
ប៉ុន្ដែ នាពេលបច្ចុប្បន្ននេះ កម្លាំងចលករដ៏សំខាន់ដែលអាចជំរុញវិស័យកសិកម្មមួយនេះឲ្យមានការ រីកចម្រើនទៅមុខជាលំដាប់ បែរជាទុកចោលនូវរទេះ ចប រនាស់ នង្គ័ល ហើយត្រឡប់មកតំបន់ទីប្រជុំជន ជាពិសេសនៅរាជធានីភ្នំពេញ ដើម្បីប្រកបរបរស៊ីឈ្នួលវិញ។ ពួកគាត់ធ្វើដូច្នោះដោយសារតែពួកគាត់អះអាងថា ការធ្វើការជាជាងសំណង់ អ្នកបម្រើ កម្មករ កម្មការិនីកាត់ដេរ ទើបមានប្រាក់ចំណូលគ្រប់គ្រាន់ និងអាចធ្វើឲ្យជីវភាពរបស់ពួកគាត់ធូរធារបាន។
តើការប្រកបរបរកសិកម្មពិតជាពុំអាចផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ប្រជាកសិករ ដូចជាការងារនៅទីក្រុងមែនឬ?
ជាក់ស្តែង ជាស្ត្រីកសិករមេម៉ាយម្នាក់អ្នកស្រីសួន យីម ដែលរស់នៅឃុំពោធិ៍ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលប្រកបរបរចិញ្ចឹមមាន់ ដាំបន្លែនិងធ្វើស្រែនោះ អាចមានលទ្ធភាពចិញ្ចឹមកូនរហូតដល់ទៅ០៧នាក់ និងអាចឲ្យពួកគាត់សិក្សាចប់ថ្នាក់វិទ្យាល័យ និងបន្តការសិក្សាដល់ថ្នាក់មហាវិទ្យាល័យនៅរាជធានីភ្នំពេញទៀតផង។
ជាមួយនឹងបទពិសោធជោគជ័យផ្ទាល់ខ្លួន ស្ត្រីវ័យ៤៨ឆ្នាំរូបនេះ បានលើកឡើងថា៖ «កាលពីមុនបើខ្ញុំទៅធ្វើការរោងចក្រដូចគេ ខ្ញុំនិងកូនប្រហែល ជាមិនរស់ទេ។ ប្រាក់ខែរោងចក្រខ្លាំងណាស់ជាង១០០ដុល្លារតើមានប្រាក់ឯណាចិញ្ចឹម កូន មើលកូនពេលវាឈឺ មានលុយឲ្យវាទៅរៀនដូចរាល់ថ្ងៃនោះ បើកូនដល់ទៅ៧នាក់ឯណោះ?»។
អ្នកស្រីបានបន្តថា ជារៀងរាល់ខែគ្រាន់តែលក់មាន់ និងបន្លែបង្ការដែលអ្នកស្រីបានដាំជាមួយកូន អ្នកស្រីអាចរកប្រាក់ចំណូលប្រហែល៣០០ដុល្លារ ហើយនៅពេលប្រមូលផលស្រូវម្តងៗ អ្នកស្រីអាចរកប្រាក់ចំណូលប្រមាណពី៤ទៅ៥លានរៀល និងសល់ស្រូវពី៣ទៅ៤តោនសម្រាប់ផ្គត់ផ្គង់គ្រួសារទៀត។
ជាអតីតកម្មករខ្មែរមួយរូបធ្លាប់ស៊ីឈ្នួលនៅប្រទេសថៃ យុវជន ឃុន ឌី ដែលសព្វថ្ងៃពុំមុខរបរច្បាស់លាស់នោះ បានឲ្យដឹងថារូបគាត់ក៏ធ្លាប់ជួយគ្រួសារក្នុងការធ្វើស្រែដែរ កាលពីនៅក្មេង ប៉ុន្តែដល់ពេលពេញវ័យយុវជនរូបនេះមិនដែលរវីរវល់ទៀតឡើយ ព្រោះចង់ទៅធ្វើការជាមួយនឹងមិត្តភក្តិរបស់ខ្លួនវិញ។
យុវជនឈាមរាវមានដើមកំណើតមកពីខេត្តកំពង់ធំរូបនេះ បានបន្ថែមទៀត ថា៖ «ខ្ញុំមិនចាប់អារម្មណ៍រឿងធ្វើស្រែចម្ការទេពីព្រោះវាត្រូវការ បច្ចេកទេសច្រើននិងប្រើពេលវេលាយូរទើបបានប្រមូលផលម្តងៗ។ ជួនកាល វាហុចផលល្អតែពេលខ្លះ វាក៏មិនសូវល្អដែរ។ អ៊ីចឹងទើបឥឡូវគ្រួសារខ្ញុំសុខចិត្តប្រវាស់ដីស្រែមុខផ្ទះឲ្យទៅ គេធ្វើវិញ»។
