តារា​កំប្លែង​ជើង​ចាស់​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ ​នាយ កុយ និង​នាយ ក្រឹម បាន​ចាប់​ផ្ដើម​សម្ដែង​រួម​គ្នា​ឡើង​វិញ ខណៈ​អ្នក​ទាំង​ពីរ​ខក​ខាន​សម្ដែង​រួម​គ្នា ប្រមាណ​ជាង​ដប់​ឆ្នាំ​ទៅ​ហើយ​នោះ។
ទស្សនិកជន​កម្រ​ឃើញ នាយកុយ និង​នាយក្រឹម​កំប្លែង​ក្នុង​ក្រុម​រួម​គ្នា​ណាស់ តាំង​ពី​បែក​បាក់​ក្រុម​មក។ កាល​ពី​ម្សិល​មិញ​នេះ ប្រភព​មួយ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ពេល​នេះ​តារា​កំប្លែង​ល្បី​ឈ្មោះ​ប្រចាំ​ប្រទេស​ទាំង​ពីរ​ខាង​លើ បាន​ស្ម័គ្រ​ចិត្ត​សម្ដែង​រួម​គ្នា​ឡើង​វិញ​ហើយ ទោះ​បី​ជា​ពួក​គាត់​នៅ​មាន​សមាជិក​ក្រុម​កំប្លែង​រៀង​ខ្លួន ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​យ៉ាង​ណា​ក្ដី។ ប្រភព​ដដែល​នោះ​បាន​បញ្ជាក់ ការ​សម្ដែង​រួម​គ្នា​នេះ ក្រោម​ការ​ចង្អុល​បង្ហាញ​ពី​ស្ថានីយ​ទូរទស្សន៍​បាយ័ន។
នៅ​ក្នុង​ជំនួប​កាល​ពី​ព្រឹក​មិញ​នេះ តារា​កំប្លែង​ល្បី​ឈ្មោះ​លោក ជួង ជី ហៅ​នាយ កុយ បាន​បញ្ជាក់​ថា ជា​ការ​ពិត​ហើយ​ដែល​លោក​បាន​ចាប់​ផ្ដើម​សម្ដែង​ឡើង​វិញ​ជាមួយ​លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅ​នាយ ក្រឹម ។ លោក​ថា ការ​វិល​មក​រួម​គ្នា​វិញ​នេះ គឺ​ឆ្លើយ​តប​តាម​ការ​អញ្ជើញ​របស់​លោក ទិត្យ ថាវរិទ្ធ អគ្គ​នាយក​រង​ស្ថានីយ​ទូរទស្សន៍​បាយ័ន។
នាយ កុយ ថ្លែង​ថា នៅ​ក្នុង​ជំនួប​ដដែល​នោះ “យើង​មិន​ទាន់​បាន​សម្ដែង​ឲ្យ​បាន​ធំដុំ​នោះ​ទេ គឺ​ថត​ជា​លក្ខណៈ​សាច់​រឿង​នៅ​ក្នុង​កម្មវិធី​ថ្មី​របស់​បាយ័ន ដែល​មិន​ទាន់​បាន​ចាក់​ផ្សាយ​នៅ​ឡើយ”។ លោក​បាន​បញ្ជាក់​ថា នេះ​ជា​កម្មវិធី​ថ្មី​មួយ​ដែល​ផលិត​ដោយ​ស្ថានីយ​ខាង​លើ និង​ក្រោម​ការ​ចង្អុល​បង្ហាញ​ពី​លោក​ជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា​នៃ​អគ្គ​នាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន។
