ប្រភេទប្រេតអសុរកាយ ក្នុងជំនឿខ្មែរ
នៅក្នុងបុណ្យភ្ជុំបិណ្ឌ ដែលប្រារព្ធជារៀងរាល់ឆ្នាំ
ក្នុងវត្តអារាមនានា ពុទ្ធបរិស័ទ្ធខ្មែររមែងតែយកចង្ហាន់
ទៅប្រគេនព្រះសង្ឃនៅ ពេលព្រឹក ឬថ្ងៃត្រង់ ដើម្បីបង្សកូលឧទ្ទិស
បុណ្យកុសលទៅដល់ញាតិទាំង ៧សណ្តាន ដែលបានចែកឋានទៅ ។
ភ្ជុំបិណ្ឌនេះមានរយៈពេល ១៥ថ្ងៃ ចាប់តាំងពីថ្ងៃ ១រោច (បិណ្ឌ១)
ទៅដល់ថ្ងៃ១៥រោច ដាច់ខែភទ្របទ ។ សូមជម្រាបថានៅក្នុងមួយឆ្នាំ មានតែរយៈកាលនេះទេ ដែលយមរាជដោះលែងពួកប្រេតម្តង ដើម្បីទទួលនូវចំណីអាហារ ។ ប៉ុន្តែសម្រាប់សាសនិកជនខ្លះ ដែលខ្លាចញាតិសណ្តានរបស់ខ្លួន បានក្លាយទៅជាប្រេតរួចហើយនោះ ដោយអំពើបាបកម្មគ្រប់ប្រភេទ ដែលបានធ្វើពីជាតិមុន ពួកគេក៏យកអាហារទៅវេរឲ្យពួកអសុរកាយទាំងនោះ តាមរយៈអាចារ្យវត្ត ។
តាមទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនខ្មែរ ដើម្បីម្ហូបអាហារទៅដល់ពួកប្រេត គេក្រោកឡើងនៅម៉ោង ៤ភ្លឺ ហើយដាំបាយ ដំណើបលាយជាមួយល្ង ហើយពូតជាដុំៗ ដាក់ក្នុងចាន ដោយដាក់ទឹកជាមួយផង រួចហើយកាន់តាមខ្លួនទៅវត្ត ។ ក្រោយពីជួបជុំគ្នា នៅមុខព្រះបិហាររួច ក្រោមការណែនាំរបស់អាចារ្យ ពួកគេក៏ដើរប្រទាក់សិនជុំវិញព្រះវិហារ ចំនួន ៣ជុំ ។ បន្ទាប់មកពួកគេម្នាក់ៗ ក៏យកបាយដំណើប ផ្លែឈើ ដូចជាក្រូច ចេក មាន និងនុំណែកជាដើម ព្រមទាំងចាក់ទឹកក្រូចបន្តិចនៅលើបាយដំណើបទាំងនោះ និងដោត ធូបមួយដើម ដើម្បីឧទ្ទិសឲ្យខ្មោចដូនតា មកទទួលសំណែនទាំងនោះ ។
សូមជម្រាបថា តាំងពីបុរាណកាលមករហូតដល់សម័យក្រោយៗទៀត ហើយសូម្បីតែនៅសម័យទំនើបនេះក្តី ក៏ពុទ្ធ សាសនិកខ្មែរ នៅតែជឿលើបុណ្យបាប កម្មពារវេរា ។ ដូច្នេះហើយបានជាពួកប្រេតទាំងនោះ សុទ្ធសឹងតែមានមុខ គឺជាមនុស្សដូចគេឯង ក៏ប៉ុន្តែដោយសារ តែអំពើអាក្រក់ កាចសាហាវ អធម៌ ដែលខ្លួនបានសាង ទើបពេលទទួលមរណកាល បានក្លាយទៅជាប្រេតអសុរកាយ ។
