ខេត្តកំពត ៖ ក្មេងប្រុសអភ័ព្វ
ចាប់កំណើតមកក្នុងស្ថានភាពអង្កត់ដៃជើង
រស់នៅជាមួយម្តាយឪពុកនៅភូមិកោះទ្រមួង ឃុំបឹងសាលាខាងជើង
ស្រុកកំពង់ត្រាច ។
អ្វីដែលគ្រប់គ្នាបានឃើញពីកាយវិការរបស់ក្មេងប្រុសនេះ
ពិតជាគួរឱ្យអាណិតអាសូរ និងសង្វេគបំផុតនោះ
គឺដៃទាំងពីរកំបុតត្រឹមដើមដៃ
និងជើងទាំងពីរត្រូវកំបុតត្រឹមដើមជើង ។ ពិការភាពនេះ
គឺមានតាំងពីកំណើតមកម៉្លេះ ។
ស្ត្រី ខែក សាវឿន អាយុ៣៥ឆ្នាំ
ត្រូវជាម្តាយកូនប្រុសអង្កត់ដៃជើងនេះបាននិយាយប្រាប់
ថា កូនប្រុសគាត់ម្នាក់នេះពិតជាអភ័ព្វណាស់
កើតមកមិនមានអវយវៈគ្រប់គ្រាន់ដូចគេឯងទេ ។
អ្នកស្រី្តបានរំលឹកថា ពេលដែលកើតមកភ្លាម
ឃើញកូនអត់មានដៃជើងបែបនេះ
គាត់មានការតក់ស្លុតរន្ធត់ក្នុងចិត្តណាស់ព្រមទាំងយំសោក
អាណិតកូន
និងស្របពេលដែលប្តីគាត់ចាកចេញពីស្រុកទៅស៊ីឈ្នួលធ្វើការ
ឱ្យគេនៅខេត្តកោះកុង ។ ស្រ្តីជាម្តាយបានរំលឹកថា
គាត់មិនភ្លេចទេ ពេលកូនប្រុសអភ័ព្វរូបនេះ
កើតមកសារព័ត៌មានកោះសន្តិភាពក៏បានផ្សាយដំណឹងនេះភ្លាមៗដែរ ។
បន្ទាប់ពីកោះសន្តិភាពផ្សព្វផ្សាយ លោក ខូយ
ឃុនហ៊ួរ អភិបាលខេត្ត លោកឧត្តមសេនីយ៍ត្រី អ៊ុក សំណាង
ស្នងការនគរបាលខេត្ត
បានអញ្ជើញមកសាកសួរសុខទុក្ខផ្ទាល់ផងដែរ កាលនោះ
លោកឧត្តមសេនីយ៍ត្រី អ៊ុក សំណាង
បានសន្យាជួយឧបត្ថម្ភដល់កូនប្រុសគាត់ក្នុងមួយខែប្រាក់
២០មុឺនរៀល និងអង្ករ៥០គីឡូក្រាម តែអកុសល
លោកឧត្តមសេនីយ៍ត្រូវបានប្តូរទៅកាន់តំណែងជាស្នងការនគរ
បាលខេត្តតាកែវវិញបាត់ទៅ រហូតមកដល់បច្ចុប្បន្ន
មិនបានទទួលការជួយឧបត្ភម្ភទៀតទេ ។អ្នកស្រី ខែក សាវឿន
បាននិយាយឱ្យដឹងបន្តថា
តាំងពីកើតមកកូនប្រុសនេះដាក់ឈ្មោះ ខែក ណុត
ដែលពេលនេះមានអាយុ៧ឆ្នាំហើយ និងមានសុខភាពល្អបរិបូណ៌ ។
ដ្បិតតែកូននេះគ្មានដៃជើងក៏ពិតមែន
តែការសរសេរអក្សរ អាចយក.កដៃកៀបប៊ិក
ឬដៃខ្មៅមកផ្អឹបនឹងថ្ពាល់ សរសេរជាអក្សរបាន
ព្រមទាំងស្រឡាញ់សៀវភៅ ណាស់
ចេះថែទាំសៀវភៅសរសេរបានល្អទៀតផង ។
ក្នុងពេលបានជួបជាថ្មី
ក្រោយរយៈពេល៧ឆ្នាំនេះ តាមរយៈកោះសន្តិភាព
ម្តាយក្មេងប្រុសអភ័ព្វ
បានសុំសប្បុរសជនមេត្តាជួយដាក់ទានរទេះរុញមួយទុក
សម្រាប់ឱ្យកូនប្រុសគាត់ជិះទៅសាលារៀននឹងគេ
ហើយសង្ឃឹមថា សប្បុរសជន នឹងផ្តល់តាមការអំពាវនាវនេះមិនខាន
ដូចជួយសង្គ្រោះសត្វលង់ទឹក
ព្រោះសព្វថ្ងៃបានបងៗជួយបង្រៀននៅផ្ទះ ចេះអាន ចេះសរសេរ
និងឆាប់ចេះចាំគួរឱ្យសរសើរ ។ ចំពោះការនិយាយស្តីអ្វីៗ
និយាយបានដូចគេឯងដែរ ។
ក្មេងប្រុសអភ័ព្វរូបនេះតែងតែនិយាយថា
តើខ្ញុំមានកម្មពៀរអ្វីពីជាតិមុន
ទើបបានជាជាតិនេះកើតមកជាមនុស្សពិការភាពខុសគេបែបនេះ។
ខែក ណុត តែងសួរគេថា បើខ្ញុំនៅតែយ៉ាងហ្នឹងពេលអនាគត
តើខ្ញុំមានវាសនាយ៉ាងណាទៅ ?
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ពីកោះសន្តិភាព
0 Comments:
Post a Comment