មុន នឹងសម្រេចបោះឆ្នោតជូនគណបក្សនយោបាយណាមួយ ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត តែងតែចង់ដឹងពីគុណសម្បតិ្ត និងគុណវិបត្តិរបស់គណបក្សនោះ ដើម្បីយកមកពិចារណា។ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នៅថ្ងៃទី២៨ ខែកក្កដា ខាងមុខ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង គឺជាគូប្រកួតប្រជែងដ៏ធំរបស់គណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា។ តើគណបក្សសង្គ្រោះជាតិ មានចំណុចខ្សោយ និងចំណុចខ្លាំងអ្វីខ្លះ? ចំណុចខ្សោយមួយរបស់គណបក្សប្រឆាំង ដែលអុ្នកវិភាគព្រឹត្តិការណ៍សង្គមលើកមកនិយាយព្រមៗគ្នានោះ គឺលោកសម រង្ស៊ី មិនហ៊ានបង្ហាញភាពមោះមុត ក្នុងការវិលត្រទ្បប់ចូលប្រទេសវិញ។ លោក សម រង្ស៊ី បាននិរទេសខ្លួនឯងចាប់តាំងពីចុងឆ្នាំ២០០៩មកម្ល៉េះ បន្ទាប់ពីតុលាការខ្មែរចោទប្រកាន់ និងផ្តន្ទាទោសលោកដាក់ពន្ធនាគារ១២ឆ្នាំ ក្រោមបទចោទប្រកាន់ទាក់ទងនឹងការដកតម្រុយបង្គោលព្រំដែនកម្ពុជា- វៀតណាម ក្នុងខេត្តស្វាយរៀង និងបទផ្សព្វផ្សាយព័ត៌មានមិនពិត។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោកសុខ ទូច យល់ថា ការមិនវិលចូលប្រទេសរបស់ លោកសម រង្ស៊ី អាចនឹងមិនធ្វើឲ្យសន្លឹកឆ្នោតរបស់គណបក្សប្រឆាំងកើនទ្បើង ៖ "ឯក ឧត្ដម សម រង្ស៊ី លោកធ្លាប់ធ្វើរដ្ឋមន្រ្ដីហិរញ្ញវត្ថុ តែរយៈពេលខ្លីមួយ ហើយគាត់ចូលខ្លួនមកទៀត អាហ្នឹងជាចំណុចចខ្សោយមួយ ដែលយើងលំបាកធ្វើឲ្យដៃគូ ឫក៏ប្រជាជនដែលជាម្ចាស់ឆ្នោតហ្នឹង សំឡឹងមើល" ។
ស្តាប់សំឡេង៖
ចំណែក អ្នកវិភាគព្រឹត្តិការណ៍សង្គម លោកទ្បៅ ម៉ុងហៃ យល់ថា ការបន្តធ្វើនយោបាយនៅក្រៅប្រទេសរបស់ លោកសម រង្ស៊ី អាចនឹងជះឥទ្ធិពលអវិជ្ជមានទៅលើគណបក្សប្រឆាំង សម្រាប់ការបោះថ្នាក់ជាតិខាងមុខ ៖ "ទៅតាមធម្មតា គឺមេ គឺត្រូវតែមកដឹកនាំ បានមានការចូលរួម ហើយហ្នឹងគឺអាចដែរ តាមធម្មតាទេគឺឃ្លាតឆ្ងាយ ណាយចិត្ដ គឺការដែលធ្វើចលនា នូវការគាំទ្របក្សនោះគឺ ក៏វាមិនបានគ្រប់គ្រាន់ដែរណាស បាទអញ្ចេះ បើសិនជាមានមេបក្សនោះ ដូចជាអាចការលើកទឹកចិត្ដដល់អ្នកដែលគាំទ្រហ្នឹង បន្ថែមទៀត" ។