តាមចាស់ៗបុរាណ គេចែកប្រេតទាំងនោះជា ១២ពួក ដោយប្រេតនីមួយៗមានឈ្មោះខុសៗគ្នា ។ យោងតាមជំនឿនិងការរៀបរាប់ តំណាលតៗមក ការតាំងឈ្មោះប្រេតទាំងនោះ គឺអាស្រ័យមកពីអំពើបាបកម្ម ដែលខ្លួនបានសាងពីជាតិមុនមក ។ ម្យ៉ាងវិញទៀតប្រេតខ្លះ ក៏មានរូបសញ្ញាផ្ទាល់របស់ខ្លួនដែរ ។

ចំពោះប្រេតអសុរកាយមាន ១២ពួកដូចជា :
- ប្រេតទី១ ឈ្មោះវន្តាសា ចំពោះប្រេតនេះគឺមានភ្នែកក្រលូង មានមុខក្រញូវ មានរោមច្រើនស្រម៉ូវ មាត់វៀចកំប៉ូវ ខ្នងកោងកំពួរ សក់រួញក្រញង់ ដោះប៉ោងកំបង ខ្លួនធុំក្លិនខ្មួរ ដៃជើងក្រញង់ ធ្ញេញដុះខុសជួរ មានរូបរាងខ្ពស់ចង្ក្រោង ស្គមដូចកុកគ្រោង ដំបៅពេញកាយ រាប់រយលានឆ្នាំមិនដែលស្គាល់បាយ ស៊ីតែកំហាក ដែលស្តោះចេញពីមាត់គេ ។ ចំពោះប្រេតទាំងនេះ មកពីមិនបានធ្វើបុណ្យដោយចិត្តជ្រះ ថ្លា ស្តោះដាក់អាហារឲ្យអ្នកសីលខ្ពស់ ។
- ប្រេតទី២ ឈ្មោះ កុណបា គឺមានពោះធ្លាក់ត្រយោកមុខខ្លីកំប៉ុក ភ្នែកប៉ុនត្រឡោក ចង្កាយាស្តោក ធ្មេញធំប៉ុនដប សក់វែងអូសដី ច្រមុះខោចខ្លី កស្តួចដូចដប ក្បាលធំជាងខួនមិនសមប្រកប ។ ធុំក្លិនខ្លួនស្អុយអសោច ស៊ីតែសពខ្មោច ប្រេតនេះអត់បាយរាប់កោដិឆ្នាំ ស៊ីតែខ្ទៅឈាមនៃសាកសពខ្មោច ឥបានប្រយោជន៍ទេ បើស៊ីណាស់ កាន់តែឃ្លានណាស់ ព្រោះមានផលកម្មចាស់ដែលខ្លួនបានសាងឡើង ។
- ប្រេតទី៣ ឈ្មោះគូថៈ ចំពោះប្រេតនេះ ភ្នែករិលទទឺងមាត់ខើចសំញេញ ដៅរោមជិត ឈឺច្រមុះត្រង់ភ្លើង កខ្លីដូចហ៊ីង ។ ក្បាលធំកមាង សក់ដៅខាងៗ កណ្តាលរលីង តចៀកកំប៉ិត ពោះធំកំភ្លឹង រូបរាងស្គមរីង ស៊ីតែលាមក ក្លិងស្អុយខ្លោះៗ សាច់ស្រែងកក្រោះ ដៃជើងធំស្ចក់ ខំដើរស្កាត់រកគំនរលាមកមកធ្វើចំនី ចំពោះប្រេតនេះ គឺរស់នៅរបៀបនេះរាប់រយកោដិឆ្នាំ រស់ដោយផលកម្ម គឺពារវេរាពីជាតិ មុន ជាជនពាលអត់មានសទ្ធា កោងកាចអប្រិយ ។
- ប្រេតទី៤ ឈ្មោះអគ្គីជាល គឺមានភ្លឺងឆេះរោលរាលពេញខួនប្រាណ ភ្នែកហើមលាន ភ្លើងឆេះរន្ធមាត់ មានដំបៅខ្លាំងស្រែកយំ គគ្រក់ ហុយផ្សែងព័ន្ធព័ទ្ធ សាច់ស្បែកឡើងរលួយ ភ្លើងឆេះតាំងនេះគឺឆេះទាំងយប់ទាំងថ្ងៃ ពួកប្រេតនេះគឺចង្រៃ ព្រោះមានកម្មសាងពីជាតិ មុន គឺជាមនុស្សប៉ោរឹង្ស លលេងនឹងព្រះសង្ឃបញ្ឆោតលេងសប្បាយ ។ ប្រេតនេះច្រើនតែរស់នៅដងព្រៃជ្រៅញកបព្វតា ក្បែរមាត់សមុទ្រ លើដុំសិលា ស្រេកឃ្លានអាហារ ស្រេកទឹកពុំអាចចំណីឆីបាន ។
