Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Monday, April 8, 2013

ព្រះ​អង្គ​ម្ចាស់​ចូល​រួម​ជាមួយ​បក្ស​សង្គ្រោះ​ជាតិ

0 Comments

ព្រះ​អង្គ​ម្ចាស់​ចូល​រួម​ជាមួយ​បក្ស​សង្គ្រោះ​ជាតិ


130408_01
ព្រះ​អង្គ​ម្ចាស់​ ស៊ី​សុវត្ថិ​ ធម្មិកោ​​ (កណ្តាល​) អតី​ត​លេខា​ផ្ទាល់​របស់​សម្តេច​ឪ នៅ​ក្នុង​សមាជ​​​លើក​ដំបូង​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​កម្ពុជា កាល​ពី​ម្សិល​មិញ​។ រូបថត ផា លីណា​
ភ្នំពេញៈ អតីត​លេខា​ផ្ទាល់​ របស់​ព្រះ​មហា​វិរក្សត្រ នរោត្តម សីហនុ ព្រះ​អង្គ​ម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ​ត្រូវ​បាន​អង្គ​សមាជ​លើក​ដំបូង​របស់​គណបក្ស​សង្គ្រោះ​ជាតិ បោះឆ្នោត​ឲ្យ​ធ្វើ​ជា​សមាជិក​គណៈ​កម្មាធិការ​អចិន្រៃ្តយ៍​របស់​គណបក្ស នេះ ខណៈ​ដែល​លោក​សម រង្ស៊ី ​ត្រូវ​បោះឆ្នោត​ឲ្យ​ធ្វើ​ជា​ប្រធាន និង​លោក​កឹម សុខា ត្រូវ​បោះឆ្នោត​ឲ្យ​ធ្វើ​ជា​អនុ​ប្រធាន​បក្ស​ថ្មី​នេះ​។
គណបក្ស សង្គ្រោះ​ជាតិ​កម្ពុជា ដែល​កើត​ចេញ​ពី​ការ​បង្រួប​បង្រួម​គ្នា រវាង​គណបក្ស​សម រង្ស៊ី និង​គណ​បក្ស​សិទ្ធិមនុស្ស បាន​ធ្វើ​សមាជ​លើក​ដំបូង​របស់​ខ្លួន​ កាល​ពី​ម្សិលមិញ នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ ដែល​មាន​សមាជិក​ជាង​១ ម៉ឺន​នាក់​ចូល​រួម​។ ​បន្ទាប់​ពី​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​សមាជិក នៃ​គណៈកម្មាធិការ​អចិន្រៃ្តយ៍ ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ព្រះ​អង្គ​ បាន​សម្រេច​ព្រះ​ទ័យ ចូល​រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា ​តាំង​ពី​យូរ​មក​ហើយ ដោយ​សារ​តែ​ព្រះ​អង្គ ឆ្អែត​ព្រះ​ទ័យ​ទៅ​នឹង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​បោះបង់​ព្រះ​អង្គ​ចោល ពី​អ្វី​ដែល​ព្រះ​អង្គ​ហៅ​ថា ​តម្លៃ​​ជីវិត​នយោបាយ ក្នុង​ការ​បម្រើ​ជាតិ​ និង​រក​យុតិ្តធម៌​ជូន​ប្រជាជន​។​
ព្រះអង្គ​មាន​បន្ទូល​ថា៖«​ខ្ញុំ​ជា​សមាជិក​គ្រួសារ​រាជវង្ស ខ្ញុំ​ជា​សមាជិក បង្កើត​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ពី​ឆ្នាំ​១៩៨១ ក្រោម ​ការ​ដឹក​នាំ​របស់​ព្រះ​មហាក្សត្រ [នរោត្តម សីហនុ] តើ​ខ្ញុំ​មាន​កិត្តិយស​អ្វី ពេល​គណបក្ស​ប្រជាជន ​ទទួល​ស្គាល់​តែ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​របស់​លោក ញឹក ប៊ុនឆៃ​ នោះ»។
