Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Wednesday, July 10, 2013

សម រង្សី​នឹង​«វិល​ចូល»​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​២០ខែ​កក្កដា ? ហ៊ុន សែន​ថា «មិន​ដឹង»​ទេ !

0 Comments


ភ្នំពេញ៖ បើទោះបីជាមានការប្រកាសជាសាធារណៈ តាមប្រព័ន្ធផ្សព្វផ្សាយអំពីកាលវិលត្រឡប់ចូលស្រុកវិញ របស់​ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅមុនថ្ងៃបោះឆ្នោតក៏ដោយ ក៏លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានឆ្លើយ​ចំពោះអ្នកសារព័ត៌មានជាលើកបំបូង បន្ទាប់ពីលោកប្រកាសឈប់និយាយ ក្នុងកំឡុងពេលឃោសនាបោះឆ្នោតនោះថា លោក«មិនដឹងទេ»។

លោកសមរង្សី នៅមុខតុលាការ កាលពីខែសីហាឆ្នាំ២០០៩។ Tang Chhin Sothy/AFP photo។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានឆ្លើយតបទៅអ្នកសារព័ត៌មាន បន្ទាប់ពីលោកចេញពីពិធី​ចុះហត្ថលេខាទទួល​ជំនួយ​ចំនួន ២០០លានដុល្លារ ពីសាធារណរដ្ឋកូរ៉េ នៅក្រសួងការបរទេសកម្ពុជាព្រឹកថ្ងៃពុធនេះថា៖«ខ្ញុំមិនដឹង»។
ចំនែកឯលោកសម រង្ស៊ី បានអះអាងនៅក្នុងទំព័រផ្លូវការរបស់លោក លើបណ្ដាញគេហទំព័រហ្វេសប៊ុកថា លោកនឹងវិល​ត្រលប់មកកម្ពុជាវិញមុនថ្ងៃបោះឆ្នោត ហើយលោកនឹងដើរចូលទៅកាន់កន្លែង ដែលរដ្ឋាភិបាលកំណត់ថា​ជាមន្ទីរ​ឃុំឃាំង​លោក ដោយខ្លួនឯង។ ប៉ុន្តែ លោកបានអំពាវនាវដល់អ្នកគាំទ្ររបស់លោក ជៀសវាងភាពចលាចលចំពោះ​ការចាប់ខ្លួន​លោកនេះ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «មិនចាំបាច់ចាប់ខ្ញុំទេ ខ្ញុំសុខចិត្តដើរចូលក្នុងកន្លែងឃុំឃាំងត្រូវកំណត់ ខ្ញុំនឹង​ដើរចូលដោយខ្លួនឯង ហើយខ្ញុំសូមអំពាវនាវ ដល់អ្នកដែលស្រលាញ់អបអរសាទរ ការវិលត្រឡប់មកវិញរបស់ខ្ញុំ សូម​ជៀសវាងដាច់ខាត កុំឲ្យមានអំពើហិង្សា កុំឲ្យមានការតតាំងគ្នាអីទាំងអស់ តឹងតែងអី សូម្បីតែបន្តិចក៏គ្មានដែរ ពីព្រោះ​ខ្ញុំធ្វើនេះដោយស្ម័គ្រចិត្ត ស្ម័គ្រចិត្តមួយរយភាគរយ»។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា នៅពុំទាន់មានការកំណត់ថ្ងៃច្បាស់លាស់ ចំពោះ​ការវិលត្រឡប់មកវិញ របស់លោកសម រង្ស៊ីនៅឡើយនោះទេ។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «លោកប្រធាន​នឹង​វិលត្រឡប់មកស្រុកវិញ អ្វីដែលគាត់បានប្រសាសន៍ គឺគាត់នឹងវិលមកវិញ ក្នុងពេលឆាប់ៗនេះ»។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់មួយរូបទៀត នៃគណបក្សសង្គ្រោះជាតិ ដែលបានថ្លែងដោយសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា លោកសម រង្ស៊ី នឹងវិលត្រឡប់ចូលប្រទេសកម្ពុជាវិញនៅថ្ងៃទី២០ ខែកក្កដា ដោយមានអ្នកគាំទ្ររងចាំទទួល​ស្វាគមន៍រាប់​ពាន់អ្នក នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ លោកបានថ្លែងឲ្យដឹងថា ៖«គណកម្មាធិការអចិន្ត្រៃយ៍របស់បក្ស បាន​ជូបប្រជុំកាលពី យប់ម្សិលម៉ិញរួចហើយ»។
