បុរស ​ម្នាក់​ត្រូវ​បាន​គេ​អនុញ្ញត​ឲ្យ​ដើរ​ចូល​ទៅ​ក្នុង​ប្រាសាទ ​ដែល​ជា​ក្រឡា​បន្ទំ​របស់​បុត្រី​ស្ដេច​ព្រះ​នាង​ សុវណ្ណ​កេសរ​​ ដែល​មិន​ស្តី​នឹង​បុរស​ណា​សូម្បី​តែ​បិតា​ខ្លួន​ឯង។ ពេល​ចូល​ទៅ​ដល់​​ខ្លោង​ទ្វា​រ​ប្រាសាទភ្លាម​​ បុរស​កូន​សេដ្ឋី​នាម​ សព្វ​សិទ្ធិ​ បាន​និទាន​​រឿងមូយ​​ឲ្យ​ទ្វារ​ប្រាសាទ​ស្តាប់​ថា៖ “មាន​បុរស​៤​នាក់​បាន​ទៅ​រៀន​សិល្បិ៍​សាស្រ្ត​ ដោយ​ម្នាក់​រៀន​ទាយ​ ម្នាក់​រៀន​បាញ់​ធ្នូ​ ម្នាក់​រៀន​ហែល​ទឹក​ និង​ម្នាក់​ទៀត​រៀន​ប្រោស​មនុស្ស​ស្លាប់​​ឲ្យ​មាន​ជីវិត​វិញ”។
សព្វ​ សិទ្ធិ​ និទាន​​បន្ត​ទៀត​ថា​ ពេល​ពូក​គេ​ទាំង​បួន​ត្រឡប់​មក​ផ្ទះ​វិញ​ពេល​រៀន​ចប់​ បុរស​ដែល​ចេះ​ទាយ​ ក៏​ទាយ​ឃើញ​ថា​ ​នឹង​មាន​ឥន្រ្ទី​ចាប់​យក​នារី​ម្នាក់។ មិន​យូរ​ប៉ុន្មាន​ឥន្រ្ទី​ដ៏​ធំ​មួយ​បានហោះ​ដោយ​មាន​​ចាប់​នារី​ម្នាក់​មែន​ ។ បុរស​ដែល​ចេះ​បាញ់​ធ្នូ​ បាន​ទាញ​ធ្នូ​មួយ​ទំហឹង​ធ្វើ​ឲ្យ​ធ្លាក់​នារី​នោះ​​ចូល​ក្នុង​ទឹក។ បុរស​ដែល​ចេះ​ហែល​ទឹក​ បាន​ហែល​ទៅ​សង្រ្គោះ​នាង​ភ្លាម។ ពេល​ស្រង់​មក​ដល់​លើ​គោក​ នារី​នោះ​បាន​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ។ ឃើញ​ដូច​នោះ​ បុរស​ដែល​ចេះ​ប្រោស​បាន​ធ្វើ​ឲ្យ​នាង​រស់​ឡើង​វិញ។
ក្រោយ ​ពី​រស់​ឡើង​វិញ​ហើយ​ បុរស​ទាំង​បួន​សុទ្ធ​តែ​ស្រឡាញ់​ចង់​បាន​នាង​រៀង​ៗ​ខ្លួន។ និទាន​ដល់​ត្រង់​នេះ​ សព្វ​សិទ្ធិ​ បាន​សួរ​សំនួរ​ទៅ​ទា្វរ​ប្រាសាទ​ថា៖ “តើ​នារី​នោះ​ត្រូវ​បាន​ទៅ​បុរស​ណា?”។
ទ្វារ​ប្រាសាទ​បាន​ឆ្លើយ​ភ្លាម ​ថា​ គួរ​បាន​ទៅ​បុរស​អ្នក​ប្រោស​ ព្រោះ​បើ​គ្មាន​ជំនាញ​របស់​គាត់​ទេ​ ម្ល៉េះ​​នារី​នោះ​គ្នាន​ជីវិត​រស់​ឡើង​វិញ​ឡើយ។
