អាជ្ញាធរ ​ប៉េរូ​​បាន​​សង្គ្រោះ​​​ស្ត្រី​​រង​គ្រោះ​ ៥​នាក់​ ពី​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ បន្ទាប់​ពី​បាឡុង​ខ្យល់​របស់​ពួក​គេ​បាន​ធ្លាក់​​ទៅ​ក្នុង​​​​សមុទ្រ​កាល​ពី ​ថ្ងៃ​អាទិត្យ​នេះ​ ​ចម្ងាយ​ប្រមាណ​ជាង​៩៦​គីឡូម៉ែត្រ​ ភាគ ​​ខាង​​ត្បូង​​​ទី​ក្រុង​​Lima​ ប្រទេស​ប៉េរូ​​។ ​​ស្ត្រី​រងគ្រោះ​ទាំង​៥​នាក់​កំពុង​តោង​កន្ត្រក​បាឡុង​​ បន្ទាប់​ពី​បាន​ត្រាំ​ក្នុង​ទឹក​​សមុទ្រ​ដ៏​ត្រជាក់​​​ជាង​៨​ម៉ោង​រួច​មក​។​
ជន​រងគ្រោះ​ពី​រ​នាក់​កំពុង​ស្ថិត​ក្នុង​សមុទ្រ
ប្រភព ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ក្រុម​អ្នក​សង្គ្រោះ​បាន​បញ្ជូន​ស្ត្រី​ទាំង​នោះ​​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​ ប៉ុន្តែ​ឧទ្ធម្ភាគចក្រ​របស់​ប៉ូលិស​ និង​ទូក​សង្គ្រោះ​​នៅ​តែ​បន្ត​ស្វែង​រក​អ្នក​បើក​បាឡុង​ និង​អ្នក​ដំណើរ​ដទៃ​ទៀត​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ អ្នក​ធ្វើ​ដំណើរ​ ក្នុង​បាឡុង​​ទាំង​អស់​សុទ្ធ​តែ​មិន​បាន​ពាក់​អាវ​ពោង​សុវត្ថិភាព​​នោះ​ទេ​។
​ក្រុម​អ្នក​យក​ព័ត៌មាន​បាន​រាយការណ៍​ ថា​ អ្នក​ដែល​បាត់​ខ្លួន​ផ្សេង​ទៀត​​ ទំនង​ជា​ព្យាយាម​ហែល​ទៅ​កាន់​ឆ្នេរ​សមុទ្រ​ដើម្បី​ស្វែង​រក​ជំនួយ​។​ ​ចំណែក​ អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​បាឡុង​នោះ​​​បាន​គូស​បញ្ជាក់​ពី​មូលហេតុ​ ដែល​នាំ​ឲ្យ​បាឡុង​ធ្លាក់​ថា​​ ដោយសារ​តែ​កម្លាំង​ខ្យល់​ខ្លាំង​​បាន​បោក​បក់​បាឡុង​​ឲ្យ​ដើរ​ខុស​គន្លង​ ផ្លូវ​​ និង​ធ្លាក់​ទៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​៕​
ស្ត្រី​រងគ្រោះ​ម្នាក់​​កំពុង​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ
ឧទ្ធម្ភាគចក្រ​កំពុង​ហោះ​ស្វែង​រក​ជន​រងគ្រោះ​ដទៃទៀត
ប្រែ​សម្រួល​៖ សរ​ សុគន្ធី​
ប្រភព​៖ dailymail សប្បាយ