Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Tuesday, July 23, 2013

អង្គការ​អន្តរជាតិ៖ បក្ស​ប្រជាជន​បង្កើត​បរិយាកាស​បំភិត​បំភ័យ​​អ្នក​បោះ​ឆ្នោត

0 Comments

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ថា​បង្កើត​បរិយាកាស​បំភិត​បំភ័យ​ដល់​អ្នក​បោះ​ឆ្នោត ដោយ​ការ​ចូល​ជា​ចំហ​ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត​របស់​មេបញ្ជាការ​កង​កម្លាំង​ប្រដាប់​អាវុធ។
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ យូមែន រ៉ៃស៍ វ៉ច្ឆ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា បាន​ឲ្យ​ដឹង​ថា មាន​មន្ត្រី​ជាន់​ខ្ពស់​ដែល​កាន់​ក្ដាប់​កម្លាំង​ប្រដាប់​អាវុធ​បាន​ចូល​រួម ​យ៉ាង​សកម្ម​ក្នុង​ការ​ស្វែង​រក​សំឡេង​ឆ្នោត​សម្រាប់​គណបក្ស​កាន់​អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​បាន​ចាប់​ផ្ដើម​តាំង​ពី​មុន​ពេល​ឃោសនា​បោះ​ឆ្នោត​ដែល​កំណត់​ដោយ គ.ជ.ប កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា នោះ​ទៅ​ទៀត ដ្បិត​អ្នក​ទាំង​នោះ​គឺ​ជា​ក្រុម​អ្នក​ចុះ​ពង្រឹង​ការ​គាំទ្រ​គណបក្ស​នេះ​នៅ ​តាម​មូលដ្ឋាន​ខេត្ត​ក្រុង និង​ស្រុក មួយ​ចំនួន។
សកម្មភាព​នោះ​ក៏​ត្រូវ​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ យូមែន រ៉ៃស៍ វ៉ច្ឆ ចាត់​ទុក​ថា ជា​រំលោភ​លើក​អត្ថន័យ​នៃ​កិច្ច​ព្រម​ព្រាង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដែល​បញ្ជាក់​ថា ពួក​គេ​ត្រូវ​អព្យាក្រឹត និង​ធានា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌។
នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស លោក ប្រែដ អាដាម (Brad Adams) លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថា កងកម្លាំង​ប្រដាប់​អាវុធ​ត្រូវ​ស្ថិត​នៅ​អព្យាក្រឹត​ពី​គណបក្ស​នយោបាយ៖ «ជា​ការ​ពិត​នៅ​ពេល​ដែល​កម្លាំង​សន្តិសុខ​កម្ពុជា ធ្វើ​សកម្មភាព​ជាក់​ស្ដែង​ប្រៀប​បាន​នឹង​ស្លាប​​របស់​​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​មហន្តរាយ​នៃ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស។ អង្គការ​សហប្រជាជាតិ និង​ប្រទេស​សមាជិក​ជា​ពិសេស​ប្រទេស​ដែល​​គាំទ្រ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា គួរ​តែ​បញ្ជាក់​ឲ្យ​ច្បាស់​ថា កម្លាំង​សន្តិសុខ​មាន​តួនាទី​មិន​លំអៀង ដើម្បី​ឲ្យ​មាន​ការ​បោះ​ឆ្នោត​មួ​ដែល​សេរី និង​យុត្តិធម៌។ នៅ​ពេល​ដែល​កម្លាំង​សន្តិសុខ​ចូល​រួម​ជាមួយ​បក្ស​នយោបាយ​ណា​មួយ​ក្នុង​ការ​បោះ​ឆ្នោត ជា​ការ​បំភិតបំភ័យ​ដល់​ទឹក​ចិត្ត​អ្នក​បោះ​ឆ្នោត ដែល​ផ្ទុយ​ទៅ​វិញ​ពួក​គេ​ត្រូវ​ទទួល​បាន​ការពារ​ដោយ​គ្មាន​ការ​គំរាមកំហែង»
