
អំឡុងពេលបំបៅដោះកូន ម្តាយត្រូវការថាមពល ពីសារធាតុអាហារ កើនឡើង ៥០០កាឡូរី ថែមទៀត។ ខាងក្រោមនេះ ជាជីវជាតិអាហារសំខាន់ៗ ដែលមាតាបំបៅដោះកូន គួរទទួលបាន...។
ប្រូតេអ៊ីន ៖ អាហារពពួកសាច់សត្វមិនជាប់ខ្លាញ់ ទឹកដោះគោ ស៊ុត សត្វស្លាប ត្រី សណ្តែកគ្រាប់ស្ងួត។
វីតាមីន ៖ វីតាមីនដែលត្រូវការ គឺA, D, E, B1, B2, B6, B12 ជួបច្រើនក្នុងក្រុមបន្លែ និងផ្លែឈើ។
ជាតិខនិជ ៖ ចាំបាច់សម្រាប់យន្តការផ្សេងៗ ក្នុងរាងកាយ ដូចជា ៖
-កាល់ស្យូម ៖ ចាំបាច់ក្នុងការបង្កើតទឹកដោះ ឱ្យមានគុណភាព ជួយដល់ឆ្អឹង និងធ្មេញរបស់ម្តាយ និងកូន បើ ម្តាយទទួលទានជាតិកាល់ស្យូម មិនគ្រប់គ្រាន់ នឹងមានការទាញយកជាតិកាល់ស្យូម ពីក្នុងខ្លួន ទៅប្រើច្រើន អាចធ្វើឱ្យមានជំងឺពុកឆ្អឹងបាន។ ប្រភពនៃជាតិកាល់ស្យូម មាននៅក្នុងទឹកដោះគោ ផលិតផលពីទឹកដោះគោ ទឹកសណ្តែក បន្ថែមជាតិកាល់ស្យូម ត្រីតូចៗ ផ្កាអង្គាដី បន្លែស្តៅ។
-ស័ង្កសី ៖ មានច្រើនក្នុងថ្លើម ស៊ុត អាហារសមុទ្រ (គ្រំ) សាច់សត្វ ទឹកដោះគោ និងបន្លែ ផ្លែឈើ។ សរុបអាហារដែលមាតាគួរបានទទួល ក្នុង១ថ្ងៃ បន្ថែម ពីលើអាហារ ៣ពេល ក្នុងអំឡុងពេលបំបៅដោះកូន គឺ ៖
១. ទទួលទានទឹកសណ្តែក ដែលមានបន្ថែមជាតិកាល់ស្យូម ៣កែវ ក្នុង១ថ្ងៃ និងទទួលទានទឹកដោះគោ បាន ២-៣កែវ ក្នុង១សប្តាហ៍។ បើទទួលទានទឹកដោះគោ មិនបាន គួរបន្ថែមស៊ុត ១គ្រាប់ សាច់សត្វ កើនឡើងកន្លះខាំ តៅហ៊ូ ឬតៅហ៊ូលឿង ១បន្ទះ។
២. ទទួលទានផ្លែឈើ ១យ៉ាង ក្នុងចំណោមផ្លែឈើ ទាំងនេះ គឺ ៖ ចេកអំបូង ១ផ្លែ, ចេកពងមាន់ ២ផ្លែ, ចេកណាំវ៉ា ២ផ្លែ, ម្នាស់ ឬល្ហុង ១ចំណិត។
៣. ទទួលទានបន្លែបាន ដោយមិនកំណត់៕ប្រភពពី អង្គធំ
0 Comments:
Post a Comment