Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Friday, May 24, 2013

វិបត្ដិ​ផ្លូវ​ចិត្ដ​ដែល​មិន​ព្យាបាល​អាច​ប្រឈម​នឹង​ការ​ធ្វើ​អត្ដឃាត

0 Comments
130522_06
អរគុណ​ចំពោះ​រូបថតសម្ដែងរបស់​អ្នក​នាង​ សួន សុជាតា​។ រូបថត ​ម៉ៃ វីរៈ
ករណី ធ្វើ​អត្តឃាត​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​រយៈ​ ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ បើ​យោង​តាម​ស្ថិតិ​របស់​ក្រសួង​មហា​ផ្ទៃ បាន​ឲ្យ​ដឹង​ថា​ក្នុង​ឆ្នាំ​២០១២​មាន​អំពើ​អត្ដឃាត​រហូត​ដល់​ជិត​៦០០ ករណី បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​២០១១​កើន​១៣​ភាគរយ​។ ជា​រៀង​រាល់​ថ្ងៃ​យ៉ាង​ហោច​ណាស់​មាន​ចំនួន​មនុស្ស ១,៥ នាក់ ជា​មធ្យម​បាន​ស្លាប់​ដោយ​សារ​តែ​អំពើ​អត្តឃាត។
យោង​តាម​ការ​ធ្វើ​អង្កេត​និង​ប្រមូល​ទិន្នន័យ​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ ​ភ្នំពេញ​ដឹក​នាំ​ដោយ​លោក​ស្រី ស៊ី សុខុម ជា​ប្រធាន​ដេប៉ាតឺម៉ង់​ចិត្តវិជ្ជា​បាន​បង្ហាញ​ថា​នៅ​ប្រទេស​កម្ពុជា​អត្រា​ អ្នក​ធ្វើ​អត្តឃាត​មាន​ចំនួន​៤៣​នាក់ ក្នុង​ចំនួន​ប្រជាជន​១០​ម៉ឺន​នាក់​នៅ​ក្នុង​ឆ្នាំ​២០១១​។
លោក ហឿ សេធុល អ្នក​ពិគ្រោះ​យោបល់​អំពី​បញ្ហា​ផ្លូវ​ចិត្ដ​នៅ​អង្គការ​ផ្ដល់​សេវាកម្ម​ ផ្នែក ចិត្ដសាស្ដ្រ​ក្នុង​រាជធានី​ភ្នំពេញ (Indigo) បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖ «ការ​ធ្លាក់​ទឹក​ចិត្ត​ជា​កត្តា​ចម្បង​មួយ​ដែល​ឈាន​ទៅ​រក​ការ​សម្លាប់​ខ្លួន ​ឯង»។
ថ្មីៗ​នេះ​បណ្ដាញ​សង្គម Facebook និង​សារ​ព័ត៌មាន​នានា​បាន​ចុះ​ផ្សាយ និង​បង្ហោះ​រូបភាព​សម្លាប់​ខ្លួន​ដោយ​សារ​តែ​វិបត្ដិ​ផ្សេងៗ​។ ជាក់​ស្ដែង យុវតី​ម្នាក់​បាន​យក​ឡាម​អារ​ដៃ​សម្រក់​ឈាម និង​លេប​ថ្នាំ​ជា​ច្រើន​គ្រាប់​ដើម្បី​សម្លាប់​ខ្លួន​ដែល​នាង​ថត​បង្ហោះ​តាម Facebook ព្រម​ទាំង​យំ​សោក​រៀប​រាប់​អំពី​វិបត្ដិ​ស្នេហា​ដ៏​ជូរ​ចត់។
កាសែត​កោះ​សន្តិភាព​បាន​ចុះ​នៅ​ថ្ងៃ​ទី១១ ខែ​ឧសភា ឆ្នាំ​២០១៣​ដែល​មាន​ស្ត្រី​ម្នាក់​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​ឯង​ដោយ​នាង​បាន​ បាត់បង់​ប្តី​ហើយ​កូន​បំណុល​របស់​នាង​មិន​ព្រម​សង​ប្រាក់។ សាច់​ញាតិ​របស់​ស្រ្តី​រូប​នោះ​បាន​ប្រាប់​ប៉ូលិស​ថា មុន​នឹង​នាង​ធ្វើ​អត្តឃាត​នាង​បាន​និយាយ​ថា តើ​នាង​គួរ​តែ​រស់​នៅ​លើ​លោក​នេះ​ប្រឈម​នឹង​ការ​ឈឺ​ចាប់​នេះ​ដោយ​របៀប​ណា? សម្ដី​អស់​សង្ឃឹម​នេះ​មិន​ធ្វើ​ឲ្យ​ពួក​គាត់​គិត​ថា នាង​អាច​សម្លាប់​ខ្លួន​ឯង​នោះ​ទេ។
ហេតុអ្វី​បាន​ជា​មាន​ករណី​ធ្វើ​អត្តឃាត​ខ្លួន​ឯង​នេះ​កើត​ឡើង​ជា​ញឹក​ញាប់​នៅ​ប្រទេស​កម្ពុជា​?
