានចែកឋានទៅហើយ ភាគច្រើនគឺជាដូនតាដែលបានកសាងស្រុកភូមិនៅទីណាមួយដោយការផ្កាព្រៃ ។ ក្នុងន័យនេះហើយ បានជាគេឲ្យឈ្មោះថា អ្នកតាចាស់ស្រុក។

មនុស្សរមែងតែគោរពអ្នកតាដែលគេសាងសង់កូនខ្ទមតូចមួយសម្រាប់ឲ្យ ស្នាក់អាស្រ័យ ជាពិសេសក្បែរទួល ឬក្រោមដើមឈើធំៗមិនឆ្ងាយពីផ្ទះសម្បែង ឬក្បែរវត្តអារាម។ តួនាទីរបស់អ្នកតាចាស់ស្រុក គឺការថែរក្សាស្រុកភូមិ ឬក៏ព្រះរាជនគរខ្មែរកុំឲ្យសត្រូវមកឈ្លានពានទិន្ទ្រានទឹកដី ឬទីឋានរបស់ខ្លួន ព្រោះអ្នកតាគឺជាម្ចាស់ទឹក ម្ចាស់ដី ម្ចាស់ព្រៃព្រឹក្សា។
តាមរយៈយោបល់របស់អ្នកស្រុក គឺការថែរក្សាស្រុកភូមិ ការបន់ស្រន់អ្នកតារមែងតែផ្តល់ចំពោះពួកគេនូវសេចក្តីសុខសប្បាយ ហើយរាល់សម្តី ឬទង្វើប៉ះពាល់ដល់អ្នកតា ពោលគឺការមិនគោរពបម្រាមផ្សេងៗ និងត្រូវរួចពីទោសពៃលុះត្រាតែមានការសុំខមាទោស ដោយមានការដោះដូរជាដង្វាយផ្សេងៗ ដូចជាមាន់ស្ងោរ សម្ល ផ្លែឈើ និងស្រា។
ម្យ៉ាងវិញទៀត ដើម្បីឲ្យមានទឹកភ្លៀងស្រោចស្រពដីស្រែចំការ គេក៏ឧបកិច្ចនិយម ឬការថ្វាយវង់ភ្លេងខ្មែរគ្រប់ទាំងចំណីអាហារផងដែរ ជាថ្នូរនៃការប៉ងប្រាថ្នារបស់ពួកគេ។
ច- ពពួកខ្មោចព្រៃ
- ខ្មោចតៃហោង : ខុសពីខ្មោចស្រុក ពពួកខ្មោចព្រៃ គឺជាប្រភេទខ្មោចតែងតែធ្វើនូវរឿងដែលជាអំពើមិនគម្បីចំពោះមនុស្ស ដូចជាការធ្វើឲ្យអារម្មណ៍ភ័យខ្លាចរន្ធត់ញាប់ញ័រដោយអំពើបាបកម្ម ហើយលងមនុស្សក្នុងសង្គម។
បើតាមទស្សនៈរបស់អ្នកស្រុកភូមិ ខ្មោចព្រៃគឺជាខ្មោចដែលបានធ្វើអត្តឃាតខ្លួនឯង ដូចជាស្លាប់ដោយចងក លេបថ្នាំពុល ចាក់ខ្លួនឯង ឬលោតក្នុងទឹកទន្លេ៘ ហើយក្រោយពីស្លាប់ទៅនោះ ពុំមានអាចារ្យណាមួយឲ្យធម៌ឡើយ។ មិនតែប៉ុណ្ណោះសោត ព្រលឹងនៃខ្មោចនេះ ដែលគេហៅថា ខ្មោចតៃហោងនោះ ក៏បានកើតជាព្រាយបិសាច ពោលគឺមិនអាចកើតជាមនុស្សឡើងវិញជាដាច់ខាត ទោះបីរាប់រយពាន់ឆ្នាំក៏ដោយ។ អ្នកស្រុកខ្លះយល់ថា ប្រភេទខ្មោចតៃហោងខាងលើនេះ មានសភាពកាចសាហាវណាស់ ហើយបើអាចចាប់ជាតិឡើងវិញនោះ គេនិងកើតជាសត្វតិរិច្ឆានពុំខាន។
ប្រភេទខ្មោចតៃហោងចូលចិត្តធ្វើឲ្យមានការឈឺចុកចាប់ពេញរូបរាងកាយ ដោយវាមកសណ្ឋិតក្នុងខួរក្បាលមនុស្ស ដោយក្រោយពីសែនព្រេនរួច វាក៏ឲ្យមនុស្សនោះមានសភាពដូចដើមវិញ។ ទីលំនៅរបស់ពួកគេ គឺដើមឈើធំៗ ជាពិសេសដើមអំពិល និងដើមព្រីងដែលមានអាយុរាប់រយឆ្នាំ។