ចម្លើយ​របស់​ទ្វា​ រប្រាសាទ​ធ្វើ​ឲ្យ​ សុវណ្ណ​កេសរ ​ទាស់​ព្រះ​ទ័យ​ជាខ្លាំង​។ ព្រះ​នាង​ ដែល​ពុំ​ធ្លាប់​ឆ្លើយ​ឆ្លង​សម្ដី​ជាមួយ​បុរស​ណា​សូម្បី​មួយ​ម៉ាត់​ បាន​បន្លឺ​ព្រះ​សុវណ្ណី​កាត់​​ថា៖ “មិន​ត្រឹម​ត្រូវ​ទេ​បង​ទ្វារ​ប្រាសាទ! នារី​នោះ​ត្រូវ​បាន​ទៅ​បុរស​ចេះ​ហែល​ទឹក​ ព្រោះ​ពេល​កំពុង​ហែល​ទៅ​ស្រង់​​នាង​ បុរស​នោះ​បាន​ប៉ះ​ពាល់​រាង​កាយ​នាង​ មិន​សល់​ចន្លោះ​ណា​ឡើយ”។
កាល​បើ​បាន​ឮ​ព្រះ​សុវណ្ណី​បុត្រី​ព្រះ​ មហាក្សត្រ​កាល​ណា​ ក្រុម​ភ្លេង​ពិណពាទ្យ​បាន​បន្លឺ​ឡើង​មួយ​រំពេច​ ដែល​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​មនុស្ស​ក្នុង​នគរ​​ទាំង​មូល​រំភើប​ទេ​ សូម្បី​តែ​មនុស្ស​រាប់​រយ​នាក់​ដែល​កំពុង​អង្គុយ​មើល​ឈុត​ឆាក​នេះ​ ក្នុង​រឿង​ “សព្វ​សិទ្ធិ” ​ដែល​បញ្ចាំង​កាល​ពី​ល្ងាច​ម្សិល​មិញ​នៅ​សាល​មហោស្រព​ចតុម្មុខ​ក៏​រំភើប និង​ហ៊ោរ​កញ្ច្រៀវ​​ដែរ។
នេះ​គ្រាន់​តែ​ឈុត​មួយ​ប៉ុណ្ណោះ​ នៅ​មាន​ឈុត​ឆាក​ជា​ច្រើន​ទៀត​ ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ស្ទើរ​រក​កន្លែង​អង្កុយ​គ្មាន​នៅ​សាល​មហោស្រព​ ចតុម្មុខ​ ម្សិល​មិញ​ ស្រែក​សប្បាយ​ ចំពោះ​ភាពយន្ត​ “សព្វសិទ្ធិ” ដែល​​ផលិត​ដោយ​អ្នក​ដឹក​នាំ​រឿង​ លី​ ប៊ុន​យីម​ នៅ​ឆ្នាំ​១៩៦៥។ តួ​សព្វ​សិទ្ធិ​ សម្ដែង​ដោយ​ លោក​ គង់​ សំអឿន និង​តួ​នាង​ សុវណ្ណ​កេសរ​ សម្ដែង​ដោយ​ អ្នក​ស្រី​ វីរៈ​ តារា។ រឿង​នេះ​មាន​​រយៈ​ពេល​​ ១១២នាទី។ រឿង​ “សព្វសិទ្ធិ”​ ទើប​ត្រូវ​បាន​យក​មក​ចាក់​បញ្ចាំង​ជាថ្មី​​ ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​អន្តរជាតិ​​ក្នុង​រាជ​ធានី​ភ្នំពេញ​ មាន​ឈ្មោះ​ថា​ “ការ​ចង​ចាំ!” ដែល​ក្រុម​ហ៊ុន​ Sabay​ ក៏​បាន​ចូល​រួម​ឧបត្ថម្ភ​ដែរ។