- ប្រេតទី៥ ឈ្មោះ សុចិ មុខមាត់ស្រួចដូចម្ជុលក្បាលធំត្រមែង រន្ធមាត់ប៉ុនរន្ធក្តិតម្ជុល ដៃជើងធំបែក រាងរលទុលមុល ធំប៉ុនភ្នំ ភ្នែកលានក្រឡោក ក្រចកដៃសោតស្រែងស៊ីសុះដុំ ដុះវែងក្រាសចោទដូចជើងភ្នំ សក់ក្បាលពុកមាត់ពុកចង្កាដុះដូចព្រឹក្សា ។ ពួកប្រេតនេះ ច្រើនរស់នៅបព្វតាព្រៃជ្រៅ ភ្នំគិដ្យកូដ ហើយប្រេតនេះស្រេកឃ្លានអាហារចាក់ទឹកមិនចូល ញាត់បាយមិនទៅ ចេះតែរស់នៅដោយផលកម្ម ដែលខ្លួនបានសាង ។ កាលពីជាតិមុនមិនបានធ្វើបុណ្យ មានទ្រព្យច្រើនតែចិត្តកំណាញ់ មិនដាក់ទានឲ្យអ្នកក្រខ្សត់ សូម្បីតែមាតាបិតា ក៏មិនឲ្យលោកពិសាគ្រប់ដែរ ។
- ប្រេតទី៦ ឈ្មោះកណ្ហជិមានរូបរាងធំខ្ពស់ពេញចិត្ត ដៃជើងធំៗ ខ្លួនធំដូចយក្សសាច់សពញ្ជាក់ពពាល ឡើងចាង កវែង ក្បាល ផ្អៀង ភ្នែកស្រលៀង ច្រមុះធំខី រោងដុះស្រមាង ដៃជើងក្រញាង ធ្មេញសំញេញ បបូរមាត់ស្ពែះ យារធ្លាក់សំយែះ ពោះប៉ោងក្រអាញ ធំវែងដូចភ្នំ សាច់ស្បែកស្ពោតសាញ ដៅសែស្រមាញ ។ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅ ដាច់ពីគេឯង ហើយស្រេកឃ្លានអាហារ ព្រោះស៊ីមិនបាន ស្រេកទឹកខ្លាំងណាស់ ឃើញបឹងស្រះស្ទុះទៅរក ប៉ុន្តែបានប្រែក្លាយទៅជាគ្រោះថ្មទៅវិញ ។
- ប្រេតទី៧ ឈ្មោះ និជ្ឈា មានរូបរាងកាយគ្រាំគ្រាគ្មានពេលស្បើយទេ។ ប្រេតនេះគឺមានកម្មក្រាស់ណាស់ បើមានចំណីគឺពុំអាចស៊ី បានទេ គឺមាត់នៅកន្ទុយ។ ចំពោះរូបរាងវិញគឺរូបរាងអាក្រក់ ពោះប៉ោងកំប៉ិត ផ្ចិតទុលលៀន ស្អុយ ច្រមុះកញ្ឆាត ភ្នែកដូចទីទុយ ដុះរោមច្រើន មាត់ស្អុយខ្មូរខ្មោះ សាច់ខ្មៅក្រទិត រាងខ្ពស់ស្គមស្វិត ដៃជើងដក្រោះ ម្រាមដៃដុះចង្កា ។ ត្រចៀកបាក់ធ្លាក់យាដាបដល់ស្មា សក់ក្បាលវែងស្កា អាក្រក់ពេកក្រៃ ។ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅឆ្ងាយដាច់ពីគេ ឬនៅលើកោះតែម្នាក់ឯង ព្រោះខ្លួនចង្រៃប្រព្រឹត្តិតក់ម៉ក់ពេលឃើញ សាមណៈ ឬស្មូមយាចក ប្រើពាក្យអាក្រក់ជេស្តីឲ្យលោក និយាយពាកចាក់ចោតឡកឡឺយ បញ្ឆោតអ្នកមានសិលឲ្យអាប់កិត្តិយស ។