តាម​សម្ដី​របស់​លោក​វេជ្ជបណ្ឌិត ឈឹម សុធារ៉ា ជា​នាយក​ប្រតិបត្តិ​នៅ​អង្គការ​ចិត្ត​សង្គម​អន្តរ​វប្បធម៌​និង​ជា​អ្នក​ ឯកទេស​ផ្នែក​ជំងឺ​ផ្លូវ​ចិត្ត​បាន​ឲ្យ​ដឹង​ថា សុខភាព​មាន​ន័យ​ថា ភាព​សុខសាន្ត​ទាំង​ផ្លូវ​កាយ​ទាំង​ផ្លូវ​ចិត្ត​ជំនឿ និង​សង្គម​ដែល​នៅ​ជុំវិញ​ខ្លួន​។ សុខភាព​ផ្លូវ​ចិត្ត​គឺ​ជា​តុល្យភាព​ចំពោះ​អ្វីៗ​ទាំង​អស់​ដែល​នៅ​ជុំវិញ​ ខ្លួន​ជា​តុល្យភាព​ដែល​ថា​តើ​ពួក​គាត់​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ខ្លួន​ឯង ​ចំពោះ​អ្នក​ដទៃ​និង​តើ​ត្រូវ​ទទួល​បាន​នូវ​តម្រូវ​ការ​ដើម្បី​បំពេញ​ជីវិត​ រស់​នៅ​ប្រចាំ​ថ្ងៃ​ដោយ​របៀប​ណា។
លោក​បាន​បន្ត​ថា​៖ «ការ​ឈាន​ដល់​អំពើ​អត្ដឃាត​នេះ​ដោយ​ពួកគាត់​មាន​ផ្ទុក​នូវ​បញ្ហា​ផ្លូវ​ ចិត្ត ដែល​កើត​មាន​ពី​កត្តា​បី​ដូចជា​កត្តា​ជីវសាស្រ្ត (ជា​ការ​បម្រែ​បម្រួល​នូវ​ជាតិ​គីមី​នៅ​ក្នុង​ខួរ​ក្បាល​របស់​មនុស្ស​) កត្តា​ចិត្តសាស្រ្ត (ការ​គិត​របស់​បុគ្គល​) និង​កត្តា​សង្គម (បរិស្ថាន​នៅ​ជុំវិញ​ខ្លួន​)»។
លោក​វេជ្ជបណ្ឌិត សុធារ៉ា បាន​បង្ហាញ​ថា អ្វី​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​កើត​មាន​បញ្ហា​នេះ​ច្រើន​ដោយ​សារ​តែ​ កម្ពុជា​ជា​ប្រទេស​កំពុង​អភិឌ្ឍន៍​ហើយ​ជីវភាព​ប្រជាជន​នៅ​មាន​កម្រិត​នៅ​ ឡើយ។ ដូចនេះ​ពួក​គាត់​មាន​ការ​ខ្វល់​ខ្វាយ​ខ្លាំង​ទៅ​លើ​កត្តា​ជីវភាព​រស់​នៅ​និង ​ស្ថានភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់។
ប្រជាជន​មួយ​ចំនួន​ខ្វះ​ការ​យល់​ដឹង​ពី​បញ្ហា​ផ្លូវ​ចិត្ដ​ដោយ​ពួកគាត់​ នៅ​មាន​ភាព​ខ្មាស​អៀន​មិន​ហ៊ាន​ទៅ​រក​ជំនួយ​ពី​អ្នក​ពិគ្រោះ​យោបល់​និង​គ្រូ ​ពេទ្យ​ចិត្តសាស្រ្ត​នោះ​ទេ​ដែល​អាច​ជា​មូលហេតុ​នាំ​ពួក​គាត់​ប្រឈម​នឹង​ បញ្ហា​ផ្លូវ​ចិត្ដ។
