ព្រៃឈើនៅតំបន់ទំនប់សេសានកំពុងត្រូវកាប់បំផ្លាញ
ស្ទឹងត្រែងៈ លោក សៀក មេគង្គ មេឃុំ បានចូលទៅប្តូរឯកសណ្ឋានក្នុងផ្ទះឈើដ៏តូចរបស់គ្រួសារលោក ក្នុងភូមិស្រែគ ១ ស្រុកសេសានមុនពេលដឹកនាំអ្នកយកព័ត៌មានទៅកាន់ទូកមួយនៅទន្លេ សេសាន ហើយប្រាប់ពួកគេឲ្យឡើងលើទូក។ភ្នំពេញ ប៉ុស្តិ៍
មេឃុំស្រែគ ដែលបង្ហាញខ្លួន ដូចជាមេ បញ្ជាការ បានថ្លែងថា៖«ប្រសិនបើខ្ញុំចុះទៅកន្លែងកាប់ឈើដោយគ្មានឯកសណ្ឋាន ប្រហែលខ្ញុំនឹងមានបញ្ហា។ ប៉ុន្តែ ខ្ញុំជាអាជ្ញាធរ ហើយខ្ញុំមានសិទិ្ធដឹកនាំភ្ញៀវទៅត្រួតពិនិត្យកន្លែងនេះ»។
លោក មេគង្គដែលជាមន្រ្តីគណបក្ស សម រង្ស៊ី បានថ្លែងថា កាលពីសប្តាហ៍មុន លោកត្រូវបានគំរាមដោយមន្រ្តីរដ្ឋបាលព្រៃឈើ ហើយបានព្រមានកុំឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ អំពីឈើប្រណីតដែលលោកអះអាងថា បាននិងកំពុងត្រូវគេកាប់បំផ្លាញ។
ខណៈដែលលោក មេគង្គ និយាយអំពីការការពារសហគមន៍របស់លោក សេចក្តីប្រាថ្នារបស់លោកចង់ទាញយកការយកចិត្តទុកដាក់ពីអន្តរ ជាតិ លើបញ្ហារបស់អ្នកភូមិ ហើយលោក ឈុត វុទ្ធី សកម្មជនបរិស្ថានដែលត្រូវបានគេបាញ់សម្លាប់ ចំណុចច្បាស់មួយគឺថា ការគំរាមបែបនេះពុំបានរារាំងលោកទេ។ ខណៈពេលទូកកំពុងបើកទៅតំបន់ព្រៃឈើ ដែលលោកថា កំពុងរងការបំផ្លាញ លោកបញ្ជាក់ថា៖ «ខ្ញុំដឹងថា មន្រ្តីជាន់ខ្ពស់ជាច្រើននាក់ ព្រមទាំងបុគ្គលិកក្រុមហ៊ុនខឹងលោក។ គេព្រមានខ្ញុំឲ្យឈប់និយាយបញ្ហានេះ តែខ្ញុំធ្វើការឲ្យប្រជាជនខ្ញុំ ដូច្នេះខ្ញុំមិនភ័យខ្លាចទេ។
ប្រជាជនរាប់រយគ្រួសារ ក្នុងឃុំរបស់លោក មេគង្គ និងប្រហែល១០០០ គ្រួសារជាសរុបនៅតំបន់ធំជាងនេះ កំពុងរស់នៅក្នុងផ្ទះ ដែលនឹងជន់លិចដោយអាងទឹកទំនប់វារីអគ្គិសនីសេសានក្រោម ២ ដែលបានអនុម័តកាលពីខែកុម្ភៈ។
រដ្ឋាភិបាល បានសន្យាថា ជាការដោះដូរដើម្បីត្រួសត្រាយផ្លូវដល់ទំនប់កម្លាំង ៤០០ មេហ្គាវ៉ាត់ តម្លៃ៧៨១ លានដុល្លារអាមេរិកដែលនឹងសាងសង់ដោយក្រុមហ៊ុន Royal Group និងក្រុមហ៊ុនចិន Hydrolancang International Energy ចាប់ពីឆ្នាំក្រោយ គ្រួសារទាំងនោះនឹងទទួលបានដីស្រែ ផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធ នៅនឹងកន្លែងចម្ងាយ១៥ គីឡូម៉ែត្រ។
លោក មេគង្គ ថ្លែងថា៖ «យើងដឹងថា រដ្ឋាភិបាលចាំបាច់ត្រូវអភិវឌ្ឍទំនប់វារីអគ្គិសនី ដូច្នេះ គេត្រូវផ្លាស់យើងទៅកន្លែងថ្មី ប៉ុន្តែ [ក្រុមហ៊ុន Royal Group] ពុំទាន់បានរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះនៅឡើយទេ។ ផ្ទុយទៅវិញ ពួកគេ បានចាប់ផ្តើមកាប់បំផ្លាញព្រៃឈើ ក្នុងសហគមន៍យើងហើយ»។
