Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Friday, April 12, 2013

មហា​សង្ក្រាន្ត​ឆ្នាំ​ម្សាញ់

0 Comments

Front-page-new
រូបចម្លាក់​ពស់​វែក​ធ្វើ​ពី​ផ្ដៅ​ ត្រូវ​បាន​រៀប​ចំធ្វើ​ឡើង​ដើម្បី​អបអរបុ​ណ្យ​ចូល​ឆ្នាំ​ថ្មី​ខ្មែរ​ ឆ្នាំ​ម្សាញ់​​​ដែល​នឹ​ង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ​ ៤​កើត​ ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ មេសា​ វេលា​ម៉ោង​២:១២​នាទី​ រំលង​អ្រ​ធាត្រ​។​រូបថត ហេង ជីវ័ន
មហា​សង្ក្រាន្ត​ឆ្នាំ​ម្សាញ់
ពេល​នោះ ព្រះ​អាទិត្យ​ចេញ​ពី​មីនា​រាសី ទៅ​ស្ថិត​នៅ​មេសា​រាសី តាម​ផ្លូវ​គោ​វិថី គឺ​ផ្លូវ​កណ្តាល ទើប​មាន​ទេវធីតា​មួយ​ព្រះអង្គ ជា​មគ្គ​នាយិកា ព្រះ​នាម ធុង្សៈទេវី ជា​បុត្រី​ទី១ នៃ​កបិល​មហា​ព្រហ្ម គង់​នៅ​ចាតុម្ម​ហារាជិកា ទ្រង់​អម្ពរ​ពណ៌​ក្រហម លម្អ​នូវ​ព្រះ​កាណ៌​ដោយ​សៀត​ផ្កា​ទទឹម អាភរណៈ​​ទ្រង់ ពាក់​កែវ​បទុមរាគ ភក្សាហារ​ទ្រង់​សោយ​ផ្លែ​ឧទុម្ពរ ព្រះហស្តស្តាំ​ទ្រង់​កង​ចក្រ ព្រះ​ហស្ត​ឆ្វេង​ទ្រង់​ស័ង្ខ ទ្រង់​ផ្ទំ​បិទ​ព្រះ​នេត្រ លើ​ខ្នង​គ្រុឌ (សត្វ​សសេះ) ជា​ពាហនៈ។
ថ្ងៃ អាទិត្យ ៤កើត ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី១៤ មេសា គ្រិស្ត​សករាជ ២០១៣ វេលា​ម៉ោង ២:១២​នាទី រំលង​អាធ្រាត្រ ជា​ថ្ងៃ​ចូល​ឆ្នាំ​ម្សាញ់ បញ្ចស័ក។ ថ្ងៃ​ចន្ទ ៥​កើត ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែ​មេសា គ្រិស្ត​សករាជ ២០១៣ ជា​វារៈ​វ័នបត។ លុះ​ថ្ងៃ​អង្គារ ៦កើត ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ខែ​មេសា គ្រិស្ត​សករាជ ២០១៣ នៅ​វេលា​ម៉ោង ៥:៥៦នាទី ២៤ វិនាទី ជា​វារៈ​ឡើង​ស័ក គម្រប់​ជា​សង្ក្រាន្ត​៣​ថ្ងៃ ស្រេច​បរិបូរណ៍ ចូល​ជា​សកល​ឆ្នាំ​ម្សាញ់ បញ្ចស័ក ចុល្ល​សករាជ ១៣៧៥ និង​មហា​សករាជ ១៩៣៥ ត​ទៅ។

រណ្តាប់​ទទួល​ទេវតា
រណ្តាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅ​ខាង​មុខ​ផ្ទះ​មួយ សម្រាប់​តាំង​គ្រឿង​ពលិការ​ផ្សេងៗ។ ត្រូវ​រៀប​ក្រាល សំពត់​ពណ៌​ស ហើយ​រៀប​ចំ​នូវ​គ្រឿង​សក្ការបូជា​ទេវតា មាន​ជា​អាទិ៍ បាយ​សី​៩​ថ្នាក់​ចំនួន​មួយ​គូ បាយ​សី​៧​ថ្នាក់ មួយ​គូ បាយ​សី​៥​ថ្នាក់ មួយ​គូ បាយ​សី​៣​ថ្នាក់​មួយ​គូ បាយ​សី​ប៉ាឆាម​មួយ​គូ ស្លាធម៌​មួយ​គូ ទឹក​អប់​មួយ​គូ (ទៀន​៥ ធូប​៥) លាជ​៥ ផ្កា​៥ ដាក់​លើ​ជើង​ពាន​មួយ​គូ ចេក​នួន ចេក​ណាំវ៉ា ជើង​ពាន​មួយ​គូ ផ្លែ​ឈើ​១១​មុខ រៀប​ដាក់​ជើង​ពាន​១១​គូ ដូង​ឡៅ​មួយ​គូ ទឹក​ស្អាត​ពីរ​កែវ។
ឆ្នាំ​នេះ​គួរ​រក​ផ្លែ​ឧទុម្ពរ ផ្លែ​ល្វា​ម៉ង់ ដាក់​ទទួល​ទេវតា​ផង ព្រោះ​ជា​ភក្សាហារ​របស់​ទេវធីតា។
ស្រេច​ហើយ​នៅ​វេលា​ម៉ោង​ដែល​ទេវតា​ចុះ​មក ត្រូវ​ជួប​ប្រជុំ​ក្រុម​គ្រួសារ ដើម្បី​ថ្វាយ​បង្គំ​ព្រះ​នមស្ការ​ព្រះ​រតនត្រ័យ សមាទាន​សីល ហើយ​តាំង​ចិត្ត​ឲ្យ​បាន​ស្អាត​បរិសុទ្ធ​ជ្រះ​ស្រឡះ​នូវ​មន្ទិល​ទាំង​ពួង តម្កល់​ចិត្ត​រំពឹង​គិត​ទៅ​លើ​ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ ជា​ទី​ពឹង​ទី​រឭក លុះ​ចប់​ពិធី​ទទួល​ទេវតា។ភ្នំពេញប៉ុស្តិ៍
ដក​ស្រង់​ពី «មហា​សង្ក្រាន្ត ឆ្នាំ​ម្សាញ់ បញ្ចស័ក» ដោយ លោក អ៊ឹម បុរិន្ទ

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com