មករា​ជា​ស្រ្តី​ម្នាក់​ធ្លាប់​ទទួល​រង​នូវ​ការ​កើត​វិបត្តិ​ផ្លូវ​ចិត្ត​ នេះ​ដោយ​សារ​តែ​នាង​ត្រូវ​ប្តី​ក្បត់​ចិត្ដ​។ អ្នក​នាង​បាន​រៀបរាប់​ថា​៖ «ខ្ញុំ​ធ្លាប់​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​ឯង​ជា​ច្រើន​ដង​ប៉ុន្តែ​សំណាង​ល្អ​ ខ្ញុំ​មាន​សាច់​ញាតិ​ជួយ​ពន្យល់​គាំទ្រ​និង​មើល​ថែ​ខ្ញុំ​ហើយ​ទី​បំផុត​ ខ្ញុំ​ក៏​បាន​លែង​លះ​ជាមួយ​នឹង​ប្តី​អាក្រក់​ខ្ញុំ​ទៅ»។
អ្នក​នាង​បាន​ឲ្យ​ដឹង​ពី​មូលហេតុ​ដែល​មិន​រក​សេវាកម្ម​ផ្នែក​ ចិត្ដសាស្ដ្រ​ថា​៖ «ខ្ញុំ​សម្រេច​ចិត្ត​មិន​ទៅ​រក​សេវាកម្ម​ផ្នែក​ចិត្តសាស្រ្ត​ពីព្រោះ​ខ្ញុំ​ គិត​ថា​វា​គ្រាន់​តែ​ធ្វើ​ឲ្យ​ខ្ជះ​ខ្ជាយ​លុយ​និង​ពេល​វេលា​ប៉ុណ្ណោះ។​ខ្ញុំ ​ពិត​ជា​ខ្លាច​អ្នក​នៅ​ជុំវិញ​ខ្លួន​ខ្ញុំ​ថា​ខ្ញុំ​ជា​មនុស្ស​ឆ្កួត​ហើយ​ ខ្ញុំ​ពិត​ជា​មិន​យល់​ថា​អ្វី​ជា​ការ​ព្យាបាល​នោះ​ទេ»។
ចំពោះ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត សុធារ៉ា បាន​បញ្ជាក់​ថា ប្រសិន​បើ​អ្នក​មាន​បញ្ហា​ផ្លូវ​ចិត្ត​ត្រឹម​តែ​២០​ភាគរយ​ពួកគាត់​អាច​ ព្យាបាល​ដោយ​ខ្លួន​ឯង​ដោយ​គ្រាន់​តែ​សម្រាក​លំហែកាយ​ឲ្យ​បាន​ច្រើន​និង​មាន​ ការ​គាំទ្រ​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន​។ ប៉ុន្ដែ​នៅ​ក្នុង​ដំណាក់​កាល​នេះ​ប្រសិន​បើ​ពួកគាត់​មិន​អាច​គ្រប់​គ្រង​ ខ្លួន​ឯង​ទេ​វា​ក៏​អាច​ឈាន​ទៅ​រក​ការ​សម្លាប់​ខ្លួន​ដែរ​។ ជំងឺ​ផ្លូវ​ចិត្ត​ដែល​កើត​ច្រើន​ជាង​គេ​គឺ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​និង​ជំងឺ​ ថប់​បារម្ភ​ដោយ​សារ​តែ​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​មាន​បញ្ហា​ច្រើន​ក្នុង​ គ្រួសារ និង​ការងារ។
