
ប្រវត្តិ
មានតំណាលថា នៅដើមនៃភទ្ទកប្បមាន សេដ្ឋីម្នាក់ មានបុត្រមួយ ឈ្មោះធម្មបាលកុមារ ជាអ្នកមានចំណេះវិជ្ជាដ៏វិសេស បានរៀនចេះចប់គម្ពីរត្រីវេទ តាំងពីអាយុបាន ៧ ឆ្នាំ ។ សេដ្ឋីបិតាបានសាងប្រាសាទឲ្យ ធម្មបាលកុមារ នៅទៀបដើមជ្រៃមួយធំ នៅឆ្នេរទន្លេ ដែលជាទីស្នាក់អាស្រ័យ នៃបក្សីទាំងឡាយ ។ ធម្មបាលកុមារ ចេះទាំងភាសាបក្សី ទាំងពួងផង ព្រមទាំងអាចធ្វើជាអាចារ្យសម្ដែងមង្គលផេ្សងៗ ដល់មនុស្សទាំងពួងផង។ គ្រានោះ មនុស្សលោករមែងរាប់អានមហាព្រហ្ម និង កបិលមហាព្រហ្ម ១ អង្គទៀតដែលជាអ្នកសម្ដែងមង្គលដល់មនុស្សទាំងពួង ។ ពេលនោះ កបិលមហាព្រហ្ម បានជ្រាបព័ត៌មានក៏ចុះមកសួរបញ្ហា នឹងធម្មបាលកុមារ ចំនួន ៣ ប្រស្នា ដោយសន្យាថា ប្រសិនបើ ធម្មបាលកុមារ អាចដោះប្រស្នាបាន កបិលមហាព្រហ្ម នឹងកាត់ព្រះសិរសាទ្រង់ដើម្បី បូជាចំពោះធម្មបាលកុមារ ប៉ុន្តែប្រសិនបើ ធម្មបាលកុមារមិនអាចដោះស្រាយប្រស្នានោះរួច កបិលមហាព្រហ្មនឹងកាត់ក្បាលធម្មបាលកុមារវិញ ។ ធម្មបាលកុមារសុំឲ្យពន្យារពេលចំនួន ៧ ថ្ងៃសិនដើម្បីគិតប្រស្នា។ លុះកន្លងទៅ ៦ ថ្ងៃហើយក៏ធម្មបាលកុមារនៅតែគិតមិនឃើញ និងដឹងខ្លួនថាព្រឹកនេះនឹងត្រូវស្លាប់ដោយអាជ្ញាកបិលមហាព្រហ្មជា ប្រាកដ ។ ដូច្នេះ គួរតែរត់ ទៅលាក់ខ្លួន ពួនអាត្មាឲ្យស្លាប់ដោយខ្លួនឯងប្រសើរជាង ។ ទើបធម្មបាលកុមារចុះពីប្រាសាទទៅដេកពួននៅក្រោមដើមត្នោតមួយគូ ។ នៅលើដើមត្នោតនោះ មានសត្វឥន្ទ្រីញីឈ្មោលធ្វើសំបុក អាស្រ័យនៅ ។ វេលាយប់ សត្វឥន្ទ្រីញីសួរសត្វឥន្ទ្រីឈ្មោលថា ព្រឹកនេះយើងបានអាហារអ្វីធ្វើជាចំណី? ឥន្ទ្រីឈ្មោលឆ្លើយថា យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែលត្រូវនឹងកបិលមហាព្រហ្មសម្លាប់ ព្រោះធម្មបាលកុមារដោះប្រស្នាមិនរួច ។ ឥន្ទ្រីញីសួរថា ប្រស្នានោះដូចម្ដេច ? ឥន្ទ្រីឈ្មោលឆ្លើយថា : វេលាព្រឹកសិរីសួស្ដីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅលើផ្ទៃមុខ ។ ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលប់មុខ ។ ប្រស្នាទី ២ ចោទថា ថ្ងៃត្រង់សិរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅលើទ្រូង ។ ហេតុនោះទើបមនុស្សត្រូវយកទឹកលាងទ្រូង ។ ប្រស្នាទី ៣ ចោទថា វេលាល្ងាចសិរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅនឹងជើង ។ ហេតុនោះ ទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើង ។ ធម្មបាលកុមារបានឮដូច្នេះ ក៏ត្រឡប់ទៅប្រាសាទវិញ ។ លុះព្រឹកឡើង កបិលមហាព្រហ្ម ក៏មកសួរប្រស្នា ធម្មបាលកុមារ ។ ធម្មបាលកុមារ ឆ្លើយដោះស្រាយ តាមដែលបានឮមក ។ កបិលមហាព្រហ្ម ក៏ទទួលថាពិតជាត្រឹមត្រូវ, ព្រមចុះចាញ់ និង សុខចិត្តធ្វើតាមពាក្យសន្យារបស់ខ្លួន ។ កបិលមហាព្រហ្ម ហៅទេពធីតាទាំង ៧ អង្គ ដែលជា បាទបរិចាវិកា ព្រះឥន្ទ្រ មកប្រាប់ថា ឥឡូវបិតាត្រូវកាត់ព្រះសិរសាដើម្បីបូជាចំពោះធម្មបាលកុមារ តែបើដាក់ក្បាលនោះលើផែនដី នោះនឹងកើតជាភ្លើងឆេះទាំងលោកធាតុ បើបោះទៅលើអាកាស នឹងនាំឲ្យរាំងភ្លៀង បើចោលក្នុងមហាសមុទ្រ នោះទឹកនឹងរីងស្ងួតហួតអស់ ។ ដូច្នេះសូមឲ្យកូនទាំង ៧ អង្គ យកពានមកទទួលព្រះសិរសាបិតា ។ ពោលរួច ព្រះអង្គក៏កាត់ព្រះសិរសាហុចទៅឲ្យព្រះនាង ទុង្ស ជាកូនច្បង ។ ព្រះនាង ទុង្ស ក៏បានយកពានមកទទួលព្រះសិរសាបិតា រួចហែប្រទក្សិណភ្នំព្រះសុមេរុ ៦០ នាទីទើបយាងទៅប្រតិស្ឋានទុក ក្នុងមណ្ឌលេះនៅក្នុងគុហាគន្ធមាលី នាភ្នំកៃលាស និងបូជាគ្រឿងទិព្វផេ្សងៗ ។ ព្រះវិស្សកម្មទេវបុត្រ ក៏និមិត្តរោងទិព្វធ្វើពីកែវ ៧ ប្រការ ឈ្មោះថា “ភគវតីសភាសាលា” ឲ្យជាទីប្រជុំនៃទេវតា ។ លុះដល់គម្រប់ ១ឆ្នាំជា សង្ក្រាន្តត នាងទេពធីតាទាំង ៧ អង្គ ក៏ផ្លាស់វេនគ្នា មកអញ្ជើញ ព្រះសិរសាកបិលមហាព្រហ្ម ចេញមកហែប្រទក្សិណ ភ្នំព្រះសុមេរុជារៀងរាល់ៗឆ្នាំ រួចហើយយាងត្រឡប់ទៅស្ថានទេវលោកដើម្បីតម្កល់វិញ។