- ប្រេតទី៨ ឈ្មោះថាប្រេតសព្វង្កា មានដំបៅពេញរាងកាយក្នុងសាច់សុទ្ធតែពងរុយ មានខ្ទុះពាសពេញខ្លួនប្រាណ ក្លិនស្អុយគគ្រុក ភ្នែកធំលៀន ច្រមុះធំវែង ពោះធ្លាក់ទ្រយុក ស្រែកថ្ងូររងទុក្ខ ដោយមានសេចក្តីស្រេកឃ្លាន ខំយកដៃខ្វារពាសពេញប្រាណ ក្រចកវែងមុតរខ្វះ ហែកសាច់បានគឺសាច់ខ្លួនឯង យកមកស៊ីជាអាហារ ប៉ុន្តែបើស៊ីណាស់ រឹតតែឃ្លាន ព្រោះវាមានកម្មក្រាស់ណាស់ ។ នៅក្នុងព្រៃជៅលើកោះ ក៏មានច្រើនណាស់ គគោករាប់ម៉ឺនសែនលាន កាលពីជាតិមុនអត់បានធ្វើបុណ្យ មានចិត្តការប្រេតនេះច្រើនរស់នៅ ចិត្តឫស្យា ហ៊ានប្រកែកជាមួយម៉ែឪ ព្រមទាំងវាយគាត់ ប្រើពាក្យប្រមាត់ជីដូនជីតា ឬញាតិសណ្តាន បំភ្លេចគុណគេបែរជាឲ្យទោសគេទៅវិញ ។
- ប្រេតទី៩ ឈ្មោះ បព្វង្កា មានដៃខ្លីជើងខ្លី ខ្លួនវែងជង្រក់ធំខ្ពស់ ដូចភ្នំក្បាលតូច កខ្លី សាច់រឹងដូចដំរី ចំពោះខ្លួនប្រាណវិញ គឺមានភ្លើងឆេះរងំ ឆេះទាំងយប់ទាំងថ្ងៃ ដូចភ្លើងឆេះភ្នំ ស្រេកឃ្លានអាហាររាប់កោដិឆ្នាំ ឃ្លានអត់មានស្រាក រិតមិនស្លាប់ ព្រោះបានធ្វើបាប កម្មច្រើននិងទ្រាំរស់នៅបែបបនេះរាប់រយឆ្នាំទៀត លុះអស់កម្មពៀរ ប្រេតនេះច្រើនរស់នៅក្នុងដងព្រៃជ្រៅ នាហេមពាន្តភ្នំគិដ្យកូដ កាលពីជាតិមុនគឺមនុស្សទុជន មានចិត្តរឹងរូស ចងគំនុំ ឈ្លោះប្រកែកនិងតាមព្យាបាទគេឯង អត់មានកោតក្រែងអំពើអាក្រក់ដែលខ្លួន បានសាង ។
- ប្រេតទី១០ ឈ្មោះ អជតរៈ មានក្បាលច្រើនប្រភេទដូចជាពស់ថ្លាន់ សត្វខ្លា ជាឆ្មា គោ ក្របី ប្រេតនេះចម្លែកមានរូបរាងប្លែកខុស ប្រក្រតី ខ្លួនជាពស់ថ្លាន់ ធំវៀនលើដីធំលើដីធំ លើដំរី ធំវែងដូចភ្នំ ។ ភ្លើងឆេះព័ទ្ធរុំទាំងយប់ទាំងថ្ងៃ ស្រែកឃ្លានអាហារគ្រប់ពេលវេលា ចេះតែថ្ងូរស្រែក ទុក្ខខ្លាំងពេកក្រៃ ។ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅ ឬបុព្វតា ក្បែរសមុទ្រ លើដុំសិលា ប្រេតនេះពីជាតិមុនមិនបាន ធ្វើបុណ្យប្រព្រឹត្តប៉ោឡែ មិនខ្លាចម៉ែ ឪ ជីដូន ជីតា ជេរអ្នកមានគុណថាឆ្កែជាឆ្មា ចំពោះព្រះសង្ឃក៏មិនខ្លាចប្រើពាក្យប្រមាថទៅទៀត ទើបធ្វើឲ្យប្រេតនេះ មានក្បាលច្រើនបែបនេះឯង មានភ្លើងគ្រប់ពេលវេលាបែបនេះ ។
