Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Tuesday, April 9, 2013

កម្ពុជា-ចិន​កាន់តែ​បង្ហាញ​នូវ​សក្ខីភាព​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​​តេ​ជោ

0 Comments

កម្ពុជា-ចិន​កាន់តែ​បង្ហាញ​នូវ​សក្ខីភាព​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​​តេ​ជោ

09-04-2013-a 
























ភ្នំពេញ ៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ក្លាយទៅជា​ប្រមុខ​រដ្ឋាភិបាល​ទី​១ នៅ​លើ​ពិភពលោក​ដែល​បាន​ធ្វើ​ដំណើរ​ តាម​កម្រាលព្រំ​ពណ៌​ក្រហម ឆ្អិនឆ្អៅ​នៅ​ឯ​មហា​វិមាន​ប្រជាជន​ចិន​ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០១៣  នៅពេល​ដែល​​សម្ដេច​​បាន​ចាប់ផ្តើម​ទស្សនកិច្ច​​ផ្លូវការ ​ទៅកាន់​ប្រទេស​មហាអំណាច​ខាង​សេដ្ឋកិច្ច​លំដាប់ថ្នាក់​ទី ២ របស់​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ ដែល​បាន​កត់​សម្គាល់​ពី​ដំណើរ​ជោគជ័យ​យ៉ាង​ធំធេង​ នៃ​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នេះ។
នៅក្នុង ​ពិធី​បដិសណ្ឋារកិច្ច​ផ្លូវការ​នោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​បាន​​ការ​ធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​ កក់ក្តៅ​បំផុត ពី​សំណាក់​សម​ភាគី​ចិន​របស់​លោក​ គឺ​ឯកឧត្តម លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រម​​ទាំង​ឥស្សរ​ជន​ជាន់ខ្ពស់ របស់​រដ្ឋាភិបាល​ចិន​ជា​ច្រើន​រូប​ទៀត។
យោង ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​ផ្សាយ​ឲ្យ​ដឹង​ថា ឯកឧត្តម លី ខឺ​ឈាង មានប្រសាសន៍​ក្នុង​ជំ នួប​ដ៏​មាន​សារៈសំខាន់​នោះ​ថា សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី​គឺជា​ប្រមុខ​រដ្ឋាភិបាល​បរទេស​ទី ១ ដែល​រូប​ឯកឧត្តម​បាន​ទទួល​បដិសណ្ឋារកិច្ច​ជា​លក្ខណៈ​ផ្លូវការ​នៅ​មហា​វិមាន​ ប្រជាជន​ចិន បន្ទាប់ពី​ឯកឧ​ត្ត​ម​ត្រូវ​បាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​ចិន​កាលពី​ ដើមខែ​កន្លង​ទៅ​ថ្មីៗ​នេះ។ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ចិន​បាន​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​​ តេ​ជោ ហ៊ុន សែន មកកាន់​ប្រទេស​ចិន​នៅ​ពេល​នេះ គឺជា​ទស្ស​នកិច្ច​ខ្ពស់​មួយ​ ស្រប​និង​ឱកាស​នៃ​ការ​ប្រារព្ធ​ខួប ៥៥ ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​របស់​ប្រទេស​ទាំងពីរ និង​ក៏​ជា​​ការ​រួម​ចំណែក​យ៉ាងសកម្ម​ថែមទៀត ក្នុង​ការ​ពង្រឹង និង​ពង្រីក​ទំនាក់​ទំនង នៃ​ប្រទេស ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​។
ឯកឧត្តម លី ខឺ​ឈាង មានប្រសាសន៍​បន្ត​ថា ឯកឧត្តម នឹង​ខិតខំ​ប្រឹងប្រែង​ខ្នះខ្នែង​ឲ្យ​កាន់តែ សកម្ម​ថែមទៀត​ជាមួយ​សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុង​ការ​ធ្វើ​ឲ្យ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់ ប្រទេស​ទាំងពីរ​កាន់តែ​ស៊ីជម្រៅ និង កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់។ ឯកឧត្តម​មានប្រសាសន៍​សង្កត់​ធ្ងន់​ថា រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ចិន​បាន​គួស​បញ្ជាក់​យ៉ាង​ម៉ឺង​មាត់​ថា នឹង​បន្ត​យ៉ាង​ម៉ឺងម៉ាត់​ឥត​ងាករេ ជាមួយ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ក្នុង​ការ​បំរើ​ផលប្រយោជន៍ នៃ​ប្រទេស​ទាំងពីរ។