ឈ្មោះទេពធីតាមហាសសង្ក្រាន្តត និងគ្រឿងអាភរណៈ
ថ្ងៃ | ទេពធីតាមហាសសង្ក្រាន្ត! គ្រឿងអាភរណៈ | |
ថ្ងៃអាទិត្យ | ទុង្សទេវី សៀតផ្កាទទឹម | គ្រឿងប្រចាប់បទុមរាជ, ភក្សាហារផ្លែឧទុម្ពរ (ផ្លែល្វា), អាវុធស្តាំកងចក្រ ឆ្វេងស័ង្ខ, ពាហនៈគ្រុឌ |
ថ្ងៃច័ន្ទ | គោរាគទេវី សៀតផ្កាអង្គារបុស្ស | គ្រឿងប្រដាប់បុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈខ្លា |
ថ្ងៃអង្គារ | គោរាក្សសាទេវី សៀតផ្កាឈូក | គ្រឿងប្រដាប់មោរា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ឆ្វេងធ្នូ ពាហនៈអស្សតរ |
ថ្ងៃពុធ | មណ្ឌាទេវី សៀតផ្កាចម្ប៉ា | គ្រឿងងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសិប្បី អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនៈ លា |
ថ្ងៃព្រហស្បតិ៍ | កិរិណីទេវី សៀតផ្កាមណ្ឌា | គ្រឿងប្រដាប់មរកត ភក្សាហារសណ្ដែក ល្ង អាវុធស្តាំកង្វេរ ឆ្វេងកាំភ្លើង ពាហនៈដំរី |
ថ្ងៃសុក្រ | កិមិរាទេវី សៀតផ្កា ចង្កុលនី | គ្រឿងប្រដាប់បុស្សរាគម័ ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណពាហនៈក្របី |
ថ្ងៃសៅរ៏ | មហោទរាទេវី សៀតផ្កាត្រកៀត | គ្រឿងប្រដាប់នីលវត័ន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈក្ងោក |
ទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន ៣ ថ្ងៃ ។ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ វនបត, ថ្ងៃទី៣ ជាថ្ងៃឡើងស័ក ។ រីឯការកំណត់ខែ ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេព្តាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេព្តាឆ្នាំចាស់នោះ គេអាចដឹងបានដោយប្រើក្បួនហោរាសាស្ត្របុរាណ គឺក្បួនមហាសសង្ក្រាន្តត ។
តើថ្ងៃចូលឆ្នាំថ្មីរបស់ខ្មែរយើងត្រូវលើខែណា ? ថ្ងៃណា ? ចាប់ពីសម័យក្រុងនគរធំមក ប្រទេសខ្មែរប្រើវិធីគិតរាប់ថ្ងៃខែឆ្នាំតាមក្បួន ចន្ទគតិ (lunar calendar) (វិធីដើរនៃព្រះចន្ទ) ទើបខ្មែរកំណត់យកខែ មិគសិរ ជាខែចូលឆ្នាំ ហើយជាខែទី ១ ខែកក្តិក ជា ខែទី ១២ ។ សម័យក្រោយមក ប្រទេសខ្មែរប្តូរទៅប្រើវិធីគិតរាប់ថ្ងៃខែឆ្នាំតាមក្បួន សុរិយគតិ (solar calendar) (វិធីដើរនៃព្រះអាទិត្យ) ។ ពេលនោះហើយដែលខ្មែរកំណត់ចូលឆ្នាំក្នុងខែ ចេត្រ (ខែទី ៥) ព្រោះក្នុងខែនេះ ព្រះអាទិត្យធ្វើដំណើរចេញពី មីនរាសី ចូលកាន់ មេសរាសី ។ ថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី ១៣ នៃខែ មេសា (ចេត្រ) រៀងរាល់ឆ្នាំ ប៉ុន្តែយូរៗទៅមានភ្លាត់ម្តងៗ ចូលឆ្នាំក្នុងថ្ងៃទី ១៤ ក៏មានខ្លះដែរ ។ មហាសសង្ក្រាន្តត ដែលប្រើរបៀបគន់គូរតាម សុរិយគតិ មានឈ្មោះថា «សាមញ្ញសសង្ក្រាន្តត» (ព្រះអាទិត្យដើរត្រង់ពីលើក្បាលជា សង្ក្រាន្តត) ។ មហាសង្ក្រាន្តត ដែលប្រើរបៀបគន់គូរតាម ចន្ទគតិ ហៅថា «អាយន្តសង្ក្រាន្តត» (ពេលដែល ព្រះអាទិត្យ ដើរបញ្ឈៀង មិនត្រង់ពីលើ) ។ គេនៅប្រើ ចន្ទគតិ ដោយយោងទៅ សុរិយគតិ ព្រោះ ចន្ទគតិ មានទំនាក់ទំនងនឹង ពុទ្ធប្បញ្ញត្តិ ច្រើន ។ ចំណែកឯ ថ្ងៃចូលឆ្នាំតាម ចន្ទគតិ មិនទៀងទាត់ ជួនកាលចូលឆ្នាំក្នុងវេលាខ្នើត ជួនកាលក្នុងវេលារនោច ។ ប៉ុន្តែ នៅក្នុងរវាង ១ ខែ គឺមិនមុនថ្ងៃ ៤កើត ខែ ចេត្រ និង មិនហួសថ្ងៃ ៤ កើត ខែ ពិសាខ ទេ ។ ដូចនេះ សង្ក្រាន្តត ខ្លះធ្លាក់ទៅក្នុងខែ ពិសាខ ។