ព្រះ​អង្គ ធម្មិកោ បាន​បន្ថែម​ថា ព្រះ​អង្គ ចូល​រួម​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​មិន​មែន​គិត​តែ​ពី​តំណែង​ឬ​ផល ប្រយោជន៍​ពី​គណបក្ស​នេះ​ទេ ដោយ​ព្រះ​អង្គ​បញ្ជាក់​ថា ព្រះ​អង្គ​នឹង​លាលែង​ពីបក្ស​សង្គ្រោះ​ជាតិ ឬ​ពី​នយោបាយ​ នៅ​ពេល​ណា​ក៏​បាន ប្រសិន​បើ​គណបក្ស​​ប្រជាជន ផ្តល់​យុតិ្តធម៌​ដល់​ប្រជាជន ដោយ​ធ្វើ​ការ​អភិវឌ្ឍ​ប្រទេស​ ចៀស​វាង​កុំ​ធ្វើ​ឲ្យ​ប្រជាជន​ស្រក់​ទឹក​ភ្នែក​ ស្រក់​ឈាម​។ ​
ព្រះ​អង្គ គូស​បញ្ជាក់​ថា៖ «ពេល​មាន​ការ​ផ្តល់​ភាព​រីក​រាយ​ដល់​ប្រជាជន ក្នុង​ការ​អភិវឌ្ឍ កុំ​អភិវឌ្ឍ​លើ​ឈាម​និង​ទឹក​ភ្នែក​របស់​ប្រជាជន ពេល​នោះ​ខ្ញុំ​មិន​ចាំបាច់​ធ្វើ​នយោបាយ​ទេ​»។
ទន្ទឹម​នឹង​នេះ លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​ និង​លោក កឹម សុខា ដែល​ធ្វើ​ជា​អធិបតី​ក្នុង​អង្គសមាជ​ បាន​សន្យា​ជាមួយ​នឹង​សមាជិក​ជាង​១ម៉ឺន​នាក់​ថា ប្រសិន​បើ​បក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា​ ឆ្នាំ​២០១៣ ​មេ​ដឹក​នាំ​ទាំង​ពីរ​ នឹង​គោរព​ទៅ​តាម​ការ​សន្យា​របស់​ខ្លួន ដោយ​ធ្វើ​ការ​គ្រប់​គ្រង​ប្រទេស​ឲ្យ​បាន​ថ្កុំ​ថ្កើន និង​ធានា​ការ​រស់​នៅ​របស់​ប្រជាជន​ឲ្យ​បាន​សមរម្យ ថ្លៃថ្នូរ។ ​
លោក សម រង្ស៊ី បាន​ថ្លែង​តាម​រយៈ​វីដេអូ​ខុនហ្វឺរិន​ថា៖ «​សូម​ប្រជាជន​ដែល​ធ្លាប់​​បោះឆ្នោត​ឲ្យ​គណ​បក្ស​ដទៃ​ទៀត​ សូម​បែរ​មក​បោះ​ឆ្នោត​ឲ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​​មាន​​រូប​សញ្ញា​ព្រះ​អាទិត្យ ដើម្បី​សង្គ្រោះ​ជាតិ​យើង​»។
លោក​សម រង្ស៊ី បាន​ប្រាប់​អ្នក​ចូល​រួម​ថា បើ​ទោះ​បី​ជា​ការ​បោះ​ឆ្នោត​មិន​ត្រឹម​ត្រូវ​ មិន​យុតិ្ត​ធម៌​ក៏​ដោយ ប៉ុន្តែ លោក ជឿ​ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា ​នឹង​ឈ្នះ​អាសនៈ​៥០ បូក ១ ​ដែល​អាច​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា គ្រប់គ្រង​ប្រទេស។
ចំណែក​លោក កឹម សុខា បាន​ផ្ញើ​សារ​ទៅ​កាន់​ប្រជាជន ដែល​ផ្ទុយ​នឹង​សារ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នៃ គណបក្ស​ប្រជាជន ដែល​បាន​ផ្ញើ​ទៅ​កាន់​ប្រជាជន។ លោក​ហ៊ុន សែន បាន​ផ្ញើ​សារ​មួយ​ថា បើ​ស្រឡាញ់​ហ៊ុន សែន អាណិត​ហ៊ុន សែន បើ​ពេញ​ចិត្ត​​ ​និង​​បើ​ជឿ​ជាក់​លើ​ហ៊ុន​ សែន សូម​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។