- ខ្មោចបំពេរកូន : តាមការពន្យល់របស់មនុស្សចាស់ៗ ខ្មោចបំពេរកូន គឺជាប្រភេទខ្មោចដែលសម្លាប់ខ្លួនឯងក្នុងពេលដែលមានផ្ទៃពោះ ដោយសារមូលហេតុអ្វីមួយ។ ខ្មោចបំពេរកូននេះតែងតែចូលចិត្តច្រៀងបំពេរកូននៅលើចុងដើមឈើនានា ដូចជាដើមពោធិ៍ជាដើមនៅតាមស្រុកភូមិនៅពេលយប់អាធ្រាត និងដោយឡែកនៅម្តុំភ្នំក្រាលពីដើមស.វទី ២១យើងនេះ។ ពេលដែលអ្នកថ្មើរជើងឮសំលេងបំពេរកូនយ៉ាងលន្លង់លន្លោច នោះព្រលឹងរបស់គេនៅលើចុងសក់ពុំខាន ព្រោះគួរឲ្យភ័យខ្លាចជាអនេកកប្បកា។
សព្វថ្ងៃនេះដោយសារទំនើបកម្ម ជាពិសេសវត្តមានរបស់អគ្គិសនីពួកគេក៏បានចាកចេញពីរាជធានីភ្នំពេញទៅកាន់ជាយក្រុងវិញ។
- ខ្មោចចេកជ្វា : នេះជាព្រលឹងខ្មោចដែលសណ្ឋិតនៅដើមចេកជ្វា។ ជាទូទៅកន្លែងណាមានដើមចេកប្រភេទនេះដុះកន្លែងនោះ តែងតែមានខ្មោចចេកជ្វាទាំងពីរភេទរស់នៅ តែភាគច្រើនមានខ្មោចស្រីច្រើនជាងខ្មោចបុរស។
នៅក្នុងរឿងព្រេង និទាន យើងដឹងថា ខ្មោចចេកជ្វាមានរូបរាងឆោមល្អគួរឲ្យស្រឡាញ់បេតីណាស់ ហើយជាមូលហេតុដែលគេអាចស្លាប់ដោយឈ្លក់វង្វេងនិងសម្រស់វា ដូច្នេះហើយ យើងសង្កេតឃើញថា អ្នកស្រុកជាច្រើនមិនដាំដើមចេកជ្វានៅតាមផ្ទះរបស់គេឡើយ ព្រោះគេខ្លាចខ្មោចលង។
- ខ្មោចទឹក : ជនជាតិខ្មែរ ជឿថាមនុស្សដែលលង់ទឹកស្លាប់ដោយប្រកាណាមួយ និងក្លាយជាខ្មោចទឹក ដែលរមែងតែងតែឆក់ឱកាសផ្តាច់ជីវិតបុគ្គលណាដែលហែលទឹកនៅទីកន្លែង របស់វា។ បើនិយាយម្យ៉ាងទៀតពួកគេក៏ដូចពពួកខ្មោចតៃហោង មិនអាចនិងចាប់ជាតិឡើងវិញបាន លុះត្រាតែចាប់ឆក់ជីវិតរបស់មនុស្សណាមួយបានជាមុនសិន បើពុំដូច្នេះទេ វាគ្រាន់តែបានក្លាយទៅជាជើងកបនៅចាំថែរក្សាកន្លែងវាលង់ទឹកស្លាប់ តែប៉ុណ្ណោះ។ រាងកាយខ្មោចទឹកមានសភាពញ័រញាក់ ស្លាំងស្លេក ហើយនៅត្រាំតែក្នុងទឹក មិនអាចឡើងលើដីគោកបានទ។
សូមរំលឹកថា មានរឿងរ៉ាវជាច្រើនទាក់ទងនិងខ្មោចទឹក ហើយអ្វីបែបនេះភាគច្រើនកើតមានឡើងចំពោះអ្នកដែលរស់តាមមាត់ទន្លេ។ ជាក់ស្តែង ដូចជាមានរឿងនិទានមួយជាឧទាហរណ៍ស្រាប់ ’មានគ្រួសារមួយដែលរស់នៅតាមដងទន្លេ គ្រួសារនោះមានកូនបួននាក់ ហើយកូនពៅរបស់គាត់មានអាយុ ១០ឆ្នាំ វាចូលចិត្តទៅលេងក្បែរទឹកណាស់។ ប៉ុន្តែកាលពីឆ្នាំមុន គឺមានកូនក្មេងអាយុ ១២ ឆ្នាំ ជាកូនរបស់អ្នកភូមិដែលរស់នៅតាមទន្លេនោះដែលបានស្លាប់ដោយសារ លង់ទឹក។ បន្ទាប់ពីនោះ គឺខ្មោចក្មេងប្រុសម្នាក់នោះឧស្សាហ៍មកបបួលចាន់ទៅងូតទឹកលេង ជាមួយគ្នា និងប្រលែងគ្នាលេង បងប្រុសចាន់ក៏ឃើញដែរ តែវាមិនបានយកចិត្តទុកដាក់ថាក្មេងនោះស្លាប់កាលពីឆ្នាំមុន។ ចំពោះខ្មោចនោះ វាស្លាប់នៅក្នុងទឹកតែម្នាក់ឯង ដោយអត់គ្នាលេងជាមួយក៏អផ្សុក ថ្ងៃមួយវាបបួលចាន់ទៅលេងជាមួយគ្នា នៅពេលទៅលេងនោះ គឺមានក្មេងៗច្រើនណាស់ ប៉ុន្តែគ្រាន់តែភ្លាមនោះខ្មោចទឹកនោះបានអូសចាន់ទៅកណ្តាលទន្លេ ចាន់ក៏បានហៅឲ្យក្មេងៗនោះជួយដែរ ប៉ុន្តែពុំមានអ្នកណាអាចជួយបានទេ ព្រោះវាហូរខ្លាំងពេក។ ខ្មោចទឹកនោះក៏បានជ្រមុជចាន់ចូលក្នុងទឹកឲ្យផុតដង្ហើមស្លាប់។
យ៉ាងណាមិញ ជាទូទៅខ្មោចណាដែលស្លាប់ទៅធ្វើគេ គឺតែងតែសែនពែឲ្យវាស៊ី ហើយឧបកិច្ចឲ្យវាចូលស៊ីក្នុងទូក រួចហើយច្រានទូកនោះទៅកណ្តាលទន្លេតែម្តង ខ្មោចដែលធ្វើឲ្យវាស៊ីពែក្នុងទូករសាត់ទៅតាមទឹកទៅបាត់ទៅ។ និយាយពីបងប្រុសចាន់វិញ ដែលមានអាយុ ១៣ឆ្នាំ អាដួងវាបានទៅលេងក្បែមាត់ទន្លេ ក៏បានឃើញទូកខ្មោច តែវាពុំដឹងថាទូកខ្មោចនោះទេ វាក៏បានយកមកវាយលេងខ្ទេចខ្ទីអស់ទៅ ពេលទៅដល់ផ្ទះវិញ វាចាប់ផ្តើមឈឺក្បាល រួចតាំងគ្រុនក្តៅ រួចមកស្រែកមមើរមមាយស្រែកឡើងថា : ខ្ញុំអត់ទៅទេ! ខ្ញុំថាលេងទេ! កុំយកខ្ញុំទៅជាមួយអី! លឺដូច្នេះ ម្តាយរបស់អាដួង ក៏ទៅសួរពួកក្មេងៗថា កាលពីថ្ងៃនោះបាននាំគ្នាទៅលេងអ្វីខ្លះ? ពួកក្មេងៗក៏បានរៀបរាប់ប្រាប់ទាំងអស់តាមដំណើររឿង ពេលស្តាប់ហើយម្តាយរបស់ដួងមុខយ៉ាងស្លាំង ហើយគាត់ក៏និមន្តលោកសូត្រមន្តរំដោះគ្រោះ សូត្ររហូតទល់ភ្លឺក៏មិនបាត់ លុះស្អែកឡើងវាបានស្លាប់ទៅ។ ក្នុងមួយឆ្នាំនោះ គ្រួសារនោះស្លាប់អស់កូនប្រុស២នាក់”
- ជំនឿលើអាប : ក្នុងសង្គមខ្មែរនរណាក៏ដឹងដែរថា អាបគឺជាមនុស្សស្រី ដែលគេជឿថា បានរៀនសិល្ប៍មន្តស្នេហ៍ ឬស្នេហ៍មុខ។ ដោយឥទ្ធិពលនៃមន្តស្នេហ៍នេះហើយ ទើបស្ត្រីនោះមានឫទ្ធិអំណាចគួរឲ្យព្រឺព្រួចណាស់ ដោយព្រលឹងរបស់គាត់ អាចមកសណ្ឋិតក្នុងខ្លួនរបស់មនុស្សដទៃ ពេលដែលមានការថ្នឹងថ្នាក់ម្តងៗ ធ្វើឲ្យគេចុកពោះរហូតដល់បាត់បង់ជីវិតក៏សឹងមាន។