នេះជាការអះអាងដែលមន្រ្តីព្រៃឈើបានបដិសេធ ប៉ុន្តែ ខណៈពេលលោក មេគង្គទាញទូកឡើងគែមទន្លេ ហើយនាំអ្នកចូលរួមក្រុមឡើងច្រាំងខ្ពស់ទៅកន្លែងដែលមាន មនុស្សមាឌធំ ប្រហែល ៣០ នាក់ ខ្លះពាក់ឯកសណ្ឋានខ្លះស្លៀកពាក់ធម្មតាបានប្រមូលផ្តុំ គ្នានៅកន្លែងបោះជំរំពេលនោះវាច្បាស់ថា លោក មេគង្គមិនមែននិយាយបំផ្លើសទេ។ គេមើលឃើញម៉ាស៊ីនតូច តែដើមឈើ ដែលលោក មេគង្គ ថា ជាព្រៃសហគមន៍ ត្រូវបានកាត់ ហើយស្នាមកង់រថយន្តថ្មីអាចមើលឃើញលើផ្លូវចេញពីព្រៃ។
លោក មេគង្គ បានថ្លែងទៅកាន់កម្មករដែលព័ទ្ធជុំវិញគាត់ និងជំទប់របស់គាត់ឈ្មោះ បៀន ទៀន ថា៖ «អ្នកទាំងអស់គ្នាកំពុងកាប់ឈើដោយពុំបានស្នើសុំពីខ្ញុំទេ ។ ខ្ញុំជាអាជ្ញាធរនៅទីនេះ ហើយទាំងអ្នក និងក្រុមហ៊ុនពុំទាក់ទងមកខ្ញុំអំពីការកាប់ឈើនេះទេ។ អ្នកទាំងអស់គ្នាមើលងាយអាជ្ញាធរ»។ កម្មករហាក់ដូចជាពុំខ្វល់អ្វីឡើយ ខណៈពេលលោក មេគង្គ បន្តនិយាយទៅកាន់ពួកគេ ណែនាំ ហើយថែមទាំងកាន់វត្ថុដូចសន្និសីទកាសែតចំពោះមុខពួកគេ។ លោកបានសួរកម្មករថា៖«តើអ្នកទទួលបានប្រាក់ប៉ុន្មានមកកាប់ឈើ នេះ?»។ បន្ទាប់មក កម្មករឆ្លើយថា៖ « ៥៥០ ដុល្លារ ក្នុងមួយហិកតា»។ «តើអ្នកកាប់ប៉ុន្មានហិកតា?» « ៥ ហិកតា តែយើងកាប់តែឈើតូចៗទេ។ យើងមិនកាប់ឈើធំទេ។ ប៉ុន្តែប្រសិនបើគេចង់ឲ្យយើងធ្វើ យើងនឹងធ្វើ យើងត្រូវការចិញ្ចឹមគ្រួសារយើង»។
ខាងក្នុងជំរំកម្ម ករ អ្នកយកព័ត៌មានភ្នំពេញ ប៉ុស្តិ៍ បានឃើញឈើស្រឡៅ ផ្ចឹក សុក្រំ ជាឈើមានតម្លៃនិងធំជាងអ្វីដែលក្រុមកម្មករអះអាងថា បានកាប់។ កម្មករ មកពីខេត្តរតនគិរី ក្រចេះ និងស្ទឹងត្រែង តែលោក មេគង្គ ស្គាល់បីនាក់ ពីឃុំរបស់លោកដែលពុំបាននិយាយអំពីការកាប់ឈើទេ តែអះអាងថា ធ្វើការឲ្យជនម្នាក់ហៅថា ឧកញ៉ា ខ្នា។ លោក មេគង្គ ថា៖ «នេះជាគម្រោងរបស់ក្រុមហ៊ុន Royal Group តែខ្ញុំមិនដឹងទេថាតើគាត់មានអាជ្ញាប័ណ្ណកាប់ឈើនៅទីនេះឬអត់ ទេ»។
ដើមឈើត្រូវបាញ់ថ្នាំពណ៌ក្រហម
បន្ទាប់ ពីលោក មេគង្គ ចេញពីកម្មករព្រៃឈើ លោកបាននាំអ្នកយកព័ត៌មានទៅទីតាំងមួយទៀត ដែលដើរប្រមាណប៉ុន្មាននាទីប៉ុណ្ណោះ។ ឈើរាប់ជាជួរមានឈើប្រណីត ត្រូវបានបាញ់ថ្នាំពណ៌ក្រហម ដែលបង្ហាញថា ឈើទាំងនោះនឹងត្រូវកាប់ក្នុងពេលឆាប់ៗ។ លោកបន្ថែមថា៖ «ឥឡូវនេះកម្ពុជាមានខ្យល់ព្យុះច្រើន ហើយតំបន់នេះ ជាភ្នំសុវត្ថិភាពសម្រាប់អ្នកភូមិ ពេលមានទឹកជំនន់។ ក្រុមហ៊ុនយកទីតាំងនេះ ជាកន្លែងកែច្នៃឈើ តើយើងនឹងទៅទីណា ពេលមានខ្យល់ព្យុះ?»។