ចំពោះពិធីផ្សេងៗខ្មែរយើងមានរៀបចំតាមប្រពៃណីដូចតទៅ ៖ ពេលមុនចូលឆ្នាំ គេនាំគ្នាប្រុងប្រៀប រកស្បៀងអាហារ, សំអាតផ្ទះសម្បែង, រែកទឹកដាក់ពាង, រកអុសទុក, និង កាត់សំលៀកបំពាក់ថ្មីៗ ជាដើម ។ ថ្ងៃចូលឆ្នាំមកដល់ គេរៀបគ្រឿងសក្ការៈបូជា សំរាប់ទទួលទេវតាថ្មីមាន ៖ បាយសី ១គូ, ស្លាធម៌ ១គូ, ធូប ៥, ទៀន ៥, ទឹកអប់ ១គូ, ផ្កាភ្ញី, លាជ, ទឹក ១ ផ្តិល និង ភេសជ្ជៈ, នំនែក, ផ្លែឈើគ្រប់មុខ ។ ចំណែកផ្ទះសម្បែង គេតុបតែងរំលេចដោយអំពូល អគ្គិសនី ខ្សែតូចៗ ចម្រុះពណ៌ ឬចង្កៀងគោម គ្រប់ពណ៌ សំរាប់ទទួលទេព្តាថ្មី ។ លុះដល់វេលាកំណត់ ទេព្តាថ្មីយាងមក គេនាំកូនចៅអង្គុយជុំគ្នា នៅជិតកន្លែងរៀបគ្រឿងសក្ការៈនោះ ហើយអុជទៀន ធូបបាញ់ទឹកអប់ បន់ស្រន់ សុំសេចក្តីសុខចម្រើន គ្រប់ប្រការ ពីទេព្តាថ្មី ។ ចំពោះគ្រឿងសក្ការៈ និង ក្រយាស្ងើយ ដាក់ថ្វាយទេព្តោនាះ គេនិយមតម្រូវតាមចិត្តទេវតាដែលនឹងចុះក្នុងឆ្នាំនីមួយៗ ។ ឧទាហរណ៍ ៖ បើទេវតាដែលត្រូវចុះមកនោះសោយល្ង សណ្តែក គេដាក់សណ្តែក ល្ង ថ្វាយ ថ្វាយ ។ រីឯពិធី ៣ ថ្ងៃ នៃថ្ងៃចូលឆ្នាំនោះគឺ ៖
- ថ្ងៃទី ១ ៖ គេយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត ។ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាង វាលុកចេតិយ នៅជុំវិញព្រះវិហារ ឬនៅជុំវិញដើមពោធិណាមួយនៅក្នុងវត្តនោះ ។ នៅពេលព្រលប់ គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និង សំដែងធម្មទេសនា ។
- ថ្ងៃទី ២ ៖ កូនចៅជូនសំលៀកបំពាក់ នំចំណី លុយកាក់ ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតា ជាដើម ។ ជួនកាលគេធ្វើទាន ដល់មនុស្សបម្រើ ឬអ្នកក្រីក្រទៀតផង ។ ពេលរសៀល គេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចចូឡាមនីចេតិយ ហើយនិមន្តព្រះសង្ឃបង្សុកូលចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបង ប្អូន ដែលបានស្លាប់ទៅ ។
- ថ្ងៃទី ៣ ៖ ពេលព្រឹកនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់ ។ ពេលល្ងាច និមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប (តាមការនិយមនៃស្រុកខ្លះ) ។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយកំសាន្ដសប្បាយជាច្រើន ដូចជាលេង បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែងជាដើម និង មានរបាំត្រុដិ (ច្រើនមាននៅខេត្តបាត់ដំបង សៀមរាប) ជាពិសេសទៀតគឺរាំវង់ តែអាស្រ័យទៅតាមការនិយមចូលចិត្តរបស់មនុស្សម្នាក់ៗ ។ អ្នកខ្លះនិយមនាំគ្នាដើរកំសាន្ដបន្ត អ្នកខ្លះនិយមធ្វើបុណ្យទានតាមវត្តអារាម ។