យូមែន រ៉ៃស៍ វ៉ច្ឆ បាន​រក​ឃើញ​ថា មន្ត្រី​ជាន់​ខ្ពស់​ដែល​បាន​ចុះ​ទៅ​រក​សំឡេង​ឆ្នោត​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា នោះ​មាន​ជាអាទិ៍ អគ្គ​មេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ លោក ប៉ុល សារឿន បាន​ចុះ​ទៅ​ខេត្ត​ព្រះសីហនុ កាល​ថ្ងៃ​ទី​២៦ ខែ​ឧសភា។ អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ លោក គន់ គីម បាន​ចុះ​ទៅ​ខេត្ត​ឧត្តរមានជ័យ។ កូន​ប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត ជា​នាយក​រង​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​អគ្គបញ្ជាការដ្ឋាន​កង​យោធពល​ខេមរភូមិន្ទ ចុះ​ទៅ​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា និង​លោក ហ៊ីង ប៊ុនហៀង អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​អង្គរក្ស​ចុះ​ទៅ​ជួប​ក្រុម​កម្មករ​នៅ​ក្នុង​ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា។
ក្រៅ​ពី​នេះ​ យូមែន រ៉ៃស៍ វ៉ច្ឆ ក៏​បាន​ភ្ជាប់​នូវ​របាយការណ៍​មួយ​ដែល​មាន​រាយ​នាម​មន្ត្រី​ជាន់​ខ្ពស់​នៃ​កង​នគរបាល​ដែល​មាន​តួនាទី​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា។ មិន​ខុស​គ្នា​ឡើយ​ មន្ត្រី​ជាន់​ខ្ពស់​ទាំង​នោះ​បាន​បញ្ចុះ​បញ្ចូល​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឲ្យ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ធានា​ថា លោក ហ៊ុន សែន នៅ​តែ​បន្ត​ជា​នាយក​រដ្ឋមន្ត្រី​នៅ​កម្ពុជា។
សកម្មភាព​ទាំង​នេះ​ត្រូវ​ យូមែន រ៉ៃស៍ វ៉ច្ឆ ចាត់​ទុក​ថា ពុំ​បាន​ឆ្លើយ​តប​នឹង​ការ​អំពាវ​នាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា ដែល​ថា កង​កម្លាំង​ទាំង​អស់​ត្រូវ​ឋិត​នៅ​ឯករាជ្យ អព្យាក្រឹត ក្នុង​ការ​បោះ​ឆ្នោត៖ «អ្វី​ដែល​ធំ យើង​បក្ស​ក្នុង​រដ្ឋាភិបាល​ចង់​ឈ្នះ​ឆ្នោត​ហើយ ក៏​ប៉ុន្តែ គ្រប់​គ្រង​ប្រទេស​សន្តិសុខ​សណ្ដាប់​ធ្នាប់​សង្គម​ត្រូវ​តែ​បាន​ធានា។ បរិយាកាស​នយោបាយ​អព្យាក្រឹត​មួយ​ត្រូវ​តែ​បាន​ធានា​សម្រាប់​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ ដើម្បី​ធានា​ឲ្យ​ការ​បោះ​ឆ្នោត​មួយ​ប្រព្រឹត្ត​ទៅ​បាន​ដោយ​សេរី និង​យុត្តិធម៌ មាន​តម្លាភាព។ អ៊ីចឹង​សុំ​អាជ្ញាធរ​ថ្នាក់​ជាតិ​ថ្នាក់​ក្រោម​ជាតិ និង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ត្រូវ​ធ្វើ​ការ​ឲ្យ​បាន​ល្អ​ដើម្បី​បម្រើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត»
ក្រៅ​ពី​ចាត់​ទុក​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី​ថា ពុំ​មាន​ន័យ​ខ្លឹមសារ​អ្វី​ យូមែន រ៉ៃស៍ វ៉ច្ឆ បាន​ចាត់​ទុក​ការ​ចូល​រួម​ក្នុង​ការឃោសនា​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​ថា អាច​បន្ថែម​ភាព​ភ័យខ្លាច​បន្ថែម​ទៀត​ចំពោះ​ស្ថានភាព​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​ពេល​ដែល​ទាំង​មន្ត្រី និង​អ្នក​គាំទ្រ​គណបក្ស​នេះ​តែង​ព្រមាន​ជា​ញឹក​ញយ​ថា កម្ពុជា​អាច​នឹង​ក្រឡាប់​ចាក់ ឬ​មាន​សង្គ្រាម ប្រសិន​បើ​គណបក្ស​ប្រឆាំង​បាន​ឈ្នះ​ឆ្នោត។ ការ​ព្រមាន​នេះ​ហាក់​ចង់​រំលឹក​អ្នក​បោះ​ឆ្នោត​ពី​រឿង​ហេតុ​ដែល​ធ្លាប់​បាន​កើត​ឡើង​រួច​ហើយ ដូច​ជា​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ក្នុង​ឆ្នាំ​១៩៩៧ ការ​បង្ក្រាប​បង្ហូរ​ឈាម​ទៅ​លើ​ក្រុម​អ្នក​ប្រឆាំង​ក្នុង​ឆ្នាំ​១៩៩៨ ជា​ដើម៕
វីទ្យុអាស៊ីសេរី

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com