លោក ទៀង ជំទប់ របស់លោក មេគង្គ បានជំរុញឲ្យមន្រ្តីស្រុក និងរដ្ឋបាលព្រៃឈើ រារាំងកម្មករ កុំឲ្យកាប់ឈើលើទីទួលសុវត្ថិភាព និងក្នុងព្រៃឈើសហគមន៍ និងផ្តោតលើការផ្លាស់លំនៅជាមុនសិន។
លោកបានបន្ថែមថា៖ «មន្រ្តីមកពីរដ្ឋបាលព្រៃឈើខេត្ត បានថ្លែងថា កុំនិយាយអំពីបញ្ហានេះ និងការទាមទារព្រៃសហគមន៍ ក្រុមហ៊ុនមានអាជ្ញាប័ណ្ណ និងចាំបាច់ត្រូវកាប់ឈើទាំងអស់នៅទីនេះ។ ប្រជាជនមិនគួរបញ្ឈប់ពួកគេទេ»។
អាជ្ញាធរស្រុកមើលមិនឃើញការកាប់ឈើ
នៅពេលអ្នកយកព័ត៌មានភ្នំពេញ ប៉ុស្តិ៍ ជួបជាមួយនឹងមន្រ្តីស្រុកសេសាន នៅសាលាខេត្ត លោកស្រី យឿង ស្រីភារី អភិបាលរងស្រុក បានថ្លែងថា ប្រជាជន ៩០០ ទៅ១០៥០ គ្រួសារដែលទទួលរងដោយអាងទន្លេសេសានក្រោម២នឹងផ្លាស់លំនៅ នៅចុងឆ្នាំនេះ ឬដើមឆ្នាំ ក្រោយ យោងតាមព័ត៌មានដែលលោកស្រីទទួលបានពីមន្រ្តីខេត្ត។ លោកស្រី យឿង ភារី បានបន្ថែមថា លោកស្រីបានទទួលរបាយការណ៍ពីអ្នកភូមិថា មានការកាប់ឈើប្រណីតនៅជិតផ្ទះពួកគេ ប៉ុន្តែមន្រ្តីលោកស្រី ពុំបានរកឃើញភ័ស្តុតាងនៃការកាប់ឈើឡើយ។
លោកស្រីបន្តថា៖ «ខ្ញុំបានបញ្ជូនមន្រ្តីយើងម្នាក់ពីសាលាស្រុក ជាមួយនឹងរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម និងមន្រ្តីខេត្ត»។ «គេប្រាប់ខ្ញុំតាមទូរស័ព្ទថា ការអះអាងរបស់អ្នកភូមិគឺខុស តែខ្ញុំមិនទទួលបានឯកសារគាំទ្រចំណុចនេះទេ។ «នៅតំបន់នោះ ក្រុមហ៊ុនមានអាជ្ញាប័ណ្ណពីរដ្ឋាភិបាល ដើម្បីឈូសឆាយបាតអាងទំនប់វារីអគ្គិសនី»។
លោក មេគង្គ ស្ថិតក្នុងអគារជាប់នោះ ហើយកំពុងពន្យល់មន្រ្តីគណបក្សប្រជាជនកម្ពុជាថា សហគមន៍របស់លោកព្រួយបារម្ភអំពីព័ត៌មានតិចតួចដែលខ្លួនមានអំពី ការផ្លាស់លំនៅថ្មី។ លោកបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្រោយមកថា៖ « រហូតមកដល់ពេលនេះ យើងមិនទាន់ដឹងទេថា តើទីតំាងថ្មី នៅកន្លែងណា ថាតើយើងនឹងត្រូវបញ្ជូនទៅកន្លែងណា»។ លោកបន្ថែមថា មន្រ្តីគណបក្សកាន់អំណាចបានសន្យាព្យាយាមដោះស្រាយបញ្ហាព័ត៌មាន នេះ។
លោក មេគង្គ បានឲ្យដឹងទៀតថា បញ្ហាបន្ទាន់មួយទៀតគឺការកាប់ឈើក្នុងព្រៃដែលប្រជាជនពឹង ផ្អែក។ លោកបានបន្ថែមថា៖ «យើងព្រួយបារម្ភអំពីពួកគេកាប់ឈើធំៗឥឡូវនេះ ហើយមិនសាងសង់ទំនប់ទេ។ ខ្ញុំឃើញករណីនេះ កើតឡើងនៅកម្ពុជាពីមុន»។