តារា​ កំប្លែង​ខាង​លើ​បាន​បញ្ជាក់​ថា “ខាន​លេង​ជាមួយ​គ្នា​យូរ​ចឹង​ទៅ គឺ​ឆ្គង​តិច​ដែរ​ ត្រូវ​សម​ជាមួយ​គ្នា​ច្រើន​ទៀត។ តែ​មិន​មាន​បញ្ហា​អី​ទេ​រឿង​នេះ”។ លោក ជួង ជី ហៅ​នាយ កុយ បាន​ឲ្យ​ដឹង​ទៀត​ថា ទោះ​បី​ជា​លោក​មិន​បាន​សម្ដែង​ជាមួយ​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​មិន​មាន​ប៉ះពាល់​ដល់​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​នៃ​ពួក​លោក​នោះ​ ទេ។ ហើយ​ការ​សម្ដែង​ក៏​មិន​បាន​បញ្ចូល​គ្នា​ទាំង​ស្រុង​នោះ​ដែរ ខណៈ​ពួក​លោក​មាន​ក្រុម​កំប្លែង​រៀង​ខ្លួន​រួច​ស្រេច​ហើយ​នោះ។
ផ្ទុយ​ ពី​លោក​ជួង ជី ហៅ​នាយ​កុយ ដែល​បាន​ពោល​ថា មាន​ផល​លំបាក​តិចតួច ប៉ុន្តែ លោក អ៊ួ ប៊ុណ្ណារ៉ាត់ ហៅ​នាយ ក្រឹម វិញ​បាន​បញ្ជាក់​ថា មិន​មាន​អ្វី​ជា​ផល​លំបាក​ក្នុង​ការ​សម្ដែង​រួម​គ្នា​ឡើង​វិញ​នោះ​ទេ ដោយ​សារ​ពួក​លោក​សុទ្ធ​ជា​ជើង​ចាស់​ដូច​គ្នា។ ពាក់ព័ន្ធ​ទៅ​នឹង​ព័ត៌មាន​នេះ​លោក​លើក​ឡើង​ថា “ថត​ជាមួយ​គ្នា​បាន​ពីរShow ហើយ​តើ។ ថ្ងៃ​ចូល​ឆ្នាំ​ខាង​មុខ​ហ្នឹង​ជួប​នៅ​សៀមរាប​ទៀត​ហើយ”។ លោក​បន្ត​ថា លោក​ក៏​មិន​ទាន់​ច្បាស់​ដែរ​ថា ការ​សម្ដែង​រួម​គ្នា​ឡើង​វិញ​នេះ នឹង​មាន​និរន្តរភាព​រហូត​ដល់​ពេល​ណា​នោះ​ទេ គឺ​អាស្រ័យ​លើ​អ្នក​ចាត់​ចែង​នៃ​ស្ថានីយ​ទូរទស្សន៍​បាយ័ន និង​យុវជន​ជា​អ្នក​គាំទ្រ​ប៉ុណ្ណោះ។

ពាក់​ព័ន្ធ​នឹង​ការ​កោះ​ហៅ​តារា​កំប្លែង​ជើង​ចាស់​ទាំង​ពីរ នាយ កុយ និង​នាយ ក្រឹម ឲ្យ​រួម​សម្តែង​ជាមួយ​គ្នា​នេះ  Sabay មិន​អាច​ទាក់​ទង​ទៅ​កាន់​ស្ថានីយ​ទូរទស្សន៍​បាយ័ន ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អត្តសញ្ញាណ​កម្មវិធី​ថ្មី​នេះ​ទេ ដោយ លោក ទិត្យ ថាវរិទ្ធ អគ្គ​នាយករង​ទូរទស្សន៍​បាយ័ន ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។
នាយ កុយ និង នាយ ក្រឹម សុទ្ធ​ជា​តារា​កំប្លែង​ល្បី​ៗ​ដូច​គ្នា។ ពួក​គេ ធ្លាប់​ជា​ដៃ​គូ​សម្តែង​ដ៏​ស័ក្តិសម ដែល​បាន​បង្ក​ជា​សំឡេង​សើច​ក្អាក​ក្អាយ​កាល​ពី​ជាង ១០ ឆ្នាំ​មុន មុន​ពេល​ក្រោយ​ពួក​គេ​ទាំង​ពីរ​បាន​បែក​ទៅ​បង្កើត​ក្រុម​រៀង​ៗ​ខ្លួន រហូត​មក​ដល់​បច្ចុប្បន្ន៕ប្រភពពី សប្បាយ
អត្ថបទ៖ សំ ជំនាញ