ក្នុងការជួបប្រជុំគ្នានោះ ក្រុមអ្នកវិទ្យាសាស្ត្រ បានបង្ហាញនូវរបាយការណ៍ស្រាវជ្រាវពីប្រទេសខ្លួន អំពីគ្រោះថ្នាក់ចំពោះអ្នកប្រើប្រាស់ទូរស័ព្ទដៃ ដែលគេបានរកឃើញភស្តុតាងនៃការជាប់ទាក់ទិនគ្នា រវាងរលកកាំរស្មីចេញពីទូរស័ព្ទដៃ (electriomagnetic Radiation) និងដុំសាច់ដុះនៅក្នុងខួរក្បាល។
រលកកាំរស្មីចេញពីទូរស័ព្ទដៃ អាចជ្រាប ឬទម្លុះចូលផ្នែកខ្លះនៃរូបរាងកាយ ដែលនៅជិតបំផុត ហើយទៅបំផ្លាញកោសិកា ដែលជាហេតុនាំឲ្យកើតជំងឺមហារីក។ ចំពោះកូនក្មេងវិញ គឺរឹតតែប្រថុយប្រថានកាន់តែខ្លាំងឡើង។
លោក ឃេទ អិល ប្ល៊ែក (Keith L. Black) វេជ្ជបណ្ឌិតជំនាញផ្នែកវះកាត់ដុំសាច់ ក្នុងខួរក្បាលដល់អ្នកជំងឺរាប់រយនាក់ ក្នុងមួយឆ្នាំៗ នៅសហរដ្ឋអាមេរិក ធ្លាប់មានប្រសាសន៍ ប្រាប់ស្ថានីយទូរទស្សន៍ ស៊ី. អិន. អិន (CNN) ថា តាមការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រ គេបានរកឃើញថា ការប៉ះពាល់ដោយផ្ទាល់រយៈពេលយូរនឹងរលកកាំរស្មី ដែលចេញពីទូរស័ព្ទដៃ អាចនឹងបណ្ដាលឲ្យកើតជំងឺដុំសាច់ដុះក្នុងខួរក្បាល។
លោក ឃេទ អិល ប្ល៊ែក ៖ «ក្រុមអ្នកវិទ្យាសាស្ត្រ បានសម្ដែងការព្រួយបារម្ភ ក្រោយពីបានរកឃើញនូវការជាប់ទាក់ទងគ្នានេះ។ នៅកន្លែងជិតខួរក្បាល ដែលអ្នកប្រើទូរស័ព្ទដៃ គេសង្កេតឃើញមានកើតដុំខួរក្បាល។ ខ្សែអង់តែនទូរស័ព្ទ គឺជាប្រភពដែលបង្កើតឋាមពលកាំរស្មីកម្ដៅ ដែលជាហេតុនាំឲ្យមានគ្រោះថ្នាក់ដល់សុខភាព ប្រសិនបើប៉ះពាល់រយៈពេលយូរ។ ដើម្បីឲ្យមានសុវត្ថិភាពអ្នកប្រើប្រាស់ទូរស័ព្ទដៃ គួរប្រើឧបករណ៍ខ្សែកាសស្ដាប់ដោតភ្ជាប់បន្ត ទៅនឹងទូរស័ព្ទ»។
ក្នុងសេចក្ដីប្រកាសរបស់អង្គការសុខភាពពិភពលោក និងក្រុមអ្នកវិទ្យាសាស្ត្រ ចំនួន ៣១ នាក់ ពីប្រទេសចំនួន ១៤ ប្រទេស ក៏បានផ្ដល់ដំបូន្មានថា ដើម្បីកាត់ បន្ថយចំពោះគ្រោះថ្នាក់ បណ្ដាលមកពីផលប៉ះពាល់ដោយផ្ទាល់នៃរលកកាំរស្មីចេញពីទូរស័ព្ទដៃ អ្នកប្រើប្រាស់គួរអនុវត្តតាមប្រការសំខាន់ៗ ៤ ចំណុច គឺ៖
ទី១ គួរប្រើប្រាស់ឲ្យបានច្រើននូវការសរសេរបញ្ជូនសារតាមទូរស័ព្ទដៃ ហើយកាត់បន្ថយការនិយាយគ្នាតាមទូរស័ព្ទ។ ការដាក់ទូរស័ព្ទនិយាយនូវចម្ងាយ ៦ inches ស្មើនឹងចម្ងាយ ១៥,២៤ សង់ទីម៉ែត្រពីត្រចៀក អាចជួយកាត់បន្ថយគ្រោះថ្នាក់បាន ៩៧%។
ទី២ ពេលនិយាយតាមទូរស័ព្ទ ត្រូវបើកប្រដាប់បំពងសំឡេង ឬស្ពីកឃើរ (Speaker) ជំនួសការដាក់ទូរស័ព្ទជាប់ផ្ទាល់នឹងត្រចៀក។
ទី៣ ប្រសិនបើពុំអាចប្រើប្រដាប់បំពងសំឡេងបានទេ គេគួរតែប្រើឧបករណ៍ខ្សែកាសស្ដាប់ដោតជាប់បន្តទៅនឹងទូរស័ព្ទដៃ។
និងទី៤ គឺកុំដាក់ទូរស័ព្ទនៅក្នុងហោប៉ៅអាវ ឬខោ ដែលជាប់ក្នុងខ្លួន។
បច្ចុប្បន្ននេះ មានអ្នកប្រើប្រាស់ទូរស័ព្ទដៃចំនួន ៤ ពាន់លាននាក់ នៅក្នុងពិភព លោក៕
ដោយ ម៉ៅ សុធានី
ប្រភពពី វិទ្យុអាស៊ីសេរី (RFA)
0 Comments:
Post a Comment