ពាក្យសាមញ្ញហៅថា «ពូនភ្នំខ្សាច់» ។ ការពូនភ្នំនេះគឺគេយកខ្សាច់សុទ្ធមកចាក់នៅកន្ដាលទីធ្លាដែលគេ បានកំនត់ រួចពូនអោយចេញជារាងចេតិយបែរមុខទៅទិសខាងកើត ហើយគេសន្មត់ហៅថា «វាលុកចេតិយ» គឺតំនាងអោយព្រះចូលាមនីចេតិយដែលសាងសំរាប់បញ្ចុះព្រះកេសា និងព្រះចង្កូមកែវនៃព្រះពុទ្ធបរមគ្រូ ។ ការពូនភ្នំនេះ បច្ចុប្បន្នតំបន់ខ្លះ គេនិយមពូនភ្នំអង្ករនៅសាលាឆាន់ រឺក្នុងព្រះវិហារផងដែរ។ ភ្នំខ្សាច់ដែលគេពូនមិនមានកំនត់ថា ត្រូវមានខ្នាតតូចខ្ពស់ទាបប៉ុណ្ណាទេ គឺប្រព្រឹត្តទៅតាមការពេញចិត្តរបស់អ្នកស្អាង។ ប៉ុន្តែចាំបាច់ត្រូវមានភ្នំមួយនៅកន្ដាល ហើយត្រូវមានភ្នំតូចៗ ៤ ព័ទ្ធជុំវិញគ្រប់ទិសតូចទាំង ៤ ។ នៅជុំវិញភ្នំគេមានធ្វើរាជវត័ តុបតែងលំអស្លឹកដូង ស្លឹករំសែជាបួនជ្រុងមានទ្វារ ចេញចូលតាមទិសធំទាំង ៤ ។ នៅជុំវិញរាជវ័តគេមានរៀបរានទេវតាគ្រប់ទិសទាំង ៨។ នៅលើរានទេវតានិមួយៗគេរៀបស្លាធម៌មួយគូបាយសីមួយថ្នាក់ មួយគូ ទៀន៥ ធូប៥ ផ្កាភ្ញី និងអុជទៀនធូបថ្វាយ ។ នៅពីមុខភ្នំខ្សាច់ក្រៅរាជវត័ គេរៀបរានធំៗបីទៀត សំរាប់ថ្វាយព្រះយមរាជ ស្ថិតនៅកន្ដាលខាងឆ្វេងរានព្រះយមរាជ គឺរានព្រះពុទ្ធគុណ និងខាងស្តាំគឺរានព្រះពិស្នុការរានធំទាំងបីនេះ គឺគេរៀបគ្រឿងសក្ការៈបូជាដូចរានទេវតាដែរ តែបាយសីខ្ពស់រហូតដល់ ៩ថ្នាក់ និងមានដាក់សំលៀកបំពាក់ឆ្វេងស្តាំ ហើយមានដាក់ក្រយាថ្វាយសោយទៀតផង។ ការសាងវាលុកចេតិយនេះ ដោយគេសំគាល់ថា នឹងបានជាផល្លានិសង្សវិសេសវិសាលណាស់ ដូចមានសំដែងក្នុងរឿង «អានិសង្សវាលុកចេតិយ» មហាសំការសូត្រ ។
រួមអានិសង្ស
ព្រះបរមសាស្តាទ្រង់បានសំដែងអំពី អានិសង្សដែលបានកសាងបុណ្យកុសល ក្នុងឱកាសដាច់ ឆ្នាំចាស់ ចូលឆ្នាំថ្មី ដោយពិស្តារ អ្នកដែលបាន ផ្ងូតទឹកឲ្យមាតា បិតា គ្រូឧបជ្ឈាយ៍ អាចារ្យ ឬព្រះសង្ឃក្នុងឱកាសសង្ក្រាន្តនោះ រមែងជាស្តេចម្ចាស់ផែនដី មានឫទ្ធិដ៏មហិមា សំបូរដោយរតនៈ ៧ ប្រការ ដេរដាសដោយពពួកនាងនារីដែលមានរូបឆោមល្អ និង សំបូរដោយចតុរង្គសេនា ជាអ្នកបានសេចក្តីសុខគ្រប់យ៉ាង ។ អ្នកដែលបានលែងសត្វតិរច្ឆាន ដូចជា មាន់ ទន្សោង បក្សី ត្រី អណ្តើក (ជាដើម) ដោយអំណាចដែលបានលេងសត្វអំបាលនោះ អ្នកនោះរមែងជាអ្នកមានអាយុយឺនយូរ ជាអ្នកមានសុខច្រើន ឥតមានរោគភ័យមកបៀតបៀនក្នុងកាលទាំងពួងប្រកបតែសេចក្តីសុខ ។ ដោយផល្លានិសង្សដែលបានស្រង់ព្រះសង្ឃ អ្នកនោះទោះទៅកើតក្នុងភពណាៗរមែងមានរូបឆោមល្អជាទីជ្រះថ្លាដល់ អ្នកបានឃើញ ជាអ្នកមានសំបុរកាយផូរផង់ ជាទីគាប់ចិត្តជាទីគួរឲ្យមើល ជាអ្នកមានប្រាជ្ញាស្រួច ជាអ្នកក្លាហាន ជាអ្នកទ្រទ្រង់នូវព្រះសូត្រ និងព្រះវិន័យ ជាអ្នកទ្រទ្រង់ និង ចេះចប់នូវព្រះបិដក ជាអ្នកមានអាយុយឺនយូររាល់ៗជាតិ ជាអ្នកមានបុត្រ ភរិយានូវគណញាតិ សុទ្ធតែជាអ្នកឧត្តមថ្លៃថ្លា។ ទាំងនេះជាអានិសង្សផ្ងូតទឹកក្នុងពេលចូលឆ្នាំ ។ ដោយប្រការដូច្នេះហើយ បានជានៅឱកាសចូលឆ្នាំមនុស្សទាំងឡាយតែងនាំគ្នាដោះលែង សត្វផ្សេងៗ តែងនាំគ្នាធ្វើបុណ្យផ្សេងៗ ដើម្បីបានទទួលនូវអានិសង្សទាំងនោះ ។
អានិសង្សវាលុកចេតិយ
ក្រៅពី មហាសំការសូត្រ នៅមាននិទានមួយទៀតហៅថា «អានិសង្សវាលុកចេតិយ» ជារឿងដែលគេតាក់តែងជាភាសាខ្មែរយូរលង់ណាស់មកហើយ មានចំនួន ១ ខ្សែ សំដែងអំពីការសាងវាលុកចេតិយថា មានផល្លានិសង្សជាអនេកប្បការ វេលាឆ្លង វាលុកចេតិយ គេច្រើនយករឿងនេះទេសន៍ ។ ក្នុងរឿងអានិសង្សវាលុកចេតិយនោះ និទានមួយក្នុងចំណោមនិទានទាំង ៣ នោះត្រូវបានលើកយកមកធ្វើជាឧទាហរណ៍ គឺ ៖