«ឥឡូវនេះ យើងមានព្រៃសហគមន៍ យើងពឹងផ្អែកលើអនុផលព្រៃឈើ ដូចជាទឹកឃ្មុំ និងជ័រពីដើមឈើ ហើយយើងត្រូវការឈើធ្វើផ្ទះ និងជួសជុលផ្ទះ»។ «អាជ្ញាធរត្រូវសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ឥឡូវនេះ នៅទីតាំងថ្មី ហើយសងប្រជាជន មុនពេលពួកគេកាប់ឈើនៅតំបន់នេះ»។
ប្រភពអនាមិកមួយបានប្រាប់ ភ្នំពេញប៉ុស្តិ៍ ថា ជាផ្នែកនៃកិច្ចសន្យា ក្រុមហ៊ុន Royal Group នឹងកាប់ឈើ១លានម៉ែត្រគុប ក្នុងតំបន់អាងទឹកនេះ ដែលគ្របដណ្តប់ផ្ទៃដី៣៦០០ហិកតា។
ប្រភពនោះ បន្ថែមថា៖ «ពួកគេបានចាប់ផ្តើមឈូសឆាយហើយ»។ លោកបន្ថែមថា លោកក៏ជឿជាក់ថា លោកឧកញ៉ា ខ្នា ពាក់ព័ន្ធក្នុងគម្រោងនេះ។
លោក ទេព ប៊ុណ្ណារិទិ្ធ ប្រធានសមាគមអភិរក្សវប្បធម៌ និងបរិស្ថាន បានថ្លែងថា គ្រឿងបរិក្ខារសាងសង់ បាននាំទៅតំបន់អាងទំនប់ហើយ។ លោកបញ្ជាក់ថា៖ « បើខ្ញុំស្មានថា តើនឹងកាប់ឈើប៉ុនណា នឹងមានតួលេខកាន់តែច្បាស់ក្នុងកិច្ចសន្យា»។ «យោងតាមអ្វីដែលយើងឮពីអ្នកភូមិ ក្រុមហ៊ុន បានកាប់ឈើនៅក្រៅតំបន់អាងផងដែរ»។
សហគមន៍នឹងមិននៅស្ងៀមទេ
បន្ទាប់ពីអ្នកភូមិក្នុងឃុំស្រែគ ១ បានសម្តែងក្តីបារម្ភប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា ពួកគេនឹងគ្មានហេដ្ឋារចនាសម្ព័ន្ធ ដូចជាសាលារៀននៅទីតាំងថ្មី ឬព្រៃ និងទន្លេ លោក មេគង្គ បានថ្លែងថា ការប្រយុទ្ធរបស់សហគមន៍លោកត្រូវតែបន្តទៅមុខទៀត។ លោកបានបន្ថែមថា៖ «ខ្ញុំបានព្យាយាមចរចា ជាមួយនឹងក្រុមហ៊ុន និងអាជ្ញាធរ អំពីដំណោះស្រាយ ប៉ុន្តែគេថា ត្រូវរង់ចាំដល់ឆ្នាំក្រោយ»។ «ខ្ញុំត្រូវបានគេគំរាមកុំឲ្យនិយាយ ហើយប្រាប់ឲ្យឈប់និយាយពីបញ្ហានេះ តែខ្ញុំនឹងបន្តនិយាយរហូតទាល់តែគេផ្តល់ដំណោះស្រាយដល់យើង។ ខ្ញុំត្រូវប្រាប់អ្នកសារព័ត៌មាន ដូច្នេះ គេអាចផ្សព្វផ្សាយព័ត៌មាន។ ដូច្នេះ សហគមន៍កម្ពុជា និងអន្តរជាតិដឹងអំពីក្តីបារម្ភរបស់យើង»។ «ប្រសិនបើខ្ញុំស្លាប់មកពីនិយាយខ្ញុំមិនសោកស្តាយទេ ព្រោះខ្ញុំកំពុងតែជួយសហគមន៍ខ្ញុំ»។
លោក គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group បានថ្លែងថា លោកកំពុងស្ថិតនៅក្នុងកិច្ចប្រជុំនៅចិន បន្ទាប់មកលោកបានបិទទូរស័ព្ទ ចំណែកលោក ខ្នា និងលោក សិទ្ធ សំណាង ប្រធានរដ្ឋបាលព្រៃឈើស្រុកសេសាន ពុំអាចទាក់ទងបានទេ៕ទំព័រពត៍មានខ្មែរ TK
0 Comments:
Post a Comment