ប្រតិភូកម្ពុជាចេញទៅតុលាការឡាអេថ្ងៃអង្គារស្អែក
ជម្លោះនៅព្រះវិហារ អាចជាពេលវេលាផ្សះមុខរបួសនយោបាយផ្ទៃក្នុងខ្មែរ
ប្រមុខការទូតខ្មែរលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង
នឹងដឹកនាំប្រតិភូចេញទៅតុលាការយុត្តិធម៌អន្តរជាតិនៃ
ទីក្រុងឡាអេនៅថ្ងៃអង្គារស្អែក។ លោកវ៉ា
គីមហុងទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន
និងអនុប្រធាននៃប្រតិភូកម្ពុជានៅតុលាការអន្តរជាតិបានបញ្ជាក់ថា
កម្ពុជាបានត្រៀមលក្ខណៈយ៉ាងប្រយ័ត្នប្រយែងបំផុតចំពោះបញ្ហាក្តីក្តាំ
នៃសំណុំរឿងប្រសាទព្រះវិហារនេះ។
ប្រតិភូជាន់ខ្ពស់របស់កម្ពុជាទទួលបន្ទុកសំណុំរឿងក្តីក្តាំ ប្រសាទព្រះវិហារនឹងចេញដំណើរទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុង ឡាអេនៅថ្ងៃអង្គារស្អែកហើយ។ ព័ត៌មាននេះ ត្រូវបានប្រកាសដោយអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោកកុយ គួងនៅព្រឹកថ្ងៃចន្ទនេះ។
ប្រតិភូជាន់ខ្ពស់ដែលរួមមានលោកវ៉ា គីមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងលោកឡុង វីសាឡូរដ្ឋលេខាធិការក្រសួងការបរទេសនឹងដឹកនាំដោយលោក ឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។ នៅមុនចេញដំណើរឡើងយន្តហោះនោះ លោកប្រមុខការទូតកម្ពុជានឹងធ្វើសន្និសីទកាសែតស្តីអំពីបេសកកម្មទៅ តុលាការទីក្រុងឡាអេនោះ។
លោកវ៉ា គីមហុងអនុប្រធានប្រតិភូបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃ ចន្ទនេះថា កម្ពុជាបានត្រៀមលក្ខណៈយ៉ាងប្រយ័ត្នប្រយែងបំផុតក្នុងបញ្ហាក្តីក្តាំ ប្រាសាទព្រះវិហារនេះ ហើយថាលោកនៅតែមានក្តីសង្ឃឹមច្រើនលើផ្លូវច្បាប់ថា កម្ពុជាមានប្រៀបលើប្រទេសថៃ។
គួរបញ្ជាក់ថា កម្ពុជាមានមេធាវីបរទេស៣រូបដូចភាគីថៃដែរដើម្បីតតាំងសំណុំរឿង ប្រាសាទព្រះវិហារនេះនៅតុលាការយុត្តិធម៌អន្តរជាតិក្នុងប្រទេសហូឡង់ នោះ។ បើទោះជាក្នុងពេលកន្លងមក ក្រុមជ្រុលនិយមថៃបានព្រលយពាក្យថា ពួកគេនឹងធ្វើសកម្មភាពនៅព្រំដែននៅពេលមានសវនាការសំណុំរឿង ប្រាសាទព្រះវិហារនៅពាក់កណ្តាលខែមេសានេះ លោកទេសរដ្ឋមន្ត្រីវ៉ា គីមហុងបានអះអាងថា លោកមិនព្រួយបារម្ភអំពីការរំខានរបស់ភាគីថៃខ្លាំងណាស់ណាទេ។ ប្រទេសថៃដែលលោកវ៉ា គីមហុងចាត់ទុកថាជាប្រទេសស៊ីវិល័យនិងមានអរិយធម៌នោះ។
គួរបញ្ជាក់ថា សវនាការដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី១៥ដល់ថ្ងៃទី១៩មេសាខាងមុខគឺ ជាសវនាការផ្ទាល់មាត់ចុងក្រោយនៃនីតិវិធីតុលាការអន្តរជាតិ ក្នុងចំណាត់ការនៃបណ្តឹងរបស់កម្ពុជាដែលស្នើអោយតុលាការរបស់អង្គការ សហប្រជាជាតិមួយនេះបកស្រាយឡើងវិញសាលក្រមឆ្នាំ១៩៦២ស្តីពីប្រាសាទ ព្រះវិហារ។
កម្ពុជាបានដាក់បណ្តឹងនេះកាលពីថ្ងៃទី២៨មេសាឆ្នាំ២០១១ បន្ទាប់ពីរដ្ឋាភិបាលថៃរបស់លោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត វេចាជីវ៉ាបានទាមទារកាន់កាប់ដីទំហំ៤,៦គមក្រឡាជុំវិញប្រាសាទ ព្រះវិហារ។
ក្នុង ដំណើរការសវនាការផ្ទាល់មាត់លើសំណុំរឿងប្រាសាទព្រះវិហារខាងមុខនេះ កម្ពុជានិងថៃត្រូវតតាំងគ្នាចំនួន២ជុំ ដែលត្រូវបានកំណត់ដោយតុលាការអន្តរជាតិនៃប្រទេសហូឡង់។ ហើយថាដំណើរការសវនាការនោះនឹងត្រូវផ្សាយផ្ទាល់តាមប្រព័ន្ធអ៊ីនថឺ នែតក្នុងគេហទំព័ររបស់តុលាការយុត្តិធម៌អន្តរជាតិទៀតផង។
លោកវ៉ា គីមហុង បានប្រាប់អោយដឹងថាលទ្ធផលនៃក្តីក្តាំនេះនឹងត្រូវប្រកាសនៅចុងឆ្នាំ២០១៣នេះ៕ប្រភពពី (rfi)
0 Comments:
Post a Comment