ជាការឆ្លើយតបទៅនឹងការលើកឡើង របស់លោក នាយករដ្ឋមន្ត្រី អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង ថ្លែង​ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីថា ការចាប់ខ្លួន លោក សម រង្ស៊ី គឺជារឿងបុគ្គល ដែលមិនមានផល​ប៉ះពាល់ ដល់ដំណើរការបោះឆ្នោតឡើយ។ លោកបញ្ជាក់ថា ៖«នគរបាលជាតិកម្ពុជា នឹងអនុវត្តតាមច្បាប់ ចាប់ខ្លួន ប្រធានគណបក្សប្រឆាំងរូបនេះភា្លមៗ បើលោកត្រលប់ចូលស្រុកវិញ យើងនៅគោរពនិងអនុវត្តច្បាប់របស់កម្ពុជា ដូច្នេះ​តុលាការគេសម្រេចយ៉ាងណា ត្រូវតែអនុវត្តទៅតាមនោះ»។
ទោះជាយ៉ាងណាក៏ដោយ លោក គៀត ចាន់ថារិទ្ធិ អ្នកនាំពាក្យនគរបាលជាតិ នៅតែប្រកាន់ជំហរដដែល​ដោយលោក​បាន​ថ្លែងឲ្យដឹងថា នគរបាលនឹងអនុវត្តដីកាចាប់ខ្លួន ដើម្បីចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ភ្លាមៗ ប្រសិនបើលោក សម រង្ស៊ី បង្ហាញខ្លួននៅកម្ពុជា។ លោកបានថ្លែងបន្តទៀតថា៖ «លោក សម រង្ស៊ី បាននិរទេសដោយ​ខ្លួនឯង ដើម្បីចៀសពីការចាប់ខ្លួនក្នុងសំណុំរឿងព្រហ្មទណ្ឌ។ នគរបាលជាតិដែលជាស្ថាប័នអនុវត្តច្បាប់ មិនមានជម្រើស​ណាមួយ ក្រៅពីការអនុវត្តដីការបស់តុលាការទេ»។
លោក សុខ ទូច អ្នកវិភាគនយោបាយ បានមានប្រសាសន៍ថា លោក សម រង្ស៊ី គួរតែសរសេរលិខិតសុំព្រះរាជទានទោស​ពីព្រះមហាក្សត្រផ្ទាល់ ដើម្បីឲ្យព្រះមហាក្សត្រព្រះរាជទានទោស ដោយពុំចាំបាច់សរសេរលិខិតសុំអនុញ្ញាត ពីលោក​នាយករដ្ឋមន្ត្រីនោះទេ។ លោកបានថ្លែងថា ៖«ប្រសិនលោក សម រង្ស៊ីសរសេរលិខិតស្នើសុំអនុញ្ញាត ពីលោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែននោះបង្ហាញថាប្រទេសកម្ពុជាគ្មាននីតិរដ្ឋ»។
ចំនែកឯលោក ហង្ស ពុទ្ធា ន្តែអ្នកឃ្លាំមើលការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ដែលហៅកាត់ថា NEFEC បានឲ្យដឹងថា ប្រសិនបើមានការចាប់ខ្លួនលោក សម រង្ស៊ី នោះ នឹងធ្វើឲ្យចលាចលមុនការបោះឆ្នោត។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «ប្រសិនបើមានការចាប់ខ្លួនមែននោះ គឺធ្វើឲ្យចលាចល ដោយសារតែក្រុមយុវជន និងប្រជាពលរដ្ឋធ្វើការតវ៉ា​ដើម្បីដាក់​សំពាធ ឲ្យរដ្ឋាភិបាលដោះលែងលោក សម រង្ស៊ី»។
លោកសម រង្ស៊ី ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ១២ឆ្នាំ ពីបទបំផ្លាញតម្រុយបង្គោលព្រំដែន​កម្ពុជា-​វៀតណាម និងបទក្លែងបន្លំឯកសារពាក់ព័ន្ធនឹងផែនទីព្រំដែនកម្ពុជា-វៀតណាម ប៉ុន្តែបន្ទាប់ពី​ការនិរទេសខ្លួននៅឯក្រៅ​ប្រទេស ដើម្បីគេចពីការជាប់ពន្ធនាគារ ប្រមាណ៤ឆ្នាំ កាលពីថ្ងៃទី០៧ ខែកក្កដា លោក សម រង្ស៊ី បានបញ្ជាក់ថា លោក​នឹងមកកម្ពុជាវិញ នៅមុនថ្ងៃបោះឆ្នោត ទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ ទោះជារដ្ឋាភិបាលចាប់ខ្លួនលោកក៏ដោយ៕
----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com