ក្បួនឃោសនារបស់គណបក្សសង្គ្រោះជាតិ
ដែលមានអ្នកគាំទ្រចូលរួមជាច្រើនម៉ឺននាក់នៅខេត្តភាគពាយ័ព្យ
បានប្រព្រឹត្តឡើងយ៉ាងគគ្រឹកគគ្រេង ពុំហេតុការណ៍ ឬមានឧបសគ្គអ្វី
កើតឡើងនោះទេ។
អ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិ នៅខេត្តភាគពាយ័ព្យ
ដ៏ច្រើនលើសលប់នេះ មិនធ្លាប់មានទេ
ចាប់តាំងពីថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតមក។
មនុស្សជាច្រើនម៉ឺននាក់
បានចូលរួមក្នុងក្បួនឃោសនារបស់គណបក្សសង្គ្រោះជាតិ ដែលដឹកនាំ
ដោយលោក សម រង្ស៊ី លោក កឹម សុខា និងអ្នកស្រី មូរ សុខហួរ
នៅខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា។ ក្បួនឃោសនានេះ
ដំបូងឡើយបានជួបជុំគ្នានៅបរិវេណផ្សារស្រុកមោងឬស្សី
ដែលមានអ្នកចូលរួមជិត ៥ពាន់នាក់។
បន្ទាប់មកមានការជួបជុំគ្នានៅជុំវិញបរិវេណរូបសំណាកលោកតាដំបង
គ្រញូង ដែលមានអ្នកគាំទ្រជាង ៦ម៉ឺននាក់។
នេះបានតាមការអះអាងរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ។ការប្រមូលផ្ដុំគ្នានៅខាងក្រោយ និងនៅជុំវិញបរិវេណរូបសំណាកលោកតាដំបងគ្រញូង ដែលមានមនុស្សចូលរួមជាង ៦ម៉ឺននាក់នោះ បានបង្កឲ្យមានការកកស្ទះចរាចរណ៍ជាច្រើនម៉ោង។ ទោះជាយ៉ាងណា គេសង្កេតឃើញកងកម្លាំងប៉ូលិសនៃស្នងការខេត្តបាត់ដំបង បានចុះជួយធ្វើចរាចរណ៍ ទាំងនៅក្នុងស្រុកមោងឬស្សី និងនៅក្នុងក្រុងបាត់ដំបង។
ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតបានតាមឃ្លាំមើលក្បួនឃោសនានេះ យ៉ាងយកចិត្តទុកដាក់។អង្គការខ្លះបានដាក់ពង្រាយបុគ្គលិករបស់ខ្លួន បណ្ដាក់គ្នានៅតាមគោលដៅដែលពួកគេបានគ្រោងទុក។ យ៉ាងណាក៏ដោយក្បួនឃោសនាគណបក្សសង្គ្រោះជាតិនេះ បានប្រព្រឹត្តទៅបង្កឲ្យមានការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិ លេខ ៥ ប៉ុន្តែពុំមានបញ្ហាអ្វីធ្ងន់ធ្ងរកើតមានឡើងនោះទេ។
អ្នកចូលរួមមាន មន្ត្រីរាជការ គ្រូបង្រៀន និងភាគច្រើនជាយុវជន សិស្សសាលា អ្នករត់តាក់ស៊ី ម៉ូតូឌុប ម៉ូតូកង់បី ក្រុមកម្មករសំណង់ និងក្រុមអាជីវករលក់ដូរនៅតាមផ្សារ ភាគច្រើនបានបិទទ្វារនាំគ្នាមកចូលរួម។
មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បន្ទាប់ពីថ្លែងសារនយោបាយទៅអ្នកគាំទ្រជាច្រើនម៉ឺននាក់រួចមក ក៏ចុះពីលើរថយន្តជិះម៉ូតូដឹកនាំក្បួននៅលើដងផ្លូវជាតិលេខ៥ កាត់តាមទីប្រជុំជនមួយចំនួនទៀត ក្នុងទីរួមខេត្តបាត់ដំបង មុនពេលលោកបន្តដឹកនាំក្បួនឃោសនាទៅកាន់ស្រុកថ្មគោល។ ផុតពីព្រំប្រទល់ស្រុកថ្មគោល ខេត្តបាត់ដំបង មានអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជិត ៥ពាន់នាក់ទៀតរង់ចាំទទួលលោក សម រង្ស៊ី និងលោក កឹម សុខា ដឹកនាំក្បួនឃោសនាចូលទៅទឹកដីខេត្តបន្ទាយមានជ័យ។
ក្បួនឃោសនា នៅខេត្តបន្ទាយមានជ័យ លោក សម រង្ស៊ី បានដឹកនាំក្បួនឃោសនាបន្តកាត់ស្រុកមង្គលបុរី កាត់តាមក្រុងសិរីសោភ័ណ ឆ្ពោះទៅក្រុងប៉ោយប៉ែត ហើយបន្ទាប់មកនៅថ្ងៃស្អែក ថ្ងៃទី២៤ កក្កដា មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងលោក កឹម សុខា នឹងបន្តដឹកនាំក្បួនឃោសនា នៅតំបន់អង្គរខេត្តសៀមរាប៕
ដោយ សួន សុផលមុន្នី
វីទ្យុអាស៊ីសេរី
0 Comments:
Post a Comment