ចំណុចខ្សោយមួយទៀត គឺសារនយោបាយថ្មីៗនេះរបស់ប្រធានស្តីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងទីប្រឹក្សាជាន់ខ្ពស់គណបក្ស លោក គង់ គាំ ទៅកាន់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងគុកទួលស្លែង ឫមន្ទីរស-២១ និងរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ កាលពីខែមីនា ឆ្នាំ១៩៧០។ អ្នកវិភាគឯករាជ្យស្តីពីការអភិវឌ្ឍន៍សង្គម លោក កែម ទ្បី សង្កេតឃើញថា ថ្នាក់ដឹកនាំគណបក្សប្រឆាំង មិនបានពន្យល់ និងផ្តល់ទទ្ប្ហីករណ៍ឲ្យបានច្បាស់លាស់ ក្នុងសារនយោបាយទាំងពីរនេះទេ ៖ "លោក គង់ គាំ គាត់លើកឡើងពីរដ្ឋប្រហារឆ្នាំ១៩៧០ ផ្ដួចផ្ដើមដោយអ្នកណាអញ្ចឹង ពីព្រោះរដ្ឋប្រហារឆ្នាំ១៩៧០ តាមឯកសារប្រវត្ដិសាស្រ្ដ មានភាពស្មុគស្មាញណាស់ មិនអាចលើកឡើងតែទឡ្ហីករណ៍មួយ ហើយយកមកប្រាប់ប្រជាជនអញ្ចឹង ខ្ញុំគិតថា មិនជាចំណុចខ្លាំងទេ កាលណាយើងលើកឡើង សារនយោបាយណាមួយ យើងត្រូវពន្យល់លម្អិតណាស់ ព្រោះអីយើងត្រូវការ១ម៉ោង ២ម៉ោង យើងមិនអាចញាត់សារនយោបាយ បួនដប់ម្ភៃក្នុងពេលតែមួយនោះទេ វាអាចមានភាពភាន់ច្រឡំទៅដល់ប្រជាពលរដ្ឋ ដោយសារអី គឺយើងមិនមានប្រព័ន្ធផ្សព្វផ្សាយច្បាស់លាស់ ដើម្បីបកស្រាយទៅទៀត ធ្វើឲ្យភាគីម្ខាងទៀត គាត់យកសារហ្នឹង ទៅឃោសនាបន្ថែមទៀត យើងគិតថាអាចជះឥទ្ធិពលទៅដល់អ្នកបោះឆ្នោត" ។
ដោយទ្បែក សារនយោបាយ “ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី” របស់គណបក្សប្រឆាំងក៏ជាចំណុចខ្សោយមួយដែលលោក សុខ ទូច សង្កេតឃើញ បន្ទាប់ពីមេដឹកនាំគណបក្ស លោក សម រង្ស៊ី កាលពីខែមេសាមុន បានប្រកាសពីក្រៅប្រទេសមកថា នឹងយកសមាជិករដ្ឋាភិបាលដែលកាន់អំណាចបច្ចុប្បន្នទៅផ្ទន្ទាទោស ប្រសិនបើគណបក្សខ្លួនឈ្នះឆ្នោត ៖ "គណបក្សប្រឆាំងហ្នឹង គឺខ្វះមួយ គឺច្រើន គឺតែងប្រើប្រាស់គេហៅថាភាសាមួយ លំបាកណាស់ គឺប្រើភាសាមួយ គឺចងអឃាត ទៅយកពីនេះ យកពីនោះ អាហ្នឹងសម្រាប់ប្រទេសរីកចម្រើន សម្រាប់ប្រទេសការអភិវឌ្ឍន៍ គេអត់ធ្វើការប្រើប្រាស់ភាសាហ្នឹងទេ ប្រកួតឈ្នះទៅដកយកនេះយកនោះ អាហ្នឹងវាមានតែធ្វើបដិវត្ដន៍ទេ កាលណាគេនេះ គឺគេគោរពតាមកិច្ចសន្យា កាលណាអ្នកនយោបាយប្រើប្រាស់ភាសាហ្នឹង សម្រាប់ប្រជាជនសាមញ្ញលោកអាចមិនយល់ ប៉ុន្ដែសម្រាប់ដែលមានកម្រិតខ្ពស់ វាអត់អាចបានទេ" ។