អារម្មណ៍​ខ្មាស​អៀន​អាច​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​បញ្ហា​បន្តិច​បន្តួច​ វិវត្ដ​ដល់​ដំណាក់​កាល​ធ្ងន់​ធ្ងរ​ដោយ​ពួក​គាត់​សុខ​ចិត្ត​ទទួល​ទាន​ឱសថ​ ផ្ដេស​ផ្តាស​ពុំ​មាន​ការ​ណែនាំ​ពី​ពេទ្យ​ជំនាញ​ផ្នែក​ចិត្តសាស្រ្ត​ទេ។
ជាង​នេះ​ទៅ​ទៀត ពេល​ខ្លះ​អ្នក​ជំងឺ​មិន​ហ៊ាន​ឬ​ចាប់​អារម្មណ៍​ចំពោះ​ខ្លួន​ឯង​។ លោក សេធុល បាន​លើក​ឡើង​ថា អាការ​សម្គាល់​ចំពោះ​បញ្ហា​ផ្លូវ​ចិត្ត​នេះ​ដូចជា​គេង​មិន​លក់​មិន​សូវ​ ឃ្លាន​បាយ ស្រក​ទម្ងន់ រោគ​ក្រពះ និង​អាការ​ជា​ច្រើន​ទៀត​។ លោក​បាន​ស្នើ​ដល់​មិត្តភក្ដិ​និង​គ្រួសារ​ដែល​បាន​ប្រទះ​ឃើញ​នូវ​អាការ​អ្នក ​ជំងឺ​គួរ​តែ​ចាប់​អារម្មណ៍​ពី​ពួក​គាត់​និង​ជួយ​លើក​ទឹក​ចិត្ត​ពួកគាត់​ឲ្យ ​ទៅ​ជួប​អ្នក​ផ្តល់​ប្រឹក្សា។
លោក ឈឹម សុធារ៉ា បាន​លើក​ឡើង​ទៀត​ថា​៖ «យើង​ដឹង​ថា​ជំនាញ​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត​តែង​តែ​នៅ​មាន​ខ្វះ​ចន្លោះ​ ក្នុង​ពិភពលោក ហើយ​កម្ពុជា​គឺ​ជា​ប្រទេស​មួយ​ដែល​ក្មេង​ខ្ចី​ចំពោះ​ចំណុច​នេះ»។ រីឯ​លោក សុធារ៉ា និង​លោក សេធុល ឯកភាព​ថា ការ​យល់​ដឹង​ពី​បញ្ហា​ផ្លូវ​ចិត្ដ​នេះ​ចំពោះ​ប្រជាជន​កម្ពុជា​មាន​ការ​កើន​ ឡើង​ជាង​មុន។
LIFT សូម​សំណូមពរ​ថា ប្រជា​ពលរដ្ឋ​គ្រប់​រូប និង​យុវវ័យ​គួរ​តែ​យល់​ដឹង​ពី​បញ្ហា​នេះ​ឲ្យ​បាន​ច្រើន​ហើយ​ត្រូវ​ចេះ​ជួយ​ លើក​ទឹក​ចិត្ត​ដល់​អ្នក​ដែល​កើត​នូវ​ជំងឺ​ផ្លូវ​ចិត្ដ​ផង​ជា​ពិសេស​អ្នក​ដែល ​ដឹង​ថា​ខ្លួន​កំពុង​តែ​ជួប​វិបត្ដិ​ផ្លូវ​ចិត្ដ​ដោយ​ទៅ​ទទួល​យក​នូវ​ការ​ ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ ចៀស​វាង​បញ្ហា​មិន​ល្អ​កើត​ឡើង៕ប្រភពពីភ្នំពេញប៉ុស្តិ៍

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com