ព្រះរាជាណាចក្រ ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា​នៅ ​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ១៩៥៨ ដែល​ចាប់តាំងពី​ពេលនោះ រហូតមកដល់​បច្ចុប្បន្ន​នេះ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា-ចិន ​បាន​ក្លាយ​យ​ជា​កិច្ច​សហប្រតិបត្តិ​ការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ ជ្រុងជ្រោយ ដែល​បាន​ប្រកាស​ឡើង​កាលពី​ខែធ្នូ ឆ្នាំ ២០១២។ ឆ្នាំ ២០១៣ នេះ​ជា​ខួប​លើក​ទី ៥៥ ឆ្នាំ នៃ​ថ្ងៃ​បង្កើត ទំនាក់ទំនង​ការទូត​កម្ពុជា-ចិន ដែល​ភាគី​ទាំងពីរ​បាន​កំណត់​ថា ជា​ឆ្នាំ​មិត្តភាព​កម្ពុជា-ចិន តាមរយៈ​នេះ ភាគី​ទាំងពីរ​បាន​ប្រកាស​ពី​ការរៀបចំ​សកម្មភាព​នានា ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ នៃ​ថ្ងៃ​បង្កើត ទំនាក់ទំនង​ការទូត​របស់​ប្រទេស​ទាំងពីរ​ឲ្យ​បាន​អធិកអធម​ជាទីបំផុត។
ក្នុង​ជំនួប​ចរចា​ទ្វេភាគី​ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ​កម្ពុជា-ចិន ​បាន​សំដែង​នូវ​ការ​ពេញ ចិត្ត និង​បាន​ធ្វើ​​ការ​ប្តេជ្ញា​រួមគ្នា​ក្នុង​ការ​បន្ត​ថែរក្សា​ការពារ និង​ជំរុញ​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិ​បតិ្ត​ការ នៃ​ប្រទេស​ទាំងពីរ​កម្ពុជា-ចិន ​ឲ្យ​កាន់តែ​រឹងមាំ និង​ផ្តល់​នូវ​ជំនឿ​ទុកចិត្ត​កាន់តែ​ខ្ពង់ខ្ពស់​ថែម​ទៀត។ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ក៏បាន​ឯកភាព​គ្នា ក្នុង​ការបង្កើត​គណៈកម្មការ​រួមគ្នា​មួយ​សម្រាប់​ប្រទេស​ទាំងពីរ​ធ្វើការ​ ពិភាក្សា​គ្នា ទាក់ទិន​ទៅ​គ្រប់​វិស័យ​ទាំងអស់ ដែល​ក្នុង​នោះ​​សម្តេច​​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​​ថា ភាគី​កម្ពុជា​បាន​ចាត់តាំង​ឯកឧត្តម ហោ ណាំហុង ជា​ប្រធាន​គណៈកម្មការ សម្រាប់​ភាគី​កម្ពុជា និង​បាន​ស្នើ​ឲ្យ​គណៈកម្មការ​រួម​បើក​កិច្ចប្រជុំ​របស់​ខ្លួន​ឲ្យ​បាន​ឆាប់​ បំផុត។ ជាមួយ​គ្នា​នេះ សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​គូស​បញ្ជាក់ ដោយ​ឥត​ងាករេ​ពី​ការ​បន្ត​អនុវត្ត​​នយោបាយ​ចិន​តែមួយ និង​បាន​ចាត់​ទុក​ការគោរព​អធិបតេយ្យភាព​របស់​ចិន ក៏ដូចជា​ការ​គោរព​​អធិបតេយ្យភាព​របស់​កម្ពុជា​ផង​ដែរ។
ទូរទស្សន៍ ​ជាតិ​កម្ពុជា​បាន​ផ្សាយ​ថា សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សំដែង​នូវ​អំណរគុណ​ជូន​ចំពោះ​ឯកឧត្តម​ នាយករដ្ឋមន្ត្រី​ចិន ដែល​បាន​ចាត់​ទុក​​សម្តេច​ គឺជា​ឥស្សរជន​ទី ១ របស់​ពិភព​លោក ដែល​ត្រូវ​បាន​ទទួល​បដិសណ្ឋារកិច្ច​ជា​ផ្លូវការ បន្ទាប់ពី​ឯកឧត្តម​ចូលកាន់​មុខ​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ចិន​នោះ។ សម្តេច​តេ​ជោ​មានប្រសាសន៍​បន្ត​ថា ការ​រីកចំរើន​របស់​ប្រទេស​ចិន​មិន​គ្រាន់​តែ​សម្រាប់​ប្រ​ទេស​ចិន​ប៉ុណ្ណោះ​ ទេ ប៉ុន្តែ​វា​បាន​បម្រើ​ឲ្យ​ការ​រីក​ចំរើន​ដល់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដទៃទៀត តួ​យ៉ាង​ដូចជា​ប្រទេស​កម្ពុជា និង​ចាត់ទុក​ការ​រីក​ចំរើន​របស់​ប្រទេស​ចិន ក៏ដូចជា​ការ​រីក​ចំរើន​របស់​កម្ពុជា យ៉ាង​ដូច្នេះ​ដែរ។
សម្តេច ​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​បំពេញ ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចំនួន ៣ លើក​រួច​មក​ហើយ ដោយ​លើក​ទី ១ ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ១៩៩៩, លើក​ទី ២ ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០០៤ និង​លើក​ទី ៣ ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ និង​បាន​អញ្ជើញ​ចូលរួម​កម្ម វិធី​ជាច្រើនលើក​ថែមទៀត​ផង​ដែរ។