យុវជន ​ ផុន លី​ ដែល​បាន​ទស្សនា​ភាពយន្ត​នេះ​ម្សិល​មិញ និយាយ​ថា លោក​​ធ្លាប់​​​តែ​បាន​ស្តាប់​ល្ខោន​និយាយ​ពី​រឿង​នេះ​ ប៉ុន្តែ​ពុំ​ដែល​គិត​ថា​ ខ្មែរ​បាន​ផលិត​ភាព​យន្ត​ពី​រឿង​នេះ​ទេ​​កន្លង​មក។ ដល់​ពេល​ឮ​ដំណឹង​ថា​ មាន​ភាពយន្ត​រឿង​នេះ​ ហើយ​នឹង​ត្រូវ​ចាក់​បញ្ចាំង​កាល​ពី​ម្សិល​មិញ ​ធ្វើ​ឲ្យ​លោកត្រូវ​តែ​មក​​មើល​ឲ្យ​ខាង​តែ​​បាន។
ផុន លី​ បញ្ជាក់​ថា៖ “​ខ្ញុំ​ចង់​មើល​រឿង​នេះ​ផ្ទាល់​ ពី​ព្រោះ​ខ្ញុំ​កន្លង​មក​​មិន​នឹក​ស្មាន​ថា​ មាន​រឿង​កុន​នេះ​ទេ។ ខ្ញុំ​អត់​ដឹង​ទាល់​តែ​សោះ”។
ប៉ុន្តែ លោក​រិះ​គន់​​ថា​ ចម្រៀង​ប៉ុន្មាន​បទ​ដែល​មាន​ក្នុង​រឿង​នេះ​ស្ដាប់​មិន​បាន​ទេ​ តែ​ទោះ​បី​យ៉ាង​ណា​ ​ប្អូន​ស្រី​របស់​លោក​ដែល​ពុំ​ធ្លាប់​ដឹង​រឿង​នេះ​សូម្តី​តែ​អាន​សៀវភៅ​​បាន ​ផ្ទុះ​សំណើច​ជា​ច្រើន​លើក​ច្រើន​សា​ និង​រំឭក​ពី​រឿង​នេះ​តាំង​ពី​ចាក​ចេញ​ពី​រោង​កុន​រហូត​ដល់​ផ្ទះ។
លោក ជូ ដាវី​ ដែល​ធ្វើ​បទ​បង្ហាញ​មុន​ចាក់​បញ្ចាំង​រឿង​ “សព្វ​សិទ្ធិ”​នេះ​ជំនួស​លោក​ លី​ ប៊ុន​យីម​ ដែល​អវត្តមាន ​ថ្លែង​ថា៖ “ខ្ញុំ​ទើប​ជួប​លោក​ លី​ ប៊ុន​យ៉ីម​ ​ហើយ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា​ កុន “សព្វ​សិទ្ធិ​”​ នេះ​ថត​នៅ​ឆ្នាំ​១៩៦៥​ ហើយ​គេ​អត់​បាន​បញ្ចាំង​នៅ​រោង​កុន​ធំ​​ដូច​​ថ្ងៃ​នេះ​ ជិត​​៥០​ឆ្នាំ​​ហើយ។ ដូច្នេះ​ខ្ញុំ​គិត​ថា​ ថ្ងៃ​នេះ​ជា​ថ្ងៃ​សំខាន់”។
ភាព​យន្ត​នេះ​មាន​ អក្សរ​រត់​កាត់​លើ​អេក្រង់​ជា​ភាសា​អង់​គ្លេស​ ដែល​អាច​ឲ្យ​ជន​បរទេស​អាច​ទស្សនា​បាន។ រឿង​នេះ​នឹង​ចាក់​បញ្ចាំង​ឲ្យ​ទស្សនា​ម្ដង​ទៀត​នៅ​សាល​មហោស្រព​ចតុម្មុខ​​ នៅ​ថ្ងៃ​ពុធ ​ទី​៥​ ចាប់​ពី​ម៉ោង​៤​រសៀល​ត​ទៅ។ ការ​ទស្សនា​គឺ​ពុំ​គិត​ថ្លៃ​ទេ។
មើល​ការ​បញ្ចាំង​ភាពយន្ត​​​ ៣៩​រឿង​ផ្សេង​ទៀត​ សូម​ចុច​មើល​តារាង​បញ្ចាំង​រឿង​ត្រង់​នេះ៕
អត្ថបទ៖ មាស រ័ត្ន
ពី សប្បាយ