- ប្រេតទី ១១ ឈ្មោះវេមានិកមានរូបធំទ្រមឹង រាងធាត់ក្រអាញ ដុះរោមជិតឈឹង ពោះប៉ោងត្រង់ភ្លើងសម្បើមអស្ចារ្យ ប៉ុន្តែសុខ ទុក្ខស្មើគ្មានតាមធម្មតាដៃកាន់អាវុធ ចិត្តកាចក្លៀវក្លា ប្រេតនេះ គេហៅថា មវាជទៅកាប់សត្វនរកឈាមប្រឡាក់ព្រាចពីព្រឹកដល់ល្ងាច អត់បាយអត់ទឹក វាយសួរចម្លើយ កាត់ទោសគ្រប់នរក ត្រួតត្រាទាំងអស់ ។ ពេលដែលសាយសុខ គឺក្លាយខ្លួនទៅជាវបុត្តឡោះរូបល្អអត់ខ្ចោះ នៅក្នុងឋានសួគ៌ ស្រីទេពអប្សរចោមរោមសុំស្នេហ៍ ដល់ពេលសោយទុក្ខកើតជាប្រេតចង្រៃរងទុក្ខវេទនាទាំងយប់ទាំងថ្ងៃ ប្រេតនេះកាលពី ជាតិមុនជាមនុស្សសយប្រព្រឹត្តិលីលាបានធ្វើទានខ្លះ ធ្វើតាមទម្លាប់គឺបុណ្យក៏ធ្វើ បាបក៏ធ្វើ ក្នុងន័យប្រមាថដូចនេះហើយទើបរថផលកម្ម សងទាំងពីរបែបនេះ ។
- ប្រេតទី ១២ ឈ្មោះមហិទ្ធិកៈ រូបល្អពេញទីជាស្តេចនៃប្រេត អ្នកមានឫទ្ធីល្អអត់មានពីរស្មើរូបទេព្តាមានគ្រឿងស្លៀកពាក់ ស្រស់ស្អាតពេកក្រៃទាល់តែស្រេកឃ្លានអាហារអ្វីៗត្រេកអរលើសលន់ ខំស្ទុះទៅចាប់ភ្លើងឆេះពេកពន់ បើមិនដូចនោះទេ ឃើញហើយខំស្ទុះ ចាប់កើបស្រវាបានដាក់ក្នុងមាត់លេបទៅកាលណាស្រាប់តែក្លាយជាដុំដែក ក្រហមច្រាលឆ្អៅឆេះឆាបក្នុងមាត់ស្រែកឃ្លានណាស់ ព្រោះមាន កម្មច្រើន ក្លិនស្អុយអស្ចារ្យ ល្អតែរូបកាយ ។ ប្រេតនេះកាលពីជាតិមុនបួសក្នុងសាសនាប្រមាថសុះសាយ បួសមិនប្រព្រឹត្តវិន័យ បួសឆាន់ តែបាយ ប្រព្រឹត្តអាក្រក់ ធ្វើមិឆ្ចាចារ អបោកគ្រហស្ថ ប្លន់លាភសាសនាវិន័យសិក្ខាប្រតិបត្តិ ។
ជាអវសាន សូមជម្រាបផងដែរថា ការតំណាងប្រេតអសុរកាយទាំងនោះ ក្រោមរូបភាពជាមនុស្ស ឬក៏ជាសត្វ ដែលមានលក្ខណៈផ្សំត្រូវបានអ្នកស្រាវជ្រាវចាត់ទុកថា ជាការស្តែងចេញពីផ្លូវក្នុងនូវទឹកចិត្ត ឬអារម្មណ៍របស់មនុស្ស ដែលជួនកាលល្អ ជួនកាលអាក្រក់តែប៉ុណ្ណោះ៕ ប្រភពពី CEN (ម.ត្រាណេ)
0 Comments:
Post a Comment