Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Wednesday, May 15, 2013

របៀប​សំពះ​លក្ខណៈ​សាមញ្ញ

0 Comments

(
ការសំពះមាតាបិតា ជីដូនជីតា ឬ គ្រូបាអាចារ្យ)
កូនសំពះ ឳពុក ម្តាយ ជីដូន ជីតា, ចៅសំពះ ជីដូនជីតា, ប្អូនសំពះបង, សិស្សសំពះគ្រូបាធ្យាយ

កិរិយា "សំពះ" នេះគឺជាការគោរពគ្នាផង ជំរាបសួរគ្នាផង ឬ ជំរាបលាគ្នាផង។ អ្នកតូច អ្នកអាយុតិច គប្បីសំពះមុន និងលើកដៃ ប្រណរម្យដាក់ត្រឹមចុងច្រមុះ។ អាការៈនេះ គឺជាការគោរពដ៏ខ្ពង់ខ្ពស់ និង ថ្លៃថ្លាបំផុត ចំពោះអ្នកមានគុណ ដើម្បីសំដែងនូវការដឹងគុណ។ រីឯអ្នកធំ គ្រូបាធ្យាយ ឬបង សំពះតបវិញ ដោយដាក់ដៃត្រឹមទ្រូង ឬ ចុងចង្ការ។
ដោយឡែកចាស់ទុំដែលជា ឳពុក ម្តាយ ជីដូន ជីតា បើអង្គុយពុំចាំបាច់ងើបឈរ និងពុំគប្បីសំពះតបទៅកូនឬចៅឡើយ ដោយគ្រាន់តែរៀបចំឥរិយាបទសង្រួមជាការគ្រប់គ្រាន់ ទោះជាកូនចៅខ្លួន មានបុណ្យសក្កិធំប៉ុណ្ណាក្តី។

មន្ត្រីរាជការ ភ្នាក់ងារគ្រប់ដំណែង សំពះចៅហ្វាយនាយ, កូនគូលី បាវព្រាវ សំពះថៅកែ មេកោយ
ក្នុងឥរិយាបទនេះ អ្នកតូច គប្បីលើកដៃប្រណម្យដាក់ត្រឹមមាត់។ ហើយអ្នកធំដែលជាចៅហ្វាយនាយ គួរតបវិញដោយការលើកដៃប្រណម្យ ដាក់ត្រឹមទ្រូងជាការគួរសម។

ការគោរពនេះក្នុងន័យសុជីវធម៌ គួរសម កោតគោរព សុំការប្រោសប្រណី នឹងដឹងគុណផងដែរ។ បើទំនាក់ទំនងរវាងចៅហ្វាយនាយនិងកូនចៅ ខ្វះនូវឥរិយាបទ "សំពះ" បែបនេះ គឺជាលក្ខណៈសោះកក្រោះ ខ្វះសុជីវធម៌ និងមានលក្ខណៈជា "អាជីវកម្ម" "កេងប្រវញ្ច័" ឬជា "ការដោះដូរ" ច្រើនជាងអ្វី ដែលខ្មែរធ្លាប់ជូនអោយគ្នាទៅវិញទៅមក និងធ្លាប់អោយតំលៃនោះ។

(ការសំពះរវាងក្មេង និង មនុស្សចាស់ ឬ ចៅហ្វាយនាយ)

មនុស្សស្មើសក្កិគ្នា មន្ត្រីដូចគ្នា ឬ រាស្ត្រសាមញ្ញដូចគ្នា សំពះគ្នាទៅវិញទៅមក
កិរិយា "គោរព" គ្នាបែបនេះ គឺក្នុងន័យសុជីវធម៌ សំដែងការគួរសម រវាងគ្នា ចេះអោយតំលៃគ្នាទៅវិញទៅមក ដើម្បីអោយសង្គមយើងអាចរួមរស់ជាមួយគ្នា កាន់តែមានភាពកក់ក្តៅឡើង។ ឥរិយាបទបែបនេះ គប្បីលើកដៃសំពះគ្នាទៅវិញទៅមក ដោយដាក់ចុងម្រាមត្រឹមទ្រូង ជាការគ្រប់គ្រាន់ណាស់ទៅហើយ។


រាស្ត្រសាមញ្ញ សំពះអ្នកមុខការ ឬ មន្ត្រីដែលមានបណ្តាសក្កិ ឬ ឋានៈធំជាងខ្លួន
កិរិយា "សំពះ" បែបនេះគប្បីលើកដៃដាក់ដល់ច្រមុះ។ តែបើមានបុណ្យសក្កិ ឬ ឋានៈតូចល្មម អាការៈ"សំពះ" ដាក់ត្រឹមមាត់ជាការសមរម្យណាស់ហើយដែរ។ "សំពះ" បែបនេះគឺក្នុងន័យកោតគោរព សំដែងការគួរសម ជិតស្និទ្ធ ទាក់ទាញការចាប់អារម្មណ៍ និងផ្លាស់ប្តូរមនោសញ្ចេតនា។ បើខ្វះកាយវិការបែបនេះ រវាងរាស្ត្រនិងមន្ត្រី រវាងអ្នកតូចនិងអ្នកធំ ក៏ពិបាកនិងឈានដល់ការយោគយល់គ្នាបានដែរ។

