តើជនជាតិខ្មែរនិយមចូលឆ្មាំថ្មី នៅថ្ងៃ ខែ ឆ្មំាណា ?
រាល់ឆ្នាំ ជនជាតិខ្មែរនិយមរៀបចំពិធី
បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅថ្ងៃទី ១៣ ខែមេសា (យូរៗម្ដង
ថ្ងៃទី ១៤ ខែ មេសា) ត្រូវនឹងខែ ចេត្រ នៃចន្ទគតិ ។ដោយសារប្រទេសខ្មែរបានទទួលឥទ្ធិពលសាសនាព្រាហ្មណ៍ (លទ្ធិហ៊ីនឌូ) ទើបជនជាតិខ្មែរនៅតែបន្តប្រើប្រាស់ក្បួនគម្ពីរ សាស្ត្រាបុរាណរបស់លទ្ធិព្រាហ្មណ៍ក្នុងការគិតគូររៀបចំធ្វើកិច្ច នានាខាងសាសនា ។ តាមក្បួនតារាសាស្ត្រ ឬហោរាសាស្ត្របុរាណនៃលទ្ធិព្រាហ្មណ៍ គេយល់ថាផ្ទៃមេឃមានរាងដូចជារង្វង់មូល និង នៅស្ងៀមមួយកន្លែងដូចជាផែនដីដែរ ។ គេយល់ថាព្រះអាទិត្យដើរជុំវិញផែនដីតាមគន្លងគោចរដែលមានរូប សណ្ឋានដូចជារង្វង់ ទើបពួកគេហៅថា រាសីចក្រ ឬ ចក្ររាសី (រង្វង់រាសី) ដែលត្រូវនឹងមួយឆ្នាំ ។ ដោយសារតែពួកគេមើលឃើញនៅលើលំហមេឃមានផ្កាយ (តារា) ជាច្រើននៅក្បែរៗគ្នាហើយមានសណ្ឋានដូចជារូបផ្សេងៗ ដូចជារូបចៀមឬពពែឈ្មោល, គោឈ្មោល, រូបមនុស្សប្រុសស្រីពីរនាក់, ក្តាម, សិង្ហ, ស្រីក្រមុំ, ជញ្ជីង, ខ្ទួយ, ធ្នូ, ត្រីមករ (ត្រីថ្ករ ឬ ត្រីឆ្លាមមករ), ក្អម, និង ត្រី ដូច្នេះហើយទើបពួកគេដាក់ឈ្មោះបណ្តុំផ្កាយ (នក្ខត្តឫក្ស ឬ នក្សត្រ) ទាំងនោះតាមរូបភាពស្រដៀងទាំងនោះ ។ ពួកគេចែកផ្ទៃមេឃជា ១២ ចំណែក ឬ ល្វែង(រាសី) ដោយដាក់ឈ្មោះចំណែកនីមួយៗស្របតាមរូបរាងនៃបណ្តុំផ្កាយ ដូចជា មេសៈ ឬមេសរាសី, ឧសភៈ ឬឧសភរាសី, មិថុនៈ ឬមិថុនរាសី, កក្កដៈ ឬកក្កដរាសី, សីហៈ ឬសីហរាសី, កញ្ញា ឬកញ្ញារាសី, តុលា ឬតុលារាសី, វិច្ឆិកៈ ឬវិច្ឆិករាសី, ធនុ ឬធនុរាសី, មករៈ ឬមកររាសី, កុម្ភៈ ឬកុម្ភរាសី និង មីនៈ ឬមីនរាសី ។ ដោយសារតែពួកគេកំណត់យកមេសរាសី (ខែ មេសា) ជារាសីទីមួយ ទើបជនជាតិខ្មែរចាប់គិតថាខែ ចេត្រ ជាខែទីមួយនៃឆ្នាំថ្មី ហើយក៏ប្រារព្ធធ្វើកិច្ចចូលឆ្នាំថ្មីនៅខែ ចេត្រ តាមលំអានរៀងមក ។ នេះគឺដោយសារខ្មែរប្រើក្បួនគិតថ្ងៃតាមសុរិយគតិ ។ បើតាមក្បួនចន្ទគតិ ខែ មិគសិរ គឺជាខែទីមួយនៃឆ្នាំថ្មី ។ តាមក្បួនសុរិយគតិរបស់លទ្ធិព្រាហ្មណ៍ គេគិតថានៅខែ មេសា ព្រះអាទិត្យចរចេញពីមីនរាសី (Mina Rashi បណ្តុំផ្កាយរាងដូចត្រី) ចូលទៅកាន់ មេសរាសី (Mesa Rashi បណ្តុំផ្កាយរាងដូចចៀមឬពពែឈ្មោល) ។ ការចរចេញរបស់ព្រះអាទិត្យពីរាសីមួយទៅកាន់រាសីមួយហៅថា សង្ក្រាន្ត ឬ សង្ក្រាន្តិ (sankranti) ។ ក្នុងមួយឆ្នាំមាន ១២ សង្ក្រាន្ត ។ ដោយសារតែពួកព្រាហ្មណ៍កំណត់យក មេសរាសី ជារាសីទីមួយ (រាសីតំបូង, រាសីក្បាល, រាសីធំ ឬ មហារាសី)ទើបគេហៅសង្ក្រាន្តនៅខែ មេសា ថា មហាសង្ក្រាន្ត គឺដំណើរឆ្លងកាត់របស់ព្រះអាទិត្យ ពីចក្ររាសីនៃឆ្នាំចាស់ ទៅកាន់ចក្ររាសីនៃឆ្នាំថ្មី ។ សព្វថ្ងៃ ខ្មែរនៅបន្តប្រើប្រាស់ក្បួនគិតថ្ងៃខែតាមវិធីចន្ទគតិ និង សុរិយគតិ សម្រាប់ការរៀបចំកិច្ចខាងសាសនា ប៉ុន្តែសម្រាប់កិច្ចការរាជការ ខ្មែរបែរមកប្រើក្បួនគិតថ្ងៃខែឆ្នាំតាមគ្រិស្តសាសនា ដូចបណ្តាប្រទេសទាំងឡាយនៅលើសាកលលោកដែរ ដែលយើងនាំគ្នាហៅថា ឆ្នាំសាកល ឬ គ្រិស្តសករាជ ។

តាមទម្លាប់ ជនជាតិខ្មែរនិយមរៀបចំចូលឆ្នាំចំនួន ៣ ថ្ងៃគឺ ៖ ថ្ងៃទី១ ជាថ្ងៃចូលឆ្នាំ, ថ្ងៃទី ២ ជាថ្ងៃ (វារៈ) វនបត, ថ្ងៃទី ៣ ជាថ្ងៃឡើងស័ក ។ ជនជាតិណាក៏ប្រារព្ឋធ្វើបុណ្យ ចូលឆ្នាំថ្មីរបស់ គេដែរ ។ ចំពោះខ្មែរយើង នាំគ្នារៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពីណីជាតិ ជារៀងរាល់ឆ្នាំ ព្រោះយើងយល់ថាបុណ្យចូលឆ្នាំថ្មី មានអត្ថន័យជ្រាលជ្រៅ ។ ខ្មែរមានជំនឿថា ក្នុងមួយឆ្នាំនៃការរស់នៅ គេតែងជួបប្រទះអពមង្គល ឧបទ្រព្យចង្រៃផ្សេងៗ ជូនកាលមានទុក្ខសោក ជួនកាលមានគ្រោះអាសន្ន ជួនកាលមានជំងឺរូបរឹតរាងកាយ ជូនកាលទៀត បានប្រព្រឹត្ដអំពើសៅហ្មង មិនគប្បី ។ លុះផុតឆ្នាំចាស់ទៅ គេនាំគ្នាធ្វើបុណ្យ គេស្លៀកពាក់ថ្មីៗ គេនាំគ្នាដើរលេងកំសាន្ដ ដើម្បីឲ្យអស់កង្វល់ ហើយឲ្យមានសិរីសួស្ដី មានសិរីសូស្ដីមានសុភមង្គលនៅក្នុងឆ្នាំថ្មី ។
ម្យ៉ាងទៀត រយៈពេលមួយឆ្នាំ ពួកគេបានបែកចេញពី គ្រួសារ និង ញាតិមិត្ដ ទៅប្រករបរចិញ្ចឹមជិវិតនៅទីឆ្ងាយ ៗ ។ លុះដល់ឆ្នាំថ្មី គេបានវិលមកជូបជុំគ្នា សូរសុខទុក្ខគ្នា ដើម្បីបន្ឋូរការនឹករឭក និងបំបាត់ការនឿយហត់ពីការងារផង ។ រួចទើបបន្ដជីវភាពថ្មីនៅក្នុងឆ្នាំថ្មី ប្រកបរបរដោយជោគជ័យ និង អាយុយឺនយូរ ។ ម្យ៉ាងទៀត ពិធីបុណ្យចូលឆ្នាំថ្មីគឺជាប្រពៃណីអាចបណ្ដុះស្មារតីស្រឡាញ់រាប់អាន គ្នារវាងអ្នកភូមិស្រុកជិតខាងគ្នា ជាកត្ដាបង្កើតសាមគ្គីភាពជាតិ ។ ហេតុនេះហើយ ទើបនៅពេលនោះ គេមិនត្រឹមតែជួបជុំគ្នាក្នុងគ្រួសារប៉ុណ្ណោះទេ តែគេនាំគ្នាទៅធ្វើបុណ្យនៅវត្ដអារាម ដែលជាមជ្ឈមណ្ឌលអប់រំឲ្យមានការមនុស្សធម៌ និង សាមគ្គីភាព ។ ដោយសារពីធីបុណ្យចួលឆ្នាំថ្មី មានអត្ថន័យធំធេងយ៉ាងនេះ ទើបខែ្មរយើងនិយមរាប់អានទុកជា ប្រពៃណីជាតិតាំងពីដើមរហូតមក ៕ប្រភពពី fpmonline.net
0 Comments:
Post a Comment