ដោយសារតែ ​នយោបាយ​ជា​អាទិភាព​របស់​សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​កំណត់​ថា ទឹក ផ្លូវ ភ្លើង មនុស្ស គឺជា​អាទិភាព​សម្រាប់​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឡើងវិញ​នោះ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ចិន​បាន​ប្រកាស​​ពី​ការ​ផ្តល់​ជំនួយឥតសំណង ដែល​មាន​ទឹកប្រាក់ ៣០០ លាន​យ័ន​ដល់​កម្ពុជា ក្នុង​ការ​បំរើ​ដល់​ការ​វិស័យ​អាទិភាព​ទាំង​បួន​របស់​កម្ពុជា និង​ផ្តល់​កម្ចី ៥០០ លាន​ដុល្លារ​ដល់​កម្ពុជា​ក្នុង​ការ​បំរើ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ ប្រទេស​កម្ពុជា។ តាមរយៈ​នេះ ឯកឧត្តម​បាន​ស្នើ​ដល់​ភាគី​កម្ពុជា​លើ​​គំរោង​ឲ្យ​បាន​ឆាប់រហ័ស ក្នុង​ការ​អនុវត្ត​គំរោង​ឲ្យ​កាន់តែ​ទទួល​បាន​ជោគជ័យ​ខ្ពស់​ថែម​ទៀត។ ទាក់ទិន​ទៅ​នឹង​​ការ​អញ្ជើញ​ពី​ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ឯកឧត្តម​នាយករដ្ឋមន្ត្រី​ចិន បាន​គូស​បញ្ជាក់​​ថា នឹង​ជ្រើសរើស​ពេលវេលា​ដ៏​សមស្រប​ក្នុង​ការ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។ 
បន្ទាប់ពី​ជំនួប​ចរចា​ប្រកបដោយ​ផ្លែផ្កា​រួចមក ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ​កម្ពុជា-ចិន បាន​អញ្ជើញ​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​អនុស្សរណៈ​នៃ​ការយោគយល់ គ្នា​សំខាន់​ៗ​ចំនួន​ ៨ ដែល​ក្នុង​នោះ​រួមមាន​ទី ១ ផែនការ​សកម្មភាព​ស្តី​ពី​ការអនុវត្ត​កិច្ច​សហប្រតិបត្តិ ការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន ដែល​ចុះ​ហត្ថ​លេខា​រវាង​លោកជំទាវ សឿន រដ្ឋ​ចា​វី រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរ​ជាតិ​ជាមួយ​ឯកឧត្តម Zhang Yesui អនុរដ្ឋមន្ត្រី ​ក្រសួងការបរទេស​ចិន ទី ២ អនុស្សរណៈ នៃ​ការ​យោគ​យល់​គ្នា​រវាង​គណៈកម្មការ​ប្បញ្ញត្តិ​កម្ម​ធនាគារ​ចិន និង​ធនាគារជាតិ​នៃ​កម្ពុជា ដែល​ចុះ​ហត្ថ​លេខា​​រវាង ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល​ធនាគារ​ជាតិ ​នៃ​កម្ពុជា ជាមួយ ឯកឧត្តម Shang Fulin ប្រធាន គណៈកម្មការ​ប្បញ្ញត្តិ​កម្ម​ធនាគារ​ចិន ទី ៣ កិច្ចព្រមព្រៀង​ស្តីពី​​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច និង បច្ចេក​​ទេស​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន​ជា​ជំនួយឥតសំណង​មាន​ទឹកប្រាក់ ៣០០ លាន យ័ន​ប្រហាក់ប្រហែល ៤៨ លាន​ដុល្លារ ទី ៤ កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ស្តីពី​ការ​ផ្តល់​ឥណទាន សម្បទាន​ដោយ​ភាគី​ចិន​ដល់​ភាគី​កម្ពុជា សម្រាប់​គំរោង​សាងសង់​ស្ពាន​កោះធំ​រវាង​រាជរដ្ឋាភិបាល កម្ពុជា និង​រដ្ឋាភិបាល​ចិន​មាន​ទឹកប្រាក់ ១២៦ លាន​យ័ន​ប្រហាក់ប្រហែល ២០ លាន​ដុល្លារ ទី ៥ លិខិត​ប្តូរ​សារ​ស្តីពី​គំរោង​សាលា​វិជ្ជាជីវៈ​កសិកម្ម​ខេត្តក្រចេះ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល ចិន​ដែល​ចុះ​ហត្ថ​លេខារ​វា​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​ឯកឧត្តម Gao Hucheng រដ្ឋមន្ត្រីក្រសួង ​ពាណិជ្ជកម្ម ទី ៦ កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ស្តីពី​គំរោង​អភិវឌ្ឍន៍​ធនធានទឹក​អាង​ស្ទឹង​ ស្ទោង​ជំហាន​ទី ១ រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា​ជាមួយ ធនាគារ​អា​ហរ​ណ៍ នី​ហរ​ណ៍​ចិន មាន​ទឹកប្រាក់ ៣២៩  ៧៥០ ០០០ យ័ន​ប្រហាក់ប្រហែល ៥២ លាន ដុល្លារ ទី ៧ កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ស្តីពី​គំរោង​សាងសង់​ស្ពាន​កោះធំ ខេត្តកណ្តាល​រវាង ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា និង​ធនាគារ​អាហរ័ណ នីហរ័ណ​ចិន​មាន​ទឹកប្រាក់ ១២៦ លាន យ័ន​ប្រហាក់ប្រហែល ២០ លាន​ដុល្លារ​ចុះហត្ថលេខា​រវាង​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជាមួយ​និង​ឯកឧត្តម Sun Ping អនុប្រធាន​ធនាគារ Eximbank និង ​ទី ៨ អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​គំរោង ចម្រាញ់​ប្រេង​ចំនួន ៥ លាន​តោន​ក្នុង​មួយឆ្នាំ​រវាង​ធនាគារ​អភិវឌ្ឍន៍​ចិន​សាជីវកម្ម ធានារ៉ាប់រង​ឥណទាន និង​នី​ហរ​ណ៍​ចិន និង​សាជីវកម្ម ឧស្សាហកម្ម​គ្រឿងយន្ត​ចិន​ជាមួយ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន​ភេ​ត្រូ​ខេ​មី​ខុល ខូ​អិ​ល​ធី​ឌី មាន​ទឹកប្រាក់ ១ ៦៧០ លាន​ដុល្លារ​ចុះហត្ថលេខា​រវាង​លោក ឧកញ៉ា ហាន់ ឃៀង ប្រធាន ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន​ភេ​ត្រូ​ខេ​មី​ខុល ខូ​អិ​ល​ធី​ឌី ជាមួយ​លោក Dai Chunning អនុប្រធាន​សាជីវកម្ម ធានារ៉ាប់រង​ឥណទាន និង​នី​ហរ​ណ៍​ចិន លោក Zhang Sugang ប្រធាន​សាជីវកម្ម​ឧស្សាហកម្ម គ្រឿងយន្ត​ចិន និង​លោក Zheng Zhijie អនុប្រធាន​ធនាគារ​អភិវឌ្ឍន៍​ចិន៕ ប្រភពកម្ពុជាថ្មី

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com