- និទានទី១ ដំនាលពីព្រះពោធិសត្វ នាមបារិកៈ ជាអ្នកឈ្មួញសំពៅ ។ នាសម័យមួយ បារិកៈ បើកសំពៅទៅជួញបានប្រទះឃើញផ្នូកខ្សាច់សល្អនៅតាមឆ្នេរសមុទ្រ ក៏បបួលពួក ពាណិជ ដែលទៅជួញជាមួយគ្នា បើកសំពៅឆៀងចូលចតនៅទៀបផ្នូកខ្សាច់នោះ ហើយនាំគ្នាកជាវាលុកចេតិយ ឧទ្ទិសជាតំណាង ចូលាមុណីចេតិយ ដែលបញ្ចុះព្រះចង្កូមកែវរបស់ព្រះពុទ្ធ នៅឋានត្រៃត្រឹង្ស ។ ស្រេចហើយពួកពាណិជទាំងនោះក៏បេះយកផ្កាឈើមកបូជា ដើរប្រទក្សិណ ៣ ជុំ ហើយនាំគ្នាចុះសំពៅបើកចេញទៅជួញបន្តទៀត ។ បារិកពោធិសត្វ និង ពួកឈ្មួញអម្បាលនោះ លុះរំលាយខន្ធទៅ ហើយបានទៅកើតជាទេវបុត្រនៅឋានសួគ៌ជាច្រើនជាតិ លុះច្យុតពីសួគ៌ បានកើតក្នុងមនុស្សលោកបានជាស្តេចឯករាជ្យជាច្រើនជាតិ និង ត្រារាប់ពុំបានឡើយ ។ ក្នុងទីបំផុត បារិកពោធិសត្វ ក៏បានត្រាស់ជាព្រះពុទ្ធដោយអំណាចផល្លានិសង្ស ដែលបានសាង វាលុកចេតិយ ។
- វិភាគ និងកំណត់សម្គាល់៖
- និទានទី ២ ដំណាលពីនាយនេសាទម្នាក់ (មិនប្រាកដឈ្មោះ)។ នាយនេសាទនោះធ្វើតែបាប សំលាប់សត្វបរិភោគតាំងពីតូចរហូតដល់ចាស់ មិនដែលបានធ្វើបុណ្យម្តងសោះ ។ នាថ្ងៃមួយ មានភិក្ខុសង្ឃ ១រូប នឹកអាណិតនាយនេសាទខ្លាំងណាស់ ក៏គិតរកឧបាយឲ្យគាត់បានសាងបុណ្យកុសលខ្លះ ។ លុះគិតរួចហើយ ភិក្ខុអង្គនោះក៏គ្រងចីវរកាន់យកនូវ បាត្រដើរទៅរង់ចាំផ្លូវនាយនេសាទ ។ ថ្ងៃនោះវេលាព្រឹកនាយនេសាទលីលំពែង ១ និង ពុនបាយ ១កញ្ចប់ចេញទៅព្រៃដើម្បីស្វែងរកសត្វមកចិញ្ចឹមជីវិតដូចកាលសព្វ ដង ។ ដំបូងនាយនេសាទប្រកែកដាច់ថា មិនព្រមប្រគេន តែភិក្ខុនោះចេះតែទទូចសុំ ។ អត់មិនបានក៏រំលែកបាយ ១ ពំនូតប្រគេន ។ ក្រោយមក កាលនាយនេសាទរំលាយខន្ធស្លាប់ទៅត្រូវពួកយមបាល ឬ យមភូបាលយកខ្លួនទៅសួរយកចម្លើយ អំពីរឿងកាលនៅមនុស្សលោកនោះបានធ្វើបុណ្យខ្លះទេ ? នាយនេសាទតបថា ៖ មិនបានធ្វើបុណ្យទេ ធ្វើតែបាបតាំងពីតូចមក ។ ពួកយមបាលក៏នាំគ្នាចាប់បោះទៅក្នុងរណ្តៅភ្លើងនរក តែមិនឆេះ ត្រលប់ជាខ្ទាតចេញមកវិញ យមបាលនឹកឆ្ងល់ ក៏សួរបញ្ជាក់ថែមទៀត ។ ទទួលនាយនេសាទក្រលេកទៅឃើញអណ្តាតភ្លើងមានពណ៌ដូចចីវរលោកសង្ឃ ក៏នឹកឃើញដល់ទានដែលខ្លួនបានធ្វើ ទើបឆ្លើយថា កាលនៅមនុស្សលោកបានធ្វើទានបាយមួយពំនូតដល់ភិក្ខុ ១រូបដែរ ។ ពួកយមបាលប្រាប់ថា បើដូច្នេះអ្នកឯងត្រូវទៅកើតឯឋានសួគ៌មួយអាទិត្យ លុះដល់ថ្ងៃទី ៨ យើងនឹងយកខ្លួនមកទទួលទោសនៅឋាននរកនេះវិញ ។ ក្នុងមួយរំពេចនោះវិញ្ញាណរបស់នាយនេសាទ ក៏បានទៅកើតនៅឋានសួគ៌ ឈ្មោះថា អន្នំលោកង្សិន៍ទេវបុត្រ មានទំហំ ១២ យោជន៍បរិបូណ៌ទៅដោយសម្បត្តិ និង ស្រីទេពកញ្ញាបំរើត្រៀបត្រា មាននាងសុវណ្ណឱរ៉ៃ ជាទេពី ។ អន្នំលោកង្សិន៍ទេវបុត្រសោយសម្បត្តិបាន ៦ ថ្ងៃ នឹកឃើញដល់ពាក្យរបស់យមបាល ក៏កើតសេចក្តីទុក្ខទោមនស្សពន់ពេក ហើយចូលទៅដេកទួញយំ នាងសុវណ្ណឱរ៉ៃ ឃើញដូច្នេះ ក៏ចូលទៅសួរអន្នំលោកង្សិន៍ទេវបុត្រក៏រ៉ាយរឿងប្រាប់តាំងពីដើម រហូតដល់ចប់ ។ នាងសុវណ្ណឱរ៉ៃលួងលោមថា បើដូច្នោះសូមព្រះអង្គកុំជាទុក្ខទោមនស្សឡើយ ត្បិតព្រះពុទ្ធសំដែងថា «ទោះអ្នកណាធ្វើបាបអម្បាលម៉ានក្តី បើចង់ឲ្យរួចអំពីកម្មពៀរដែលខ្លួនធ្វើហើយ គប្បីសាងវាលុកចេតិយធ្វើបុណ្យឆ្លង ហើយនិងងរួចអំពីកម្មពៀរនោះហោង» ហេតុនេះសូមព្រះអង្គធ្វើតាមព្រះពុទ្ធបន្ទូលនេះចុះ ទៀងជាដោះរួចចាកកម្មពៀរជាមិនខាន ។ អន្នំលោកង្សិន៍ទេវបុត្របានឮដូច្នោះក៏សោមនស្សទើបចាត់ការសាង វាលុកចេតិយ និង ធ្វើបុណ្យឆ្លងហើយស្រេចក្នុងរវាង ៧ ថ្ងៃនោះ ។ លុះដល់ថ្ងៃទី ៨ វេលាព្រឹកព្រហាម ពួកយមបាលក៏ទៅដល់ស្រែកហៅរកអន្នំលោកង្សិន៍ទេវបុត្រឲ្យចេញមក គ្រានោះអន្នំលោកង្សិន៍ទេវបុត្រគេចមុខចេញ ទុកឲ្យនាងសុវណ្ណឱរ៉ៃចេញមកទទួល ។ នាងបដិសេធយមបាល ដោយមិនព្រមបើកយកស្វាមីរបស់នាងទៅឡើយ ។ នាងអះអាងថា៖ ស្វាមីរបស់យើងបានសាងវាលុកចេតិយ និង ធ្វើបុណ្យឆ្លងរួចហើយ ។ បាបកម្មទាំងពួងក៏ជ្រះអស់អំពីខ្លួនហើយ តែបើនៅតែត្រូវការយកខ្លួនគាត់ទៅធ្វើទោស ចូររាប់ខ្សាច់ ១ពែងនេះឲ្យអស់ ទើបអាចយកទៅបាន ។ យមបាលតបថា ៖ មិនសល់ក្រអ្វីទេ ការរាប់ខ្សាច់ ១ ពែង ប៉ុណ្ណោះ ។ រួចនាំគ្នារាប់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ ។ គ្រាប់ខ្សាច់ដែលយកចេញពីពែងរាប់ដាក់ទៅខាងក្រៅទៅជាគំនរយ៉ាងធំ កំពស់ស្មើចុងត្នោត តែខ្សាច់ក្នុងពែងនៅដដែល គ្មានស្រកស្រុតទៅណាសោះ ។ ពួកយមបាលទាល់ចំណេះនឹងរាប់តទៅទៀត ក៏នាំគ្នាត្រលប់ទៅយមលោកវិញ ។ រីឯអន្នំលោកង្សិន៍ទេវបុត្របាននៅសោយសម្បត្តិក្នុងទេវលោកអស់កាល អង្វែងតមកទៀត ។ គាត់មិនបានទៅសោយទុក្ខក្នុងនរកដូចដែលយមបាលកំនត់ទុកនោះទេ ។ ទាំងនេះក៏ដោយអំណាចផល្លានិសង្សដែលបានសាងវាលុកចេតិយ និង ធ្វើបុណ្យឆ្លងដូចពោលហើយ ។
- និទានទី៣ ដំណាលអំពៅចៅកំជិលខ្សាច់ ។ មានក្មេង ១ នាក់ចេះតែទៅភ្នំខ្សាច់នោះរាល់ៗថ្ងៃ ប្រលាក់ទៅដោយដីខ្សាច់រាល់ថ្ងៃ ទាល់តែគេហៅថា «ចៅកំជិលខ្សាច់» ។ ថ្ងៃមួយ ព្រះឥន្ទ្របើកទិព្វចក្ខុមើលឃើញចៅកំជិលខ្សាច់ពូនភ្នំដូច្នោះ ក៏ចាត់អោយនាងទេពធីតា ១ អង្គចុះមកធ្វើជាប្រពន្ធចៅកំជិលខ្សាច់ ។ ដំបូងចៅកំជិលខ្សាច់ប្រកែកមិនព្រមយក ដោយថ្លែងថា ខ្លួននៅក្មេងណាស់មិនទាន់ចេះរកស៊ីចិញ្ចឹមនាងទេពធីតាទេ ។ ទើបព្រះនាងទៅរកម្តាយឪពុកចៅកំជិលខ្សាច់ ដោយបានថ្លែងប្រាប់ថា ខ្លួនជាទេពធីតា ព្រះឥន្ទ្រប្រើឲ្យចុះមកធ្វើជាប្រពន្ធចៅកំជិលខ្សាច់ ។ មាតាបិតាឃើញនាងទេពធីតា ក៏ពេញចិត្តដោយនាងមានរូបឆោមល្អ ទើបលួងលោមចៅកំជិលខ្សាច់ទាល់តែព្រមយក ។ ចៅកំជិលខ្សាច់ តាំងពីបាននាងទេពធីតាជាប្រពន្ធហើយ ខ្លួនប្រាណក៏ស្អាតបាត ផូរផង់ ល្អជាងពីមុនមកឆ្ងាយណាស់ដោយនាងទេពធីតាជួយថែសំអាត ទាំងសមរម្យគ្នានឹងប្រពន្ធនោះណាស់ ។ ទាល់តែល្បីកេរ្តិ៍ឈ្មោះទៅថា ចៅកំជិលខ្សាច់បាននាងទេពធីតាជាភរិយាល្អសមគ្នាណាស់ ។ គ្រានោះពួកមន្ត្រីសេនាបតីជាដើម ក៏បានទៅពិនិត្យមើលឃើញដូចពាក្យគេដំណាល ។ ទទួលវេលានោះស្តេចម្ចាស់ផែនដីសុគត គ្មានអ្នកទទួលរាជសម្បត្តិគ្រប់គ្រងផែនដី គេគិតឃើញថា ចៅកំជិលខ្សាច់សមគួរជាព្រះរាជាម្ចាស់ផែនដី ក្រោយនោះគេក៏ធ្វើការផ្សងបុស្បុករកអ្នកមានបុណ្យធ្វើជាម្ចាស់ ផែនដី ។ បុស្បុកក៏ទៅត្រូវលើចៅកំជិលខ្សាច់ គេទើបនាំគ្នាអញ្ជើញទៅឲ្យសោយរាជ្យ ព្រមទាំងនាងទេពធីតា ។ ផលដែលជាទិដ្ឋធម្មវេទនីយដូច្នេះ លោកថាបានដោយហេតុដែលបានពូនភ្នំខ្សាច់នោះ ។ កាលកើតមានរឿងសំដែងអំពីអានិសង្សនៃការស្អាងវាលុកចេតិយ ដូច្នេះហើយពួកខ្មែរយើងបានដឹងរឿងទាំងនេះហើយ ក៏កើតសេចក្តីជឿ និង ជ្រះថ្លា ទើបបាននាំគ្នាស្អាងវាលុកចេតិយជាប់ជាប្រវេណីដរាបមកដល់បច្ចុប្បន្នកាល ។
- បំបួសភ្នំ
- កំណត់សម្គាល់៖
អ្នកកាន់ពុទ្ធសាសនានិកាយថេរវាទបរិសុទ្ធ ឲ្យតម្លៃទៅលើប្រាកដនិយម, លើការពិចារណា និង ពិសោធន៍រកការពិត; ពួកគេបដិសេធចោលរាល់អច្ឆរិយភាព (ភាពអស្ចារ្យ) ដែលគ្មានតថភាព ឬមនុស្សនិយម ។ ព្រះពុទ្ធមិនដែលពោលអួតខ្លួនថាជាអាទិទេព អាចបែរត្រឡប់ក្រោយចុះមកជួយស្រោចស្រង់មនុស្ស ឬ ឲ្យពរមនុស្សម្តងណាសោះ ប៉ុន្តែមនុស្សជំនាន់ក្រោយៗ ចេះតែប្រឌិតរឿងលើកតម្កើងតួអង្គព្រះពុទ្ធ ។ ការធ្វើដូច្នោះគឺជាវិធីអួតយកឈ្នះពួកអ្នកកាន់លទ្ធិព្រាហ្មណ៍ និង អ្នកកាន់សាសនាដទៃទៀត ដែលពូកែអួតសរសើរអាទិទេពរបស់ពួកគេថា ជាអាទិទេពអាចបង្កើត និងរំលាយផែនដីនិងលំហមេឃ រួចបង្កើតវិញតាមអំពើចិត្ត, ឬអួតថាជាព្រះពិត ឬព្រះអង្គសង្គ្រោះ ដែលបានបង្កើតផែនដី និងវត្ថុសព្វយ៉ាងលើផែនដី, ឬថាអាចហោះហើរដើរលើអាកាស, ជ្រែកទឹកជ្រែកដី, ស្លាប់ហើយរស់វិញ, អាចចុះស្ថាននរក ឬឡើងស្ថានសួគ៌តាមចិត្ត, ឬថានឹងត្រឡប់មកវិញឆាប់ៗ ដើម្បីសង្គ្រោះមនុស្សដែលជឿលើព្រះនោះ ។