អាបដែលជាសភាវៈអាក្រក់ ដែលគ្រូអាបសេបមន្តអាគម ហើយច្រាសបន្លាជុំវិញគំនរឈាម ដើម្បីការពារអាបមកបៀតបៀន។ បើខ្លួនអាបស្លាប់ មនុស្សជាប់អំពើក៏អាចស្លាប់ដែរ ដូច្នេះគេសម្លាប់អាបក្នុងន័យឧបកិច្ចទៅវិញ។ គេដេញអាបចេញពីខ្លួនតាមរយៈសំដីអ្នកជម្ងឺ គ្រូអាបទុកឲ្យគេមានជីវិតរស់នៅ។
ក្នុងការជឿលើធ្មប់អាប ក្នុងប្រទេសមួយចំនួនដូចជា នៅប្រទេសម៉ាឡេស៊ី ដោយជនជាតិដែលស្ថិតក្នុងអម្បូរមន-ខ្មែរ នៅក្នុងប្រទេសកម្ពុជា នៅឡាវ និងនៅប្រទេសថៃបច្ចុប្បន្ន ជាពិសេសនៅកន្លែងដែលមានសហគមន៍ខ្មែររស់នៅ ដែលជាចរន្តវប្បធម៌ប្រកបដោយលក្ខណៈជីវចលនិយម បង្ហាញនូវចំណាស់របស់ជំនឿនេះ។ ដោយសារភាពឯកភាពនៃជំនឿប្រពៃណី ដែលឆ្លុះបញ្ចាំងតាមរយៈអក្សរសាស្ត្ររបស់អ្នកស្រុក យើងអាចបញ្ជាក់ម្យ៉ាងទៀតថា ជំនឿលើអាប ធ្មប់ ដែលបានប្រសូត្រចេញពីខឿនវប្បធម៌មន-ខ្មែរ នាសម័យប្រវត្តិសាស្ត្រ នៅតែរក្សានូវឫទ្ធានុភាពរបស់ខ្លួនដដែល ជាពិសេសតាមជនបទដែលរហូតដល់ពេលបច្ចុប្បន្ននៅតែដាក់តម្លៃ ឬរាប់អាន។
ស្តីពីបញ្ហាអាបខាងលើនេះ ដែលនៅទីនេះគ្រាន់តែការកត់សម្គាល់ដោយត្រួសតែប៉ុណ្ណោះ។ គប្បីត្រូវធ្វើការស្រាវជ្រាវឲ្យបានស៊ីជម្រៅចំពោះបញ្ហាជំនឿលើអាប ដោយពង្រីកការសិក្សាស្រាវជ្រាវ ដល់តំបន់នានាទាំងឡាយនៃកោះស៊ូម៉ាត្រា (ជ្រោយមលយូ) និងនៅឥណ្ឌូណេស៊ី។ ព្រោះថា ពួកគេក៏មានជំនឿដូចមនុស្សខ្មែរដែរ ហើយជំនឿខាងលើនេះ ត្រូវបានកត់ត្រាជាលាយលក្ខណ៍អក្សរ ឬសំណេរដៃចាប់តាំងពីមុនវប្បធម៌មូសស្លឹម និងតាមរយៈរឿងនិទានមួយចំនួន គួរឲ្យចាប់អារម្មណ៍ជាពន់ពេកណាស់។
សូមរំលឹកផងដែរថា សព្វថ្ងៃនេះ ជំនឿលើអាបត្រូវបានបន្តក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ទោះបីជាយើងស្ថិតក្នុងសម័យទំនើប ដែលជាសម័យមានវិទ្យាសាស្ត្រដ៏ជឿនលឿន និងសម្បូរបែបក៏ដោយ។ ហើយនេះជាអ្វីមួយដែលត្រូវបានគូសបញ្ជាក់តាមរយៈខ្សែភាពយន្តមួយចំនួន ដែលគេបញ្ចាំងនៅក្នុងរាជធានីភ្នំពេញយើង។ ឆ្លៀតឱកាសនេះ យើងសូមសំដែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះលោកសិង្គគា ដែលបានផ្តល់ជូនយើងនូវព័ត៌មានដែលពាក់ព័ន្ធអំពីជំនឿងងឹតទាំង ប៉ុន្មានខាងលើនេះ៕ប្រភពពី CEN (ម.ត្រាណេ)
0 Comments:
Post a Comment