ព្រះ សីហនុៈ ក្មេងស្រីជំទង់ទំនើងម្នាក់ដែលទូរស័ព្ទចូលក្នុងកម្មវិធីវិទ្យុ ABC ដោយនិយាយកុហកថា ខ្លួនត្រូវគេចាប់ជំរិតហើយស្នើសុំឲ្យកងកម្លាំងសមត្ថកិច្ចជួយ អន្តរាគមន៍ រំដោះខ្លួនផងនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននឹងបញ្ជូនទៅតុលាការហើយកាលពី ម្សិលមិញ។
ក្មេងស្រី អែម ស្រីវីន អាយុ ១៥ឆ្នាំ រស់នៅក្រុងព្រះសីហនុបានទូរស័ព្ទចូលក្នុងកម្មវិធីវិទ្យុ ABC កាលពីល្ងាចថ្ងៃអាទិត្យ ដោយនិយាយថា ខ្លួនត្រូវចាញ់បោកមិត្តភក្តិស្រីម្នាក់ ដែលនាំនាងទៅបង្ខាំងទុកនៅក្នុងផ្ទះល្វែងមួយកន្លែង ដោយវាយខ្លួនឲ្យសន្លប់ ហើយដោះយកគ្រឿងអលង្ការ។ ក្មេងស្រីរូបនេះបានស្នើសុំឲ្យវិទ្យុ ABC ជួយផ្តល់ព័ត៌មានទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍រំដោះនាងចេញមកវិញ ផង។ នេះបើតាមលោក គល់ ផល្លី ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានថ្លែងឲ្យដឹងកាលពីម្សិលមិញ។ លោកស្នងការរងបន្តថា ប៉ុន្តែអ្វីៗប្រែក្លាយជារឿងប្រឌិត ពីព្រោះនៅពេលសមត្ថកិច្ចធ្វើការស៊ើបអង្កេតរកឃើញនាងកាលពីយប់ ថ្ងៃអាទិត្យ នាងកំពុងស្នាក់នៅដោយសប្បាយរីករាយ នៅផ្ទះម្តាយមីង ក្នុងភូមិ ៣ សង្កាត់លេខ ២ ក្រុងព្រះសីហនុ។
លោកបាននិយាយថា៖«កូននេះថាវានិយាយលេងថាមានពួកម៉ាកបបួលហើយជន មិនស្គាល់មុខវ៉ៃឲ្យសន្លប់ដោះយកខ្សែដៃ ខ្សែក ហើយយកទៅទុកក្នុងផ្ទះលែ្វងពីរជាន់ ពណ៌ស្វាយមួយ សូមឲ្យសមត្ថកិច្ចទៅជួយរំដោះ។ តែតាមពិតពេលយើងស្រាវជ្រាវរកឃើញក្មេងនោះនៅផ្ទះម្តាយមីង សើចក្អាកក្អាយ»។ លោក គល់ ផល្លី បន្តថា៖ «ពេលទទួលបានព័ត៌មានយើងខំស្រាវជ្រាវភ្លាមៗ ព្រោះជាក្មេងស្រីអនីតិជនខ្លាចមានករណីចាប់រំលោភ»។ លោកបានឲ្យដឹងទៀតថា ករណីកុមារីអាយុ១៥ឆ្នាំដែលនិយាយប្រឌិតរឿងខាងលើនេះ បានធ្វើឲ្យសមត្ថកិច្ចទូទាំងក្រុង ខេត្តព្រះសីហនុ និងមានបញ្ជាពីអគ្គស្នងការដ្ឋាននគរបាលជាតិបានខិតខំធ្វើការតាម ជំនាញស្រាវជ្រាវ ជាមួយប៉ុស្តិ៍វិទ្យុ ABC ដើម្បីស្វែងរកលេខទូរស័ព្ទក្មេងស្រី និងទីតាំងចាប់ជំរិត។
លោក ម៉ែន វណ្ណនី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្មេងស្រីរូបនេះ ត្រូវបានប៉ូលិសចោទពីបទ «ប្តឹងបរិហារបង្កាច់កេរ្តិ៍» ដែលបើតាមច្បាប់អាចជាប់ពន្ធនាគារពី១ ខែទៅ ១ ឆ្នាំ និងពីបទ«ប្រើប្រាស់អត្តសញ្ញាណខុសពីអត្តសញ្ញាណផ្លូវការក្នុង កិច្ចសាធារណៈ» ដែលអាចមានទោស ពី ១ខែទៅ៦ខែ។ ប៉ុន្តែបើតាមក្រមព្រហ្មទណ្ឌចែងថា តុលាការអាចប្រកាសទណ្ឌកម្មព្រហ្មទណ្ឌចំពោះអនីតិជនចាប់ពីអាយុ១៤ ឆ្នាំឡើងទៅតែទោសនោះ អាចបន្ថយពីអតិបរមាមកត្រឹមពាក់កណ្តាល។
គេហទំព័រនគរបាលជាតិ កាលពីម្សិលមិញបានឲ្យដឹងថា ក្មេងស្រីខាងលើនេះធ្លាប់បាននិយាយកុហកថា នាងត្រូវចោរឆក់កាបូបមានលុយជាង១ ពាន់ដុល្លារម្តងរួចមកហើយ។ មិនតែប៉ុណ្ណោះ ក្មេងស្រីរូបនេះជាក្មេងមិនសូវចូលរៀនគេចសាលានិងមិនស្តាប់ បង្គាប់ឪពុកម្តាយឡើយ។
នៅពេលទាក់ទងកាលពីម្សិលមិញ ពិធីករម្នាក់នៃវិទ្យុ ABC កម្ពុជា ១០៧.៥ មេហ្គាហឺត បានឲ្យដឹងថា ABC មិននឹកស្មានថា ក្មេងស្រីរូបនេះ បែរជាក្លាយជាជនជាប់ចោទទៅវិញទេ ពីព្រោះ ABC គ្រាន់តែជួយសហការជាមួយសមត្ថកិច្ចផ្តល់ព័ត៌មាន និងលេខទូរស័ព្ទក្មេងស្រីរូបនេះតែប៉ុណ្ណោះ។
ពិធីករ ដែលបដិសេធសុំមិនបញ្ចេញឈ្មោះរូបនេះបាននិយាយថា ៖ «ខាងវិទ្យុយើងក៏ចង់ឲ្យសមត្ថកិច្ច សម្រាលទោសក្មេងស្រីនោះដែរ តែនេះជានីតិវិធីរបស់នគរបាល»។ លោកបន្តថា កន្លងមកមានព័ត៌មានមិនពិតជាច្រើនត្រូវបានផ្តល់ដោយប្រិយមិត្ត ឬ «អ្នកសារព័ត៌មានពិសេស» តែត្រូវបានក្រុមការងារវិទ្យុនេះបានកាត់យល់ភ្លាមដោយមិនព្រមឲ្យ ចេញផ្សាយតាមវិទ្យុឡើយ។
លោក នៅ សាវុធ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានសំណូមពរដល់វិទ្យុ ABC ថា ៖ «សូម ABC មុនផ្សាយព័ត៌មាន ត្រូវចាប់ផ្តើមដោយការរំឭកដាស់តឿនប្រិយមិត្តគ្រប់រូប ថា បើអ្នកផ្តល់ព័ត៌មានកុហកមិនពិតត្រូវទទួលខុសត្រូវចំពោះមុខ ច្បាប់។ បើមិនដូច្នោះទេ ការផ្តល់ព័ត៌មានដូចនេះ ជាការធ្វើបាបដល់កម្លាំងសមត្ថកិច្ច»៕
0 Comments:
Post a Comment