ជាទូទៅ មុនពិធីចូលឆ្នាំមកដល់ មួយថ្ងៃពីរថ្ងៃ ពលរដ្ឋខ្មែរតែងរៀបចំបោសសម្អាត តុបតែងផ្ទះសម្បែង ទីធ្លាវត្តអារាមក្រសួងមន្ទីរ។ល។ ចំណែកយុវវ័យវិញ ក៏ត្រៀមសំលៀកបំពាក់ថ្មី ចំណីចំណុក និងកម្មវិធីជួបជុំគ្នា ដើរលេងជិត ឆ្ងាយព្រមទាំងរាំកម្សាន្តតាមចង្វាក់ប្រពៃណី នានាផងដែរ។
អ្នកដែលចេញទៅធ្វើការនៅក្រៅប្រទេស ព្រមទាំងយុវជនដែលមានស្រុកកំណើតនៅតាមបណ្ដាខេត្តហើយមកបន្តការ សិក្សានៅមហាវិទ្យាល័យ ឬមកធ្វើការនៅភ្នំពេញ ក៏ត្រលប់មកជួបជុំក្រុមគ្រួសារ បងប្អូន ញាតិផៅ មិត្តភ័ក្ដិ នៅទីកំណើតដើម្បីទទួលទេវតាឆ្នាំ ថ្មីរួមគ្នា។
ក្នុងឱកាសនោះដែរ ការធ្វើបុណ្យដាក់ទានឧទ្ទិសកុសល ដល់បុព្វការី ជនបានចែកឋានទៅ និងជូននំនែក សំលៀកបំពាក់ ប្រាក់កាសដល់អ្នកមានគុណ ចាស់ព្រឹទ្ធាចារ្យគឺជាទម្លាប់កើតមានសឹងគ្រប់ក្រុម គ្រួសារខ្មែរ ហើយយុវវ័យក៏ត្រូវ បានលើកទឹកចិត្តឱ្យបន្តអនុវត្តនូវទម្លាប់ទាំងនេះដែរ។
បន្ថែមពីលើនោះ យុវវ័យក៏និយមការភ្ងូតទឹកឲ្យអ្នកមានគុណទាំងទ្វេ ដែលគេចាត់ ទុកថាជាការស្រង់ព្រះរស់តាមប្រពៃណីពីដូនតាមកផ្អែកតាមជំនឿថា ដើម្បីជម្រះនូវរាល់ឧបទ្រពចង្រៃដែលកើតមានក្នុងឆ្នាំចាស់ឲ្យ ជ្រះស្រឡះ និងដើម្បីទទួលពរជ័យពីទេវតាឆ្នាំថ្មី ក្នុងក្ដីសោមនស្ស ក្សេមក្សាន្ត និងសុភមង្គល។
ដូច្នេះហើយ អាចនិយាយបានថា បុណ្យចូលឆ្នាំខ្មែរជាព្រឹត្តិការណ៍ដ៏ធំក្នុងទឹកចិត្ត និងជីវភាពខ្មែរ។ សម្រាប់យុវវ័យសម័យថ្មីទៀតសោត អ្វីដែលគេគួរប្រកាន់ខ្ជាប់បំផុតនោះ គឺរក្សាការបើកបរប្រកបដោយការទទួលខុសត្រូវនិងប្រុងប្រយ័ត្ន ខ្ពស់បំផុត ឈរលើជំហរយោគយល់អធ្យាស្រ័យទាំងការធ្វើដំណើរកម្សាន្តទៅកាន់ រមណីយដ្ឋាននានា ការធ្វើដំណើរទៅស្រុកកំណើត និងត្រលប់មកពីស្រុកកំណើតវិញ។
ក្រៅពីនេះ ដោយសារបុណ្យចូលឆ្នាំ គឺពិធីប្រចាំឆ្នាំធំមួយបង្ហាញពីអត្តសញ្ញាណប្រពៃណីរបស់ជាតិ ខ្មែរផង មិត្តយុវវ័យគួរគប្បីចូលរួមអភិរក្សរាល់ល្បែងប្រជាប្រិយខ្មែរ ដែលមានដូចជា ចាប់កូនខ្លែង លាក់កន្សែង ក្រុងមាន់ ទាញព្រាត់ ទាត់ដូង លេងស្ដេចចង់ ចោលឈូង បោះអង្គុញ និងលោតអន្ទាក់ជាដើម ហើយចៀសវាងល្បែងអបាយមុខ ឬការជះទឹកដាក់គ្នាដែលបង្កជាបញ្ហារំខាននិងប៉ះពាល់មិនល្អដល់ បរិយាកាសប្រារព្ធពីធី។

ក្នុងឱកាសបុណ្យចូលឆ្នាំនេះ Sabay
សូមប្រសិទ្ធពរបវរមហាប្រសើរដល់មិត្តៗយុវវ័យ
និងប្រជាពលរដ្ឋគ្រប់រូបឲ្យជួបតែសេចក្ដីសុខ
សេចក្ដីចម្រើនគ្រប់ទិវារាត្រី មានសុខភាពមាំមួន
និងធ្វើដំណើរប្រកបដោយសុវត្ថិភាព។
សូមទទួលបានភាពសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ
គ្រប់ៗគ្នា។ ប្រភពពីសប្បាយ
អរគុណ!ពីខ្ញុំ យ៉ន សុភារិទ្ធ
ការីនិពន្ធគេហទំព័រ Sabay
0 Comments:
Post a Comment