ព្រះពុទ្ធបានទូន្មានឲ្យសាវ័កព្រះអង្គយកធម៌ ឬ ទ្រឹស្តីរបស់ព្រះអង្គមកពិចារណា បើឃើញថាត្រូវក៏យកទៅអនុវត្តចុះ បើឃើញត្រង់ណាខុស ឬមិនទាន់សម័យនិយម ឬក្បួនវិទ្យាសាស្ត្រ ក៏បោះចោលទៅ ។ ព្រះពុទ្ធបានប្រដៅសាវ័ករបស់ព្រះអង្គ ក៏ដូចជាមនុស្សជំនាន់ក្រោយ ថាកុំឲ្យជឿនរណាម្នាក់ដោយសារតែគេពោលអួតខ្លួនថាជាបណ្ឌិត ឬគ្រូអាចារ្យ ឬសាមណសង្ឃ ។ ព្រះពុទ្ធបានប្រដៅមនុស្សឲ្យប្រើប្រាជ្ញា (បញ្ញា) ដើម្បីយកសម្តីមនុស្សនោះ ឬព័ត៌មាននោះ គម្ពីរនោះ ឬកិច្ចវិធីនោះ មកពិចារណាប្រៀបធៀប និងពិសោធរកការពិតសិន សឹមសម្រេចចិត្តថាគួរជឿ ឬមិនជឿ ។ ព្រះពុទ្ធបានបរិនិព្វាន (សោយទិវង្គត) អស់រយៈកាលជាង ២៥០០ ឆ្នាំហើយ ។ កាលព្រះអង្គត្រាស់ដឹង ព្រះអង្គបានសម្តែងទុកថា តថាគតឈប់វិលចូលក្នុងរង្វង់ (វដ្ត) កើតស្លាប់ៗ (សំសារៈ) ដែលជាអន្ទាក់ដែលពួកមនុស្សកាន់លទ្ធិព្រាហ្មណ៍បានបង្កើតឡើង ដើម្បីបោកប្រាស់ និងគាបសង្កត់ជនសាមញ្ញ ទៀតហើយ (នោះគឺការសម្រេចនិព្វាន) ។ ព្រះអង្គបានហាមមិនឲ្យសាវ័ករបស់ព្រះអង្គសាងរូបសំណាកអ្វីមួយ, ឬយករូបកាយ ឬសំណល់រូបកាយរបស់ព្រះអង្គ ទៅទុកគោរពបូជាដូចពួកអ្នកកាន់លទ្ធិព្រាហ្មណ៍បានធ្វើចំពោះតួ អង្គអវតារ នៃអាទិទេពរបស់ពួកគេនោះទេ ព្រោះរូប ឬសំណល់កាយរបស់ព្រះអង្គ គ្មានសេសសល់អ្វីជាខ្លឹមសារសម្រាប់អ្នកគោរពឡើយ ។ ព្រះពុទ្ធបានត្រាស់ដឹងជាព្រះអរហន្តរួចហើយ គឺព្រះអង្គបានជាបុគ្គលដែលលះដាច់ហើយនូវវត្ថុសម្ភារៈសព្វយ៉ាង កើតឡើងឬច្នៃឡើងពីវត្ថុបានពីផែនដីនេះ; ព្រះអង្គលែងជាប់ជំពាក់នឹងសេចក្តីស្អប់, សេចក្តីស្រឡាញ់, ឬពាក្យពោលសរសើរ របស់មនុស្សសាមញ្ញហើយ ។ លើសពីនោះទៀត ព្រះពុទ្ធក៏បានបរិនិព្វានបាត់ទៅហើយដែរ គឺលែងមានឥន្ទ្រីយ៍ទាំង ៦ (ភ្នែក, ត្រចៀក, ច្រមុះ, មាត់, អណ្តាត, កាយ, និង ចិត្ត) ដែលអាចទទួលដឹងរសនៃវត្ថុសព្វយ៉ាង ដូចមនុស្សមានជីវិតរស់នៅឡើយ ។ ចុះហេតុដូចម្តេចបានជាមនុស្សភាគច្រើននៅបន្តច្រៀងសរសើរព្រះ អង្គ, នៅតែបូជាព្រះអង្គដោយភ្លើងទៀន និង ផ្សែងធូប, នៅតែដាក់ដង្វាយឬចង្ហាន់ប្រគេនព្រះអង្គ, បន្តសុំខមាទោសចំពោះព្រះអង្គ, នៅតែសន្សំទុក និងបូជាចំពោះឆ្អឹងរបស់ព្រះអង្គដែលអគ្គីបានឆាបឆេះអស់នោះទៀត ? កិច្ចទាំងអស់នោះគឺជាសំណល់ នៃកិច្ចខាងសាសនាព្រាហ្មណ៍ ដែលមនុស្សនៅរស់បានទទួលប្រយោជន៍បន្តិចៗម្នាក់ ពីការធ្វើកិច្ចទាំងនោះ ។ កិច្ចទាំងនោះមិនមែនជាកិច្ចធ្វើឡើងសម្រាប់មនុស្សដែលបានស្លាប់ ទៅហើយទេ ព្រោះមនុស្សស្លាប់គ្មានសល់ការឈឺចាប់, ការស្រេកឃ្លាន, ការចង់បាន ឬវត្ថុសម្រាប់ទទួលទេ ប្រៀបដូចជាគោងាប់ដែលមិនអាចងើបឡើងឆីចំបើង និងទឹកដែលកសិករដាក់នៅចំពោះមុខវានោះដែរ ។
ផ្សឹកវាលុកចេតិយ