សម្រាប់អ្នកវិភាគ ការមិនមានលទ្ធភាពប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ដូចជាទូរទស្សន៍ ដើម្បីបកស្រាយសារនយោបាយ ឫកម្មវិធីនយោបាយរបស់ខ្លួន ក៏ជាចំណុចខ្សោយមួយដែររបស់គណបក្សប្រឆាំង។
ពាក់ព័ន្ធនឹងចំណុចខ្លាំងវិញ អ្នកវិភាគលើកទ្បើងការបង្រួបបង្រួមគ្នារបស់គណបក្សសង្គ្រោះជាតិ ដែលកើតចេញពីការច្របាច់បញ្ចូលគ្នារវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។
លោក សុខ ទូច ថ្លែងថា ៖ "គណបក្សប្រឆាំងនេះ មានឆន្ទៈមួយ បង្រួបបង្រួមគ្នាបាន ហើយបង្រួបបង្រួមនេះ ក្លាយទៅជាកម្លាំងមួយសម្រាប់ទប់ទល់ជាមួយនឹងគណបក្សធំ គណបក្សកាន់អំណាច អញ្ចឹងធ្វើឲ្យអ្នកជ្រើសរើសនៃការបោះឆ្នោតហ្នឹង គេងាយស្រួលបោះឆ្នោតព្រោះ ឥឡូវនឹងវាមានតែពីរ ធំៗហ្នឹង ខាងរដ្ឋាភិបាលមួយទៅ ខាងប្រឆាំងហ្នឹងមួយមក អញ្ចឹងបោះឆ្នោតវាអត់មានលំបាកទេ" ។
កម្មវិធីនយោបាយជាអាទិភាពទាំង៧ចំណុចរបស់គណបក្សប្រឆាំង មានដូចជាការសន្យាដំទ្បើងប្រាក់ខែជូន កម្មករ មន្ត្រីរាជការ ការសន្យាផ្តល់ប្រាក់សោធននិវត្តន៍ដល់មនុស្សចាស់ ក៍ជាចំណុចខ្លាំងដែរ សម្រាប់ប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច។
លោក កែម ទ្បី យល់ថា៖ "ប្រសិនបើចាប់ពីពេល នេះទៅ ក្រុមការងាររបស់គាត់ អ្នកនយោបាយរបស់គាត់ទាំងអស់គ្នា ប្រឹងលើកឡើងពីគោលនយោបាយទាំង៧ហ្នឹង ហើយប្រឹងពន្យល់អំពីវិធីសាស្រ្ដក្នុងការអនុវត្ដហ្នឹង ប្រឹងលើកឡើងអំពីផលចុងក្រោយនៃការអនុវត្ដន៍ វិធីសាស្រ្ដឫគោលនយោបាយទាំង៧ហ្នឹង ហើយធ្វើម៉េចឲ្យគោលនយោបាយទាំង៧ហ្នឹង ទៅដល់មន្រ្ដីរាជការគ្រប់រូប ទាហាន ប៉ូលិសគ្រប់រូប កម្មករគ្រប់រូប ប្រជាជនគ្រប់រូប ចាស់ជរាគ្រប់រូប ច្រើន ខ្ញុំគិតថានឹងទទួលបានលទ្ធផលច្រើន ប្រជាប្រិយភាពច្រើន" ។
អ្នកវិភាគយល់ថា ការចុះជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅតាមភូមិ ឃុំ ដោយផ្ទាល់របស់ថ្នាក់ដឹកនាំគណបក្សប្រឆាំង ក៏ជាគុណសម្បត្តិមួយដែលធ្វើឲ្យម្ចាស់ឆ្នោតគាំទ្រកាន់តែច្រើន៕ប្រភពពី vodhotnews.com/km
0 Comments:
Post a Comment