ក្រៅពីនេះ ក្នុងជីវភាពសង្គមខ្មែរនៅមានកិរិយា "សំពះ" ជាច្រើនទៀត ដែលទាមទារត្រូវមានពិធី មានការឧបកិច្ច និង ពាក្យសំដីភ្ជាប់ជាមួយដូចជា៖
  • "សំពះសួរ" និង "សំពះលា" ឬ "ជំរាបសួរ" និង "ជំរាបលា" គឺត្រូវចាប់ផ្តើមដោយកិរិយា "សំពះ" ជាមុន រួចទើបបន្លឺសំលេង "សួរសុខទុក្ខ" ឬ "ជំរាបលា" ព្រមជាមួយផង ទើបជាកិច្ចបញ្ចប់កិច្ចបាន។
  • សំពះការ សំពះផ្ទឹម សំពះសុំពេលា គឺរៀបចំធ្វើក្នុងពិធីអាពាហ៍ពិពាហ៍ទុកដាក់កូនចៅ ពិធីទាំងអស់នោះ គឺសំដៅធ្វើការអប់រំខាងផ្លូវចិត្តគំនិតជាធំ។
  • សំពះគ្រូ ឬ ពិធីរំលឹកគុណគ្រូ គឺជាពិធីមួយរៀបចំឡើងដើម្បីជាការថ្លែងអំណរគុណ ឬ រំលឹកដល់គុណគ្រូបាអាធ្យាយដែលធ្លាប់បានផ្តល់ចំណេះដឹង និងផ្តល់ការអប់រំដល់ខ្លួនពីមុនមក។ តាមទំលាប់ គេតែងប្រារព្ធធ្វើពិធីនេះ នៅថ្ងៃព្រហស្បតិ។
  • សំពះព្រះខែ គឺជាពិធីប្រពៃណី បួងសួង សុំភោគផលកសិកម្ម និង សុខមាលភាពក្នុងគ្រួសារ ជាការជួបជុំ សំណេះសំណាលលេងរវាងចាស់និងក្មេងៗ។
  • សំពះសុំខមាលទោស គឺជាពិធីប្រពៃណីមួយរបស់ខ្មែរ សំដៅអប់រំកូនខ្មែរ អោយចេះស្គាល់កំហុសរបស់ខ្លួន និង ចេះសុំខមាលទោស ពីអ្នកដែលខ្លួនបានប្រព្រឹត្តមិនគប្បីទៅលើ។
កំណត់ចំណាំ
កិរិយាសំពះទាំងអស់ ដូចដែលបានរៀបរាប់មកពីខាងដើម ទាំងគ្មានពិធីក្តី ទាំងមានពិធីក្តី គ្មានអ្វីក្រៅពីការអប់រំកូនខ្មែរអោយចេះរៀបចំខ្លួនក្នុងឥរិយាបទសមរម្យ សុភាពរាបសារ ចេះស្គាល់ ខ្ពស់ ស្គាល់ទាប និងកាលវេលានោះទេ។ សំពះខ្មែរ គឺមានកិរិយាមូលដ្ឋានដែលត្រូវចងចាំ ដំបូងត្រូវផ្គុំដៃទាំងពីរអោយចំពីមុខ ទោះនៅត្រង់ណាក្តី(ទ្រូង ចុងចង្កា មាត់ ច្រមុះ ប្រជុំចញ្ចើម ថ្ងាស) ទោះត្រូវលើកទៅលើ ឬ ទាញចុះក្រោមក្តី ត្រូវរក្សាអោយនៅត្រង់ពីមុខជាដរាប ទើបជាការ ត្រឹមត្រូវ ចូរជៀសវាងកុំយកដៃទៅដាក់ចំហៀងមុខ ទោះខាងស្តាំ ឬ ខាងឆ្វេង ឬ មួយ យកទៅលីលើស្មា ឬមួយ រុញអោយឃ្លាតឆ្ងាយពីខ្លួនទៅមុខ ទោះជាហុចអ្វីអោយអ្វីទៅអ្នកដែលយើងត្រូវគោរពនោះ។ បើមានរបស់អ្វីកាន់នៅដៃ គួរដាក់ទុកសិន សឹមគោរពជាក្រោយ ក៏មិនយឺតដែរ។ ព្រោះបើយើងកាន់ផង សំពះផង ជាកិរិយាមិនសមរម្យ ហាក់ដូចជាមើលស្រាលឬ ប្រមាថអ្នកដែលខ្លួនត្រូវសំពះ ឬ ដើម្បីគ្រាន់តែបង្គ្រប់កិច្ច ប៉ុណ្ណោះ។
ម៉្យាងទៀតកិរិយាសំពះខ្មែរ តែកាលណាលើកដៃឡើងសំពះហើយត្រូវអោយក្បាលបន្តិចទើបសមរម្យ។ បើខ្វះឥរិយាបទនេះ គឺខ្វះ លក្ខណៈសុភាពរាបសារ ឬអាចនិយាយបានថា "សំពះតែខ្វះការគោរព"។

អត្ថបទដកស្រង់ចេញពីសៀវភៅ "ប្រពៃណីថ្វាយបង្គំ និង សំពះខ្មែរ" ដែលស្រាវជ្រាវនិងចងក្រងដោយ អ៊ុន ទឹម



 


និពន្ធ​ដោយ សំបូរ
ប្រភពពី evithy

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com