ក្រៅពីការលើកឡើងខាងលើនេះ កញ្ញាអឿន សំអេន វ័យ២០ឆ្នាំ ដែលសព្វថ្ងៃជាកម្មការិនីកាត់ដេរនៅភ្នំពេញ បានបង្ហើបថា កញ្ញាមកធ្វើកម្មការិនីរោងចក្រនៅទីក្រុង ដោយសារតែកញ្ញាពុំមានដីធ្វើស្រែនៅឯស្រុកកំណើតក្នុងខេត្ត កំពង់ចាម។ តាមពិតទៅ គ្រួសាររបស់យុវតីរូបនេះក៏មានដីធ្វើស្រែដែរ តែជាអកុសល ដោយសារតែដីនៅជាប់ទន្លេ ក៏បានបាក់ទៅតាមច្រាំងទន្លេទាំងស្រុង។ ក្រោយមកដោយសារតែជីវភាពខ្សត់ ខ្សោយ ទើបគ្រួសារកញ្ញាក៏ពុំមានលទ្ធភាពទិញដីធ្វើស្រែបន្តទៀតបានឡើយ។
ទន្ទឹមនឹងនេះកញ្ញា សំអេន បានបន្តថា៖ «គ្រួសារខ្ញុំបានចិញ្ចឹមសត្វមាន់ជ្រូកវិញតែវាមិនបានកាក់កប ដែលអាចទប់ទល់នឹងជីវភាពទេទើបខ្ញុំចេញមកធ្វើការនៅភ្នំពេញនេះ »។
ទាក់ទិននឹងបញ្ហាទាំងនេះ អ្នកស្រី សួន យីម បានបង្ហាញថា ដំបូងឡើយ អ្នកស្រីបានជួបនូវផលលំបាកជាច្រើន ក្នុងការងារកសិកម្មនោះ ទាំងព័ត៌មាន កម្លាំង បច្ចេកទេស និងទីផ្សារ។ ប៉ុន្តែអ្នកស្រីពុំបានបោះបង់ចោល ហើយងាកទៅធ្វើការងាររោងចក្រឡើយ។ អ្នកស្រីតែងតែផ្តោតទៅលើការងារកសិកម្ម រហូតមកដល់សព្វថ្ងៃនេះ។
ជាយុវជនស្រឡាញ់ និងមានសុទិដ្ឋិនិយមក្នុងវិស័យកសិកម្ម និស្សិត ភន សុភាក់ ដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទនៅឯសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានលើកឡើងថា៖ «ខ្ញុំមកសិក្សានៅទីក្រុងភ្នំពេញ គឺដោយសារតែខ្ញុំចង់ទទួលបាននូវចំណេះដឹង និងជំនាញដើម្បីត្រឡប់ទៅអភិវឌ្ឍស្រុកភូមិរបស់ខ្ញុំវិញ។ ខ្ញុំកើតមកជាកូនកសិករ ខ្ញុំចង់ក្រោកឈរដោយខ្លួនឯង និងប្រើសមត្ថភាពខ្លួនឯងដើម្បីអភិវឌ្ឍសហគមន៍ដោយចាប់ផ្តើមចេញពី ការអភិវឌ្ឍខ្លួនឯង និងគ្រួសារមុន»។
លោកបានឲ្យដឹងថា៖ «ប្រទេសកម្ពុជាជាប្រទេសដែលមានសក្តានុពលខ្លាំងលើវិស័យកសិកម្ម គ្រាន់តែបងប្អូនកសិករយើងកង្វះព័ត៌មាន ចំណេះដឹង និងបច្ចេកទេសទាក់ទងនឹងវិស័យនេះប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យពួកគាត់ពុំអាចបង្កបង្កើនផលស្រូវ និងរកទីផ្សារបានល្អប្រសើរ ធ្វើឲ្យពួកគាត់បាក់ទឹកចិត្តលែងចង់ប្រកបរបរមួយនេះ»។
លោក បានបន្ថែមទៀតថា៖ «បើយើងនិយាយពីរយៈពេលខ្លី ការងារសំណង់ ឬរោងចក្រ ដាច់ខែបើកលុយ ដាច់ខែបើកលុយ ប៉ុន្តែលុយបានត្រឹមតែ៧០ទៅ១០០ដុល្លារ ឬលើសនេះបន្តិចបន្តួចប៉ុណ្ណោះ។ ការងារជាកសិករ ប្រាក់ខែមិនដែរមាននោះទេ គឺប្រាក់ដើម ប្រាក់កម្លាំងពីមួយថ្ងៃទៅមួយថ្ងៃកប់ក្នុងស្រូវ សន្ទូងរាល់ថ្ងៃ ពេលដល់ខែប្រមូលផលស្រូវលក់ម្តងៗទើបឃើញប្រាក់សរុបពីលក់ស្រូវ បានរហូតរាប់លានរៀល»។