ក្រោយពីការធ្វើកិច្ចសព្វគ្រប់ហើយ លោកអាចារ្យសូត្របួងសួង និងថ្វាយគ្រឿងសក្ការៈដល់អស់ទេវតា ព្រះយមរាជ ដែលតែងតែត្រួតត្រាមើលការខុសត្រូវដល់មនុស្សលោក ដើម្បីសុំខមាទោសចំពោះអំពើខុសឆ្គងទាំងឡាយកន្លងមក ដោយការអនុគ្រោះ សុំឲ្យផ្តាច់កម្ម ផ្តាច់ពៀរ និងសុំសេចក្តីសុខចំរើនតរៀងទៅ ។ បន្ទាប់លោកអាចារ្យបានឧទ្ទិសកុសលជូនដល់អ្នកដែលចែកឋានទៅ មានមាតាបិតាជីដូន ជីតាព្រមទាំងញតិមិត្តទាំងអស់ផង។ ថ្ងៃបន្ទាប់ ពុទ្ធបរិស័ទមកជួបជុំគ្នា លោកអាចារ្យចាប់ដំណើរការថ្វាយបង្គំព្រះ សមាទានសីលនៅធម្មសាលា ។ បន្ទាប់មកគេនាំគ្នារាប់បាត្របន្តហូរហែ ទាល់តែអស់អ្នកដែលមានសទ្ធា ។ នៅពេលបញ្ចប់ការរាប់បាត្រ គេបានកាន់ទៀន ធូប ផ្កាគ្រប់ដៃ ទៅកាន់ភ្នំខ្សាច់ ។ អាចារ្យចាប់ផ្តើមពិធីនៅភ្នំខ្សាច់ ដូចកាលពីល្ងាចម្តងទៀត ។ ជាមួយគ្នានេះដែរព្រះសង្ឃសូត្រពុទ្ធមន្តប្រសិទ្ធិពរជ័យសិរីមង្គលនៅធម្មសាលា ។ អាចារ្យបានបន្តពិធីនៅខាងក្រៅមុខភ្នំ គឺឆ្លងបុណ្យ ហើយធ្វើកិច្ចផ្សឹកភ្នំវិញដោយពោលថា : «ឥមំ វាលុកចេតិយំ បច្ចក្ខាមិ» ប្រែថា៖ «ខ្ញុំផ្សឹកឥលូវនេះនូវវាលុកចេតិយនេះចេញ» គឺលែងប្រកាន់ថាជាចេតិយទៀតហើយ អ្នកណារំលាយក៏គ្មានបាបដែរ ។ គេនាំគ្នាចូលធម្មសាលាដើម្បីវេរភត្តប្រគេនព្រះសង្ឃឆាន់ត្រង់ ។ ពេលរសៀលគេជួបជុំគ្នា ដើម្បីនមស្សការថ្វាយបង្គំព្រះ និង អរាធនាព្រះសង្ឃសំដែងធម្មទេសនា។ កម្មវិធីជាបន្ត គេនាំគ្នាសំអាតព្រះពុទ្ធរូប ហើយបាចផ្កា បាញ់ទឹកអប់ (ស្រង់ព្រះ) ។ នេះជាពិធីតាមបែបសាសនា ។
ការធ្វើពិធីបុណ្យចូលឆ្នាំខ្មែរ
បុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិ ដែលប្រជាជននៅក្នុងប្រទេសកម្ពុជាតែងតែប្រារព្ធធ្វើជារៀងរាល់ ឆ្នាំ ។ នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ មានការរៀបចំដូចតទៅ ៖ ពិធីបុណ្យចូលឆ្នាំ ប្រព្រឹត្ដទៅ ៣ ថ្ងៃ គឺនៅថ្ងៃទី ១៣, ១៤, ឬ ១៥ ខែ មេសា ព្រោះជារដូវកាលដែលប្រជាជនខ្មែរមានពេលទំនេរពីការប្រមូលផលស្រូវ និង ដំណាំកសិកម្មផ្សេងៗ ។ មុនពេលប្រារព្ធ ពិធីបុណ្យចូលឆ្នាំ ១ ឬ ២ ថ្ងៃ ប្រជាជនខ្មែរតែងតែនាំគ្នា សំអាត តុបតែងផ្ទះសម្បែង និង រៀបចំគ្រឿងសម្ភារៈផ្សេងៗ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី ។ នៅពេលចូលដល់ថ្ងៃទី ១ នៃថ្ងៃបុណ្យចូល ឆ្នាំខ្មែរ ដែលក្នុងប្រពៃណីខ្មែរតែងហៅថ្ងៃនោះថាជាថ្ងៃមហាសង្រ្កាន្ត (sankranti) ។ នៅពេលនោះប្រជាពលរដ្ឋខ្មែរដែលកាន់ជំនឿតាមព្រះពុទ្ធសាសនា បានរៀបចំកន្លែងទទួលទេវតាឆ្នាំថ្មី ដែលមានគ្រឿងរណ្ដាប់ផ្សេងៗ និង មានតុបតែងលម្អដោយភ្លើងចម្រុះពណ៌តាមផ្ទះរបស់ពួកគេ ។ គ្រឿងរណ្ដាប់ មានដូចជា ៖ ទឹកផ្ដិលអប់ដោយផ្កា, ទៀន ៥, ធូប ៥, ផ្កាភ្ញី, ភេសជ្ជៈ, និង នំចំណី, ផ្លែឈើជាច្រើន ។ល ។ បន្ទាប់មក ពួកគេនឹងធ្វើការសែនព្រេន ដោយមានអុជធូប និង ទៀន តាមគេហដ្ឋានរបស់ខ្លួន ។ នៅពេលដល់កំណត់ថាទេវតាឆ្នាំថ្មី យាងចុះមកប្រសិទ្ធិពរជ័យ សិរីសួស្ដី ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសុខពេញមួយឆ្នាំ ។ នៅពេលចូលថ្ងៃទី ២ នៃបុណ្យចូលឆ្នាំខ្មែរ គេហៅថ្ងៃនោះ ថាជា វារៈវ៍នបត ប្រជាជន នាំគ្នាទៅវត្ដអារាមដើម្បីយក ចង្ហាន់ នំចំណី ផ្លែឈើ ទៅប្រគេនព្រះសង្ឃ ។ លើសពីនេះទៅទៀត ក៏មានការរៀបចំលេងល្បែងប្រជាប្រិយ ដូចជា៖ ចោលឈូង បោះអង្គញ់ លាក់កន្សែង និងមានការច្រៀងរាំបទចម្រៀងប្រពៃណី ផងដែរ នៅតាមវត្ដអារាម និង តាមបណ្ដាតំបន់នានានៅក្នុងប្រទេសកម្ពុជា ។ ថ្ងៃទី ៣ ជាថ្ងៃបញ្ចប់ពិធីបុណ្យចូលឆ្នាំ គេហៅថា វារៈឡើងស័ក ឬ ថ្ងៃឆ្លង ។ នៅថ្ងៃនោះ គេតែងប្រារព្ធធ្វើពិធី ស្រង់ទឹករូបបដិមារបស់ព្រះពុទ្ធ នៅតាមវត្ដអារាម ដើម្បីសុំសេចក្ដីសុខ ហើយក៏ជាថ្ងៃបញ្ចប់នៃការប្រារព្ធធ្វើពីធីបុណ្យចូលឆ្នាំខ្មែរ ដែរ ៕ដកស្រង់ពីវិគីភីឌា fpmonline.net
0 Comments:
Post a Comment