ប៉ុន្តែ​លោក កឹម សុខា បាន​ផ្ញើ​សារ​ទៅ​កាន់​ប្រជាជន​ថា៖​«​បើ​ស្រឡាញ់​ខ្លួន​អ្នក បើ​ស្រឡាញ់​កូន​​ចៅ​អ្នក ស្រឡាញ់​ឪពុក​ម្តាយ និង​ស្រឡាញ់​ប្រទេស​ជាតិ​របស់​អ្នក សូម​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ ជាតិ​កម្ពុជា»។​
លោក​បន្ថែម​ថា ប្រសិន​បើ​បក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត គណបក្ស​នេះ ​នឹង​ទម្លាក់​តម្លៃ​អគ្គិសនី​ពី​ជាង​១ ពាន់​ រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ មក​ត្រឹម​ពី ៥០០ ទៅ​ ៦០០ រៀល​ក្នុង​មួយ​គីឡូវ៉ាត់ និង​បន្ថយ​តម្លៃ​សាំង​ឲ្យ​ស្មើ​ប្រទេស​ជិត​ខាង។
ទោះ​ជា​យ៉ាង​ណា លោក ខៀវ កាញារីទ្ធ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន បាន​ថ្លែង​ថា បើ​ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ចូល​រួម​ជាមួយ​គណបក្ស​​នយោបាយ ព្រះ​អង្គ​ត្រូវ​លាលែង​ពី​តំណែង​ក្នុង​ព្រះ​បរម​រាជ​វាំង ពី​ព្រោះ​ព្រះ​បរម​រាជវាំង ជា​ស្ថាប័ន​អព្យា​ក្រឹត។​ លោក​បន្ថែម​ថា៖ «​ព្រះ​អង្គ​ចង់​ចូល​រួម​ជាមួយ​គណបក្ស​ណា​មួយ ​ជា​​សិទ្ធិរបស់​ព្រះ​អង្គ​»។ ​លោក ខៀវ កាញារីទ្ធ បាន​ចាត់​ទុក​ ការ​ប្រកាស​របស់​លោក សម រង្ស៊ី ​ថា​​ គ្រាន់​តែ​ជា​ការ​លួង​លោម​សមាជិក​ខ្លួន​ ដែល​ឈរ​ជា​បេក្ខជន​តំណាង​រាស្រ្ត បង់​ប្រាក់​ឲ្យ​​​គាត់ ហើយ​ការ​ព្យាករ​របស់​លោក សម រង្ស៊ី គឺ​គ្រាន់​តែ​ជា​ការ​ស្រមើ​ស្រមៃ​ ដែល​គ្មាន​ការ​ពិត​ប៉ុណ្ណោះ។
លោក​បញ្ជាក់​ថា​ គណបក្ស​ប្រជាជន មិន​បារម្ភ​ចំពោះ​ប្រជាប្រិយ​ភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ឡើយ។

លោក បណ្ឌិត ឡៅ​ ម៉ុង​ហៃ អ្នក​វិភាគ​ឯករាជ្យ ​បាន​មាន​ប្រសាសន៍​ថា ការ​ចូល​រួម​របស់​ព្រះ​អង្គ​ម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ ជា​មួយ​គណ​បក្ស​សង្គ្រោះ​ជាតិ យ៉ាង​ហោច​ណាស់ ក៏​អាច​ធ្វើ​ឲ្យ​គណ​បក្ស​ប្រឆាំង​មួយ​នេះ​ មាន​ហេតុ​ផល​និយាយ​ថា គណបក្ស​របស់​ពួក​គេ ក៏មាន​ការ​ចូល​រួម​ពី​សែ​រាជវង្សានុវង្ស​ផង​ដែរ៕ ភ្នំពេញប៉ុស្តិ៍TK

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com