លោក ម៉ៅ ថូរ៉ា ជារដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មបានលើកឡើងថា វិស័យកសិកម្ម ពិតជាដើរតួសំខាន់ណាស់ក្នុងការជួយជំរុញដល់សេដ្ឋកិច្ចជាតិ ពីព្រោះផលិតផលកសិកម្មនេះ គឺជាមុខទំនិញដ៏សំខាន់មួយដែលត្រូវបាននាំចេញទៅបរទេស។
លោកបានបន្ដថា៖ «សព្វថ្ងៃនេះ រដ្ឋាភិបាលបានយកចិត្ដទុកដាក់ជាខ្លាំងក្នុងការជំរុញវិស័យ កសិកម្មឲ្យមានសន្ទុះទៅមុខដូចជា ការចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនិងការជួយបណ្ដុះបណ្ដាល ផ្នែកបច្ចេកទេសដល់ពួកគេជាដើម»។
លោក បានលើកឡើងថា៖ «ក្រសួងកសិកម្មបាន និងកំពុងតែជំរុញនិងជួយសម្រួលយ៉ាងខ្លាំងលើការដាំដុះរបស់ប្រជា ពលរដ្ឋ។ ចំណែកឯក្រសួងពាណិជ្ជកម្មវិញ ក៏កំពុងតែស្វែងរកទីផ្សារ និងជំរុញឲ្យមានការនាំចេញនូវផលិតផលកសិកម្មទៅក្រៅប្រទេសកាន់តែ ច្រើនថែមទៀត»។
លោក ឃឹម ចន្តា ដែលជាប្រធាននាយកដ្ឋានរដ្ឋបាលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានឲ្យដឹងដែរថា ប្រទេសកម្ពុជាមានផ្ទៃដីយ៉ាងធំធេងសម្រាប់វិស័យកសិកម្ម និងមានប្រជាពលរដ្ឋរហូតដល់ទៅជាង៨៥ភាគរយកំពុងតែប្រកបរបរ កសិកម្ម។ យ៉ាងណាមិញប្រទេសជាតិក៏ត្រូវការនូវធនធានមនុស្សផ្នែកនេះជាពិសេស គឺយុវជនដែលមានជំនាញ ចំណេះដឹង និងបច្ចេកទេសសម្រាប់ការធ្វើការអភិវឌ្ឍលើវិស័យកសិកម្មនេះដែរ។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាលបានជួយជំរុញដើម្បីបង្កើនធនធានមនុស្សក្នុងផ្នែកនេះ ឲ្យបានកាន់តែច្រើនតាមរយៈការផ្តល់អាហារូបករណ៍ទៅសិក្សាផ្នែក កសិកម្មយ៉ាងច្រើនរៀងរាល់ឆ្នាំនៅសាកលវិទ្យាល័យរដ្ឋ។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលក៏បានបង្កើតច្បាប់ស្តីពីការគាំពារនិងលើកស្ទួយ អ្នកប្រកបរបរកសិកម្មផងដែរ។
ជាចុងក្រោយនេះ លោក ឃឹម ចិន្តា ក៏បានសំណូមពរដល់យុវជនថា៖ «សូមយុវជនទាំងអស់ដែលកំពុងសិក្សាផ្នែកកសិកម្មខិតខំក្រេបយកចំណេះ ដឹងពីសាលា ហើយប្រើប្រាស់នូវជំនាញរបស់ខ្លួនក្នុងការអភិវឌ្ឍវិស័យកសិកម្ម កម្ពុជាប្រកបដោយបច្ចេកទេសដូចបណ្តាប្រទេសជឿនលឿនដទៃទៀត»៕ម៉ែរ ច័ន្ទប៉ូលីដេត និង ស្រេង ភារុណ
ប្រភពពី ភ្នំពេញប៉ុស្តិ៍
0 Comments:
Post a Comment